2021-11-16
ដោយ៖ ហ្សាក់ អាដាម៉ូវី ដាវីស (Jack Adamović Davies)
RFA

អតីតនិយោជិតក្រុមហ៊ុនហ្វេសប៊ុក និងជាអ្នកលួចបញ្ចេញព័ត៌មាន អ្នកស្រី ហ្វ្រង់សេស ហូហ្គិន (Frances Haugen) ផ្តល់សក្ខីកម្មនៅចំពោះមុខសវនាការរបស់គណៈកម្មាធិការពាណិជ្ជកម្ម វិទ្យាសាស្ត្រ និងដឹកជញ្ជូននៃព្រឹទ្ធសភាអាមេរិក ប្រព្រឹត្តទៅនៅវិមានកាពីតូល (Capitol Hill) កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២១ នៅរដ្ឋធានីវ៉ាស៊ីនតុន (Washington) សហរដ្ឋអាមេរិក។ រូប៖ អាអេហ្វប៉េ (AFP)
ការស៊ើបអង្កេតផ្ទៃក្នុងមួយធ្វើឡើងដោយក្រុមហ៊ុន ហ្វេសប៊ុក (Facebook) រកឃើញថា ក្រុមចោរព័ត៌មានវិទ្យា ឬ ហេកឃឺរ (Hackers) ដែលសង្ស័យជារួមថាជាប់ពាក់ព័ន្ធជាមួយភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់រដ្ឋចិន បានធ្វើការវាយប្រហារ «ជាប្រចាំ» និង «យូរអង្វែង» ទៅលើក្រុមមន្ត្រីនៃគណបក្សសង្គ្រោះជាតិ។
យោងតាមឯកសារបញ្ចេញព័ត៌មានដោយមេធាវីរបស់អ្នកលួចបញ្ចេញព័ត៌មានពីក្រុមហ៊ុន ហ្វេសប៊ុក អ្នកស្រី ហ្វ្រង់សេស ហូហ្គេន (Frances Haugen) ដាក់ជូនគណៈកម្មការមូលបត្រ (Securities and Exchange Commission) របស់សហរដ្ឋអាមេរិក ហើយដែលឯកសារនោះត្រូវបានគេផ្តល់ជូនដល់រដ្ឋសភាសហរដ្ឋអាមេរិក ក្រោមទម្រង់ជាការលុបព័ត៌មានមួយចំនួនចោល របាយការណ៍មួយស្តីពីការស៊ើបអង្កេតលើការវាយប្រហារតាមប្រព័ន្ធកុំព្យូទ័រទាំងនេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គមផ្ទៃក្នុងរបស់ក្រុមហ៊ុន ហ្វេសប៊ុក កាលពីថ្ងៃទី០១ ខែមេសា។ អត្ថបទក្រោមទម្រង់ជាការលុបព័ត៌មានមួយចំនួនចេញនោះ ហើយដែលរដ្ឋសភាសហរដ្ឋអាមេរិកបានទទួល ត្រូវបានពិនិត្យមើលឡើងវិញដោយសមាគមអ្នកសារព័ត៌មាន ក្នុងនោះក៏រួមមានទាំងស្ថាប័ននៃ វិទ្យុអាស៊ីសេរី ផងដែរ។
ក្រុមចោរព័ត៌មានវិទ្យាដែលហៅខ្លួនឯងថា “Speeding Wall” ហើយដែលទំនងជាមានប្រភពចេញមកពីប្រទេសចិន រងនូវការចោទប្រកាន់នៅក្នុងរបាយការណ៍នោះថា បានបើកការវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យាចេញពីម៉ាស៊ីនកុំព្យូទ័រមេរបស់រដ្ឋាភិបាលកម្ពុជា មកលើគណបក្សសង្គ្រោះជាតិ។ គណបក្សនេះ គឺជាអតីតគណបក្សប្រឆាំងដ៏ធំជាងគេបង្អស់មួយនៅកម្ពុជានៅមុនពេលដែលតុលាការកំពូលនៃប្រទេសនេះសម្រេចរម្លាយចោលកាលពីចុងឆ្នាំ២០១៧។
