ដោយ យ៉ង ចាន់តារា
2022.06.05
RFA

ក្រុមកូដករបាតុកម្មដោយអហិង្សានៅមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ (Naga World) កាលពីថ្ងៃទ៣០ ខែឧសភា ឆ្នាំ២០២២។ រូបភាពពីពលរដ្ឋ
ក្រុមកូដករក្រុមហ៊ុនណាហ្គាវើលដ៍ (NagaWorld) រំពឹងថា គណបក្សនយោបាយដែលបានជាប់ឆ្នោតនឹងប្រើអំណាចជាអាជ្ញាធរមូលដ្ឋាន ដោយឈរលើភាពអព្យាក្រឹត្យឥតលម្អៀង ក្នុងការងាកមកជួយដោះស្រាយទុក្ខកង្វល់របស់រាស្ត្រ ដែលកំពុងរងទុក្ខវេទនា។ មន្ត្រីសង្គមស៊ីវិល លើកឡើងថាគណបក្សដែលបានជាប់ឆ្នោតហើយ ត្រូវតែផ្តល់ក្ដីរំពឹងឱ្យពលរដ្ឋវិញ និងត្រូវតែពន្លឿននីតិវិធីដោះស្រាយបញ្ហាប្រឈមរបស់ពួកគាត់ជាពិសេសវិវាទការងារដ៏រ៉ាំរ៉ៃនៅក្នុងក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍។
ក្រុមកូដករនៃក្រុមហ៊ុនបនល្បែងកាស៊ីណូណាហ្គាវើលដ៍ (NagaWorld) លើកឡើងស្របគ្នាថា ពួកគាត់បានចូលរួមក្នុងការជ្រើសរើសថ្នាក់ដឹកនាំឃុំសង្កាត់ ស្របតាមឆន្ទៈ និងដោយគ្មានការភ័យខ្លាច នៅថ្ងៃទី៥ មិថុនា។
កូដករម្នាក់ដែលកំពុងតស៊ូមតិទាមទារសិទ្ធការងារនៅក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ កញ្ញា រឿង មុំម៉ារីណែត ប្រាប់វិទ្យុអាស៊ីសេរីថា ការបោះឆ្នោតជ្រើសរើសអាជ្ញាធរមូលដ្ឋានក្នុងអាណត្តិនេះគឺ កើតចេញពីឆន្ទៈ ហើយកញ្ញារំពឹងថា គណបក្សនយោបាយដែលបានជាប់ឆ្នោត ត្រូវតែងាកមកបម្រើពលរដ្ឋវិញដោយភាពស្មោះត្រង់។ ជាពិសេសកញ្ញាចង់ឃើញគណបក្សដែលជាប់ឆ្នោតត្រូវស្វះស្វែងរកយុត្តិធម៌សម្រាប់កូដករដែលកំពុងរងភាពអយុត្តិធម៌ ពីសំណាក់ក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍៖ «អ្វីដែរខ្ញុំចង់ស្នើសុំធំបំផុត ខ្ញុំចង់ឱ្យគាត់ [អាជ្ញាធរមូលដ្ឋានមកពីគណបក្សដែល កញ្ញាបោះឆ្នោតឱ្យ] រឹតបន្តឹង ទៅលើផ្នែកច្បាប់បន្តិចព្រោះខ្ញុំរាល់ថ្ងៃ ចេញទៅធ្វើកូដកម្ម ហ្នឹងខ្ញុំរងអំពើហិង្សាពីក្រុមអ្នកចេះច្បាប់ ដែលមានឈ្មោះអាជ្ញាធរ។ អាជ្ញាធរទាំងអស់ហ្នឹងគឺគាត់ សុទ្ធសឹងតែជាអ្នកចេះ ច្បាប់ ប៉ុន្តែផ្ទុយបែរជាគាត់បែរជាយកច្បាប់មកអង្គុយពីលើ។ ខ្ញុំចង់ឱ្យមានការរឹតបន្តឹងលើពួកគាត់តិច វិន័យពួកគាត់មានការដាក់ចុះខ្លាំងមែនទែន»។
ស្រដៀងគ្នានេះដែរ កូដករម្នាក់ទៀត កញ្ញា ប៉ែន រាសី សង្ឃឹមថា អាជ្ញាធរមូលដ្ឋានមកពីគណបក្សដែលកញ្ញាបោះឆ្នោតឱ្យ នឹងជួយរកដំណោះស្រាយសម្រាប់ពលរដ្ឋ ដែលកំពុងរងការរំលោភបំពានសិទ្ធជាមូលដ្ឋាន។ លើសពីនេះ កញ្ញា ទាមទារឱ្យអាជ្ញាធរមូលដ្ឋានលុបបំបាត់ការប្រើអំពើហិង្សាគ្រប់ទម្រង់ លើពលរដ្ឋដែលបានប្រើសិទ្ធជាមូលដ្ឋាន ក្នុងការសម្ដែងមតិ និងជួបជុំគ្នាដោយសន្តិវិធី៖ «ខ្ញុំសង្ឃឹមថា ក្នុងនាមខ្ញុំជាម្ចាស់សន្លឹកឆ្នោតៗ ដែលខ្ញុំ បោះទៅគណបក្សហ្នឹង ដែលគាត់បានជាប់។ ខ្ញុំសង្ឃឹមថា គាត់នឹងជួយ បញ្ហាទុក្ខលំបាក របស់កូដករ មិនថាក្រុមហ៊ុនណាហ្គាវើលដ៍ និងកម្មករកាត់ដេរ នៅរោងចក្រទេ។ សុំឱ្យគាត់ឈ្នះឆ្នោត ធ្វើជាតំណាង ឃុំសង្កាត់ហ្នឹង សូមឱ្យគាត់ជួយមកដោះស្រាយ ជួយមកមើលទឹកភ្នែកប្រជាពលរដ្ឋ ជួយមកមើលកូដករដែលរងគ្រោះ ភាពអយុត្តិធម៌ សូមឱ្យគាត់ដោះស្រាយ បញ្ហាដល់ប្រជាពលរដ្ឋ»។
