ដោយ សេក បណ្ឌិត
2020-12-16
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបហ្វេសប៊ុក
មន្ត្រីជាន់ខ្ពស់គណបក្សប្រឆាំង និងមន្ត្រីសង្គមស៊ីវិលរិះគន់លោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ដែលលើកសរសើរខ្លួនឯងថា ជាមេដឹកនាំប៉ិនប្រសប់ និងមានបារមីខ្ពស់ ទើបអាចដឹកនាំកម្ពុជារយៈពេលជាង៣០ ឆ្នាំ។ មន្ត្រីបក្សប្រឆាំង និងសង្គមស៊ីវិលថា ការដឹកនាំរយៈពេលយូរឆ្នាំនេះ គឺដោយសារលោក ហ៊ុន សែន ពូកែខាងប្រើអំណាចផ្ដាច់ការ រំលោភបំពានសិទ្ធិពលរដ្ឋ និងបំបិទសំឡេងគណបក្សប្រឆាំង។
គណបក្សសង្គ្រោះជាតិ និងអង្គការមិនមែនរដ្ឋាភិបាលលើកឡើងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាមេដឹកនាំប៉ិនប្រសប់ ខាងកម្ចាត់ដៃគូប្រកួតប្រជែង និងបង្ក្រាបអ្នករិះគន់ដោយខុសច្បាប់ ដើម្បីក្ដោបក្ដាប់អំណាច។
តំណាងរាស្ត្រជាប់ឆ្នោតគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន ដែលធ្លាប់ត្រូវលោក ហ៊ុន សែន ចាប់ដាក់ពន្ធនាគារដោយសាររិះគន់រឿងព្រំដែន មានប្រសាសន៍ថា លោក ហ៊ុន សែន អាចកាន់អំណាចបានតាំងពីពាក់កណ្តាលទសវត្សរ៍ទី៨០ រហូតមកដល់សព្វថ្ងៃ ដោយសារតែល្បិចកលទុច្ចរិត ការប្រើអំណាចផ្ដាច់ការ និងរដ្ឋប្រហារ។ លោកបញ្ជាក់ថា លោកមិនជឿលើរឿងថា លោក ហ៊ុន សែន មានបារមីអ្វីនោះទេ ប៉ុន្តែចំណុចសំខាន់គឺលោក ហ៊ុន សែន ហ៊ានប្រើគ្រប់ល្បិចកល ដើម្បីកម្ចាត់ដៃគូប្រជែង ទាំងនៅក្នុងជួរគណបក្សប្រជាជនកម្ពុជា និងគណបក្សប្រឆាំង៖ «គាត់ឈ្នះឆ្នោតរហូតមែន ប៉ុន្តែគាត់ឈ្នះឆ្នោតហ្នឹងតាមរបៀបទុច្ចរិត តាមបៀបលួចសន្លឹកឆ្នោត តាមរបៀបផ្ដាច់ការ មិនតាមលក្ខណៈប្រជាធិបតេយ្យ មិនតាមរយៈការបោះឆ្នោតដោយសេរី និងយុត្តិធម៌ទេ ដូច្នេះយើងនិយាយឱ្យខ្លី គាត់ខ្លាំងមែន ខ្លាំងរបៀបល្បិចខូច»។
ប្រតិកម្មបែបនេះ ធ្វើឡើងបន្ទាប់ពីលោក ហ៊ុន សែន បានថ្លែងនៅថ្ងៃទី១៥ ធ្នូ ដោយលើកសរសើរខ្លួនឯងថា លោកជាមេដឹកនាំដែលមានភាពប៉ិនប្រសប់ ស្របតាមសុភាសិតខ្មែរដែលថា «ចេះដប់មិនស្មើប្រសប់មួយ»។ ជាងនេះទៅទៀត លោកអួតអាងថា លោកជាមនុស្សមានបារមី ទើបអាចអង្គុយកៅអីនាយករដ្ឋមន្ត្រីបានរហូតដល់ទៅជាង៣០ ឆ្នាំ ផ្ទុយពីមនុស្សមួយចំនួនទៀតដែលគ្មានបារមី អាចកាន់តួនាទីនាយករដ្ឋមន្ត្រីបានតែមួយរយៈពេលខ្លីប៉ុណ្ណោះ៖ «គួរជឿខ្លះទៅ បារមីរបស់មនុស្សនោះ ស្រុកខ្មែរប្រហែលជាស៊ីនាយករដ្ឋមន្ត្រីសម្បើមណាស់។ ប៉ុន្តែនិយាយយ៉ាងដូច្នេះ មិនមែនឱ្យគោរពបារមីខ្ញុំនោះទេ ក៏ប៉ុន្តែបើមនុស្សបើគ្មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទេ វាក៏មិនអាចរស់រានបានដែរ។ អាហ្នឹងនិយាយឱ្យពិត អាគមផ្សំអាយុ។ រឿងពិតវាអ៊ីចឹង បារមីមិនដល់ ក្រែងអង្គុយវាមិនជាប់។ ខ្ញុំចេះវាមិនគ្រប់នោះទេ ប៉ុន្តែពាក្យខ្មែរថា “អ្នកចេះដប់ មិនស្មើអ្នកប្រសព្វមួយ” ទេ។ ខ្ញុំមិនមែនអ្នកចេះទេ ក៏ប៉ុន្តែអាចស្ថិតនៅក្នុងផ្នែកជាអ្នកប្រសព្វ»។
កងទ័ពវៀតណាមបានលើកបន្តុបលោក ហ៊ុន សែន ឱ្យធ្វើជានាយករដ្ឋមន្ត្រី ក្នុងឆ្នាំ១៩៨៥ រហូតដល់ឆ្នាំ១៩៩១។ ក្រោយមានកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ត្រូវបានរៀបចំឡើងដោយអាជ្ញាធរបណ្ដោះអាសន្នរបស់អង្គការសហប្រជាជាតិ ហៅកាត់ថា អ៊ុនតាក់ (UNTAC) នៅឆ្នាំ១៩៩៣។ គណបក្សប្រជាជនកម្ពុជាបានចាញ់ឆ្នោតនៅគ្រានោះ ក៏ប៉ុន្តែលោក ហ៊ុន សែន មិនសុខចិត្ត ហើយគំរាមបង្កើតតំបន់អបគមន៍នៅភាគខាងកើតនៃប្រទេស។ ក្រោយការសម្របសម្រួល លោកបានក្លាយជានាយករដ្ឋមន្ត្រីទី២ នៃរដ្ឋាភិបាលអាណត្តិទី១ ក៏ប៉ុន្តែនៅឆ្នាំ១៩៩៧ លោកបានធ្វើរដ្ឋប្រហារទម្លាក់សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ពីតំណែងនាយករដ្ឋមន្ត្រីទី១។ គណបក្សប្រជាជនកម្ពុជារបស់លោក ហ៊ុន សែន បានឈ្នះឆ្នោតនៅឆ្នាំ១៩៩៨ ហើយចាប់តាំងពីពេលនោះមក គណបក្សនេះបានបន្តឈ្នះឆ្នោតរៀងរាល់អាណត្តិ ប៉ុន្តែជាការបោះឆ្នោតដែលរងការរិះគន់ថា មិនសេរី មិនយុត្តិធម៌ និងមានការលួចបន្លំសន្លឹកឆ្នោត។
ទោះជាយ៉ាងណា គណបក្សប្រជាជនកម្ពុជាបានបាត់បង់សំឡេងគាំទ្រយ៉ាងគំហុកក្នុងការបោះឆ្នោតសភា ឆ្នាំ២០១៣ និងជាពិសេស ការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០១៧ ស្របពេលគណបក្សសង្គ្រោះជាតិទទួលបានការគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើលពីពលរដ្ឋជិតពាក់កណ្ដាលប្រទេស។ នៅចុងឆ្នាំ២០១៧ តុលាការកំពូលដែលស្ថិតក្រោមឥទ្ធិពលរបស់លោក ហ៊ុន សែន បានរំលាយគណបក្សសង្គ្រោះជាតិ ហើយយកអាសនៈពីថ្នាក់ជាតិដល់ថ្នាក់មូលដ្ឋានរបស់បក្សនេះ ទៅចែកគ្នាកាន់កាប់ ព្រមទាំងបំបិទសិទ្ធិនយោបាយរបស់ថ្នាក់ដឹកនាំបក្សប្រឆាំងចំនួន១១៨ នាក់ថែមទៀត។ ជាលទ្ធផល គណបក្សប្រជាជនកម្ពុជាបានប្រមូលយកអាសនៈទាំងស្រុងចំនួន១២៥ អាសនៈ មកកាន់កាប់តែម្នាក់ឯងនៅឆ្នាំ២០១៨ ធ្វើឱ្យកម្ពុជាប្រែក្លាយជារបបឯកបក្ស ប្រាស់ចាករដ្ឋធម្មនុញ្ញ។
