ពលករ​​ខ្មែរ​​​ធ្វើ​ការ​​នៅ​ប្រទេស​ថៃ​​ជា​ច្រើន​នាក់​​ដែល​​ឆ្លង​​ជំងឺ​កូវីដ​១៩ ​បន្ត​រស់​នៅ​​តាម​​យថាកម្ម​​ដោយ​​គ្មាន​​ពេទ្យ​ព្យាបាល​

ដោយ មួង ណារ៉េត
2021-06-22
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

​ពលករ​​ខ្មែរ​​​ធ្វើ​ការ​​នៅ​ប្រទេស​ថៃ​​ជា​ច្រើន​នាក់​​ដែល​​ឆ្លង​​ជំងឺ​កូវីដ​១៩ ​បន្ត​រស់​នៅ​​តាម​​យថាកម្ម​​ដោយ​​គ្មាន​​ពេទ្យ​ព្យាបាល​

ទិដ្ឋភាពពលករខ្មែរឆ្លងជំងឺកូវីដ១៩ នៅទីក្រុងបាងកកប្រទេសថៃ ថ្ងៃទី២១ មិថុនា ២០២១។ រូប៖ គេ​ផ្ដល់​ឱ្យ


ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ ដែល​ឆ្លង​ជំងឺ​កូវីដ​១៩ ​នោះ ​សោកស្ដាយ​យ៉ាង​ខ្លាំង​ ដែល​រដ្ឋាភិបាល​ខ្មែរ​និង​ថៃ ​មិន​ជួយ​សង្គ្រោះ​អាយុ​ជីវិត​របស់​ពួកគាត់​នា​គ្រាអាសន្ន​នេះ។

ពលករ​ខ្មែរ​ធ្វើ​ការ​សំណង់​នៅ​ទីក្រុង​បាងកក​លោក​ រាប សារឹន​ ប្រាប់​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែ​មិថុនា​ថា​ លោក​និង​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​ទៀត​ គ្មាន​​លទ្ធភាព​​​ព្យាបាល​ជំងឺ​ដោយ​ខ្លួន​ឯង​នោះ​ទេ​។ ពលករ​វ័យ​ ៣៦ ​ឆ្នាំ​រូប​នេះ​ ព្រួយបារម្ភ​ខ្លាច​​ស្ថានភាព​ជំងឺ​​របស់​ខ្លួន​កាន់​តែ​ធ្ងន់ធ្ងរ​ ហើយ​មិន​អាច​​ទប់​នឹង​ជំងឺ​កាច​សាហាវ​​នេះ​​បាន ព្រោះ​នៅ​ពេល​នេះ​ លោក​ឈឺ​បំពង់ក និង​ណែន​ដើម​ទ្រូង​ពិបាក​ដក​ដង្ហើម​​​បណ្ដើរៗ​ហើយ​។ ​លោក​បន្ត​ថា ​មាន​ពលករ​ខ្លះ​​សុខភាព​ទ្រុឌទ្រោម​ខុស​ប្រក្រតី​យ៉ាង​លឿន​ ក្រោយ​ពេល​ពួកគាត់​ឆ្លង​ជំងឺ​កូវីដ​១៩​​ ​ជា​ពិសេស​​ទារក​អាយុ​ក្រោម​ ៩ ខែ​​ចំនួន​ ២ នាក់​មាន​សុខភាព​ទន់​ខ្សោយ​ខ្លាំង៖ «កូន​ខ្ចី​កូន​ង៉ា​ក្ដៅ​ខ្លួន​យំ​ សុំ​គេ​ទៅ​ពេទ្យ​គេ​មិន​ឱ្យ​ទៅ​ផង​ គេ​ថា​ពេទ្យ​គេ​អត់​មាន​គ្រែ​ដេក​។ កំសត់​ណាស់​ ខ្ញុំ​មាន​អារម្មណ៍​ថា​ គេ​មិន​សូវ​គិត​គួរ​រឿង​ខ្មែរ​យើង​ គេ​ទុក​ឱ្យ​យើង​ព្យាបាល​ខ្លួន​តាម​ដំណើរ​បើ​រស់​ក៏​រស់​ទៅ​ បើ​ស្លាប់​ក៏​ស្លាប់​ទៅ​។ ព្រួយ​ជាង​គេ​ គឺ​ក្មួយ​ខ្ញុំ​នឹង​ឯង​ អាយុ​ ៥ ​ខែ​ ហើយ​កូន​គាត់​មួយ​ទៀត​អាយុ​ ២​ ខែ​ ហើយ​ម្ដាយ​គ្មាន​កម្លាំង​កំហែង​​ឱ្យ​កូន​បៅ​ដោះ​​ទេ​។ ​ខ្ញុំ​សុំ​ឱ្យ​គេ​តែ​កូន​ក្មេង​តូចៗ​​នឹង​យក​គ្នា​ទៅ​មើល​សិន​ទៅ​ កុំ​ទុក​ឱ្យ​គ្នា​នៅ​វេទនា​អីចឹង​អី​»។

