សិទ្ធិមនុស្ស
25 មិថុនា 2021
លាស់ លីបលីប
វីអូអេខ្មែរ

ភ្នំពេញ — យុវជនវ័យ១៦ឆ្នាំម្នាក់ ដែលជាកូនប្រុសរបស់សកម្មជនបក្សប្រឆាំងម្នាក់ដែលកំពុងជាប់ឃុំខ្លួននៅពន្ធនាគារព្រៃស ត្រូវបានកម្លាំងប៉ូលិសរាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីយប់ថ្ងៃព្រហស្បតិ៍ ដោយត្រូវបានសង្ស័យថា «ញុះញង់បង្កភាពវឹកវរក្នុងសង្គម»។ នេះបើយោងតាមក្រុមគ្រួសារ និងអ្នកនាំពាក្យរបស់ស្នងការនគរបាលរាជធានីភ្នំពេញ។
កាលពីយប់ម៉ោងប្រមាណ៨និង៣០នាទី នាថ្ងៃទី២៤ ខែមិថុនា កម្លាំងនគរបាលរាជធានីភ្នំពេញ បានចុះទៅឃាត់ខ្លួនលោក កាក់ សុវណ្ណឆ័យ ជាសិស្សថ្នាក់ទី៩ និងជាកូនប្រុសរបស់លោក កាក់ កុម្ភារ អតីតសមាជិកជាប់ឆ្នោតនៃក្រុមប្រឹក្សារាជធានីភ្នំពេញមកពីគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅពន្ធនាគារព្រៃស។ ប៉ូលិសបានបញ្ជាក់ថាយុវជននោះ ត្រូវបានសង្ស័យថា «ញុះញង់បង្កឲ្យមានភាពវឹកវរក្នុងសង្គមនិងការប្រមាថមន្ត្រីរាជការសាធារណៈ»។
លោក សាន សុខសីហា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រាប់ VOAកាលពីព្រឹកថ្ងៃសុក្រថាសមត្ថកិច្ចពិតជាបានចាប់ខ្លួនយុវជន កាក់ សុវណ្ណឆ័យ។
លោកថ្លែងថា៖ «ពិតជាមានការចាប់ខ្លួនមែននៅយប់មិញ ប្រហែលម៉ោង៨កន្លះ នៅសង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ ទាក់ទងនឹងករណីបទល្មើសជាក់ស្តែងញុះញង់បង្កឲ្យមានវឹកវរក្នុងសង្គមជាតិ និងការប្រមាថលើមន្ត្រីរាជការសាធារណៈ»។ លោកបន្ថែមថាសមត្ថកិច្ចកំពុងសាកសួរយុវជនរូបនេះ។
លោក កាក់ សុវណ្ណឆ័យ ជាកូនប្រុសរបស់អ្នកស្រី ព្រុំ ចាន់ថា ដែលស្ថិតក្នុង«ក្រុមស្រ្តីថ្ងៃសុក្រ» ដែលតែងតែចេញមុខតវ៉ាទាមទារឲ្យដោះលែងស្វាមីរបស់ពួកគេ ដែលជាអតីតសកម្មជនគណបក្សសង្រ្គោះជាតិដែលកំពុងជាប់ពន្ធនាគារព្រៃស រង់ចាំការកាត់ទោស។
អ្នកស្រី ព្រុំ ចាន់ថា អាយុ៤៤ឆ្នាំ ជាម្តាយបង្កើតរបស់យុវជន កាក់ សុវណ្ណឆ័យដែលត្រូវបានចាប់ខ្លួននោះ ប្រាប់ VOA នៅថ្ងៃសុក្រនេះថានៅពេលដែលកម្លាំងប៉ូលិសមានគ្នាប្រមាណ២០នាក់ ដែលក្នុងនោះ មាន៦នាក់បានសម្រុកចូលក្នុងផ្ទះ ដើម្បីចាប់ខ្លួនកូនប្រុសកាលពីយប់ថ្ងៃព្រហស្បតិ៍។ អ្នកស្រីបន្ថែមថាកម្លាំងប៉ូលិសមិនបានបង្ហាញលិខិតស្នាម ឬដីកាអ្វីទាំងអស់ ហើយថែមទាំងចាប់ទាញអូសអ្នកស្រីចេញក្រៅផ្ទះទៀតផង។

អ្នកស្រីថ្លែងថា៖ «អត់មាន[ឯកសារអ្វី]ទាំងអស់ចូលមក ចាប់ដល់ក្នុងផ្ទះ[សមត្ថកិច្ច]គ្នា៦នាក់ហើយចាប់គ្រៀកខ្ញុំ២នាក់ចេញមកក្រៅ។ អញ្ចឹងមិនមានបង្ហាញដីកាអ្វីទាំងអស់[ហើយ]និយាយទៅ ខ្ញុំសួរគេថាចាប់មូលហេតុអ្វី កូនខ្ញុំមានកំហុសអ្វី គេថាគេចាប់ហៅយកទៅសួរនាំនៅប៉ុស្តិ៍»។
អ្នកស្រីឲ្យដឹងទៀតថាពេលចាប់ខ្លួន អ្នកស្រី ម្តាយចាស់ជរានិងកូន២នាក់កំពុងសម្រាកក្នុងផ្ទះ។ អ្នកស្រីថាយុវជន កាក់ សុវណ្ណឆ័យ ជាកូនច្បង និងមានជំងឺអូទីស្សឹម។
បើតាមអ្នកស្រីជាម្តាយ កូនប្រុសមិនប្រើប្រាស់ហ្វេសប៊ុកនោះទេ ប៉ុន្តែប្រើប្រាស់ប្រព័ន្ធ Telegram។
