ដោយ ជាតិ ចំណាន
2021-05-02
RFA

លោក តៃ សុង កសិករដាំបន្លែនៅស្រុកស្អាង ខេត្តកណ្តាល ដែលត្រូវបានអាជ្ញាធរបង្ខំឱ្យធ្វើកិច្ចសន្យាបញ្ឈប់ការបង្ហោះសារអវិជ្ជមានលើបណ្តាញសង្គម។ រូប៖ ហ្វេសប៊ុក Tay Song
កសិករដាំបន្លែនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល សោកស្តាយចំពោះមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម មន្ទីរកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ដែលបានចោទប្រកាន់ពលរដ្ឋថា បង្ហោះសារញុះញង់ ដោយគ្រាន់តែគាត់និយាយការពិតរឿងបន្លែគ្មានទីផ្សារលើបណ្តាញសង្គមហ្វេសប៊ុក (Facebook)។ ជាងនេះទៅទៀត អាជ្ញាធរបានតម្រូវឱ្យកសិករសុំការអនុញ្ញាតជាមុនសិន បើចង់បង្ហោះរឿងភ្ជួរបន្លែចោល ដោយសារតែគ្មានទីផ្សារលក់ចេញ។
កសិករដែលរងការគំរាមកំហែងពីអាជ្ញាធរលោក តៃ សុង រៀបរាប់ថា កាលពីថ្ងៃទី៣០ ខែមេសា មន្ត្រីថ្នាក់ខេត្ត និងអាជ្ញាធរមូលដ្ឋានជិត ១០នាក់ ក្នុងនោះមានទាំងប៉ូលិសផង បាននាំគ្នាទៅផ្ទះរបស់លោកដោយមិនបានផ្តល់ដំណឹងជាមុន ដើម្បីសួរនាំលោករឿងបង្ហោះហ្វេសប៊ុកអំពីការភ្ជួរបន្លែចោល។ លោកថា នៅពេលនោះលោកស្រឡាំងកាំង និងមានអារម្មណ៍ភ័យខ្លាច ព្រោះនៅសុខៗស្រាប់តែឃើញក្រុមអាជ្ញាធរទៅដល់ផ្ទះរបស់លោក ទាំងដែលលោកមិនបានប្រព្រឹត្តបទល្មើសអ្វីផងនោះ៖ «គាត់ (មន្ត្រីពាក់ព័ន្ធ)ថា ការបង្ហោះហ្វេសប៊ុកហ្នឹង វាអត់ល្អ វាអត្តនោម័តតែខ្លួនឯង។ វាអត់ឆ្លងកាត់ពីខាងក្រសួងកសិកម្មឱ្យដឹងលឺជាមុនសិន។ បង្ហោះអ៊ីចឹង គាត់ថា ប៉ះពាល់ដល់ខាងគាត់»។
ថ្មីៗនេះលោក តៃ សុង ដែលជាកសិករនៅភូមិព្រែកអុងប៉ាង ឃុំទឹកវិល បានបង្ហោះសារលើហ្វេសប៊ុកជាបន្តបន្ទាប់រឿងបន្លែគ្មានទីផ្សារ ដែលធ្វើឱ្យលោកត្រូវបង្ខំចិត្តភ្ជួរបន្លែទាំងនោះចោលវិញ។ បន្លែដែលលោកដាំបាន តែគ្មានទីផ្សារនោះ គឺសាឡាដ ដោយលោកភ្ជួរចោលអស់ជិត ១ ហិកតាររួចមកហើយ។ ប៉ុន្តែមុននឹងភ្ជួរចោល លោកបានប្រកាសតាមហ្វេសប៊ុកឱ្យពលរដ្ឋណាដែលត្រូវការសាឡាដ អាចទៅកាត់យកនៅចម្ការរបស់លោកបានដោយឥតគិតថ្លៃ។

ទោះជាយ៉ាងណា ការបង្ហោះព័ត៌មានពិតរបស់លោក តៃ សុង នេះ ស្រាប់បានក្លាយជារឿងរសើបសម្រាប់មន្ទីរពាណិជ្ជកម្ម និងមន្ទីរកសិកម្មខេត្តកណ្តាល រួមទាំងអាជ្ញាធរមូលដ្ឋានទៅវិញ។
