រដ្ឋាភិបាល​និរាករណ៍​គម្រោង​លុប​បឹង​តាមោក ជាង​២០​ហិកតារ​ទៀត

ដោយ មួង ណារ៉េត
2021-01-15
RFA

រដ្ឋាភិបាល​និរាករណ៍​គម្រោង​លុប​បឹង​តាមោក ជាង​២០​ហិកតារ​ទៀត

ផែនទី​បង្ហាញ​តំបន់​នៃ​បឹងតាមោគ រាជធានី​ភ្នំពេញ។ រូប​ពី​ហ្វេសប៊ុក


រដ្ឋាភិបាល​បន្ត​និរាករណ៍​គម្រោង​លុប​បឹង​តាមោក ឬ​បឹង​កប់​ស្រូវ ជាង​២០​ហិកតារ​ថែមទៀត ដោយ​សម្រេច​លុបចោល​គម្រោង​ដូរ​ដី​ជាមួយ​ឯកជន។ សង្គម​ស៊ីវិល និង​អ្នកសេដ្ឋកិច្ច ស្វាគមន៍​ការ​សម្រេច​នេះ និង​ជំរុញ​ឱ្យ​រដ្ឋាភិបាល បន្ត​និរាករណ៍​គម្រោង​លើ​បឹង​តាមោក​បន្ថែម​ទៀត។

រដ្ឋាភិបាល សម្រេច​កាត់​យក​ផ្ទៃ​បឹង​តាមោក ទំហំ​ប្រមាណ​២០​ហិកតារ ឬ​ជាង ១​លាន ៥​សែន​ម៉ែត្រការ៉េ ពី​គម្រោង​ឯកជន ត្រលប់​ទុកជា​សម្បត្តិ​រដ្ឋ​វិញ។

លិខិត​របស់​រដ្ឋលេខាធិការ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី ចុះ​ថ្ងៃ​ទី១៣ មករា ដែល​ទើប​ត្រូវ​បាន​ផ្សព្វផ្សាយ មិន​បញ្ជាក់​ពី​ហេតុផល នៃ​ការ​ដកហូត​ដី​នោះ ត្រលប់​មក​វិញ​ទេ។ លោក​គ្រាន់តែ​បង្គាប់​ឱ្យ​និរាករណ៍​គម្រោង​ដោះដូរ​ដី​របស់ លោក លន់ ហាក់ និង​លោកស្រី ឈុន ចាន់ធី ដើម្បី​សាងសង់​អគារ​ទីបញ្ជាការ​ស្រាល ស្ថិតនៅ​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ​វិញ។ឮកាលពី​ថ្ងៃទី​៣០ ធ្នូ ឆ្នាំ​២០២០ រដ្ឋាភិបាល បាន​ចេញ​អនុក្រឹត្យ​កាត់​ផ្ទៃដី​បឹង​តា​មោក ទំហំ ២០​ហិកតារ ស្ថិតនៅ​សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ ឱ្យ​ទៅជា​កម្មសិទ្ធិ លោក លន់ ហាក់ និង លោកស្រី ឈុន ចាន់​ធី ដើម្បី​ដោះដូរ​ដី​មួយ​កន្លែង ទំហំ​ទទឹង​ជាង​២០​ម៉ែត្រ បណ្ដោយ​ជាង​៤០​ម៉ែត្រ នៅ​ក្បែរ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី ដើម្បី​សាងសង់​អគារ​ទីបញ្ជាការ​កម្ពស់​៣​ជាន់ និង​បំពាក់​គ្រឿង​បរិក្ខារ​ចាំបាច់​នានា។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​រឿង​នេះ ពី​រដ្ឋលេខាធិការ​ទីស្ដីការគណៈរដ្ឋមន្ត្រី លោក ហ៊ីង ថូរ៉ាក់ស៊ី បាន​ទេ នៅ​ថ្ងៃ​ទី​១៤ មករា​។ ប៉ុន្តែ អ្នកនាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន ធ្លាប់​បាន​បញ្ជាក់​ថា ការ​សម្រេច​ណាមួយ​របស់​រដ្ឋាភិបាល ចំពោះ​ការ​កែ​សម្រួល​ផ្ទៃ​បឹងតាមោក គឺ​ដើម្បី​ផលប្រយោជន៍​សាធារណៈ​ទាំងអស់។