អ្នកនិពន្ធរបាយការណ៍ដែលឈ្មោះរបស់ខ្លួនត្រូវបានគេលុបចេញពីឯកសារនោះ សរសេរថា «ក្រុមមេដឹកនាំ និងក្រុមអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ បានក្លាយជាគោលដៅនៃអំពើវាយប្រហារពីសំណាក់ក្រុមចោរព័ត៌មានវិទ្យាឈ្មោះ “Speeding Wall” នេះ តាមរយៈកម្មវិធីហ្វេសប៊ុកនៅលើទូរស័ព្ទដៃ និងកម្មវិធីសេវាកម្មដទៃទៀតរបស់ក្រុមហ៊ុននេះ (មានដូចជា កម្មវិធីផ្ញើសារ Messenger, Pages, ការបញ្ចេញមតិ និងការបង្ហោះខ្លឹមសារនានា ជាដើម»។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន ហ្វេសប៊ុក បានបដិសេធមិនផ្តល់អត្ថាធិប្បាយជុំវិញរបាយការណ៍នេះទេដោយអះអាងថា គោលនយោបាយរបស់ក្រុមហ៊ុន ហ្វេសប៊ុក មិនអនុញ្ញាតឱ្យបរិយាយលើឧបទ្ទវហេតុនៃអំពើវាយប្រហារតាមកុំព្យូទ័រជាក់លាក់ណាមួយឡើយ។
យោងតាមរបាយការណ៍នេះ អ្នកស៊ើបអង្កេតរបស់ក្រុមហ៊ុន ហ្វេសប៊ុក បានតាមដានទិន្នន័យរបស់បុគ្គលចំនួន ៤រូប ដែលពួកគេបានវាយតម្លៃប្រកបដោយការជឿទុកចិត្តថា បុគ្គលទាំងនោះគឺជាសមាជិករបស់ក្រុមចោរព័ត៌មានវិទ្យា “Speeding Wall” ហើយដែលពួកគេទាំងនោះបានលួចចូលទៅក្នុងគេហទំព័រហ្វេសប៊ុកដោយប្រើអាសយដ្ឋាន IP របស់ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍នៃប្រទេសកម្ពុជា។
អ្នកនិពន្ធរបាយការណ៍សរសេរបន្តថា «វាក៏ទំនងជាអាចថាម៉ាស៊ីនកំព្យូទ័រមេទាំងនេះអាចត្រូវបានគ្រប់គ្រងដោយក្រុមចោរព័ត៌មានវិទ្យា (threat actors)»។ អ្នកនិពន្ធរបាយការណ៍រូបនោះ កត់សម្គាល់ថា នៅឆ្នាំ២០១៧ ក្រុមចោរព័ត៌មានវិទ្យាទាំងនោះបានដាក់គោលដៅវាយប្រហារមកលើគណបក្សប្រឆាំង និងក្រុមអង្គការសង្គមស៊ីវិល តាមរយៈការបង្កប់ទិន្នន័យដែលមានមេរោគទៅក្នុងម៉ាស៊ីនកុំព្យូទ័រមេរបស់រដ្ឋាភិបាល។
ការស៊ើបអង្កេតមួយកាលពីឆ្នាំ២០១៨ ដោយក្រុមហ៊ុនសន្តិសុខព័ត៌មានវិទ្យារបស់អាមេរិកឈ្មោះ ហ្វាយអឺរអាយ៍ (FireEye) បានពណ៌នាអំពើវាយប្រហារតាមកុំព្យូទ័រកាលពីឆ្នាំ២០១៧នោះថា គឺជា «ឧទាហរណ៍មួយនៃការលួចប្រមូលព័ត៌មានសម្ងាត់ជារួមដ៏គឃ្លើនប្រព្រឹត្តដោយភ្នាក់ងាររដ្ឋឬប្រទេស»។ ការស៊ើបអង្កេតនោះបានសន្និដ្ឋានថា វាទំនងជាអាច «ផ្តល់ឱ្យរដ្ឋាភិបាលចិននូវការទទួលបានព័ត៌មានដ៏ទូលំទូលាយពាក់ព័ន្ធនឹងការបោះឆ្នោតនៅកម្ពុជា និងប្រតិបត្តិការនានារបស់រដ្ឋាភិបាលកម្ពុជា»។