ពលករ​ខ្មែរ​​ធ្វើ​ការ​នៅ​កណ្ដាល​ទីក្រុង​បាងកក​មួយ​ក្រុម​នេះ​មាន​គ្នា​ប្រមាណ ​៥០​ នាក់​ ពួកគេ​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ ជាង ​១​ សប្ដាហ៍​មក​ហើយ​ គឺ​ពុំ​មាន​អាជ្ញាធរ​ណា​​បញ្ជូន​ពួកគាត់​ទៅ​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល​នៅ​ឡើយ​ទេ​។ បន្ថែម​ពី​នេះ​ពួកគាត់​ត្រូវ​បាន​ថៅកែ​ថៃ​បង្ខាំង​ឱ្យ​នៅ​មួយ​កន្លែង​​ក្នុង​តង់​សំពត់​កៅស៊ូ​នៅ​កន្លែង​ធ្វើ​ការ ​ដោយ​ផ្ដល់​ស្បៀង​អាហារ​បន្តិច​បន្តួច​​សម្រាប់​ហូប​ចុក​ប៉ុណ្ណោះ​។​

​ជា​មួយ​គ្នា​នេះ​កាល​ពី​ថ្ងៃ​ទី​១៩​ ខែមិថុនា​ មាន​ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ​ សឿង សូត អាយុ​ ៤៥​ ឆ្នាំ​​បាន​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​ម្នាក់​ឯង​នៅទី​ក្រុង​បាងកក​។ អាជ្ញាធរ​ថៃ​បាន​បញ្ជូន​សព​ពលករ​ខ្មែររូប​នេះ​ទៅ​ធ្វើ​កោសល្យវិច័យ​រក​ឃើញ​ឆ្លង​ជំងឺ​កូវីដ​១៩។ ​បច្ចុប្បន្ន​សព​របស់​ពលករ​រូប​នេះ ​ត្រូវ​បាន​អាជ្ញាធរ​​ថៃ​បូជា​​រួច​ហើយ​ ខណៈ​ដែល​​ប្រពន្ធ​របស់​សព​​កំពុង​សម្រាក​ព្យាបាល​ជំងឺ​កូវីដ​១៩​នៅ​ឡើយ។​​​​

អាស៊ី​សេរី​មិន​អាច​ទាក់ទង​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ​លោក ហេង សួរ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​ពី​ក្ដី​កង្វល់​របស់​ក្រុម​ពលករ​ខ្មែរ​ទាំង​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី​២១​ និងថ្ងៃ​ទី​២២ ខែ​មិថុនា ដោយ​ទូរស័ព្ទ​ចូល​ជា​ច្រើន​ដង​ពុំ​មាន​អ្នក​ទទួល។

​ប៉ុន្តែ​មន្ត្រី​ស្ថាន​ទូត​ខ្មែរ​បាន​ប្រាប់​ពលករ​ទាំង​នោះ​ថា ​ស្ថានទូត​គ្មាន​លទ្ធភាព​ជួយ​ពួកគាត់​ក្នុង​គ្រា​អាសន្ន​នេះ​បាន​ទេ។​ បន្ថែម​ពី​នេះ ​មន្ត្រី​ស្ថានទូត​​ថា ថៅកែ​ជន​ជាតិ​​ថៃ​​បាន​ផ្ដល់​ស្បៀងអាហារ​និង​កន្លែង​ស្នាក់​នៅ​​ជូន​ដល់​ពួកគាត់​នោះ ​គឺ​ជា​ការ​សម​ល្មម​ហើយ​។

