HRW ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ចាត់​វិធានការណ៍​ជាក់លាក់​ដើម្បី​ធានា​ថា រដ្ឋាភិបាល​កម្ពុជា​​គោរព​តាម​កាតព្វកិច្ច​ជា​អន្តរជាតិ​នៃ​សិទ្ធិមនុស្ស

ដោយ៖​ មាន ឫទ្ធិ
2021-01-14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

HRW ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ចាត់​វិធានការណ៍​ជាក់លាក់​ដើម្បី​ធានា​ថា រដ្ឋាភិបាល​កម្ពុជា​​គោរព​តាម​កាតព្វកិច្ច​ជា​អន្តរជាតិ​នៃ​សិទ្ធិមនុស្ស

ក្រប​មុខ​នៃ​របាយការណ៍​ស្តីពី​ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក​ប្រចាំឆ្នាំ២០២១ របស់​ HRW (ឆ្វេង), នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​​ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) (ស្តាំ)។រូប៖ HRW & RFA


អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ (Human Rights Watch) ជំរុញ​ឲ្យ​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ និង​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ ដាក់​ចេញ​នូវ​ស្តង់ដារ​ជាក់លាក់ និង​ច្បាស់លាស់​មួយ​នៅ​ក្នុង​ឆ្នាំ២០២១នេះ ដើម្បី​ធានា​ថា រដ្ឋាភិបាល​កម្ពុជា​គោរព​តាម​កាតព្វកិច្ច​ជា​អន្តរជាតិ​របស់​ខ្លួន​ជុំវិញ​ការគោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា។ ទន្ទឹម​នឹង​នេះ អង្គការ​នេះ ក៏​ចង់​ឃើញ​ឲ្យ​សហគមន៍​អន្តរជាតិ ដាក់​ចេញ​នូវ​វិធានការណ៍​​នានា​ដែល​រដ្ឋាភិបាល​កម្ពុជា​ នឹង​ត្រូវ​ទទួល​រង​ប្រសិន​បើ​កម្ពុជា ​បរាជ័យ​ក្នុងការ​គោរព​តាម​គោលការណ៍​សិទ្ធិមនុស្ស​ជា​អន្តរជាតិ។

សំណើ​របស់​អង្គការ​អន្តរជាតិ​មួយ​នេះ ធ្វើឡើង​នៅ​ក្នុង​របាយការណ៍​ស្តីពី​ស្ថានភាព​នៃ​ការរំលោភ​សិទ្ធិមនុស្ស​នៅ​ជុំវិញ​ពិភពលោក​ប្រចាំឆ្នាំ២០២១ ទើប​នឹង​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី១៣ មករា។

របាយការណ៍​រក​ឃើញ​ថា កាលពី​ឆ្នាំ២០២០​កន្លងទៅ រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្កើត​ច្បាប់​នានា​ក្នុង​គោលដៅ​រឹតត្បិត​សិទ្ធិ​សេរីភាព​យ៉ាង​ធ្ងន់ធ្ងរ។ ទន្ទឹម​នឹង​នេះ យ៉ាងហោចណាស់​មាន​សកម្មជន អ្នកកាសែត និង​សមាជិក​គណបក្ស​ប្រឆាំង​ជាង ៦០នាក់ ត្រូវ​អាជ្ញាធរ​លោក ហ៊ុន សែន ចាប់​ឃុំខ្លួន​តាម​ទំនើងចិត្ត ក្នុងឆ្នាំ២០២០។ អាជ្ញាធរ​លោក ហ៊ុន សែន បាន​បន្ត​រារាំង និង​មិន​អនុញ្ញាត​ឲ្យ​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ លោក កឹម សុខា និង​លោក សម រង្ស៊ី អាច​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ​បាន។