បើតាមអ្នកស្រី កូនប្រុសតែងតែត្រូវបានមនុស្សមួយចំនួនមើលងាយ និងប្រមាថដែលធ្វើឲ្យគាត់ឆាប់ខឹង និងប្រតិកម្មទៅវិញយ៉ាងរហ័ស។
អ្នកស្រីបន្ថែមថា៖ «កូនរបស់ខ្ញុំមានជំងឺអូទីស្សឹម ទីពីរ លក្ខណៈរបស់គាត់អត់ប្រក្រតីដូចក្មេងដទៃដោយសារខួរក្បាលគាត់ខុសគេ ខុសពីក្មេងដទៃ ដោយសារតែគាត់និយាយមិនសូវដឹងអី [ហើយមួយទៀត] ខួរក្បាលគាត់មិនសូវប្រក្រតីហើយការនិយាយស្តីគាត់អត់សូវដឹងអីទេ។ និយាយទៅមុខទៅក្រោយអញ្ចឹង។ ធម្មតាតែគេប្រមាថមើលងាយលោកពុក មើលងាយអ្នកម្តាយថាសុទ្ធតែអ្នកក្បត់ជាតិ គាត់ខឹងណាស់ ហើយជេរតបតទៅវិញ។ អញ្ចឹងហើយពួកគាត់ហ្នឹង គាត់ចូលមកឆ្លៀតឱកាសគឺធ្វើម៉េចឲ្យកូនខ្ញុំជេរ ជេរទៅជេរមកទៅ វាតែងតែមានការតបតទៅវិញទៅមកហើយរឿងហ្នឹង គឺវាអញ្ចឹង»។
អ្នកស្រីចាត់ទុកថាការចាប់ខ្លួនកូនប្រុស ជារឿង«អយុត្តិធម៌ណាស់ ដោយសារកូននៅក្មេងនិងមិនមានកំហុសអ្វីទាល់តែសោះ។
បើទោះមានការចាប់ខ្លួនកូនប្រុសកាលពីយប់ថ្ងៃព្រហស្បតិ៍ អ្នកស្រី ព្រុំ ចាន់ថា នៅព្រឹកថ្ងៃសុក្រ ក៏បន្តតវ៉ា ដាក់ញត្តិទៅស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។ អ្នកស្រីអះអាងថា មានការប៉ះទង្គិចផងដែរជាមួយកម្លាំងសមត្ថកិច្ច។
ការដាក់ញត្តិនេះធ្វើឡើងបន្ទាប់ពីមានដំណើរទស្សនកិច្ចរបស់រដ្ឋមន្រ្តីការបរទេសចក្រភពអង់គ្លេសមកកម្ពុជា កាលពីថ្ងៃទី២៣ ខែមិថុនា ដែលលោកក៏បានសម្តែងការព្រួយបារម្ភអំពីបញ្ហាសិទ្ធិសេរីភាពក្នុងប្រទេសកម្ពុជាផងដែរ។
ញត្តិរបស់ក្រុមស្រ្តីថ្ងៃសុក្រដែលបានដាក់ទៅឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជាបានឲ្យដឹងថាពួកគេបានស្នើសុំឲ្យជួយអន្តរាគមន៍ក្រុមគ្រួសាររបស់ពួកគេឲ្យបាននៅក្រៅឃុំ ដោយសារការរាតត្បាតជំងឺកូវីដ១៩ ហើយបង្ហាញក្តីព្រួយបារម្ភអំពីជីវភាពរបស់ពួកគេ កាន់តែលំបាក ដោយសារអវត្តមានស្វាមី។
ការចាប់ខ្លួនកូនប្រុសរបស់សកម្មជនបក្សប្រឆាំងដែលជាប់ពន្ធនាគារ កើតឡើងតែជាងមួយសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីមានការចាប់ខ្លួនសកម្មជនបរិស្ថានវ័យក្មេង៣នាក់ ដែលត្រូវបានចោទប្រកាន់ពីបទ «ប្រមាថអង្គព្រះមហាក្សត្រ» និង «រួមគំនិតក្បត់»។

អ្នកស្រីចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានប្រាប់ VOA នៅថ្ងៃសុក្រថាកន្លងមក អាជ្ញាធរបានចោទប្រកាន់ជាញឹកញាប់លើសកម្មជនផ្សេងៗពីបទចោទស្រដៀងគ្នានេះ ដែលនាំឲ្យមានការព្រួយបារម្ភបន្ថែមទៀតលើសេរីភាពនៃការបញ្ចេញមតិនិងការចូលរួមសកម្មភាពសង្គម។
អ្នកស្រីថ្លែងថា៖ «យើងឃើញថាជារបត់គួរឲ្យព្រួយបារម្ភអំពីស្ថានភាពសិទ្ធិមនុស្ស ដែលសង្គមស៊ីវិលយើងកន្លងមកយើងឃើញថាប្រឈមរួចទៅ ហើយប៉ុន្តែចុងក្រោយនេះមិនបានប្រសើរទេតែមានការកើនឡើងការបង្ក្រាបថែមទៀត។ អញ្ចឹងយើងឃើញថាព្រឹត្តិការណ៍ចុងក្រោយនេះជារូបភាពមួយបង្ហាញថែមទៀតនូវការរឹតត្បិត និងបង្ហាញថារាល់មតិជំទាស់គឺមិនត្រូវបានអត់ឱនទោះបីជាថាសិទ្ធិក្នុងការបញ្ចេញមតិឬក៏ការមានទស្សនៈយោបល់នឹងត្រូវធានាក្នុងច្បាប់ជាតិ និងអន្តរជាតិយ៉ាងក្តី»។
