សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​បាត់ដំបង ចង់​ឃើញ​អភិបាលខេត្ត​ថ្មី​ដោះ​ស្រាយ​វិបត្តិ​បរិស្ថាន​រឿង​អាជីវកម្ម​កាយ​ភ្នំ

ដោយ ខែ សុណង
2021-10-12
RFA

សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​បាត់ដំបង ចង់​ឃើញ​អភិបាលខេត្ត​ថ្មី​ដោះ​ស្រាយ​វិបត្តិ​បរិស្ថាន​រឿង​អាជីវកម្ម​កាយ​ភ្នំ

(ឆ្វេង) លោក សុខ លូ អភិបាលខេត្ត​បាត់ដំបង និង​ទិដ្ឋភាព​ការដ្ឋាន​កាយ​ថ្ម​នៅ​ភ្នំតាគ្រាម ខេត្ត​បាត់ដំបង កាល​ពី​ឆ្នាំ២០២០។ រូប៖ ហ្វេសប៊ុករដ្ឋបាលខេត្តកំពង់ធំ និង​ពលរដ្ឋផ្ដល់ឱ្យ


មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​ខេត្ត​បាត់ដំបង​ផ្តល់​ក្តី​សង្ឃឹម​តិចតួច លើ​អភិបាលខេត្ត​ដែល​ទើប​តែង​តាំង​ថ្មី គឺ​លោក សុខ លូ គ្រប់គ្រង​ធនធាន​រ៉ែ​ឱ្យ​មាន​តម្លាភាព និង​សុចរិត​ភាព កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម។ ពួកគេ​សង្កេត​ឃើញ​ថា អភិបាល​ខេត្ត​មុនៗ ខ្វះ​ចន្លោះ​ច្រើន​ក្នុង​ការ​គ្រប់គ្រង​ធនធាន​ធម្មជាតិ​ដោយ​បណ្ដែត​បណ្ដោយ​ឱ្យ​ភ្នំ​ធម្មជាតិ​យ៉ាង​ហោច​ចំនួន ៥ភ្នំ ទទួល​រង​ការ​ជីក​គាស់​កាយ​កម្ទេច​ធ្វើ​អាជីវកម្ម ធ្វើ​ឱ្យ​បាត់បង់​រូបរាង​ពី​សំណាក់​ក្រុមហ៊ុន​ឯកជន និង​បុគ្គល​មាន​លុយ​មាន​អំណាច។

មន្ត្រី​សង្គម​ស៊ីវិល និង​ពលរដ្ឋ​រស់​នៅ​បាត់ដំបង​សំណូមពរ​ឱ្យ​អភិបាល​ខេត្ត​បាត់ដំបង​ថ្មី លោក សុខ លូ យក​ចិត្ត​ទុក​ដាក់​ខ្ពស់​ដោះស្រាយ​វិបត្តិ​បរិស្ថាន និង​សង្គម ដែល​បង្ក​ឡើង​ដោយ អាជីវកម្ម​កាយ​កម្ទេច​ភ្នំ​ចំនួន៥ ឋិត​ក្នុង​ស្រុក​បាណន់។