នាយករង​នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ​​ប្រចាំ​តំបន់​អាស៊ី លោក ហ្វីល រ៉ូប៊ើតសុន (Phil Robertson) ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ធ្វើឡើង​តាម​អនឡាញ (Online) ពីទីក្រុង​បាងកក(Bangkok) ប្រទេសថៃ ថា លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​កេង​ចំណេញ​ពី​វិបត្តិ​រីក​រាលដាល​នៃ​ជំងឺរាតត្បាត​សាកល​កូវីដ-១៩ ដើម្បី​បង្កើន​ការរឹតត្បិត​សិទ្ធិ​សេរីភាព​មក​លើ​ក្រុម​អ្នករិះគន់ និង​សកម្មជន តាមរយៈ​ការបង្កើត​ច្បាប់​នានា​ដែល​មាន​លក្ខណៈ​ជា​ការរឹតត្បិត​សិទ្ធិ​សេរីភាព​យ៉ាងធ្ងន់ធ្ងរ​នៅ​កម្ពុជា។ លោក ហ្វីល រ៉ូប៊ើតសុន បាន​លើក​យក​ករណី​ជាក់ស្តែង​ដែល​តុលាការ​កម្ពុជា នឹង​បើក​សវនាការ​កាត់ទោស​មន្ត្រី និង​សកម្មជន​គណបក្ស​សង្គ្រោះជាតិ រាប់​សិប​នាក់​នៅ​ថ្ងៃទី១៤ មករា៖ «ការយក​មនុស្ស​ទៅ​កាត់​ទោស​ដ៏​ច្រើន​សន្ធឹកសន្ធាប់​បែបនេះ គឺ​បង្ហាញ​ថា លោក ហ៊ុន សែន ចង់​រម្លាយ​ចោល​បក្ស​ប្រឆាំង​ទាំងស្រុង​តែម្តង។ វា​គឺ​ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​បោស​សម្អាត​ចោល​គណបក្ស​ប្រឆាំង​ចេញ​ពី​កម្ពុជា​តែម្តង។ លោក ហ៊ុន សែន កំពុងតែ​កេង​យក​ចំណេញ​ក្នុងពេល​ដែល​ពិភពលោក​កំពុង​ជាប់ដៃ​នឹង​វិបត្តិ​ជំងឺកូវីដ១៩ ដើម្បី​បោស​សម្អាត​ចោល​តែម្តង​នូវ​សំណល់​ចុងក្រោយ​របស់​គណបក្ស​ប្រឆាំង ឬក៏​សង្គម​ស៊ីវិល​ ដែល​ប្រឆាំង​ទៅនឹង​ការគ្រប់គ្រង​បែប​ផ្តាច់ការ​របស់​លោក។ លោក ហ៊ុន សែន កំពុង​តែ​ប្រើប្រាស់​ប្រព័ន្ធ​តុលាការ​ដែល​ចាំ​តែ​ប្រថាប់ត្រា​ឲ្យ​គាត់ ហើយ​ដែល​គ្មាន​ឯករាជ្យ​ទាល់​តែសោះនោះ ដើម្បី​កាត់ទោស​បទចោទ​បែប​ប្រឌិត ទៅលើ​ក្រុម​មនុស្ស​ទាំងនេះ។ វាគឺ​ជា​រឿងរ៉ាវ​ដ៏​អាម៉ាស់​មួយ​ដែល​មិនអាច​ទទួល​យក​បាន​ឡើយ។ វា​បង្ហាញ​ថា កម្ពុជា​កំពុង​តែ​រអិល​ធ្លាក់​ និង​ដាំក្បាល​ចុះ​ចូល​ទៅក្នុង​របប​គ្រប់គ្រង​បែប​ផ្ដាច់ការ តាមរបៀប​មួយ​ដែល​ជា​ការក្បត់​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុងប៉ារីស ក្បត់​រាល់​កិច្ចសន្យា​នានា​របស់​ក្រុម​អ្នកនយោបាយ​នៅ​កម្ពុជា ដែល​ធ្លាប់​សន្យា​ថា នឹង​លើកកម្ពស់​សិទ្ធិ​មនុស្ស និងលទ្ធិ​ប្រជាធិបតេយ្យ»

លោក ហ្វីល រ៉ូប៊ើតសុន សង្កត់​ធ្ងន់​ថា ទង្វើ​របស់​រដ្ឋាភិបាល​កម្ពុជា​បែបនេះ ក៏​គឺជា​ការរំលោភ​បំពាន​កាតព្វកិច្ច​របស់​កម្ពុជា​ក្រោម​កតិកាសញ្ញា​អន្តរជាតិ​នានា​អំពី​សិទ្ធិមនុស្ស​ដែល​ប្រទេស​នេះ​បាន​ផ្តល់​សច្ចាប័ន។ លោកថា ជារួម រដ្ឋាភិបាល​កម្ពុជា កំពុង​តែ​រំលោភ​រាល់​លិខិតុបករណ៍​អន្តរជាតិ​ពាក់ព័ន្ធ​នឹង​សិទ្ធិមនុស្ស​ទាំងស្រុង​តែម្តង។