ជាការគំរាមកំហែងដល់អធិបតេយ្យ
កញ្ញា កឹម មនោវិទ្យា ដែលជាអគ្គនាយករងទទួលបន្ទុកផ្នែកកិច្ចការសាធារណៈនៃគណបក្សសង្គ្រោះជាតិ គឺជាបុគ្គលម្នាក់ក្នុងចំណោមអ្នកដែលជាគោលដៅនៃអំពើវាយប្រហារតាមប្រព័ន្ធព័ត៌មានវិទ្យាកាលពីឆ្នាំ២០១៧។ កញ្ញាបានប្រាប់ វិទ្យុអាស៊ីសេរី ថា ក្រុមហ៊ុន ហ្វេសប៊ុក មិនបានទាក់ទងមកគណបក្សសង្គ្រោះជាតិជុំវិញរឿងរ៉ាវរបស់ក្រុមចោរព័ត៌មានវិទ្យាឈ្មោះ “Speeding Wall” ដែលរងការចោទប្រកាន់ថាបានដាក់គោលដៅវាយប្រហារមកលើគណបក្សនេះនោះទេ។
ក៏ប៉ុន្តែ កញ្ញាបញ្ជាក់ថា កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២០ កញ្ញាបានទទួលនូវផ្ទាំងជូនដំណឹងមួយលោតឡើងនៅលើទំព័រហ្វេសប៊ុករបស់កញ្ញាថា គណនីរបស់កញ្ញាបានក្លាយជាគោលដៅនៃការប៉ុនប៉ងវាយប្រហារ។ គេមិនច្បាស់ទេថា តើការប៉ុនប៉ងវាយប្រហារ ដែលកញ្ញាទទួលបានពីការជូនដំណឹងនេះ ជាប់ពាក់ព័ន្ធនឹងក្រុមចោរព័ត៌មានវិទ្យាឈ្មោះ “Speeding Wall” នេះដែរ ឬក៏យ៉ាងណានោះ។
ទោះបីជាយ៉ាងណាក៏ដោយ កញ្ញានិយាយថា សញ្ញាណដែលថាក្រុមចោរព័ត៌មានវិទ្យាទាំងនោះជាប់ពាក់ព័ន្ធនឹងរដ្ឋចិន ហើយអាចដាក់គោលដៅវាយប្រហារមកលើកញ្ញា និងសហការីរបស់កញ្ញានោះ លែងធ្វើឱ្យកញ្ញាភ្ញាក់ផ្អើលទៀតហើយ។
កញ្ញា កឹម មនោវិទ្យា និយាយថា «ពេលនេះ វាលែងធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលទៀតហើយ។ អ្វីដែលខ្ញុំព្រួយបារម្ភនាពេលនេះ គឺវាលើសពីអំពើចារកម្មមកលើការប្រាស្រ័យទាក់ទងរបស់យើងទៅទៀត។ នោះគឺអំពើរំលោភបំពាន កេងប្រវ័ញ្ចមកលើដែនសមុទ្រ និងដែនដីរបស់ប្រទេសកម្ពុជាជារួម»។ កញ្ញាបន្តថា «កម្ពុជាបានបាត់បង់លទ្ធិប្រជាធិបតេយ្យ ហើយក៏កំពុងប្រឈមនឹងការបាត់បង់នូវអធិបតេយ្យថែមទៀតផង»។
ប្រទេសកម្ពុជាបានក្លាយជាចំណុចរួមមួយនៃគម្រោងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ (BRI) របស់ក្រុងប៉េកាំង (Beijing) នៅក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅថ្មីៗ នេះ ដោយចិនបានក្លាយជាប្រភពធំជាងគេបង្អស់នៃការវិនិយោគដោយផ្ទាល់របស់បរទេសនៅក្នុងប្រទេសនេះ កាលពីឆ្នាំ២០១៩។ ការវិនិយោគដែលចេះតែកើនឡើងនេះ ក៏បាននាំមកជាមួយនូវអ្វីមួយដែលក្រុមអ្នកតាមដានស្ថានការណ៍ជាច្រើនមើលឃើញថា គឺជាតួនាទីដ៏ធំធេងរបស់ចិនមកលើវិស័យនយោបាយ និងសេដ្ឋកិច្ចនៃប្រទេសកម្ពុជា។