អគ្គលេខាធិការសហព័ន្ធនិស្សិតបញ្ញវន្តកម្ពុជា លោក គៀន ពន្លក មើលឃើញថា កម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន រាប់សិបឆ្នាំមកនេះ មិនដែលមានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នោះទេ។ លោកបន្តថា លោក ហ៊ុន សែន តែងប្រើវិធីបំបែកបំបាក់ និងកម្ចាត់ដៃគូប្រកួតប្រជែង ព្រមទាំងបង្ក្រាបឥតស្រាកស្រាន្តលើសំឡេងរិះគន់ និងសំឡេងឯករាជ្យ ក្នុងទិសដៅរក្សាអំណាចឱ្យគង់វង្ស។ លោកបន្ថែមថា ការបន្តកាន់អំណាចយូរតទៅមុខទៀត មិនមែនជាបច្ច័យល្អសម្រាប់លោក ហ៊ុន សែន នោះទេ ព្រោះបច្ចុប្បន្នលោកបានជាប់ឈ្មោះក្នុងចង្កោមមេដឹកនាំផ្ដាច់ការលើពិភពលោករួចទៅហើយ៖ «ការកាន់អំណាចរបស់គាត់ហ្នឹង គឺពាក់ព័ន្ធទៅលើការបង្ក្រាប ការបំបែកបំបាក់គូប្រកួតប្រជែង ការបំបិទសិទ្ធិសេរីភាពពលរដ្ឋ ការបំបាត់សំឡេងវិទ្យុឯករាជ្យ អ៊ីចឹងនៅពេលដែលការប្រព្រឹត្តអំពើអាក្រក់កាន់តែខ្លាំង គឺធ្វើឱ្យបារមីហ្នឹង កាន់តែសាបសូន្យជាមិនខាននៅពេលខាងមុខ»។
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិយូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បានលើកឡើងក្នុងរបាយការណ៍កម្រាស់ជាង៧០ ទំព័រ ស្ដីពីការកាន់អំណាចរយៈពេល៣០ ឆ្នាំរបស់លោក ហ៊ុន សែន ថា លោកគឺជាមេដឹកនាំដែលកាន់អំណាចបានយូរតាមរយៈការប្រើប្រាស់អំពើហិង្សា ការគាបសង្កត់ ការគៃបន្លំការបោះឆ្នោត ការប្រព្រឹត្តអំពើពុករលួយធ្ងន់ធ្ងរ និងការគាំទ្រពីរដ្ឋាភិបាលវៀតណាម។ យុទ្ធសាស្ត្រចម្បងដែលលោក ហ៊ុន សែន ចូលចិត្តប្រើ គឺការគំរាមកំហែង និងការប្រើប្រាស់កម្លាំង ដែលបង្កើតឱ្យមានករណីរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរជាច្រើន ដូចជា ការសម្លាប់ក្រៅច្បាប់ ទារុណកម្ម ការចាប់ឃុំខ្លួនតាមអំពើចិត្ត ការរារាំងសេរីភាពជួបជុំ និងការប្រមូលផ្តុំ ព្រមទាំងការបង្កើតបណ្ដាញស៊ើបការណ៍ និងរាយការណ៍ពេញប្រទេស ដើម្បីបំភិតបំភ័យ និងបំភ័ន្តសាធារណមតិ។ ក្រោមការកាន់អំណាចរយៈពេលជាង៣០ ឆ្នាំមកនេះរបស់លោក ហ៊ុន សែន មានសកម្មជននយោបាយបក្សប្រឆាំង អ្នកសារព័ត៌មាន អ្នកការពារបរិស្ថាន និងមេដឹកនាំសហជីពរាប់រយនាក់ត្រូវបានសម្លាប់ តែឃាតកពិត និងអ្នកបញ្ជាពីក្រោយខ្នង មិនត្រូវបាននាំខ្លួនមកកាត់ទោសតាមច្បាប់នោះឡើយ។
ដោយឡែក នៅក្នុងរយៈពេលចុងក្រោយនេះវិញ អង្គការ Human Rights Watch ពិនិត្យឃើញថា លោក ហ៊ុន សែន កំពុងប្រើប្រាស់តុលាការដើម្បីកម្ចាត់សំណល់ចុងក្រោយរបស់គណបក្សសង្គ្រោះជាតិ។ នោះគឺការលើកយកសំណុំរឿងពាក់ព័ន្ធនឹងសកម្មជនគណបក្សប្រឆាំងជាង១០០ នាក់ ក្រោមបទចោទ ញុះញង់ និងរួមគំនិតក្បត់ មកជំនុំជម្រះ ដោយគ្មានមូលដ្ឋានផ្លូវច្បាប់គ្រប់គ្រាន់។
ទន្ទឹមនឹងការកម្ចាត់គណបក្សប្រឆាំងនេះ លោក ហ៊ុន សែន ក៏កំពុងប្រឹងប្រែងជួយជ្រោមជ្រែងកូនប្រុសច្បង លោក ហ៊ុន ម៉ាណែត ឱ្យស្នងតំណែងពីលោកដែរ តាមរយៈការដំឡើងតួនាទីជាន់ខ្ពស់ ជាបន្តបន្ទាប់ ទាំងនៅក្នុងជួរគណបក្ស និងជួរកងទ័ព។ លោកបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត ត្រូវរង់ចាំយ៉ាងហោចណាស់ក៏១០ ឆ្នាំទៀតដែរ ព្រោះពេលនេះលោកកំពុងកាន់អំណាចនៅឡើយ។
ទោះជាយ៉ាងណា លោក ហ៊ុន សែន អះអាងនៅថ្ងៃទី១៥ ធ្នូថា នៅក្នុងជួរគណបក្សប្រជាជនកម្ពុជា មានបេក្ខភាពនាយករដ្ឋមន្ត្រីជាច្រើនរូប ហើយក្នុងចំណោមនោះ ក៏រួមមានឧបនាយករដ្ឋមន្ត្រី លោក អូន ព័ន្ធមុនីរ័ត្ន ម្នាក់ផងដែរ។ លោកថ្លែងបែបនេះ ស្របទៅតាមការចុះផ្សាយរបស់ស្ថាប័នព័ត៌មានបរទេសដែលបានផ្សាយនៅពេលថ្មីៗនេះថា លោក អូន ព័ន្ធមុនីរ័ត្ន គឺជាបេក្ខភាពនាយករដ្ឋមន្ត្រីដ៏មានសក្ដានុពលរបស់គណបក្សកាន់អំណាច៖ «យើងបណ្ដុះបណ្ដាល អូន ព័ន្ធមុនីរ័ត្ន តាំងពីធ្វើលេខាខ្ញុំផ្ទាល់ រហូតដល់ឡើងធ្វើឧបនាយករដ្ឋមន្ត្រី ហើយត្រូវជំនួសនាយករដ្ឋមន្ត្រី ដើម្បីចូលរួមប្រជុំអាស៊ាន តើនោះជាសារអ្វីទៅ? សូមជម្រាបជូនឱ្យច្បាស់នូវការរៀបចំ កុំមួយថ្ងៃៗត្រៀមតែផ្ទេរអំណាចឱ្យ ហ៊ុន ម៉ាណែតៗៗ។ គណបក្សប្រជាជនធនធានមនុស្សសម្បូរបែប ហើយបណ្ឌិតមិនតិចនោះទេ។ អ្នកឯងនិយាយត្រូវ ខ្ញុំក៏អូខេជាមួយអ្នកឯង (អូន ព័ន្ធមុនីរ័ត្ន) ស្ថិតក្នុងចំណោមមនុស្សនៃបេក្ខជនមនុស្សផ្សេងទៀត»។
ប៉ុន្តែ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា នេះគ្រាន់តែជាការនិយាយបង្វែរដានប៉ុណ្ណោះ។ លោកនៅតែជឿថា លោក ហ៊ុន សែន កំពុងរិះរកគ្រប់មធ្យោបាយដើម្បីផ្ទេរអំណាចឱ្យកូនប្រុសច្បង គឺលោក ហ៊ុន ម៉ាណែត ព្រោះបុរសខ្លាំងរូបនេះមិនទុកចិត្តអ្នកក្រៅនោះទេ ដោយសារគាត់ធ្លាប់មានប្រវត្តិបាតដៃប្រឡាក់ឈាម៖៖ «លោក អូន ព័ន្ធមុនីរ័ត្ន ហ្នឹង គ្រាន់តែជាមន្ត្រីស្មោះត្រង់ ស្មោះស្ម័គ្របម្រើលោក ហ៊ុន សែន និងក្រុមគ្រួសារត្រកូលហ៊ុនតែប៉ុណ្ណឹងឯង ប៉ុន្តែគាត់មិនអាចទៅជានាយករដ្ឋមន្ត្រីបន្ទាប់ពីលោក ហ៊ុន សែន ទេ។ គាត់និយាយរឿងហ្នឹង គឺបង្វែរយើងឱ្យទៅឆ្ងាយ ភ្លេចគិតរឿងលោក ហ៊ុន ម៉ាណែត។ តាមពិត លោក ហ៊ុន សែន កាន់អំណាចផ្ដាច់ការ បាតដៃគាត់ប្រឡាក់ឈាម ដូច្នេះគាត់មិនអាចទុកចិត្តអ្នកណាផ្សេង ក្រៅពីកូនរបស់គាត់នោះទេ»។