អ្នកស្រីជំរុញឲ្យរដ្ឋាភិបាលផ្តល់សិទ្ធិសេរីភាពពេញលេញដល់ប្រជាពលរដ្ឋក្នុងការចូលរួមសកម្មភាពសង្គមដោយមិនគួរគំរាមកំហែង ចោទប្រកាន់ ចាប់ខ្លួន និងរឹតត្បិតសេរីភាពរបស់ប្រជាពលរដ្ឋនោះទេ។
អ្នកស្រីថ្លែងថា៖ «ប្រទេសមួយដែលមានសន្តិភាពគួរតែជាប្រទេសមួយអនុញ្ញាតឲ្យមានលំហ សង្គមស៊ីវិល អនុញ្ញាតឲ្យប្រជាពលរដ្ឋមានសិទ្ធិមានសេរីភាពពេលលេញ មិនមែនតាមរយៈបង្កើននូវការចោទប្រកាន់ ឬការប្រកាស ការគំរាមកំហែងឬក៏រឹតត្បិត ដូចយើងបានឃើញដូចបច្ចុប្បន្ននោះទេ។ ហើយសន្តិភាពដែលយើងគួរតែផ្តល់លើនោះមិនមែនតែអវត្តមានតែសង្គ្រាមទេ តែគឺ[ថា]ពលរដ្ឋគាត់អាចមានសិទ្ធិពេញលេញក្នុងការចូលរួមក្នុងសង្គម»។
គួរបញ្ជាក់ថាលោក កាក់ កុម្ភារ ឪពុករបស់យុវជន កាក់ សុវណ្ណឆ័យ ត្រូវបានចាប់ខ្លួនដាក់ពន្ធនាគារព្រៃស កាលពីចុងខែមិថុនា ឆ្នាំ២០២០ ក្រោមការចោទពីបទ «ប្រមាថនិងញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខជាតិ»។ លោកនិងសកម្មជនផ្សេងទៀតកំពុងរង់ចាំការកាត់ទោស ដែលត្រូវបានពន្យារពេលដោយសារជំងឺកូវីដ១៩៕
Law is meter !.
WOW the law of communist people party CPP is so dump WELL as all of us knew it is not just their law even those those group of evil are also dump . in the free nation all those young they have their right any wrong doing even commit crime they have to wait till those kid become 18 years old then they will put those person in jail. I do not think this kid has don nothing wrong but the evil group is felling so achy by abusing every one in Cambodia . we knew KAMPOUCHEA is a very unfortunate nation by stay in the middle of those communist nation . for me I knew this nation’s future will be soon ending there will be no more country call KAMPOUCHEA after my generation. the reason I’m saying in this comment is to make all Cambodian understand that they are living among those evil nation. please do not getting upset to what going to happen this is because of our leader that always have un responsible man every one of them was dictator just thinking about himself and his whole families to be rich never thinking to their people . HUN SEN and his party is the worse in this century the future is so dark I can not see what can change any time soon . I already knew if there is any change only the people get up again whit that blind evil monster he is a big monster that stuck on Cambodian life and dead .