HRW ថា “ច្រកទ្វារអ៊ីនធឺណិតជាតិ” នឹងប៉ះពាល់លើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ តែរដ្ឋាភិបាលបដិសេធ

កម្ពុជា-សង្គម
18/02/2021 – 07:28
ដោយ៖ សឿង ភារៈ
RFI

រូបភាពតំណាង
រូបភាពតំណាង © សហការី

ការ​បង្កើត “ច្រកទ្វារ​អ៊ីនធឺណិត​ជាតិ” របស់​រដ្ឋាភិបាល​កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​រដ្ឋាភិបាល​បង្កើន​ការឃ្លាំមើល​ ឬ​ការត្រួតពិនិត្យ​តាម​អ៊ីនធឺណិត ដែល​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ទៅ​លើ​សិទ្ធិសេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ និង​ឯកជនភាព​។ ​នេះ​ជា​ការ​អះអាង​របស់​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​ (HRW)​ នៅ​ថ្ងៃ​ទី​១៨​ ខែ​កុម្ភៈ​នេះ​។ ​តែ​អ្នក​នាំពាក្យ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​កម្ពុជា​បញ្ជាក់​ថា​មិន​ប៉ះពាល់​ទេ​។

លោក ហ៊្វីល រ៉ូបឺតសុន នាយករងប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី១៨ ខែកុម្ភៈថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាប់ផ្តើមសកម្មភាព ប្រឆាំងនឹងសេរីភាពអ៊ីនធឺណិត និងពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត នៅកម្ពុជាតាមរយៈការពង្រីកការគ្រប់គ្រងរបស់រដ្ឋាភិបាលលើអ៊ីនធឺណិតក្នុងប្រទេស។ លោក ហ៊្វីល រ៉ូបឺតសុន ក៏បានអំពាវនាវឲ្យ រដ្ឋាភិបាលបរទេស ក្រុមហ៊ុនបច្ចេកវិទ្យា ក្រុមហ៊ុនពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងវិស័យឯកជនដទៃទៀត ចូលរួមជំរុញឲ្យរដ្ឋាភិបាលកែសម្រួល ឬដក អនុក្រឹត្យ​នេះ។

រដ្ឋាភិបាលកម្ពុជាកាលពីថ្ងៃទី១៦ ខែកុម្ភៈ បានអនុម័តបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងគោលបំណងសម្រួល និងគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិត ដើម្បីពង្រឹងប្រសិទ្ធភាព និងសក្តិសិទ្ធិភាពនៃការកៀរគរចំណូលជាតិ ការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម វប្បធម៌ និងប្រពៃណីជាតិ។ នេះបើតាមមាត្រា១ នៃអនុក្រឹត្យ ដែលមាន២០មាត្រា និង១១ជំពូក ហើយត្រូវបានចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។

អនុក្រឹត្យដដែលនេះ តម្រូវឲ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិត (ISP) ក្នុងប្រទេសកម្ពុជាបង្វែរបណ្តាញរបស់ខ្លួនឲ្យចូលតាម ច្រកទ្វារអ៊ីនធឺណិតជាតិ ក្នុងរយៈពេល១២ ខែ ពោលគឺនៅមុនខែកុម្ភៈឆ្នាំ២០២២។

លោក ហ៊្វីល រ៉ូបឺតសុន នាយករងប្រចាំអាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស បានបញ្ជាក់ថា ច្រកទ្វារអ៊ីនធឺណិតជាតិនេះ នឹងពង្រីកសមត្ថភាពរបស់រដ្ឋាភិបាលក្នុងការរារាំងខ្លឹមសារ និងសំលេងឯករាជ្យតាមអ៊ីនធឺណិ ដើម្បីធ្វើការរឹតត្បិតផ្នែកនយោបាយ។

អ្នកនាំពាក្យ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ លោក មាស ប៉ូ បានលើកឡើងថាការយល់ឃើញរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្សគឺខុសស្រឡះ ដោយសារពួកគាត់មិនយល់ដឹងពីបច្ចេកទេសនៃការគ្រប់គ្រងបណ្តាញអ៊ីនធឺណិត។ លោកបញ្ជាក់ថា ការបង្កើតអនុក្រឹត្យ ច្រកទ្វារអ៊ីនធឺណិតជាតិ គឺមិនប៉ះពាល់ដល់អ្នកប្រើប្រាស់ធម្មតានោះទេ ដូច្នេះការលើកឡើងរបស់អង្គការក្រៅរដ្ឋាភិបាលខាងលើជាការបង្ករឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងវប្បធម៌ជាតិ។

លោកបន្ថែមថា ការយល់ឃើញរបស់អង្គការខាងលើថា រដ្ឋាភិបាលរឹតត្បិត ឬតាមដានអ្នកប្រើប្រាស់ គឺជាការយល់ខុស។

សូមជម្រាបជូនថា​ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានស្នើអនុក្រឹត្យមួយនេះ កាលពីថ្ងៃទី ៨ ខែកក្កដាឆ្នាំ ២០២០កន្លងទៅ ហើយបន្ទាប់មកត្រូវបានបញ្ជូនទៅទីស្តីការគណៈរដ្ឋមន្រ្តីដើម្បីសុំការអនុម័ត។ ការស្នើអនុក្រឹត្យនាពេលនោះ ក៏ត្រូវបានក្រុមអង្គការសង្គមស៊ីវិល ក្រុមហ៊ុនបច្ចេកវិទ្យា បង្ហាញការព្រួយបារម្ភ ជាពិសេសលើបញ្ហាសិទ្ធិមនុស្ស៕

What Next?

Recent Articles

One Response to "HRW ថា “ច្រកទ្វារអ៊ីនធឺណិតជាតិ” នឹងប៉ះពាល់លើសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ តែរដ្ឋាភិបាលបដិសេធ"

  1. Anonymous says:

    sorry every one under my SAMDACH EYE>>AKAK SENA BATHDEY PENCHO HUN NAL call HUN SEN next name CHHOUP SAMLAP will never admit he don any thing wrong. the evil of Cambodian in this century will come to his end soon