អ្នក​សម្របសម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិមនុស្ស របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក វណ្ណ សូផាត ស្វាគមន៍​ការ​និរាករណ៍​គម្រោង​លុប​បឹង​តាមោក ជា​បន្តបន្ទាប់ នៅ​មួយ​រយៈ​ចុងក្រោយ​នេះ​។ លោក​យល់​ថា ការ​និរាករណ៍​គម្រោង​ទាំងឡាយ នៅ​លើ​ផ្ទៃ​បឹងតាមោក ជា​ផល​ល្អ​សម្រាប់​ជួយ​រំដោះ​ទឹក​ពី​រាជធានី​ភ្នំពេញ​។ លោក​ចង់​ឱ្យ​រដ្ឋាភិបាល បន្ត​និរាករណ៍​រាល់​គម្រោង​លុប​បឹង​តា​មោក​ទាំងអស់ ហើយ​យក​ទៅ​អភិវឌ្ឍន៍ នៅ​ទីតាំង​ផ្សេង ដែល​មិន​ប៉ះពាល់​ដល់​បឹង​នេះ​៖ «ខ្ញុំ​គិត​ថា អានេះ វា​ជា​សញ្ញា​មួយ​វិជ្ជមាន ប៉ុន្តែ​នៅចាំ​មើល​ទៅ​មុខ​ទៀត ក្រែងលោ​មាន​ហេតុផល​អ្វី​នៅ​ពីក្រោយ​ការ​និរាករណ៍​ហេតុផល​ទាំងអស់​ហ្នឹង​ណា»។

រដ្ឋាភិបាល បាន​និរាករណ៍​គម្រោង​លុប​បឹង​តាមោក ទំហំ​ប្រមាណ​៣០​ហិកតារ​ម្ដង​រួច​មក​ហើយ ដោយ​គម្រោង​នោះ មាន​ពាក់ព័ន្ធ​នឹង​ក្រុមហ៊ុន​ឯកជន ឈ្មោះ ធីភី ម៉ូរ៉ាល់គ្រុប (TP Moral Group) ។ គម្រោង​ដែល​និរាករណ៍​កាលពី​ថ្ងៃ​ទី​៥ មករា ជា​គម្រោង​សាងសង់​អគារ​ក្រសួង​អភិវឌ្ឍន៍​ជនបទ គម្រោង​សាងសង់​អគារ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ គម្រោង​សង់​អគារ​អាជ្ញាធរ​ជាតិ​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន និង​សង្គ្រោះ​ជន​ពិការ​ដោយសារ​មីន និង​គម្រោង​សង់​អគារ​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា។

ទោះបីជា​យ៉ាងណា ផ្ទៃ​បឹង​តាមោក ច្រើន​រយ​ហិកតារ​ទៀត កំពុង​ប្រឈម​លុប ដោយសារ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​សាងសង់​គម្រោង​ផ្សេងៗ រួមមាន​ទាំង​រដ្ឋ និង​ឯកជន​។ ក្នុង​នោះ ក៏​មាន​ចំណែក​របស់​សមាជិក​គ្រួសារ​មន្ត្រី​ធំៗ ក្នុង​ជួរ​រដ្ឋាភិបាល និង​ជា​សាច់ញាតិ របស់​ដន្លង លោក ហ៊ុន សែន។

លោក ហ៊ុន សែន បាន​ចេញ​អនុក្រឹត្យ​ចុះ​ថ្ងៃ​ទី​១៧ មិថុនា ឆ្នាំ​២០២០ កាត់​ផ្ទៃ​បឹងតាមោក ទំហំ​ជាង​១០​ហិកតារ ស្ថិតនៅ​ភូមិ​ចុងថ្នល់ សង្កាត់​ពន្សាំង ខណ្ឌ​ព្រែក​ព្នៅ ឱ្យ​ទៅ កូនស្រី​បង្កើត​របស់​រដ្ឋមន្ត្រី​ក្រសួង​ដែនដី លោក ជា សុផារ៉ា និង​ត្រូវជា​កូនប្រសា​របស់​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី គឺ លោកស្រី ជា សុផាម៉ាដែន ដែល​កាន់កាប់​ជា​កម្មសិទ្ធិ​ឯកជន។ បន្ថែម​លើ​នេះ លោក ហ៊ុន សែន ក៏បាន​កាត់​ផ្ទៃ​បឹង​តាមោក ជាង​៤០​ហិកតារ ប្រគល់​ទៅ​ឱ្យ​ឈ្មួញ ធ្លាប់​មាន​ប្រវត្តិ​ចម្រូងចម្រាស​ដណ្ដើម​ពលរដ្ឋ គឺ​ម្ចាស់​ក្រុមហ៊ុន​ផានអ៊ីមិច (Phan Imex) លោកស្រី ស៊ុយ សុផាន។

លោក ហ៊ុន សែន ក៏​បាន​កាត់​ផ្ទៃ​បឹង ទំហំ​៣០​ហិកតារ ផ្សេងទៀត ប្រគល់​ទៅ​ឱ្យ​ភរិយា​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាជន​កម្ពុជា លោក លី យ៉ុងផាត់ គឺ លោកស្រី គឹម ហ៊ាង ជា​ថ្នូរ​ទៅ នឹង​ការដោះដូរ​ដី​ទំហំ​សរុប​ជិត​១០​ហិកតារ ដោយ ដី​៣​ហិកតារ ស្ថិតនៅ​ខាងកើត​វិមាន​ឈ្នះ​-​ឈ្នះ ដី​២​ហិកតារ ស្ថិត​តំបន់​ទីក្រុង​រណប​អភិវឌ្ឍន៍ លី យ៉ុងផាត់ ជ្រោយ​ចង្វារ និង​ដី​ជិត ៥​ហិកតារ​ទៀត ស្ថិតនៅ​អតីត​ទីលាន​ចាក់សំរាម​ស្ទឹងមានជ័យ។