ពលរដ្ឋ​រស់​នៅ​ភូមិប៉ោយស្វាយ ឃុំតាគ្រាម ស្រុកបាណន់ លោក សឹម សុភក្ត្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១២ តុលា​ថា គ្រាន់​តែ​តំបន់​ពួក​លោក​រស់​នៅ​មាន​ភ្នំ​យ៉ាង​ហោច​ណាស់​ចំនួន ៥ភ្នំ ត្រូវ​គេ​កាយ​កម្ទេច​ធ្វើ​អាជីវកម្ម អស់​បន្ត​បន្ទាប់​នៅ​រយៈ​ពេល​ ១០​ ឆ្នាំ​ចុង​ក្រោយ​នេះ។ លោក​បញ្ជាក់​ថា ភ្នំ​ទាំង​នោះ រួម​មាន ភ្នំ​ទទឹង ភ្នំតាគ្រាម ភ្នំពពូល ភ្នំគូទឈ្នៀង និង​ភ្នំ​ថ្ម​ក្រហម​ជា​ដើម នឹង​លែង​មាន​វត្តមាន​ក្នុង​ខេត្ត​ភាគ​ពាយ័ព្យ​នេះ​ទៀត​ហើយ។ លោក​បញ្ជាក់​ទៀត​ថា ភ្នំ​តាគ្រាម និង ភ្នំ​គូទ​ឈ្នៀង ត្រូវ​បាន​អ្នក​មាន​អំណាច​មួយ​ចំនួន​ឃុបឃិត​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខេត្ត​នេះ ជីក​គាស់​កាយ និង​ដំឡើង​គ្រឿងចក្រ កាយ​រំលាយ​ភ្នំ​យក​រ៉ែ​មាន​តម្លៃ បែប​អនាធិបតេយ្យ។ លោក​សង្កេត​ឃើញ​ថា ភាគ​ច្រើន​អាជីវកម្ម​កាយ​ភ្នំ​ទាំង​នេះ​គ្មាន​អាជ្ញាប័ណ្ណ​ពី​ក្រសួង​នោះ​ទេ៖ «អភិបាល​ខេត្ត​ថ្មី​មិន​ទាន់​ដឹង​ថា យ៉ាង​ណា​ទេ តែ​ខ្ញុំ​ថា តាម​មើល​ដូច​សង្ឃឹម​តិច​ដែរ វា​ប៉ះពាល់​ដែរ ដូច​ពលរដ្ឋ​នៅ​ភ្នំ​ពពូល​អី​រក​ ទំពាំង​រក អ្នក​ក្រីក្រ ​បាន​របរ​ហ្នឹង​លក់ កន្លែង​ផ្សិត​អស់​ហើយ។ ពលរដ្ឋ​រាល់​ថ្ងៃ ​គាត់​មិន​ហ៊ាន​ងើប​ទេ ​បើ​ងើប ក៏​គេ​មិន​ដោះស្រាយ​ឱ្យ»

អ្នក​ភូមិ​អះអាង​ថា ក្រុមហ៊ុន​ទាំង​នោះ​រួម​មាន ក្រុមហ៊ុន ហេង ឆាត ខនស្រ្តាក់សិន (Heng Chat Construction Co., Ltd) ក្រុមហ៊ុន លឹម ម៉េង គ្រុប (NIM MENG GROUP Co,Ltd) ក្រុមហ៊ុន តាំង ថៃឡុង (Tang thailong Co,Ltd) ក្រុមហ៊ុន ធី ឡុង (Thy Long) និង​បុគ្គល​មាន​លុយ​មាន​អំណាច​មួយ​ចំនួន​ទៀត ដែល​អ្នក​ស្រុក​តែង​ហៅ​ថា ថៅកែ លី និង​យាយ កន្តៀន។ ក្រុមហ៊ុន និង​ឈ្មួញ​ទាំង​នេះ បាន​ដំឡើង​គ្រឿង​ចក្រ​កាយ​ភ្នំ​ទាញ​យក​រ៉ែ​ធម្មជាតិ បែប​អនាធិបតេយ្យ ដោយ​គ្មាន​ផ្តល់​លទ្ធភាព​ឱ្យ​ពលរដ្ឋ​មូលដ្ឋាន​សម្ដែង​មតិ ក្នុង​គម្រោង​វិនិយោគ​ខ្នាត​ធំ​នេះ​ទេ។

វិទ្យុ​អាស៊ី​សេរី​នៅ​ពុំ​ទាន់​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​តំណាង​ក្រុមហ៊ុន​ទាំង​នេះ​បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី១២ តុលា។ រីឯ​ថៅកែ លី និង​យាយ​កន្តៀន​ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

ពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ឃុំ​តា​គ្រាម​ស្រុក​បាណន់ គឺ​លោក សួន ចិន្តា ស្ដាយ​ស្រណោះ​ភ្នំ​ធម្មជាតិ​ទាំង​នេះ ដែល​ត្រូវ​ក្រុមហ៊ុន​វៀតណាម​ក្រុមហ៊ុន​ឯកជន និង ក្រុម​អ្នក​មាន​អំណាច​ដែល​ពួកគាត់​មិន​ស្គាល់​អត្តសញ្ញាណ​កាយ​កម្ទេច​ធ្វើអាជីវកម្ម​ប៉ះពាល់​ជីវភាព​ពលរដ្ឋ​រស់​នៅ​តំបន់​នោះ។ លោក​ថា ពលរដ្ឋ​រស់​នៅ​ក្បែរ​ជើង​ភ្នំ​រំខាន​ដោយ​សំឡេង​បំផ្ទុះ​ថ្ម​កម្ទេច​កំបោរ​ហូរ​ចូល​ស្រែ​ខូច​ដំណាំ​ស្រូវ និង រថយន្ត​ដឹក​ថ្ម​ហុយ​ធូលី​ដី​បែង​ផ្សែង​នៅ​រដូវ​ប្រាំង។

លោក​បន្ថែម​ថា អាជីវកម្ម​កាយ​ភ្នំ​ទាំង​នេះ មិន​ត្រឹមតែ​មិន​ផ្តល់​ផល​ចម្រើន​ដល់​ពលរដ្ឋ​មូលដ្ឋាន​ទេ ផ្ទុយ​ទៅ​វិញ ធ្វើ​ឱ្យ​ពលរដ្ឋ​បាត់បង់​ទី​កន្លែង​អាស្រ័យផល​យ៉ាង​សំខាន់​របស់​អ្នក​ស្រុក ដូច​ជា រក​អនុផល​ព្រៃឈើ​តាម​ជើង​ភ្នំ​ទាំង​នេះ។ លោក​ជឿ​ថា អភិបាលខេត្ត​ថ្មី អាច​នឹង​ពិបាក​ដោះ​ស្រាយ​រឿង​នេះ ព្រោះ​បុគ្គល​មាន​អំណាច និង​ក្រុមហ៊ុន​កាយ​ភ្នំ​មាន​ខ្នង​បង្អែក​មន្ត្រី​កំពូលៗ ថ្នាក់​ជាតិ។

ការ​លើក​ឡើង​នេះ គឺ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង កាល​ពី​ថ្ងៃ​ទី១១ តុលា​បាន​ធ្វើ​ជា​អធិបតី​ប្រកាស​មុខ​តំណែង លោក សុខ លូ ជា​អភិបាល​ខេត្ត​បាត់ដំបង​ថ្មី ជំនួស​លោក ងួន រតនៈ។

រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង បាន​ណែនាំ​ឱ្យ​អភិបាល​បាត់ដំបង ដែល​ទើប​តែងតាំង​ថ្មី​ដោះ​ស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ ដោយ​ត្រូវ​ទទួល​យក​សំណូមពរ និង​ក្ដី​កង្វល់​ទាំង​ឡាយ របស់​ពលរដ្ឋ​ដោះ​ស្រាយ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់។

ក្នុង​ពេល​ប្រកាស​មុខ​តំណែង លោក សុខ លូ ជា​អភិបាល​ខេត្ត​បាត់ដំបង​ថ្មី លោក​បាន​ប្ដេជ្ញា​ចិត្ត​ថា នឹង​ប្រឹងប្រែង អភិវឌ្ឍ​មូលដ្ឋាន​ប្រកប​ដោយ​សមធម៌ និង​ចិរភាព ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ។ លោក​ថា នឹង​ខិតខំ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ក្រៅ​ប្រព័ន្ធ​តុលា ដើម្បី​ការពារ​ប្រយោជន៍​ស្របច្បាប់​របស់​ពលរដ្ឋ៖ «ចូលរួម​ចំណែក​លើក​កម្ពស់​សេវា​សង្គម ​កសាង ​និង​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​សាធារណៈ ​ស្រប​តាម​ការ​អភិវឌ្ឍ​មូលដ្ឋាន​ ប្រកប​ដោយ​សមធម៌ និង​សមភាព ដើម្បី​ចូលរួម​កាត់​បន្ថយ​ភាព​ក្រីក្រ ​របស់​ពលរដ្ឋ»

