ដោយ ម៉ៅ សុធានី
2021-01-01
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូបពីហ្វេសប៊ុក
ប្រជាពលរដ្ឋខ្មែររស់នៅក្រៅប្រទេស រួមមាននៅសហរដ្ឋអាមេរិក កាណាដា និងសហភាពអឺរ៉ុប ជាដើម អះអាងថា ទោះបីជាពួកគេរស់នៅក្រៅប្រទេសក៏ដោយ ក៏តែងតែគិតគូរពីសុខទុក្ខរបស់ពលរដ្ឋខ្មែរ នៅក្នុងប្រទេស។
តើពលរដ្ឋខ្មែរនៅក្រៅប្រទេស មានក្តីប្រាថ្នាអ្វីខ្លះ ក្នុងឱកាសប្រារព្ធឆ្នាំថ្មីឆ្នាំសកល២០២១នេះ?
ព្រះតេជព្រះគុណ ហុក សុវណ្ណ ព្រះចៅអធិការវត្តម៉ុងរ៉េអាល់ (Montreal) ប្រទេសកាណាដា (Canada) ជូនពរ ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ទាំងនៅក្នុងនិងក្រៅប្រទេស ចៀសផុតពីការឆ្លងរាលដាលនៃជំងឺកូវីដ១៩។ បន្ថែមពីនេះ ព្រះតេជព្រះគុណ ស្នើសុំឱ្យមេដឹកនាំកម្ពុជា លោកនាយករដ្ឋមន្ត្រីហ៊ុន សែន យកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋក្រីក្រ ឈប់រើសអើងគណបក្សនយោបាយ និងបញ្ឈប់ការចាប់ចងធ្វើបាបពលរដ្ឋខ្លួនឯង៖ «ក្នុងឱកាសបុណ្យសកលនេះ អាត្មាជូនពរអញ្ចេះ បើអ្នកសាងអាក្រក់ ធ្វើឱ្យពលរដ្ឋវេទនា ត្រូវឈប់ភ្លាម។ អ្នកមិនទាន់សាងល្អ ពេលខ្មែរលំបាក គឺជួយដល់ពួកគាត់ ជាពិសេស អ្នកទទួលខុសត្រូវ អ្នកមានអំណាច។ ហើយសប្បុរសជនដទៃទៀត ដែលមិនទទួលខុសត្រូវ ជួយឈឺឆ្អាលដល់ពលរដ្ឋ កំពុងមានទុក្ខលំបាកអត់ស្បៀងអាហារ។ ពរអាត្មាតែប៉ុណ្ណឹង អ្នកដឹកនាំឱ្យឈប់សាងអាក្រក់ លើពលរដ្ឋខ្មែរ បញ្ឈប់ការចាប់ចងតាមទំនើងចិត្ត ចោទគេតាមផ្លូវនយោបាយ ត្រូវឱ្យឈប់ទៅ»។
ក្នុងអំឡុងឆ្នាំ២០២០កន្លងមកនេះ ស្ថានការណ៍នយោបាយនៅកម្ពុជា មានសភាពតានតឹងកាន់តែខ្លាំងឡើងៗ ដោយសមត្ថកិច្ចបានចាប់ខ្លួនមេសហជីព សកម្មជនបរិស្ថាន ដីធ្លី និងសកម្មជនបក្សប្រឆាំងជាង៥០នាក់ ដាក់ពន្ធនាគារ។ សមាជិកបក្សប្រឆាំងនិងអ្នកដែលមាននិន្នាការនយោបាយខុសពីគណបក្សកាន់អំណាច ប្រមាណជិត៣០នាក់ផ្សេងទៀត ក៏ត្រូវបានជនមួយក្រុមឆ្មក់វាយធ្វើបាបឱ្យរងរបួស ដោយប្រើដំបងដែក ដែលរហូតមកដល់ពេលនេះ អាជ្ញាធរនៅមិនទាន់រកឃើញនិងចាប់ខ្លួនជនល្មើសណាមួយ មកផ្ដន្ទាទោសនៅឡើយទេ។