ដូចគ្នានេះដែរ កូដករម្នាក់ទៀត កញ្ញា ឈួន សុធា ស្នើដល់ឱ្យគណបក្សនយោបាយដែលឈ្នះឆ្នោតឃុំសង្កាត់ក្នុងអាណត្តិនេះ រកយុត្តិធម៌ឱ្យក្រុមកម្មករ ដែលកំពុងជួបការលំបាក និង ទទួលរងការប្រើអំពើហិង្សាស្ទើរជារៀងរាល់ថ្ងៃពីសំណាក់អាជ្ញាធរ៖ «គាត់នឹងអាចជួយដោះស្រាយជូនប្រជាពលរដ្ឋ ដែលរងភាពអយុត្តិធម៌រាល់ថ្ងៃ ដូចពួកខ្ញុំជាដើម ឱ្យទទួលបានភាពយុត្តិធម៌ ហើយបំបាត់ឱ្យអស់ទៅ អំពើហិង្សាហ្នឹង។ ហើយស្នើសុំ ឱ្យអស់លោកដក អ្នកដែលវាយពួកខ្ញុំរាល់ថ្ងៃហ្នឹងចេញ ឱ្យអស់ទៅ ពួកពាក់ឯកសណ្ឋានជាមន្ត្រីអាជ្ញាធរ វាយពួកខ្ញុំរាល់ថ្ងៃហ្នឹង ដកចេញឱ្យអស់ទៅ កុំទុកទៀតអី។ កុំទុកឱ្យលក់មុខមាត់ប្រទេសជាតិ ហើយកុំទុកឱ្យវាយធ្វើបាបរាស្រ្ត អ៊ីចឹងរាល់ថ្ងៃទៀតអី»។
ក្រុមកូដករណាហ្គាវើលដ៍បង្ហាញក្ដីរំពឹងបែបនេះ ក្រោយពីពួកគាត់បានបាត់បង់ការងារអស់ជាច្រើនខែមកហើយ ដោយសារតែក្រុមហ៊ុនណាហ្គាវើលដ៍បញ្ឈប់ពួកគាត់ពីការងារដោយខុសច្បាប់។ ជាងនេះទៅទៀត រាល់ការចេញទាមទារដំណោះស្រាយរបស់ពួកគាត់ អាជ្ញាធររាជធានីភ្នំពេញតែងតែចេញមករារាំង យាយី និងបង្ក្រាបដោយហិង្សាលើពួកគាត់។
ជុំវិញរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADO) លោក អំ សំអាត មានប្រសាសន៍ថា គណបក្សនយោបាយដែលបានឈ្នះឆ្នោត ត្រូវតែបម្រើម្ចាស់ឆ្នោតក្នុងមូលដ្ឋានវិញ។ លើសពីនេះ លោកថា អាជ្ញាធរតាមនៅតាមមូលដ្ឋាន ត្រូវតែយកចិត្តទុកដាក់ចំពោះពលរដ្ឋ ដែលកំពុងប្រឈមបញ្ហានានា និងត្រូវរកដំណោះស្រាយឱ្យបានឆាប់៖ «អ្នកដែរម្ចាស់ឆ្នោតបោះឆ្នោតជូនហ្នឹង គាត់បម្រើប្រជាពលរដ្ឋវិញ បម្រើក្នុងមូលដ្ឋានរបស់គាត់ ទាំងសេវាសាធារណៈ ទាំងបញ្ហាអភិវឌ្ឍ ផ្សេងៗទាំងជួយទៅលើបញ្ហាដែលកើតឡើងក្នុងមូលដ្ឋានគាត់»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានបញ្ចប់ត្រឹមម៉ោង ៣រសៀលថ្ងៃទី៥ មិថុនា។ ពលរដ្ឋមានសិទ្ធិគូសសន្លឹកឆ្នោតដោយសម្ងាត់ ដើម្បីជ្រើសរើសតំណាងដែលខ្លួនពេញចិត្ត ដោយគ្មានការបំភិតបំភ័យ និងគំរាមកំហែងនោះឡើយ។
ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតនៃគណបក្សនយោបាយទាំង១៧ ដែលចុះឈ្មោះបោះឆ្នោតដណ្ដើមយកអាសនៈក្រុមប្រឹក្សាឃុំសង្កាត់ក្នុងអាណត្តិនេះ គណបក្សនយោបាយមួយចំនួនបានផ្សព្វផ្សាយពីគោលនយោបាយរបស់បក្សខ្លួនដោយអះអាងថា ពេលជាប់ឆ្នោត នឹងមានការផ្តល់អំណាចជូនពលរដ្ឋ បម្រើសេវាសាធារណៈ លុបបំបាត់អំពើហិង្សា និងការប្រព្រឹត្តអំពើពុករលួយជាដើម។
ក្រុមកូដករណាហ្គាវើលដ៍សង្ឃឹមថា នