កម្ពុជា-នយោបាយ
14/01/2021 – 13:06
ដោយ៖ វ៉ា សំណព្វ
RFI

យ៉ាងហោចណាស់ សមាជិកអតីតគណបក្សសង្គ្រោះជាតិចំនួន៤នាក់ ត្រូវបានអាជ្ញាធរក្រុងភ្នំពេញចាប់ឃាត់ខ្លួន ខណៈដែលតុលាការសាលាដំបូងរាជធានីភ្នំពេញ បានបើកសវនការកាត់ទោសជាទ្រង់ទ្រាយធំ លើអតីតមន្រ្តីបក្សប្រឆាំង នៅថ្ងៃទី ១៤ មករានេះ។ សកម្មជនអតីតគណបក្សប្រឆាំងទាំង៤នាក់ ជាសមាជិកអតីតគណបក្សប្រឆាំងនៅក្នុងខេត្តត្បូងឃ្មុំ។ ភ្លាមៗនេះ អតីតមន្រ្តីជាន់ខ្ពស់គណបក្សប្រឆាំងបានចាត់ទុកថា ការចាប់ខ្លួននេះ គឺជារឿងនយោបាយ។
សមាជិកអតីតគណបក្សប្រឆាំងទាំង៤នាក់នេះ ត្រូវបានចាប់ខ្លួន ខណៈដែលពួកគេបានចូលរួមជាមួយសមាជិកគ្រួសារអតីតសកម្មជនគណបក្សសង្គ្រោះជាតិដែលត្រូវបានចាប់ខ្លួនជាង២០នាក់ និងអ្នកគាំទ្រប្រមាណ៥០នាក់ទៀត បានប្រមូលផ្តុំគ្នានៅទីតាំង៣កន្លែងផ្សេងៗគ្នា ដើម្បីបង្ហាញការគាំទ្រដល់អតីតសមាជិកគណបក្សសង្គ្រោះជាតិដែលកំពុងស្ថិតក្នុងការជំនុំជម្រះរបស់តុលាការ សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី ១៤ មករា នេះ។ អ្នកដែលត្រូវបានចាប់ខ្លួននេះ រួមមានឈ្មោះ លោក ម៉ក់ សំអាន អតីតសមាជិកក្រុមប្រឹក្សាឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទី២ ឈ្មោះ កែវ សុផុន អតីតសមាជិកក្រុមប្រឹក្សាឃុំកំពាន់ ទី៣ លោក ព្រៅ ចាន់ធឿន អតីតសមាជិកក្រុមប្រឹក្សាឃុំមេមត់ និងទី៤ គឺលោក ឆូវ កៀន ជាពលរដ្ឋនៅក្នុងឃុំត្រមូង។
លោកវរសេនីយ៍ឯក សាន សុខសីហា អ្នកនំាពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានថ្លែងថា ក្នុងចំណោមសមាជិកអតីតគណបក្សប្រឆាំង៤នាក់ដែលត្រូវបានចាប់ខ្លួននេះ ពីរនាក់ គឺចាប់ខ្លួនតាមដីការបស់តុលាការខេត្តត្បូងឃ្មុំពីបទ ញុះញង់បង្កអោយមានភាពវឹកវរធ្ងន់ធ្ងរដល់សង្គមជាតិ។ ចំណែកឯពីរនាក់ទៀត គ្រាន់តែបានហៅមកសាកសួរប៉ុណ្ណោះ។ ក្រោយការឃាត់ខ្លួនភ្លាមៗ អាជ្ញាធរក្រុងភ្នំពេញ បានប្រគល់ពួកគេទាំង៤នាក់ អោយទៅអាជ្ញាធរខេត្តត្បូងឃ្មុំ ដើម្បីបន្តអនុវត្តតាមនីតិវិធី។ នេះបើតាមការបញ្ជាក់ពីលោក សាន សុខសីហា។ ភ្លាមៗនេះ លោក អេង ឆៃអ៊ាង អតីតមន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិបានចោទប្រកាន់ថា ការចាប់ខ្លួននេះ គឺជារឿងនយោបាយ។
គួរជំរាបជូនថា ការចាប់ខ្លួនអតីតសមាជិកគណបក្សសង្គ្រោះជាតិនៅក្នុងខេត្តត្បូងឃ្មុំនេះ បានកើតឡើង បន្ទាប់ពីពួកគេបានឡើងមកចូលរួមឃ្លាំមើលតុលាការសាលាដំបូងរាជធានីភ្នំពេញ បើកសវនាការដំណាក់កាលទី១នៃសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តបទសល្មើសជាអាទិ៍ដែលពាក់ព័ន្ធនឹងមន្រ្តីនិងសកម្មជនអតីតគណបក្សសង្រ្គោះជាតិប្រមាណជាង១៤០នាក់។ តុលាការសាលាដំបូងរាជធានីភ្នំពេញបានបំបែកសំណុំរឿងនេះជា២ដំណាក់កាល ដោយដំណាក់កាលទី១ ធ្វើឡើងនៅថ្ងៃនេះ និងដំណាក់កាលទី២ នឹងធ្វើឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១។ សវនាការដំណាក់កាលទី១នេះ នឹងត្រូវបន្តធ្វើនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក។
ជុំវិញសវនាការនេះ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅកម្ពុជា លោក Patrick Murphy បានសរសេរនៅលើធ្វីតធ័ររបស់លោកនៅថ្ងៃនេះដែរថា សហរដ្ឋអាមេរិកបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ និងបាន បានជំរុញឲ្យអាជ្ញាធរកម្ពុជា គោរពតាមររដ្ឋធម្មនុញ្ញរបស់ខ្លួន ដើម្បីផ្តល់សិទ្ធិសេរីលើការសម្តែងមតិ។ បើតាមឯកអគ្គរដ្ឋទូតអាមេរិករូបនេះ សហរដ្ឋអាមេរិកមានការព្រួយបារម្ភជាខ្លាំង ចំពោះសវនាការដែលធ្វើឡើង ដោយខ្វះតម្លាភាព និងមានលក្ខណៈទ្រង់ទ្រាយធំបែបនេះ៕
ល្មើសច្បាប់ ជាប់គុកអត់មានអីចម្លែកទេ !
evil monster law