ជំនួសឱ្យការចុះជួយដោះស្រាយបញ្ហាប្រឈមរបស់កសិករ ក្រុមមន្ត្រីទាំងនោះ បែរជានាំគ្នាចុះទៅសួរដេញដោលលោក តៃ សុង និងតម្រូវឱ្យកសិកររូបនេះធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពរបស់ខ្លួនទៅវិញ។ ក្រុមមន្ត្រី និងអាជ្ញាធរ បានចាត់ទុកព័ត៌មានដែលលោក តៃ សុង បានបង្ហោះនោះថា ជាព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងមានចរិតញុះញង់ឱ្យមានការរើសអើង។ ក្រុមមន្ត្រីបានតម្រូវឱ្យកសិកររូបនេះ ផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន និងមន្ទីរពាក់ព័ន្ធនានា ជៀសវាងការបង្ហោះព័ត៌មានដែលពួកគេចាត់ទុកថា ធ្វើឱ្យសាធារណជនយល់ច្រឡំលើកិច្ចខិតខំរបស់មន្ត្រីជំនាញក្នុងការជួយដល់កសិករ។ ជាមួយគ្នានេះ ក្រុមមន្ត្រីទាំងនោះបានធ្វើកំណត់ហេតុមួយឱ្យលោក តៃ សុង ចុះហេត្ថលេខា ដោយតម្រូវឱ្យកសិកររូបនេះ និងកសិករផ្សេងទៀត ត្រូវសុំការអនុញ្ញាតពីមន្ទីរពាក់ព័ន្ធថ្នាក់ខេត្តជាមុនសិន បើចង់បង្ហោះរឿងបន្លែគ្មានទីផ្សារ ឬបង្ហោះរឿងភ្ជួរបន្លែចោល នៅពេលខាងមុខទៀត។
លោក តៃ សុង អះអាងថា លោកមិនបានដឹងអំពីខ្លឹមសារនៃកំណត់ហេតុនេះឡើយ ព្រោះក្រុមមន្ត្រីមិនបានអានឱ្យលោកស្តាប់ ហើយក៏មិនបានឱ្យលោកអានកំណត់ហេតុនោះដែរ។ ក្រោយមកទើបលោកដឹងថា នោះជាកំណត់ហេតុដែលអាជ្ញាធរចោទថា លោកបានប្រព្រឹត្តកំហុស និងព្រមទទួលស្គាល់កំហុស។ លោកថា ទង្វើរបស់ក្រុមមន្ត្រីនេះ មានន័យស្មើនឹងការគំរាមកសិករដាំបន្លែទូទាំងឃុំទឹកវិលយ៉ាងដូច្នេះដែរ ពីព្រោះពួកគាត់ម្នាក់ៗសុទ្ធតែកំពុងជួបបញ្ហាបន្លែគ្មានទីផ្សារដូចលោកដែរ៖ «គាត់ចោទប្រកាន់ខ្ញុំអ៊ីចឹង របៀបថាខ្ញុំញុះញង់អ៊ីចឹង គឺខ្ញុំអត់អាចទទួលយកបានទេ ដោយសារមានអារម្មណ៍មួយថា ខាងក្រសួងមិនខំរកទីផ្សារឱ្យប្រជាកសិករ បែរជាថាខ្ញុំហ្នឹងបង្ហោះញុះញង់ទៅវិញ។ បន្លែកសិករយើងនៅស្រុកស្អាងនេះ គឺប្រឈមមុខនឹងការភ្ជួរចោលទាំងអស់គ្នាពិតប្រាកដមែនហ្នឹង វាមិនមែនជារឿងភូតកុហកទេ។ អ៊ីចឹង វាដូចជាយើងហ្នឹងខុសទាំងស្រុងបាត់ទៅហើយ។ អ៊ីចឹងធ្វើឱ្យខ្ញុំ និងកសិករដទៃទៀត អស់ជំនឿលើខាងក្រសួងកសិកម្មដែលគាត់ធ្វើលិខិតណែនាំខ្ញុំអ៊ីចឹង»។