អាស៊ីសេរី បាន​ព្យាយាម​សុំ​ប្រតិកម្ម​ពី​អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន និង​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​របស់​រដ្ឋាភិបាល លោក ជិន ម៉ាលីន ជុំវិញ​ការរក​ឃើញ​ចុងក្រោយ​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​នេះ។ ក៏ប៉ុន្តែ ពួកលោក​មិន​ឆ្លើយ​តប​ទៅនឹង​សារ​ អាស៊ីសេរី តាម​បណ្តាញ​សង្គម ហ្វេសប៊ុក (Facebook) និង WhatsApp កាលពី​ល្ងាច​ថ្ងៃទី១៣ មករា។ យ៉ាងណា កន្លងទៅ មន្ត្រី​រដ្ឋាភិបាល​ទាំងនេះ តែងតែ​បដិសេធ​ថា​ពុំ​មាន​ការរំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នោះទេ ក៏ប៉ុន្តែ គឺ​ជាការ​អនុវត្ត​ច្បាប់​ប្រឆាំង​នឹង​អ្វីមួយ​ដែល​ពួកគេ​ហៅថា ជា «ក្រុម​មនុស្ស​រំលោភ​ច្បាប់» តែ​ប៉ុណ្ណោះ។

ជា​ដំណោះស្រាយ​ទៅ​នឹង​អំពើ​រំលោភ​បំពាន​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​នេះ លោក ហ្វ៊ីល រ៉ូប៊ើតសុន រិះគន់​ក្រុម​ប្រទេស​ម្ចាស់​ជំនួយ រដ្ឋាភិបាល​បរទេស និង​សហរដ្ឋអាមេរិក ដែល​​គ្រាន់តែ​ធ្វើការ​រិះគន់​ពី​ខាងក្រៅ ហើយ​នាំគ្នា​ឈរ​អោប​ដៃ​មើល​ប្រទេស​កម្ពុជា​ធ្លាក់​ផុង​កាន់​តែ​ជ្រៅ​ទៅ​ក្នុង​របប​គ្រប់គ្រង​បែប​ផ្ដាច់ការ។ លោក​ចង់​ឃើញ​ក្រុម​ប្រទេស​ទាំងនេះ បង្កើត​ជា​សម្ព័ន្ធមិត្ត​នៃ​ក្រុមប្រទេស​ដែល​មាន​ផ្នត់​គំនិត​ដូចគ្នា​ ដើម្បី​តម្រូវ​ឲ្យ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួល​ខុសត្រូវ​ចំពោះ​អ្វី​ដែល​កំពុង​កើតមាន​នៅ​កម្ពុជា៖ «នេះ​គឺ​ជា​រដ្ឋាភិបាល​ដែល​មាន​ប្រវត្តិ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ​អស់​រយៈពេល​ជា​យូរ​មកហើយ។ មាន​ជង្រុក​ភស្តុតាង​ជាច្រើន​ដែល​យើង​បាន​ចងក្រង​ថាតើ​បុគ្គល​កម្ពុជា​ណាខ្លះ កំពុង​ប្រព្រឹត្តិ​អំពើ​បែប​ណាខ្លះ។ ក៏មាន​ផងដែរ នូវ​អំណះអំណាង​ដែល​ចង់​ឃើញ​ឲ្យ​មាន​នូវ​ការបង្កើន​ការប្រើប្រាស់​ច្បាប់​ដាក់​ទណ្ឌកម្ម​ជាសាកល (Global Magnitsky Act) ប្រឆាំង​នឹង​មនុស្ស​គ្រាក់ៗ​មួយ​ចំនួន​នៅ​ក្នុង​ជួរ​រដ្ឋាភិបាល​កម្ពុជា។ ខ្ញុំ​ចង់​មានន័យ​ថា មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​សហរដ្ឋ​អាមេរិក​ដាក់​ជា​គោលដៅ​នៃ​ទណ្ឌកម្ម។ ក៏ប៉ុន្តែ ឥឡូវនេះ សហភាព​អឺរ៉ុប ក៏​មាន​នូវ​យន្តការ​ដាក់ទណ្ឌកម្ម​ស្រដៀង​គ្នា​នេះដែរ។ រីឯ ប្រទេស​អូស្ត្រាលី ក៏​កំពុង​ពិចារណា​នូវ​យន្តការ​បែបនេះ​ដែរ។ ខ្ញុំ​គិត​ថា កម្ពុជា គឺ​ជា​ប្រទេស​ពាក់ព័ន្ធ​មួយ​ដែល​គួរតែ​ត្រូវ​ពិចារណា​អនុវត្ត​ការដាក់​ទណ្ឌកម្ម​ទៅលើ​បុគ្គល​ទាំងឡាយ​ណា​ ដែល​ត្រូវ​គេ​កំណត់​ថា មាន​ប្រវត្តិ​នៃ​ការប្រព្រឹត្តិ​អំពើពុករលួយ និង​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​ជាយូរ​មកហើយ»

