2021-01-14
RFA

រូបខាងឆ្វេង ចៅសង្កាត់រងទី ១ សង្កាត់អូរចាខេត្តបាត់ដំបង កញ្ញា ណី ល័ក្ខ រូបកណ្តាល មន្រ្តីអង្គការសហប្រជាជាតិជួយអន្តរាគមន៍ឲ្យបានចូលសវនាការ ថ្ងៃទី ១៤ ខែ មករា ឆ្នាំ ២០២១ និងរូបខាងស្ដាំ ចៅសង្កាត់បឹងទំពុនទី ២ ពីខាងគណបក្សសង្គ្រោះជាតិដែរ លោក ជា ម៉ន ហ្វេសប៊ុកកញ្ញា ណី ល័ក្ខ និងរូបផ្តល់ឲ្យ
ជនជាប់ចោទមួយចំនួន ក្នុងសំណុំរឿងសកម្មជន និង មន្រ្តីគណបក្សសង្គ្រោះជាតិ ថាដំណើរការកាត់ក្ដីនៅតុលាការ ប្រព្រឹត្តទៅបែបឡប់ឡែ ដែលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិ និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ រីឯអ្នកឃ្លាំមើលវិញ ពួកគេថាតុលាការខ្វះភាពត្រឹមត្រូវតាមច្បាប់។
មន្រ្តីក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតពីខាងគណបក្សសង្គ្រោះជាតិពីររូប ដែលមានឈ្មោះនៅក្នុងបញ្ជីជនជាប់ចោទសរុប ៥៩ រូប ដែលត្រូវឡើងតុលាការជាលើកទីពីរ កាលពីថ្ងៃទី ១៤ ខែ មករា ថាដំណើរការក្តី មានភាពមិនច្បាស់លាស់ និងរំខានចិត្ត។
ចៅសង្កាត់បឹងទំពុនទី២ ជាប់ឆ្នោតពីខាងគណបក្សសង្គ្រោះជាតិលោក លោក ជា ម៉ន ខំត្រៀមខ្លួន ចោលការងាររកទទួលទានប្រចាំថ្ងៃ ដើម្បីឡើងតតាំងក្តីនៅតុលាការ ប៉ុន្តែ ពេលទៅដល់តុលាការ គេឲ្យត្រឹមចុះឈ្មោះ រួចឲ្យចេញក្រៅបន្ទប់សវនាការ។ លោកថា ក្រោយមកទៀត តុលាការ បានហៅចូលទៅវិញ ប៉ុន្តែហៅទៅគ្រាន់តែផ្តិតមេដៃ យកវត្តមានប៉ុណ្ណោះ មិនជំនុំជម្រះក្ដីរឿងលោកនោះឡើយ។ ប៉ុន្តែរឿងក្តីនេះមិនបញ្ចប់ទេ គឺនៅបន្តគ្មានពេលកំណត់។ លោក ជា ម៉ន ថាការធ្វើបែបនេះ គឺជាការមិនគោរពដល់សិទ្ធិជនជាប់ចោទផង និងប៉ះពាល់ដល់ពេលវេលារកស៊ីចិញ្ចឹមជីវិតរបស់លោកផង <<រំខានជីវភាពរបស់ជនជាប់ចោទពីព្រោះ តុលាការបានចោទថាជនក្បត់ជាតិ ធ្ងន់ធ្ងរណាស់ ព្រោះប៉ះពាល់កិត្តិយសខ្ញុំនេះ ដែលជាជនជាប់ចោទធំមែនទែន។ នៅពេលដែលប្រទេសរបស់ខ្ញុំ ខ្ញុំស្រលាញ់ប្រទេសរបស់ខ្ញុំណាស់។ ចុះរឿងអ្វីមកចោទពួកខ្ញុំថាជាជនក្បត់ជាតិ។ ឯកសារដែលពាក់ព័ន្ធនឹងបទចោទ គាត់មិនឲ្យពួកខ្ញុំបានឃើញទៅទៀត។ ជាការលេងសើចមែនទែន ដែលតុលាការធ្វើការទ្វេសប្រហែស>>។
