កម្ពុជា-សង្គម
18/01/2021 – 07:58
ដោយ៖ អ៊ឹង ប៊ុនថន
RFI

គិតមកទល់ពេលនេះ មានសកម្មជនគណបក្សប្រឆាំងយ៉ាងហោចណាស់៣០នាក់ហើយ ដែលរងការវាយដំពីសំណាក់ជនមិនស្គាល់មុខ ខណៈជនរងគ្រោះចាត់ទុកថាជាហិង្សាផ្នែកនយោបាយ។ បើតាមមេធាវីការពារក្តីឲ្យសកម្មជនទាំងនេះ ក្នុងចំណោមជនរងគ្រោះទាំងអស់នោះ គឺមានតែ១ករណីប៉ុណ្ណោះដែលជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តកំពង់ឆ្នាំង។
លោកមេធាវី សំ សុគង់ ដែលការពារក្តីឲ្យសកម្មជនគណបក្សប្រឆាំង ទទូចឲ្យសមត្ថកិច្ចពាក់ព័ន្ធត្រូវធ្វើការស៊ើបអង្កេត និងស្វែងរកចាប់ខ្លួនជនល្មើស ដែលតែងតែជិះម៉ូតូ ប្រើដំបង និងដុំថ្ម លួចឆ្មក់វាយប្រហារទៅលើសកម្មជននយោបាយជាបន្តបន្ទាប់មកនេះ ដែលមានយ៉ាងហោចណាស់៣០នាក់ហើយ។
ករណីថ្មីចុងក្រោយនេះ គឺកើតលើយុវជន ថុល សំណាង ដែលអះអាងថា មានជនមិនស្គាល់មុខ ២នាក់ បានជិះម៉ូតូឆ្មក់វាយរូបគេ នៅភូមិត្រពាំងឈូក ឃុំព្រៃគរ ស្រុកស្អាង នៅម៉ោង៨យប់ ថ្ងៃទី១៦ ខែមករា។ សកម្មជនរូបនេះ ចាត់ទុកករណីហិង្សាមកលើខ្លួនថា ជារឿងនយោបាយ បន្ទាប់ពីលោកបានចូលរួមឃ្លាំមើលសវនាការលើសំណុំរឿង លោក រ៉ុង ឈុន កាលពីថ្ងៃទី១៥ មករា។ នៅថ្ងៃទី១៥ មករា នោះក៏មានជនមិនស្គាល់មុខ២នាក់ បានជិះម៉ូតូឆ្មក់វាយសកម្មជនបក្សប្រឆាំងម្នាក់ទៀតដែរ គឺ លោក ធន់ ចន្ថា ដោយប្រើដែកសោ ខណៈជនរងគ្រោះ កំពុងឃ្លាំមើលសវនាការ នៅម្ដុំសាលាដំបូងរាជធានីភ្នំពេញ។
បើតាម លោក សំ សុគង់ ជនរងគ្រោះខ្លះ បានដាក់បណ្តឹងទៅកាន់សមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឲ្យចាប់ខ្លួនជនល្មើសមកដាក់ទោស តែមកទល់ពេលនេះគឺមានតែ១ករណីប៉ុណ្ណោះ ដែលជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅខេត្តកំពង់ឆ្នាំង។ ការចាប់ខ្លួននេះ បន្ទាប់ពីបានវាយប្រហារលើក្មេងប្រុសអាយុ១៥ឆ្នាំ ជាកូនប្រុសរបស់ លោក កែវ ថៃ ជាអតីតមន្ត្រីបក្សប្រឆាំង ដែលកំពុងជាប់ពន្ធនាគារ។
ដោយទំនងជាឆ្លើយតបនឹងករណីហិង្សាលើសកម្មជនបក្សប្រឆាំងជាបន្តបន្ទាប់មកនេះ អគ្គស្នងការដ្ឋាននគរបាលជាតិ កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្ដីថ្លែងការណ៍ថា ជនរងគ្រោះ ក្នុងអំពើហិង្សា និងក្នុងបទល្មើសនានា ចាំបាច់ត្រូវដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ច ដើម្បីជាមូលដ្ឋានបម្រើឲ្យការស៊ើបអង្កេត។ តែជាមួយគ្នានោះ អគ្គស្នងការដ្ឋាននគរបាលជាតិ លើកឡើងថា មនុស្សមួយចំនួនតូច តែងតែប្រកាសថា ខ្លួនជាជនរងគ្រោះ ប៉ុន្តែព្យាយាមគេចវេះមិនសហការជាមួយសមត្ថកិច្ច។
ទោះយ៉ាងណា ជនរងគ្រោះមួយចំនួនក្នុងករណីហិង្សា ដែលគេថាជារឿងនយោបាយនេះ គឺពួកគេមួយចំនួន មិនមានជំនឿលើប្រព័ន្ធយុត្តិធម៌ខ្មែរឡើយ ទើបពួកគេខ្លះមិនបានដាក់ពាក្យបណ្តឹង ខណៈពាក្យបណ្តឹងរបស់ពួកគេជាច្រើននៅជាប់គាំង។ នេះបើតាម លោក សំ សុគង់៕
វាគួរឲ្យអស់សំណើចណាស់ ដែល មេធាវី សំ សុគង់ ជាមេធាវីការពារក្តី
ឲ្យពួកដែលមាននិន្នាការប្រឆាំងរដ្ឋាភិបាល ចេះត្រឹម ចោទប្រកាន់
លើអំពើហឹង្សា ថាជារឿងនយោបាយ !
ជាមេធាវី បើចេះត្រឹមតែទម្លាក់កំហុស ដាក់គេឯង ដោយមិនស្វែងរកការពិតបែបនេះ
មិនខុសអីពីពាក្យចាស់បុរាណថា ស៊ីបាយ បង្ហិនតែអង្ករនោះទេ ។