ក្នុងរឿង​ដាច់ដោយឡែក ពាក់ព័ន្ធ​នឹង​ដំណើរការ​សវនាការ​កាត់ទោស​ក្រុមមន្ត្រី​ និង​សកម្មជន​គណបក្សប្រឆាំង​ ៦០សិប​នាក់​វិញ អ្នករាយការណ៍​ពិសេស​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា អ្នកស្រី រ៉ូណា ស្ម៊ីត (Rhona Smith) ថ្លែង​ក្នុង​សេចក្ដីថ្លែងការណ៍​ផ្សាយ​កាលពី​ថ្ងៃទី១៣ មករា ថា អ្នកស្រី កំពុង​តាមដាន​យ៉ាង​យកចិត្តទុកដាក់ នូវ​រាល់​វិធានការ​ផ្លូវច្បាប់​ដែល​តុលាការ​កំពុង​ធ្វើនេះ។ អ្នកស្រីថា ការកាត់ទោស​ជនជាប់ចោទ ៦០នាក់ រួមគ្នា​ក្នុង​ថ្ងៃ​តែ​មួយ​នេះ ធ្វើឲ្យ​សិទ្ធិ​ក្នុង​ការទទួល​បាន​ការជំនុំ​ជម្រះ​ក្តី​ដោយ​យុត្តិធម៌​របស់​ពួកគេ ប្រឈម​នឹង​ហានិភ័យ។ អ្នកស្រី ស្នើ​យ៉ាងទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា គោរព​សិទ្ធិ​ក្នុងការទទួល​បាន​ការជំនុំ​ជម្រះ​ក្តី​ដោយ​យុត្តិធម៌​របស់​ជនជាប់​ចោទ​ទាំងនេះ។ អ្នកស្រី​លើកទឹក​ចិត្ត​ឲ្យ​អាជ្ញាធរ​កម្ពុជា​ជួយ​សម្រួល​ដល់​ការវិល​ត្រលប់​ប្រកប​ដោយ​សុវត្ថិភាព​​របស់​បុគ្គល​មួយ​ចំនួន​ដែល​ត្រូវ​ចូលរួម​សវនាការ​ដើម្បី​ការពារ​ក្តី​របស់​ពួកគេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

4 Responses to "HRW ជំរុញ​ឲ្យ​សហគមន៍​អន្តរជាតិ ចាត់​វិធានការណ៍​ជាក់លាក់​ដើម្បី​ធានា​ថា រដ្ឋាភិបាល​កម្ពុជា​​គោរព​តាម​កាតព្វកិច្ច​ជា​អន្តរជាតិ​នៃ​សិទ្ធិមនុស្ស"

  1. Anonymous says:

    Regardless how bad human rights have been abused, there is nothing UN can do to help besides expressing concerns and worries, the crooks still untouchable, dictatorship still controls the society justice, creating massacre so the question is why this ineffective and malfunction UN organization still exists with a lot of money to operate it and wasting a lot of time.

  2. so socheath says:

    អាកូនមីកាដួយងាយះស្ញេញ ហ្វីល រ៉ូប៊ើតសុន (Phil Robertson) !
    បើអ្ហែងពូកែមកជួយការពារក្តី ពួកអាសំរ៉ាមសង្គម អស់ហ្នឹងទៅ ងាថោកជាងឆ្កែ !

  3. Anonymous says:

    I want to translate AH… SO SOCHEATH speak to Mr PHIL ROBERSON yes this guy said >> you broken mother ash hole Phil Robertson if you a great defender those bottom class people you must be cheaper then a dog

  4. Anonymous says:

    Cambodia is the real communist state but this regime cheat the international for a long time since 1997 coup . They never respected Human right or democracy what so ever ‘ Remember Who ever sign and Gave Tral Island to Youn- hanoi are the traitors ‘ Remember veitname invasion cambodia is illegal and rob everything from cambodia ‘ .God will punish the crooks soon ‘