ជុំវិញ​រឿង​នេះ​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក ខេត្តបាត់ដំបង លោក យិន ម៉េងលី ឆ្ងល់​ថា តើ​អាជីវកម្ម​កាយ​ភ្នំ​ទាំង​នេះ មាន​តម្លាភាព និង​គណនេយ្យ​ភាព​ដែរ ឬ​ទេ? ព្រោះ​អាជ្ញាធរ​មិន​បាន​ផ្សព្វផ្សាយ​ឱ្យ​ទូលំទូលាយ​នោះ​ទេ។ លោក​ថា លោក​មិន​ប្រឆាំង​ចំពោះ​ការ​អភិវឌ្ឍ​នេះ​ទេ ប៉ុន្តែ​ចំណុច​សំខាន់ អាជ្ញាធរ​ត្រូវ​គ្រប់គ្រង​ធនធាន​ធម្មជាតិ ដែល​មាន​ស្រាប់ ស្រប​តាម​គោល​ការណ៍​អភិវឌ្ឍន៍ និង​ច្បាប់​ជា​មូលដ្ឋាន ធ្វើ​យ៉ាងណា​ឱ្យ​មាន​តម្លាភាព និង​គណនេយ្យ​ភាព បម្រើ​ប្រយោជន៍​ពលរដ្ឋ​ព្រម​ទាំង​កាត់​បន្ថយ​ផល​ប៉ះពាល់​បរិស្ថាន និង​សង្គម៖ «ឱ្យ​តែ​ការ​អភិវឌ្ឍ​នោះ​ចំ​ទិសដៅ ដើម្បី​ប្រយោជន៍​ទាំង​អស់​គ្នា ដែល​ខ្ញុំ​លើក​នេះ គឺ​ពិសេស ការ​គ្រប់គ្រង អភិវឌ្ឍន៍ និង​គ្រប់គ្រង​ទៅ​លើ​អ្វី ដែល​យើង​មាន​ស្រាប់ ដែល​យើង​បាន​ពី​ការ​អភិវឌ្ឍ​យក​មក​ប្រើប្រាស់ ​ឱ្យ​បាន​ត្រឹមត្រូវ ​តាម​គោលការណ៍​អភិវឌ្ឍន៍ ដើម្បី​ប្រយោជន៍​ទាំង​អស់​គ្នា។ ខ្ញុំ​គិត​ថា អា​ហ្នឹង​ជា​ការ​ល្អ​ហើយ»

ទោះ​ជា​​ពលរដ្ឋ និង​មន្ត្រី​អង្គការសង្គម​ស៊ីវិល​មាន​ក្ដី​រំពឹង​ទុក​បែប​នេះ​ លោក សុខ លូ ក៏​ជាប់​ឈ្មោះ​ជា​មន្ត្រី​ដែល​មាន​រឿង​អាស្រូវ​ច្រើន​ដែរ។ ក្នុង​តំណែង​ជា​អភិបាល​កំពង់ធំ​ជាង ៥ឆ្នាំ លោក​រង​ការ​ចោទ​ប្រកាន់​ថា បណ្ដែត​បណ្ដោយ​ឱ្យ​មន្ត្រី​ថ្នាក់​ក្រោម ប្រព្រឹត្ត​អំពើ​ពុករលួយ​រឿង​អភិវឌ្ឍន៍​មូលដ្ឋាន ជាពិសេស រឿង​បទ​ល្មើស​ព្រៃ​ឈើ​ដោយ​បណ្ដោយ​ឱ្យ​មាន​ឧក្រិដ្ឋកម្ម​កាប់​បំផ្លាញ​ព្រៃ​ឈើ​ខុស​ច្បាប់​ក្នុង​ដែន​ជម្រក​សត្វ​ព្រៃ​ឡង់ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ ចំពោះ​ពលរដ្ឋ​ណា ដែល​ក្លាហាន​ការពារ​ធនធាន​ធម្មជាតិ៕

What Next?

Recent Articles