អ្នកនាំពាក្យក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លោក មាស ប៉ូ ប្រាប់ វិទ្យុអាស៊ីសេរី ថា លោកមិនបានដឹងអំពីសកម្មភាពរបស់ក្រុមចោរព័ត៌មានវិទ្យាជនជាតិចិនទាំងនេះទេ។ លោកស្នើឱ្យ វិទ្យុអាស៊ីសេរី ចែករំលែកព័ត៌មាននេះជាមួយលោក។
អ្នកនិពន្ធរបាយការណ៍ឯកសារហ្វេសប៊ុក ក៏បានលើកឡើងដែរថា សកម្មភាពនានារបស់ក្រុមចោរព័ត៌មានវិទ្យា “Speeding Wall” អាចជាលទ្ធផលនៃកិច្ចសហការគ្នារវាងគណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលចិន ដែលពួកគេ «ធ្វើការរួមគ្នា… ដើម្បីទប់ទល់នឹងគណបក្សប្រឆាំងនៅកម្ពុជា»។
អ្នកនិពន្ធរបាយការណ៍បានសរសេរថា «ការសន្និដ្ឋាននេះផ្តល់នូវការពន្យល់មួយថាតើមូលហេតុអ្វីបានជាយើងមើលឃើញថាតួអង្គរបស់ក្រុមចោរព័ត៌មានវិទ្យា “Speeding Wall” នេះ បានប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធរបស់រដ្ឋាភិបាលកម្ពុជាដើម្បីវាយប្រហារមកលើគណបក្សប្រឆាំងដែលប្រឆាំងទៅនឹងគណបក្សកាន់អំណាច»។
អំណះអំណាងគាំទ្រដល់ការសន្និដ្ឋាននេះ ត្រូវបានរកឃើញតាមរយៈការប្រើប្រាស់កម្មវិធីតាមដានមួយដែលមានឈ្មោះថា «សង់ត្រា» (Centra) ធ្វើឡើងដោយអ្នកស៊ើបអង្កេត។ វាគឺជាកម្មវិធីដ៏ចម្រូងចម្រាសមួយដែល ត្រូវគេរាយការណ៍ថា ត្រូវបានប្រើប្រាស់ដោយក្រុមហ៊ុន ហ្វេសប៊ុក ដើម្បីតាមដានក្រុមអ្នកប្រើប្រាស់បណ្តាញអ៊ីនធឺណិត បើទោះបីជាពួកគេបានចុះឈ្មោះចូលទៅក្នុងគណនី ហ្វេសប៊ុក របស់ពួកគេ ឬក៏អត់ក៏ដោយ។
តួនាទីជាភាសាចិន
អ្នកនិពន្ធឯកសារនេះកត់សម្គាល់ថា តាមរយៈការចូលទៅមើលប្រូហ្វាល (Profile) របស់បុគ្គលម្នាក់ដែលជាសមាជិកនៃក្រុមចោរព័ត៌មានវិទ្យាដែលគេសង្ស័យថា ជាក្រុម “Speeding Wall” នេះ ចោរព័ត៌មានវិទ្យារូបនោះធ្លាប់បានទាញបញ្ចូលឈ្មោះទំនាក់ទំនងរបស់បុគ្គលជាច្រើនទៅក្នុងបញ្ជីឈ្មោះទំនាក់ទំនងរបស់ខ្លួន ដែលបុគ្គលទាំងនោះមានតួនាទីជាភាសាចិនថា ជានាយក នាយផ្នែក ប្រធានក្រុម យោធា នាយសេនាធិការយោធា និងគ្រូបង្រៀន ជាដើម។