ទោះ​ជា​យ៉ាង​ណា​ មន្ត្រី​​​ការពារ​សិទ្ធិ​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​លោក ទិត្យ ផល្លា​ មាន​ប្រសាសន៍​ថា​ រឿង​នេះ​អាជ្ញាធរ​ខ្មែរ​និង​ថៃ​គួរតែ​ជួយ​​ដល់​ពលករ​ខ្មែរ​ទាំង​នោះ​ជា​បន្ទាន់​ ជា​ពិសេស​កុមារ​តូច​ ត្រូវ​តែ​បញ្ជូន​ពួកគេ​​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ឱ្យ​បាន​​ឆាប់​។ លោក​បញ្ជាក់​ថា ​ការ​ដែល​ពលករ​រស់​នៅ​តាម​យថាកម្ម​បែប​នេះ​ គឺ​ជា​ការ​ប្រឈម​នឹង​គ្រោះ​ដល់​អាយុជីវិត ដោយសារ​ពួកគាត់​ភាគ​ច្រើន​​ហូប​អាហារមិនមាន​ជីវជាតិ​គ្រប់គ្រាន់ និង​មាន​សុខភាព​ខ្សោយ​៖ «ករណី​បែប​នេះ​មាន​ច្រើន​មែន​​ទែន​​ដែល​ឆ្លង​ហើយ​គាត់​មិន​ទទួល​ការ​រក្សា​ព្យាបាល​​ឱ្យ​ទាន់​ពេលវេលា​។​ ពួកគាត់​ឡាយ  (live)​តាម​ហ្វេសប៊ុក​សុំ​ការ​ជួយ​សង្គ្រោះ​ ឬ​សុំ​ជំនួយ​អី​នឹង​ថៅកែ​របស់​ពួកគាត់​ហ្នឹង​កន្លែង​ខ្លះ​គេ​ហាមឃាត់​មិន​ឱ្យ​ពួកគាត់​ឡាយសុទ្ធ​ទេ​ ព្រោះ​គេ​ខ្លាច​​គេ​ដឹង​ព័ត៌មាន​ពី​កន្លែង​ធ្វើ​ការ​របស់​គេ។​ ខ្ញុំ​មើល​ឃើញ​ថា បើ​សិន​ជា​បណ្ដោយ​ទុក​ឱ្យ​ពួក​គាត់​នៅ​របៀប​ហ្នឹង​ គឺ​ធ្វើ​ឱ្យ​ជំងឺ​កូវីដ​វា​រាតត្បាត​មាន​ទំហំ​កាន់​តែ​ធំ​ឡើង​»។

​លោក​ ទិត្យ ផល្លា បន្ត​ថា មួយ​រយៈ​នេះ​មាន​ពលករ​ខ្មែរ​ជា​ច្រើន​កន្លែង​ បាន​ឆ្លង​ជំងឺ​កូវីដ​១៩​​នៅ​ក្នុង​ប្រទេស​ថៃ​ ហើយ​ពួកគាត់​ភាគ​ច្រើន​ត្រូវ​បាន​ថៅកែ​ថៃ​បង្ខាំង​​នៅ​កន្លែង​ធ្វើ​ការ​ ដោយ​មិន​មាន​ថ្នាំ​ព្យាបាល​ជំងឺ​ឱ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ​។​​​ លើស​ពី​នេះ​លោក​ថា​ អាជ្ញាធរ​ថៃ​មិន​បាន​អើពើ​បញ្ជូន​ពួកគាត់​ទៅ​ព្យាបាល​ជំងឺ​នៅ​​មន្ទីរ​ពេទ្យ​ដូច​ជនជាតិ​ថៃ​ឡើយ។ មន្ត្រី​ការពារ​សិទ្ធិ​ពលករ​រូប​នេះ​ជឿ​ថា ​អំឡុង​ពេល​នេះ​មាន​ពលករ​ខ្មែរ​​​ជា​ច្រើន​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​១៩​ ហើយ​ស្លាប់​ជា​រៀង​រាល់​ថ្ងៃ ​ប៉ុន្តែ​ត្រូវ​បាន​ថៅកែ​និង​អាជ្ញាធរ​ថៃ​បិទ​ព័ត៌មាន​។ ចាប់​តាំង​ពី​ខែ​មេសា​មក​ ក្រសួង​សុខាភិបាល​​ថៃ ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​​កាច​សាហាវ​នេះ ​ជិត២​សែន​​​នាក់ ​(១៩៦.៥០២) ហើយ​អ្នក​ស្លាប់​កើន​ដល់​ជាង ​១ពាន់ ​៥០០​នាក់​ (១.៥០០)​ ហើយ​ គិត​ត្រឹម​ថ្ងៃ​ទី​២២ ខែ​មិថុនា។ នៅ​ថ្ងៃ​ទី​២២ ខែ​មិថុនា ​ក្រសួង​សុខាភិបាល​ថៃ ​បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូវីដ​១៩ ​ជាង​ ៤ពាន់​នាក់ (៤,០៥៩) និង​អ្នក​ស្លាប់​ចំនួន​ ៣៥ ​នាក់។

របាយការណ៍​អង្គការ​សង់ត្រាល់ (Central) ​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​​​មាន​ពលករ​ខ្មែរ​ធ្វើ​ការ​ស្រប​ច្បាប់​និង​មិន​ស្រប​ច្បាប់​មាន​ជាង​១លាន​៨​សែន​​នាក់ (១.៨០០.០០០) ​ធ្វើ​ការ​​នៅ​​ប្រទេស​ថៃ​៕​​​​

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

3 Responses to "ពលករ​​ខ្មែរ​​​ធ្វើ​ការ​​នៅ​ប្រទេស​ថៃ​​ជា​ច្រើន​នាក់​​ដែល​​ឆ្លង​​ជំងឺ​កូវីដ​១៩ ​បន្ត​រស់​នៅ​​តាម​​យថាកម្ម​​ដោយ​​គ្មាន​​ពេទ្យ​ព្យាបាល​"

  1. Anonymous says:

    please trying to survive right now I do not think you have your leader only you have is animal leader who just want to have powers.