HRW អំពាវនាវ​ឱ្យ​កម្ពុជា​ដោះលែង​អ្នកទោស​នយោបាយ​បន្ថែម​ទៀត​មុន​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប

តុលាការ និងច្បាប់ទំនាក់ទំនងអន្តរជាតិព័ត៌មានជាតិសិទ្ធិមនុស្ស
លោក សេង ថៃ | ១៦ វិច្ឆិកា ២០២១ | ម៉ោង ១៧:២៨
VOD

សាច់ញាតិ អ្នកគាំទ្រ អ្នកសារព័ត៌មាន និងសង្គមស៊ីវិលផ្សេងៗទៀត ឈររង់ចាំនៅពីមុខពន្ធនាគារព្រៃស ក្នុងថ្ងៃដែលលោក រ៉ុង ឈុន ត្រូវដោះលែងពីពន្ធនាគារ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។

សាច់ញាតិ អ្នកគាំទ្រ អ្នកសារព័ត៌មាន និងសង្គមស៊ីវិលផ្សេងៗទៀត ឈររង់ចាំនៅពីមុខពន្ធនាគារព្រៃស ក្នុងថ្ងៃដែលលោក រ៉ុង ឈុន ត្រូវដោះលែងពីពន្ធនាគារ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២១។ (ជន ចាន់រ៉ែន)


អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានអំពាវនាវឱ្យរដ្ឋាភិបាលកម្ពុជាដោះលែងអ្នកទោសនយោបាយ​និងមនសិការចំនួន៦០នាក់​ទៀត នៅមុន​ពេលដែល​កម្ពុជា​ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ នៅចុងខែវិច្ឆិកានេះ ហើយ​ថាការដោះលែងអ្នកទោសកន្លងមកគ្រាន់តែជាការចាប់ផ្ដើមមួយប៉ុណ្ណោះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ បាន​កត់សម្គាល់ថា ការដោះលែងសកម្មជនសង្គម បរិស្ថាន និងអ្នកនយោបាយអតីតបក្សប្រឆាំង ចំនួន២៦នាក់ ចាប់ពីថ្ងៃទី​៥ ដល់​ថ្ងៃទី១២ ខែវិច្ឆិកា កន្លងទៅនេះ​ គ្រាន់តែជាការចាប់ផ្ដើមមួយប៉ុណ្ណោះ ហើយ​ក៏​មិនបានទម្លាក់ចោលការចោទ​ប្រកាន់ទាំងស្រុងនោះទេ។ ករណីនេះ អង្គការនេះ​យល់ថា នឹងធ្វើឱ្យពួកគេប្រឈមនឹងការចាប់ខ្លួនជាថ្មីនៅថ្ងៃអនាគត។

នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិប្រចាំអាស៊ីប៉ាស៊ីហ្វិក លោក Brad Adams បានថ្លែងថា៖ «ការដោះលែងអ្នកទោសនយោបាយនិងសកម្មជនសង្គមចំនួន២៦នាក់កន្លងមក គឺជាដំណឹងល្អមួយ។ ក៏ប៉ុន្តែ វាមិនអាចបញ្ឈប់ឱ្យរដ្ឋាភិបាលចាប់ខ្លួនពួកគេត្រលប់មកវិញ​នៅពេលណាមួយក៏បាននោះទេ»

លោក Brad Adam បន្តថា៖ «រដ្ឋាភិបាលសហគមន៍អឺរ៉ុបដែលនឹងចូលរួមក្នុងកិច្ចប្រជុំអាស៊ីអឺរ៉ុបនៅក្នុងទីក្រុងភ្នំពេញ នៅចុងខែវិច្ឆិកានេះ គួរតែដាក់សម្ពាធលើរដ្ឋាភិបាលកម្ពុជាឱ្យទម្លាក់ចោល​ការចោទប្រកាន់ដោយឥតលក្ខខណ្ឌចំពោះពួកគេ និងដោះលែងដោយឥតលក្ខខណ្ឌចំពោះអ្នកទោសនយោបាយទាំងអស់ដែលនៅសេសសល់»

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ ក៏បានអំពាវនាវឱ្យរដ្ឋាភិបាល​សហភាពអឺរ៉ុបដាក់សម្ពាធ​លើរដ្ឋាភិបាលកម្ពុជាឱ្យដោះលែងសកម្មជននយោបាយនិងសង្គមទាំងអស់ ខណៈដែល​កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបនៅចុងខែវិច្ឆិកានេះ។

លោក Brad Adam បន្តថា៖ «ការដោះលែងអ្នកទោសកម្ពុជាកន្លងមក គឺជាការបង្ហាញថា រដ្ឋាភិបាលកម្ពុជាព្រួយបារម្ភពីសម្ពាធអន្តរជាតិ ខណៈដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប និងប្រធានអាស៊ាននៅឆ្នាំ២០២២ខាងមុខនេះ»

ទោះជាយ៉ាងនេះក្តី អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន ថ្លែង​ថា ការដោះលែងសកម្មជននយោបាយ សង្គម និងបរិស្ថានកន្លងមក​នេះ មិនមែន​រឿង​ទទួល​សម្ពាធ ឬមិនសម្ពាធណាមួយនោះទេ។ លោកថា វាជាដំណើរការនីតិវិធីរបស់តុលាការ​ ដែលអនុវត្តជាទូទៅ មិន​មែន​តែ​សកម្មជន​នោះ​ទេ។

លោកថា៖ «តុលាការ​​មិន​បាន​ផ្ដោត​លើសកម្មជន ឬមិនសកម្មជននោះទេ ហើយមែនទែនសកម្មជនទាំងអស់ហ្នឹងមិនមែនដោះលែងទេ បាន​ន័យ​ថា បានប្រព្រឹត្តបទល្មើសហើយត្រូវបានផ្តន្ទាទោស គ្រាន់តែថា ការអនុវត្តទោសមានការអនុគ្រោះ ដោយផ្អែកលើគោលការណ៍ណែនាំរបស់ក្រសួងយុត្តិធម៌ ដែលបានដាក់ចេញក្នុងពេលយុទ្ធនាការក្នុងការពន្លឿនការដោះស្រាយសំណុំរឿង ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ និងកាត់បន្ថយភាពចង្អៀតណែនក្នុងពន្ធនាគារ ហើយគោលការណ៍ហ្នឹង គឺក្រសួងលើកទឹកចិត្តឲ្យបន្តទៅទៀត ទោះបីជាយុទ្ធនាការនឹងចប់ក៏ដោយ ក្នុងគោលដៅដោះស្រាយភាពចង្អៀតណែននៅក្នុងពន្ធនាគារពន្លឿននីតិវិធីសំណុំរឿងនៅតុលាការ ដោះស្រាយការកកស្ទះសំណុំរឿងនៅតុលាការ ដោយផ្អែកលើគោលការណ៍ច្បាប់ និងនីតិវិធីច្បាប់ទាំងស្រុងដែលមានជាធរមាន»៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។ ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "HRW អំពាវនាវ​ឱ្យ​កម្ពុជា​ដោះលែង​អ្នកទោស​នយោបាយ​បន្ថែម​ទៀត​មុន​ប្រជុំ​កំពូល​អាស៊ី-អឺរ៉ុប"

  1. Anonymous says:

    my massage to HUN NAL time to be a real man face reality if you don’t your whole family will be at rise or eliminate by those hungers . do you understand??Cambodian are every peaceful people but in that cases they might over temper if that it may not even be one of your ????? can be on art