ការទ្វេសប្រហែសនេះ ក៏ប៉ះពាល់ដល់មន្រ្តីក្រុមប្រឹក្សាគណបក្សសង្គ្រោះជាតិមួយរូបទៀត ដែលជាប់ចោទនឹងគេដែរ ហើយមានទីលំនៅរាប់រយគីឡូ ឆ្ងាយពីតុលាការ។ ចៅសង្កាត់រងទី ១ នៅសង្កាត់អូរចា ខេត្តបាត់ដំបងកញ្ញា ណី ល័ក្ខ ជាប់ឈ្មោះក្នុងបញ្ជីអ្នកដែលត្រូវឡើងសវនាការថ្ងៃទី ១៤ ខែ មករានោះដែរ ប៉ុន្តែ ត្រូវបានកងសន្តិសុខតុលាការរារាំង មិនអនុញ្ញាតឲ្យកញ្ញាចូលទៅបន្ទប់សវនាការ។
កញ្ញាប្រាប់ថាកញ្ញាត្រូវព្យាយាមរកអន្តរាគមន៍ ពីមន្រ្តីអង្គការសហប្រជាជាតិ ដើម្បីជួយឲ្យបានចូលសវនាការ ព្រោះកុំឲ្យតុលាការយកលេសថាកញ្ញាគេចវេស រួចរករឿងចាប់ខ្លួនកញ្ញា <<ខ្ញុំព្យាយាមដោយខ្លួនឯង ព្យាយាមរកការអន្តរាគមន៍ ខ្ញុំខលទៅយូអិននៅបាត់ដំបង គាត់ឲ្យលេខខ្ញុំខលខាងយូអិននៅភ្នំពេញជួបពូម្នាក់ ដែលគាត់ល្បាតក្បែរៗហ្នឹង ខ្ញុំប្រាប់ថាពូជួយខ្ញុំផង ខ្ញុំចង់ចូលទៅតុលាការ ដោយសារខ្ញុំខ្លាចខកខាន ខ្លាចថាខ្ញុំអត់បានចូលតាមកាលកំណត់ វាមានបញ្ហាអ្វីមួយទៀតសម្រាប់ខ្ញុំ ហើយខ្ញុំចង់បង្ហាញអ្វីដែលជាការស្អាតស្អំរបស់ខ្ញុំ ខ្ញុំតតាំងនៅមុខតុលាការ អ្វីដែលគេសួរខ្ញុំចង់ឆ្លើយ>>។
ក្រោយមានអន្តរាគមន៍នេះ ទើបកញ្ញាបានចូលទៅបន្ទប់សនវាការ។ ប៉ុន្តែ ទម្រាំបានចូល តុលាការដល់ម៉ោងតុលាការបិទទៅហើយ ហើយត្រូវបន្តសវនាការនៅពេលក្រោយទៀត។ កញ្ញា ណី ល័ក្ខ ថានីតិវិធីតុលាការបែបនេះ ប៉ះពាល់ដល់ពេលវេលានៃការរកទទួលទានរបស់កញ្ញា ដែលរកប្រាក់បានបន្តិចបន្តួចគ្រាន់តែមួយគែ ហើយត្រូវឡើងចុះភ្នំពេញ ដើម្បីឡើងតុលាការច្រើនដង ដែលអស់សោហ៊ុយច្រើន ហួសពីសមត្ថភាពរបស់កញ្ញា <<ទីមួយខ្ញុំអត់មានមធ្យោបាយ គឺអត់លទ្ធភាពតែម្តងនៅក្នុងការទៅ ព្រោះខ្ញុំលក់ណែមលក់អីតិចតួចមែនទែន ហើយទៅមិនអាចទៅម្នាក់ឯងទេ ខ្ញុំស្រីខ្ញុំត្រូវការមានមនុស្សស្រីទៅជាមួយខ្ញុំមួយ ហើយក៏មិនអាចមានតែស្រីដែរ ខ្ញុំត្រូវមានពូៗឬចាស់ៗណាទៅជាមួយ ដើម្បីឲ្យកក់ក្ដៅសម្រាប់ខ្ញុំ។ អ៊ីចឹងខ្ញុំត្រូវចំណាយច្រើន ហើយគាត់ហៅញាប់បែបហ្នឹង សមត្ថភាពក្នុងការទៅហ្នឹងសឹងអត់តែម្តង>>។
សវនាការកាលពីថ្ងៃទី ១៤ ខែ មករា នោះ គឺជាសវនាការលើកទីពីរ ក្នុងសំណុំរឿងរួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។ ក្នុងចំណោម ៥៩ នាក់នោះ ជនជាប់ចោទតែ ១១ នាក់ប៉ុណ្ណោះ មានវត្តមាន។ ប៉ុន្តែ តុលាការ បើកសវនាការជម្រះក្ដីតែលើជនជាប់ចោទពីរនាក់ប៉ុណ្ណោះ គឺសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញរបស់គណបក្សសង្គ្រោះជាតិលោក កាក់ កុម្ភារ និង អនុប្រធានប្រត្តិបត្តិគណបក្សង្គ្រោះជាតិ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញលោក ហេង ច័ន្ទសុទ្ធី។ ក្រៅពីនោះ តុលាការឲ្យចេញនៅក្រៅបន្ទប់សវនាការ។
អ្នកឃ្លាំមើលសវនាការទាំងជាតិ និងអន្តរជាតិ សង្កេតឃើញភាពមិនប្រក្រតីនៃដំណើរការក្តីនេះ។ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អ្នកស្រី ចក់ សុភាព កត់សម្គាល់ឃើញបញ្ហាជាច្រើន មានជាអាទិ៍បញ្ហារារាំងមិនឲ្យជនជាប់ចោទចូលសវនាការ បញ្ហានៃការសួរដេញដោល និងជាពិសេសមេធាវីស្ម័គ្រចិត្ត ដែលគណៈមេធាវីចាត់តាំង មកឲ្យការពារក្តីជនជាប់ចោទ បែរជាសួរសំណួរដាក់បន្ទុកកូនក្ដីទៅវិញ។ អ្នកស្រីថាសំនួរខ្លះ មិនពាក់ព័ន្ធនឹងសំណុំរឿងនោះទេ។
លោក ជា ម៉ន ដែលកាលពីមិនទាន់មានមេធាវី បានប្រកែកមិនព្រមទទួលយកមេធាវីស្ម័គ្រចិត្តដែលគណៈមេធាវីចាត់តាំងឲ្យនោះ ថានេះជាបញ្ហាបន្ថែមមួយទៀតនៃភាពអយុត្តិធម៌ និងមិនប្រក្រតីនៃដំណើរការក្តីលើមន្រ្តី និងសកម្មជនបក្សប្រឆាំង។ លោកថាប្រធានគណមេធាវីបច្ចុប្បន្នលោក លី ច័ន្ឬតុលា ជាមេធាវីរបស់រដ្ឋាភិបាល ដែលរួមគ្នារម្លាយគណបក្សប្រឆាំង។ លោកចោទជាសំណួរថា មេធាវីដែលគណៈមេធាវីចាត់តាំងឲ្យ អាចរកយុត្តិធម៌ឲ្យមន្រ្តីបក្សប្រឆាំងដូចលោកកើតទេ បើប្រធានស្ថាប័ននេះ ពាក់ព័ន្ធនៅក្នុងរឿងក្តីរម្លាយគណបក្សសង្គ្រោះជាតិនោះ <<មេធាវីដែលគណមេធាវីឲ្យមកការពារក្ដីពួកខ្ញុំនេះ បែរជាចោទសួរកូនក្ដីទៅវិញ។ ចោទសួរហ្នឹងពិបាកនឹងឆ្លើយ។ សួរថាតើសន្តិភាពហ្នឹងអ្នកឯងគាំទ្រឬអត់? សំណួរអ៊ីចឹងៗសុទ្ធតែសំណួរចាក់ដោត។ ហើយបើមិនគាំទ្រ មិនក្បត់ជាតិទេអ្ហ៊ៃ? សួរនៅសវនាការហ្នឹង ដែល កាក់ កុម្ភារ ប្រាប់ខ្ញុំ។ វាលេចចេញកន្ទុយមកមែន>>។
អាស៊ីសេរី មិនទាន់អាចសុំការបំភ្លឺពីមេធាវីស្ម័គ្រចិត្តទាំង ៦ រូបដែលគណៈមេធាវីកម្ពុជាចាត់តាំងឲ្យការពារក្តីសកម្មជនបក្សប្រឆាំងនេះ បាននៅឡើយទេ។ អាស៊ីសេរីក៏មិនទាន់អាច ទាក់ទង អ្នកនាំពាក្យតុលាការក្រុងភ្នំពេញលោក អ៊ី រិន្ទ ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះបាននៅឡើយដែរ។
អ្នកសង្កេតការណ៍ មកពីស្ថានទូតអាមេរិកនៅភ្នំពេញឯណោះ ដែលមានវត្តមាននៅក្នុងតុលាការសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែ មករានោះ សរសេរសារនៅលើទំព័រហ្វេសប៊ុករបស់ស្ថានទូតថា សហរដ្ឋអាមេរិក មានកង្វល់យ៉ាងខ្លាំង អំពីភាពខ្វះដំណើរការច្បាប់ត្រឹមត្រូវ ក្នុងការជំនុំជម្រះក្តីករណីសកម្មជន និងមន្រ្តីគណបក្សសង្គ្រោះជាតិនេះ។ ស្ថានទូត បានអំពាវនាវឲ្យអាជ្ញាធរកម្ពុជា ការពារសិទ្ធិស្របតាមរដ្ឋធម្មនុញ្ញ ក្នុងការសម្តែងមតិដោយសន្តិវិធី។