អ្នក​ជំនាញ​សេដ្ឋកិច្ច លោក ង៉ែត ជូ យល់ថា ការ​យក​គម្រោង​រដ្ឋ​នានា ទៅ​អភិវឌ្ឍន៍​លើ​បឹង​តា​មោក នឹង​ធ្វើ​ឱ្យ​ចំណេញ​ច្រើន ដល់​សេដ្ឋកិច្ច និង​ជួយ​សម្រួល​ភាព​កកស្ទះ ក្នុង​ក្រុងភ្នំពេញ ប៉ុន្តែ លោក មិន​ចង់​ឱ្យ​រដ្ឋាភិបាល អភិវឌ្ឍន៍​គម្រោង​ច្រើនពេក​ទេ ព្រោះ​ប៉ះពាល់ ដល់​បរិស្ថាន។ លោក​បន្ត​ថា រដ្ឋាភិបាល គួរតែ​អភិវឌ្ឍន៍​គម្រោង​ខ្លះ នៅ​បឹង​តាមោក ដោយមាន​ការ​បង្ហាញ​ប្លង់​មេ ត្រឹមត្រូវ និង​លៃលក​យ៉ាងណា ត្រូវ​ទុក​ផ្ទៃ​បឹង ធានា​ឱ្យ​បាន​ថា ការអភិវឌ្ឍន៍​មិន​ប៉ះពាល់​ដល់​បរិស្ថាន។

លោក​បន្ត​ថា រដ្ឋាភិបាល លើក​គម្រោង មួយ​ចំនួន​ទៀត ទៅ​អភិវឌ្ឍន៍ នៅ​តំបន់​ឧត្ដុង្គ​មានជ័យ​វិញ គឺ នៅ​តំបន់​ភ្នំ​ឧត្ដុង្គ នៃ​ខេត្ត​កណ្ដាល និង​ស្រុក​សាមគ្គី​មានជ័យ នៃ​ខេត្ត​កំពង់ឆ្នាំង ហើយ​ត្រូវ​ត​ភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធ ដូចជា ផ្លូវ​ល្បឿន​លឿន ជាដើម ដើម្បី​ជំនួស ឱ្យ​ការអភិវឌ្ឍន៍​ច្រើនពេក នៅ​លើ​បឹង​តាមោក៖ «មែនទែន​ទៅ ផ្ទៃ​បឹង​នេះ បើ​សិន​មានការ​អភិវឌ្ឍន៍ យើង​អត់​ដឹង​ផែនការ​រដ្ឋាភិបាល​យ៉ាង​ម្ដេច​ទេ ប៉ុន្តែ​បើ​សិន​ណា ទុក​មួយ​ផ្នែក​ធំ វា​ជា​រឿង​ល្អ ហើយ​ការអភិវឌ្ឍន៍​តំបន់​ផ្សេងទៀត ក៏​ជា​ការ​ចាំបាច់​ដែរ ដូចជា ការអភិវឌ្ឍន៍​តំបន់​ឧត្ដុង្គ​មានជ័យ ដូច​ខ្ញុំ​លើកឡើង​អ៊ីចឹង ជា​ការ​ចាំបាច់ ជា​ការ​ប្រមើល​មើល​ទៅ ឧទាហរណ៍​ថា ៥០​ទៅ​១០០​ឆ្នាំ​ទៀត​អ៊ីចឹង​ណា ព្រោះ​មក​ដល់​ពេល​នេះ ការប្រើប្រាស់​ដីធ្លី​ក្នុង​ក្រុងភ្នំពេញ វា​ស្ទើរតែ​អស់​សក្ដានុពល​ហើយ»។

របាយការណ៍​របស់​អង្គការ​សមាគម​ធាងត្នោត ចេញ​កាលពី​ថ្ងៃ​ទី​២៦ ខែ​ធ្នូ ឆ្នាំ​២០១៩ បង្ហាញ​ថា ចាប់​តាំង​ពី​ឆ្នាំ​១៩៩០​មក រដ្ឋាភិបាល បាន​លុប បឹង​ធម្មជាតិ នៅ​ក្នុង​រាជធានី​ភ្នំពេញ អស់​ចំនួន​១៦​បឹង​ហើយ​។ ចំណែក បឹង​នៅសល់​ចំនួន ១០​ទៀត កំពុង​ប្រឈម​ការ​ចាប់​លុប ដោយ​ផ្នែកៗ ជា​បណ្ដើរៗ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "រដ្ឋាភិបាល​និរាករណ៍​គម្រោង​លុប​បឹង​តាមោក ជាង​២០​ហិកតារ​ទៀត"

  1. Anonymous says:

    I guest ..I have been around the world but I never hearing any government developing their country this way . this is what I should say the dangerous of lace of education.