ប្រជាពលរដ្ឋខ្មែរម្នាក់ទៀត នៅប្រទេសស្វីស (Switzerland) លោក ឆេង គឹមថៃ មានប្រសាសន៍ប្រាប់អាស៊ីសេរីថា លោកតែងតែតាមដានព័ត៌មានជាប់ជានិច្ច អំពីស្ថានការណ៍នយោបាយនៅកម្ពុជា ជាពិសេស គឺពលរដ្ឋក្រីក្រ ដែលធ្វើចំណាកស្រុក ទៅធ្វើការនៅប្រទេសថៃ។ លោក ប៉ងប្រាថ្នាចង់ឱ្យពលរដ្ឋខ្មែរនៅកម្ពុជា មានសិទ្ធិសេរីភាព មានអាហារទទួលទានគ្រប់គ្រាន់ និងរស់នៅជួបជុំក្រុមគ្រួសារ ប្រកបដោយសុភមង្គល៖ «ខ្ញុំសូមបួងសួងឱ្យប្រជាពលរដ្ឋខ្មែរ មានសេចក្ដីសុខ សេចក្ដីចំរើន ជាពិសេស មានយុត្តិធម៌ និងការអត់ធ្មត់ កុំប្រើអំពើហិង្សា ទៅទីណាៗ ឱ្យមានសុវត្ថិភាព ដោយយើងជាមិត្តភ័ក្រជាកូនជាចៅទាំងអស់។ ចង់ឱ្យបងប្អូនខ្មែរយើងមានអ្វីញ៉ាំគ្រប់ៗគ្នា ដូចនៅប្រទេសគេអញ្ចឹង មានសិទ្ធិសេរីភាព សប្បាយរីករាយក្នុងការរស់នៅ ដ៏ថ្លៃថ្នូរអត់បៀតបៀនគ្នា កុំខឹងគ្នា អាងអីកាប់ចាក់គ្នាអ៊ីចឹង អត់ល្អទេ…»»
របាយការណ៍អង្គការសង្គមស៊ីវិលក្នុងស្រុកថ្មីៗនេះ រកឃើញថា ប្រជាពលរដ្ឋ ប្រមាណ ២លាន៦សែននាក់ ជំពាក់ប្រាក់បំណុលគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលសរុបទឹកប្រាក់មានជាង ១ម៉ឺនលានដុល្លារ (១០,០០០, ០០០, ០០០) គិតត្រឹមចុងឆ្នាំ ២០១៩។ ប្រាក់កម្ចីជាមធ្យមរបស់គ្រួសារនីមួយៗ មានទំហំជាទឹកប្រាក់ ជិត ៤ពាន់ដុល្លារ (៣៨០,៤ ដុល្លារ)។ បញ្ហាប្រាក់បំណុលនិងគ្មានការងារធ្វើក្នុងស្រុកនេះហើយ ដែលជំរុញឱ្យពលរដ្ឋប្រមាណ២លាននាក់ ធ្វើចំណាកស្រុកទាំងស្របច្បាប់និងខុសច្បាប់ ទៅរកការងារធ្វើនៅប្រទេសថៃ។
ចំណែកពលរដ្ឋខ្មែរអាមេរិកាំងរស់នៅក្នុងរដ្ឋវឺហ្យីណា (Virginia) លោក យ៉ប គឹមតឹង ក៏បានប្រាប់អាស៊ីសេរីផងដែរថា ក្រៅពីសូមបួងសួងសុំឱ្យប្រជាពលរដ្ឋខ្មែរទទួលបានសេចក្ដីសុខគ្រប់ៗគ្នា លោកចង់ឱ្យរដ្ឋាភិបាលកម្ពុជា ងាកមកការគោរពសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យឡើងវិញ និងចរចាគ្នាស្វែងរកដំណោះស្រាយនយោបាយ ជាមួយគណបក្សសង្គ្រោះជាតិ ដើម្បីស្ថិរភាពសេដ្ឋកិច្ចនិងសង្គម៖ «ជាពិសេស ខ្ញុំចង់ឃើញរដ្ឋាភិបាលខ្មែរយើង គោរពកតិកាសញ្ញាអន្តរជាតិផ្សេងៗ និងរដ្ឋធម្មនុញ្ញ ពីព្រោះខ្ញុំជឿជាក់ថា បើគោរពបានត្រឹមត្រូវ ប្រជាពលរដ្ឋខ្មែរនឹងបានចម្រុងរីកចំរើន លូតលាស់ទៅថ្ងៃអនាគត»។