ចៅសង្កាត់រងទី១ នៃសង្កាត់អូរចា កញ្ញា ណី ល័ក្ខ ឯណោះ ថាតុលាការមិនគួរណាបន្តធ្វើទុក្ខបុកម្នេញលើមន្រ្តី និងសកម្មជនគណបក្សប្រឆាំង ដែលមិនបានប្រព្រឹត្តអ្វី ដូចការចោទប្រកាន់របស់តុលាការនោះទេ <<ខ្ញុំសុំឲ្យទម្លាក់ចោលទាំងស្រុងនូវបទចោទហ្នឹង ពីព្រោះខ្ញុំទៅញុះញង់ឯណា។ ខ្ញុំរកពេលតែចិញ្ចឹមខ្លួនឯង ចិញ្ចឹមគ្រួសារមិនចឹងបានផង នៅតែផ្ទះ លក់ដូរ ហើយដូចជា មើលទៅក្នុងសង្គមហ្វេសប៊ុក ដូចជាមិនមានសកម្មភាពអ្វី គឺអត់មានទេ ហើយដល់ពេលចោទធ្ងន់ធ្ងរអ៊ីចឹង ខ្ញុំដូចជាអត់អាចទទួលយកបានថាទៅញុះញង់ឲ្យវឹកវរបែបណាទេ ហើយខ្លួនខ្ញុំជាស្រីទៀត ពេលខ្លះចេញទៅក្រៅយប់ហ្នឹងមិនហ៊ានចេញផង ឲ្យខ្ញុំទៅណា ទៅញុះញង់បែបណា?>>។
អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ឯណោះ ថ្កោលទោសការការបង្ក្រាបសំឡេងប្រឆាំង។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួន កាលពីថ្ងៃទី ១៤ ខែ មករា នាយិកាប្រចាំតំបន់នៃអង្គការនេះ ចាត់ទុកការចោទប្រកាន់មន្រ្តី និងសកម្មជនបក្សប្រឆាំង និងកោះហៅឡើងតុលាការទាំងហ្វូងទាំងហ្វាយបែបនេះ បង្ហាញឲ្យឃើញកាន់តែច្បាស់ ថាអាជ្ញាធរកម្ពុជាកំពុងបង្កើនយុទ្ធនាការក្តៅ និងឥតស្រាកស្រាន្ត ក្នុងការធ្វើទុក្ខបុកម្នេញសំឡេងប្រឆាំង នៅកម្ពុជា។
អង្គការនេះទាមទារ ឲ្យដោះលែងសកម្មជន ដែលអាជ្ញាធរចាប់ឃុំខ្លួន និងចោទប្រកាន់ពួកគាត់ដោយហេតុផលនយោបាយទាំងអស់នោះ ជាបន្ទាន់ និងដោយឥតលក្ខខណ្ឌ។ មិនតែប៉ុណ្ណោះ អាជ្ញាធរត្រូវទម្លាក់ចោលរាល់បទចោទប្រកាន់លើអ្នកទាំងនោះ ដោយមិនត្រូវបង្អែបង្អង់យូរឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
និយាយឲ្យតែបាននិយាយ ដូចពួកអ្ហែង ង៉ែង ចោទប្រកាន់
ដោយអត់បានការបែបនេះ អញ្ចឹងបន្ត ជាប់គុកទៀតចុះ ។
ខំដោះបន្ទុកយករួចខ្លួនមិនគឹត ទេ បែរជាខំចោទប្រកាន់
ដោយគ្មានការពិតទៅវិញ ?
បានអីត្រឡប់មកវិញ អាឡប់ មីឡប់ ?
វានិយាយដូចអត់មានគេ មានតែវានៅក្នុងបន្ទប់ សវនាការ ?
we already knew every thing about their action . this is a policy of the evil un educated animal HUN SEN