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិរូបនេះយល់ថា ប្រជាពលរដ្ឋខ្មែរអាចនឹងអនុគ្រោះដល់ទង្វើអាក្រក់របស់លោក ហ៊ុន សែន កាលពីមុន ហើយចាត់ទុកលោកជាវីរបុរស ប្រសិនបើលោកព្រមស្ដារប្រជាធិបតេយ្យឡើងវិញ រៀបចំការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ព្រមទាំងលះបង់ចោលគំនិតផ្ទេរអំណាចតវង្សត្រកូល។ លោកថា លោក ហ៊ុន សែន អាចរៀបចំច្បាប់ការពារនាយករដ្ឋមន្ត្រីផុតអាណត្តិ ដើម្បីការពារខ្លួនពីការកាត់ទោស ប្រសិនបើលោកខ្លាចមានបញ្ហាពេលចូលនិវត្តន៍។ ផ្ទុយទៅវិញ ប្រសិនបើលោក ហ៊ុន សែន បន្តដឹកនាំដូចបច្ចុប្បន្ននេះ ហើយផ្ទេរអំណាចទៅឱ្យកូនទៀត នោះប្រវត្តិសាស្ត្រនឹងចារឹកថា លោកជាមេដឹកនាំផ្ដាច់ការតវង្សត្រកូល មិនមែនជាវីរជនឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
YES ..AH… SDACH PEAL you are so evil look at you >> so ugly one eye devil man like you should not be human being . I’m felling sad to some handicap person but not you the reason is you are the ugly evil killer every thing was so evil that so many Cambodian hated you so much . I’m congratulation to you that the world give your mane as a world dictator in this century . in Cambodian history there are two devil leader one was CHHAIYATHA No2 and the second HUN NAL call HUN SEN next name CHHOUP SAMLAP . we know soon it will be your day to go hell without mercy
YES ;;AH CHHOUP SAMLAP four of KEM LEY sons will going to mature and will see you evil face direct and ask their question >>why did you murder my father >>>>??????????????????? will you felling sad at all or at lease what happen if it was my father . I do not think the person like you can think that fare the reason >>evil uneducated man in the history of Cambodian leaders