ស្រដៀងគ្នានេះដែរ ពលរដ្ឋខ្មែរម្នាក់ទៀត រស់នៅប្រទេសបារាំង លោក ផ្កា អង់ឌ្រេហ្សង់ មានប្រសាសន៍ថា ទោះបីជាលោក មករស់នៅក្រៅប្រទេសជាង ៤០ឆ្នាំក៏ដោយ ក៏លោកនៅតែគិតគូរនិងចង់ឱ្យប្រទេសជាតិ ជឿនលឿន ដូចជាប្រទេសដទៃ ក្នុងពិភពលោក។ បន្ថែមពីនេះ លោកចង់ឱ្យភាគីខ្មែរគ្រប់និន្នាការនយោបាយ រួបរួមគ្នា កសាងប្រទេសជាតិ ដើម្បីលើកស្ទួយស្ថានភាពរស់នៅរបស់ពលរដ្ឋក្រីក្រ៖ «ក្នុងឆ្នាំសកលនេះ ខ្ញុំសូមជូនពរពលរដ្ឋទាំងអស់គ្នា ឱ្យមានសុខភាពល្អ ជៀសផុតពីជំងឺកូរ៉ូណា។ អ្នកធ្វើចំណាកស្រុក ឱ្យបានសុខសប្បាយ មានស្ថិរភាពក្នុងការរស់នៅ ជាពិសេសមានការងារធ្វើ។ ទន្ទឹមនេះដែរ ខ្ញុំចង់ឱ្យខ្មែររួបរួមគ្នាធ្វើការ ដើម្បីផលប្រយោជន៍ប្រទេសជាតិ»។
ប្រទេសកម្ពុជា រងការរិះគន់ជាខ្លាំង ពីអង្គការសង្គមស៊ីវិលជាតិ អន្តរជាតិ និងអង្គការសហប្រជាតិ ជុំវិញការរំលោភសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាល តែងតែបដិសេធនូវរបាយការណ៍ទាំងនោះ។បញ្ហាទាំងនេះហើយដែលបង្ខំឱ្យសហគមន៍អឺរ៉ុប សម្រេចដកប្រព័ន្ធអនុគ្រោះពន្ធអ៊ីប៊ីអេ (EBA) ២០%។ បន្ថែមពីនេះ កម្ពុជា ក៏កំពុងជួបវិបត្តិធំៗជាបន្តបន្ទាប់នៅក្នុងឆ្នាំ២០២០នេះ រួមមាន វិបត្តិជំងឺរាតត្បាតកូវីដ១៩ ដែលបណ្ដាលឱ្យកម្មកររោងចក្ររាប់ម៉ឺននាក់បាត់បង់ការងារ និងវិបត្តិទឹកជំនន់ជាដើម។ អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ UNDP កាលពីថ្ងៃទី០៨ តុលា កន្លងមកនេះ បានបញ្ចេញរបាយការណ៍ចុងក្រោយ រកឃើញថា អត្រាពលរដ្ឋរស់នៅក្រោមបន្ទាត់ភាពក្រីក្រ ឬចំណាយតិចជាង ២ដុល្លារក្នុងមួយថ្ងៃ អាចកើនដល់ ១៨% ឬស្មើនឹងចំនួនពលរដ្ឋប្រមាណជិត ៣លាននាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
HUN SEN said what else do all of you wanted . I quest he mean starting from years zero to the year minus zero what else do you wanted to say. Cambodian treasury is just about gone the country getting smaller and I just want to ask those who love SAMACH what else do you want to lost. your wife ,your kid, your house or your neck . answer my question please
I’M sorry to say this to every one >> when ever I see this evil face I’m fell sick in my ass have to go washroom
So funny hars’ you ask the tiger to eat grass ‘ haha’ no way ‘ you ask the big mafia to forgive haha’ this veitcong mafia dictator never have a heart ‘ his brain and his body fully of blood of victims that he killed a lot since he was in Marrky forest ‘