កសិករមួយរូបទៀតដែលសុំមិនបញ្ចេញឈ្មោះ ឱ្យដឹងថា អ្វីដែលលោក តៃ សុង បានបង្ហោះតាមហ្វេសប៊ុកនោះ គឺជារឿងពិតជាក់ស្តែងរបស់កសិករដាំបន្លែក្នុងឃុំទឹកវិល។ លោកថា កាលពីខែកុម្ភៈ លោកក៏បានភ្ជួរបន្លែចោលប្រហែល ៧ តោនដែរ ដោយសារគ្មានទីផ្សារ និងមិនមានឈ្មួញចុះទៅទិញ។ លោកអះអាងថា អាជ្ញាធរមូលដ្ឋានសុទ្ធតែដឹងលឺរឿងនេះ ព្រោះពួកគាត់ក៏ជាអ្នកដាំបន្លែ ឬមានសាច់ញាតិជាអ្នកដាំបន្លែដែរ។ លោកទទូចដល់ស្ថាប័នពាក់ព័ន្ធឱ្យជួយរកដំណោះស្រាយជូនកសិករវិញ ជាជាងការគាបសង្កត់សិទ្ធិបញ្ចេញមតិរបស់ពួកគាត់៖ «ដំណាំធ្វើមកបានផលហើយ វាលក់អត់ចេញ ថោក ហើយគ្នាបង្ហោះហ្នឹងដូចថា វាអត់មានខុសអ្វីទេ ព្រោះវាអ៊ីចឹងមែន វាជារឿងពិត។ ហើយរដ្ឋាភិបាល បើថាដឹងអ៊ីចឹងហើយ យើងគួរតែរកទីផ្សារជួយកសិករអ៊ីចឹងទៅណា។ យើងកុំមកដូចថា បន្ទុចបង្អាក់។ គ្រាន់តែគ្នាចង់បញ្ចេញមតិបន្តិច យើងមកបន្ទុចបង្អាក់អ៊ីចឹង វាអត់ត្រូវទេ ដូចថា បិទសិទ្ធគ្នាអ៊ីចឹង»។
អាស៊ីសេរីបានព្យាយាមទាក់ទងប្រធានមន្ទីរពាណិជ្ជកម្មខេត្តកណ្តាលលោក អោម ប៊ុនធឿន ប្រធានមន្ទីរកសិកម្ម លោក ប៊ុនទួន ស៊ីមូណា និងអភិបាលខេត្តកណ្តាលលោក គង់ សោភ័ណ្ឌ ដើម្បីសុំការបំភ្លឺរឿងនេះដែរ ប៉ុន្តែទូរស័ព្ទចូលជាច្រើនដង មិនមានអ្នកទទួល នៅថ្ងៃទី០១ ខែឧសភា។ ប៉ុន្តែលោក គង់ សោភ័ណ្ឌ បានប្រាប់អាស៊ីសេរីនៅពេលថ្មីៗនេះថា អំឡុងពេលបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ អាជ្ញាធរមិនអាចជួយដោះស្រាយអ្វី ឬទិញបន្លែពីកសិករយកទៅលក់បន្តបាននោះទេ ប៉ុន្តែកសិករអាចយកបន្លែទៅលក់នៅតាមផ្សារដែលអាជ្ញាធរបានរៀបចំ។

ជុំវិញរឿងនេះ ប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) លោក នី សុខា មានប្រសាសន៍ថា ការបង្ហោះសាររបស់កសិកររឿងបន្លែគ្មានទីផ្សារនោះ គឺជាសិទ្ធិសេរីភាពបញ្ចេញមតិរបស់ពួកគាត់ ដែលធានាយ៉ាងពេញលេញនៅក្នុងច្បាប់ជាតិ និងអន្តរជាតិ។ លោកថា ទង្វើរបស់អាជ្ញាធរទៅលើកសិករនៅឃុំទឹកវិលនោះ គឺជារឿងមិនត្រឹមត្រូវ និងជាការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ។ លោកទទូចដល់អាជ្ញាធរគិតគូរដោះស្រាយបញ្ហាប្រឈមរបស់កសិករវិញ ទើបជារឿងប្រសើរ៖ «យើងអសមត្ថភាពខ្លួនឯងនៅក្នុងការដោះស្រាយបញ្ហាទីផ្សារជូនប្រជាពលរដ្ឋ បែរជាយើងទៅបង្ខំប្រជាពលរដ្ឋឱ្យផ្តិតមេដៃ ឈប់បង្ហាញសារ អាហ្នឹងមិនគួរឱ្យកើតមានទេ រឿងអ៊ីចឹងនោះ។ នេះជារឿងរំលោភសេរីភាពធ្ងន់ណាស់ រំលោភទៅលើសិទ្ធិបញ្ចេញមតិធ្ងន់ណាស់។ វាគ្មានការបង្ហោះហ្នឹងធ្វើឱ្យប៉ះពាល់ទៅដល់អ្វីឯណា ធ្វើឱ្យមានការរើសអើង បង្កឱ្យមានអសន្តិសុខអ្វីហ្នឹង វាអត់មានទេ។ ពីព្រោះនេះជាកាតព្វកិច្ចរបស់អាជ្ញាធរដែលត្រូវដោះស្រាយក្នុងការរកទីផ្សារដើម្បីឱ្យប្រជាកសិករអាចលក់ផលិតផលរបស់គាត់បាន អាចចិញ្ចឹមជីវភាពរបស់ពួកគាត់បាន»។
រដ្ឋធម្មនុញ្ញកម្ពុជាចែងថា ប្រជាពលរដ្ឋខ្មែរមានសេរីភាពខាងការបញ្ចេញមតិ សេរីភាពខាងសារព័ត៌មាន និងសេរីភាពខាងការបោះពុម្ពផ្សាយ។ ជាមួយគ្នានេះ ពលរដ្ឋខ្មែរទាំងពីរភេទ មានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ជាតិ។ សេចក្តីស្នើទាំងឡាយរបស់ប្រជាពលរដ្ឋ ត្រូវទទួលបានការពិនិត្យ និងដោះស្រាយយ៉ាងហ្មត់ចត់ពីអង្គការរដ្ឋ។ ផ្អែកតាមច្បាប់កំពូលរបស់ជាតិនេះ បញ្ហាបន្លែគ្មានទីផ្សាររបស់កសិករនៅឃុំទឹកវិល ស្រុកស្អាង ខេត្តកណ្តាល គួរតែទទួលបានការយកចិត្តទុកដាក់ដោះស្រាយពីសំណាក់អាជ្ញាធរពាក់ព័ន្ធ មិនមែនអាជ្ញាធរទៅគាបសង្ក់តសេរីភាពបញ្ចេញមតិរបស់កសិករបែបនេះឡើយ។
សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) លើកឡើងក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃទី០១ ខែឧសភាថា ការរំខាន និងការគំរាមកំហែងរបស់អាជ្ញាធរទៅលើកសិករ មិនមែនជាការផ្តល់ដំណោះស្រាយលើបញ្ហាមុខរបរ និងទីផ្សារសម្រាប់កសិករនោះទេ។ ប៉ុន្តែនេះជាការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិសេរីភាពរបស់កសិករ ដែលមានចែងការពារក្នុងរដ្ឋធម្មនុញ្ញកម្ពុជា និងសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិកសិករអន្តរជាតិ។ សមាគមដដែលនេះ ស្នើដល់រដ្ឋាភិបាលឱ្យរកដំណោះស្រាយសមស្របជួយដល់កសិករ ដូចជា ការផ្តល់បច្ចេកទេស