អ្នកនិពន្ធសរសេរថា «ជារឿយៗតួនាទីទាំងនេះបញ្ជាក់ឱ្យដឹងអំពីរចនាសម្ព័ន្ធអង្គការចាត់តាំងរបស់ភ្នាក់ងារចារកម្ម ឬស៊ើបការសម្ងាត់» មួយ។
អ្នកនិពន្ធកត់សម្គាល់ថា បុគ្គលមួយរូបទៀតដែលសង្ស័យថាជាសមាជិករបស់ក្រុមចោរព័ត៌មានវិទ្យា “Speeding Wall” នេះដែរ ក៏មានបញ្ជីឈ្មោះទំនាក់ទំនងជាច្រើនពាក់ព័ន្ធនឹងមជ្ឈមណ្ឌលផ្លាស់ប្តូរបច្ចេកវិទ្យាអាស៊ាន-ចិន (China-ASEAN Technology Transfer Center)។ មជ្ឈមណ្ឌលនេះ គឺជាផ្នែកមួយនៃកម្មវិធីរបស់រដ្ឋាភិបាលចិន ដើម្បីលើកកម្ពស់ការសិក្សាស្រាវជ្រាវ និងការផ្លាស់ប្តូរបច្ចេកវិទ្យារវាងប្រទេសចិន ជាមួយនឹងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ហៅកាត់ថា «អាស៊ាន»។ មជ្ឈមណ្ឌលនេះ ត្រូវបានបង្កើតឡើងដំបូងនៅកម្ពុជាកាលពីឆ្នាំ២០១៤។
អ្នកនិពន្ធឯកសារសរសេរបន្តថា ការណ៍ដែលក្រុមចោរព័ត៌មានវិទ្យា “Speeding Wall” មានឈ្មោះរបស់និយោជិតនៃមជ្ឈមណ្ឌលនេះនៅក្នុងបញ្ជីឈ្មោះទំនាក់ទំនងរបស់ខ្លួន អាចបញ្ជាក់អំពីកិច្ចសហការគ្នារវាងគណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលចិន។
ក្នុងន័យម៉្យាងទៀត អ្នកនិពន្ធរូបនេះផ្តល់អំណះអំណាងតបថា ក្រុមចោរព័ត៌មានវិទ្យា “Speeding Wall” អាចប្រើប្រាស់ការងារជាមួយមជ្ឈមណ្ឌល CATTC នេះ ធ្វើជាខែលសម្រាប់បិទបាំងអំពើ «វាយប្រហារមកលើកម្ពុជាយ៉ាងជាក់ច្បាស់តែម្តង»។
អ្នកនិពន្ធសរសេរថា «ស្របពេលដែលគេនៅពុំទាន់មានភស្តុតាងចំពោះការសន្មតបែបនេះនៅឡើយ ការដាក់គោលដៅវាយប្រហារមកលើម៉ាស៊ីនមេរបស់រដ្ឋាភិបាលកម្ពុជា និងការដាក់គោលដៅវាយប្រហាររយៈពេលយូរអង្វែងមកលើប្រទេសកម្ពុជា អាចគឺជាសញ្ញាណបញ្ជាក់មួយចំនួន»។
មជ្ឈមណ្ឌល CATTC និងស្ថានទូតចិនប្រចាំនៅរដ្ឋធានីវ៉ាស៊ីនតុន សហរដ្ឋអាមេរិក មិនឆ្លើយតបទៅនឹងសារអេឡិចត្រូនិករបស់ វិទ្យុអាស៊ីសេរី ដែលស្នើសុំអត្ថាធិប្បាយលើការចោទប្រកាន់នានានៅក្នុងឯកសារហ្វេសប៊ុក (Facebook Papers) នេះទេ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បដិសេធការលើកឡើងដែលថាគណបក្សកាន់អំណាចរបស់លោកបានឃុបឃិតជាមួយក្រុមចោរព័ត៌មានវិទ្យាទាំងនោះ។ លោកប្រាប់ វិទ្យុអាស៊ីសេរី ថា គណបក្សសង្គ្រោះជាតិពុំមានតម្លៃអ្វីដែលចាំបាច់ឱ្យរដ្ឋាភិបាលទៅឈ្លបយកការណ៍នោះទេ។ លោកពន្យល់ថា «គណបក្សប្រជាជន ជាគណបក្សឈ្នះឆ្នោត រវល់មមាញឹកណាស់ក្នុងការកសាង អភិវឌ្ឍប្រទេស និងថែរក្សាសន្តិភាព។ យើងពុំមានពេលទៅស៊ើបអង្កេតលើក្រុមឧទ្ទាមក្រៅច្បាប់ទាំងនោះទេ»។