និងទុន ដល់ពួកគាត់។ ជាមួយគ្នានេះ រដ្ឋាភិបាលត្រូវពង្រឹងវិស័យកសិកម្មបន្ថែមទៀត តាមរយៈការបង្កើនកញ្ចប់ថវិកាជាតិសម្រាប់វិស័យនេះ ពង្រឹងសមត្ថភាពផ្នែកវេចខ្ចប់ និងកែច្នៃ ព្រមទាំងសម្រួលដល់ការដឹកជញ្ជូនផលិតផលកសិកម្មដោយគ្មានការរាំងស្ទះជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋត្អូញគ្មានលទ្ធភាពបង់ថ្លៃពិន័យក្នុងស្ថានភាពជំងឺកូវីដ១៩ ខណៈអាជ្ញាធរចាប់ផ្ដើមផាកអ្នកមិនពាក់ម៉ាស់
- ម្ចាស់ផ្ទះជួលថាពួកគាត់ក៏ជាជនរងគ្រោះដែរខណៈពលរដ្ឋបន្តសុំឱ្យរដ្ឋបញ្ចុះថ្លៃទឹកភ្លើង
- មន្ត្រីសង្គមស៊ីវិលមិនរំពឹងថា សេដ្ឋកិច្ចជាតិអាចនឹងងើបឡើងវិញក្នុងពេលដែលកម្ពុជាកំពុងប្រឈមនឹងការផ្ទុះជំងឺកូវីដ១៩ កាន់តែខ្លាំង
- សង្គមស៊ីវិលស្នើរដ្ឋាភិបាលអនុវត្តវិធានការលុបថ្លៃភាស៊ីសម្រាប់អ្នកលក់ដូតាមកញ្ច្រែងល្អីឲ្យមានប្រសិទ្ធភាព
- ពលរដ្ឋមានប្រភពចំណូលពីវិស័យទេសចរក្នុងខេត្តសៀមរាបមានជីវភាពលំបាកខ្លាំង
- ក្រុមយុវជនគ្រោងដាក់ញ្ញត្តិទៅរដ្ឋាភិបាលអោយដោះស្រាយសំណើ៤សុំនៅថ្ងៃសុក្រទី២៦មីនា
- កសិករចិញ្ចឹមជ្រូកជាលក្ខណៈគ្រួសារនៅខេត្តកំពង់ចាមត្អូញត្អែរថាតម្លៃជ្រូកចុះថោក
- ឪពុកបារាំងនិងកូន៤នាក់នៅកំពង់ស្ពឺស្លាប់ដោយគេធ្វើឃាត
- កសិករជាង១០០គ្រួសារនៅកំពង់ធំតវ៉ានឹងថៅកែអាងទឹក
រកតែសាឡាដ ច្រាសច្រំមិនបាន វាថាអត់ទីផ្សារ ?
សាឡាដ ១គីឡូ តម្លៃក្នុងទីផ្សា ៥ពាន់រៀលអាម៉េចនោះណា ?
ពួកអ្ហែងមិនដែលចូលផ្សាទិញសាឡាដច្រាសច្រំទេឬ បានជានិយាយភ្លើៗបែបនេះ ?
អញបញ្ជាក់ម្រងទៀត ។ បើទោះវាធ្លាក់ថ្លៃ ក៏នៅរក្សាតម្លៃ ១គីឡូ ២ពាន់រៀលដែរ ។
ដឹងអត់ពួកអាឡប់ !
អញបញ្ជាក់ម្តងទៀត ។ បើទោះវាធ្លាក់ថ្លៃ ក៏នៅរក្សាតម្លៃ ១គីឡូ ២ពាន់រៀលដែរ ។
ដឹងអត់ពួកអាឡប់ !
this is what we call ROTHAPEBAL KANCHEIR TLOUS the broken basket’s government . the economic have been control by the other nation . we knew under AH.. KBOTH CHEATH this nation was so unfortunate .
Law of communist Marrky ‘ Law of veitcong mafia dictator ‘ evry law come out from Veitcong groups ‘