ចាប់តាំងពីក្រោយការរម្លាយគណបក្សសង្គ្រោះជាតិកាលពីចុងឆ្នាំ២០១៧ មក អាជ្ញាធរកម្ពុជាបានចាប់ខ្លួនសកម្មជនគណបក្សនេះរាប់សិបនាក់ដាក់គុក។ ចំណាត់ការដោយធ្វើឱ្យគណបក្សប្រឆាំងជាប់បទឧក្រិដ្ឋនេះ បានធ្វើឱ្យលោក ហ៊ុន សែន អាចបន្តក្ដោបក្ដាប់អំណាចយ៉ាងមានប្រសិទ្ធភាពនៅកម្ពុជា៕
អត្ថបទដែលទាក់ទង
- ស្ថានទូតអាមេរិក ណែនាំក្រុមហ៊ុន និងវិនិយោគិនជនជាតិអាមេរិកាំងឱ្យប្រុងប្រយ័ត្នមុននឹងវិនិយោគលើវិស័យហានិភ័យមួយចំនួននៅកម្ពុជា
- នាយឧត្ដមសេនីយ៍ ចៅ ភិរុណ បដិសេធថា មិនបានឃុបឃិតជាមួយចិនពុករលួយបំផ្លាញផលប្រយោជន៍កម្ពុជាទេ
- «រដ្ឋាភិបាលមិនស៊ើបអង្កេតករណីពុករលួយពាក់ព័ន្ធនឹងមន្ត្រីយោធាពីរនាក់ដែលរងទណ្ឌកម្មពីអាមេរិកនោះទេ»
- អាមេរិកដាក់ទណ្ឌកម្មមន្ត្រីយោធាកម្ពុជាពីររូប រឿងពុករលួយពាក់ព័ន្ធគម្រោងកែលម្អកំពង់ផែកងទ័ពជើងទឹករាម
- កម្ពុជា និងចិន ប្ដេជ្ញាបង្កើនពាណិជ្ជកម្មទ្វេភាគី ដល់ ១០ពាន់លានដុល្លារ មុនឆ្នាំ២០២៣
- ប្រជាពលរដ្ឋខេត្តកំពត ស្នើដល់រដ្ឋាភិបាលបញ្ឈប់ក្រុមហ៊ុនថៃប៊ុនរ៉ុង ដែលកំពុងធ្វើអាជីវកម្មកាយថ្មភ្នំនៅតំបន់ល្អាងភ្នំ
- ជនជាតិចិន កំពុងប្រើប្រាស់ទឹកដីនិងពលរដ្ឋខ្មែរ ធ្វើការងារឆបោកតាមអនឡាញ
- “វាលយន្តហោះតារាសាគរខេត្តកោះកុង មិនមែនជាគោលដៅលើកកម្ពស់ជីវភាពពលរដ្ឋ និងការអភិវឌ្ឍវិស័យទេសចរណ៍”
- សមាជិកព្រឹទ្ធសភាអាមេរិកដាក់បញ្ចូលបញ្ហាវត្តមានកងទ័ពចិននៅកម្ពុជា ក្នុងសេចក្ដីស្នើច្បាប់ថ្មី ស្តីពីប្រជាធិបតេយ្យ និងសិទ្ធិមនុស្សនៅកម្ពុជាឆ្នាំ២០២១
- រដ្ឋាភិបាលថា សេចក្ដីស្នើច្បាប់របស់ក្រុមសមាជិកព្រឹទ្ធសភាអាមេរិក ជាឧបករណ៍ដាក់សម្ពាធលើកម្ពុជា
ក្រុមពូជសំផឹង ដែលចេះត្រឹមព្រុះដូចឆ្កែចេះតែមានហ្មង !
what do you think who start that high tech is it US or CHINA . I do not think your master FESS BOK can be that great . how can animal like that evil know every thing about high tech ????? including you too AH CHHKOUTH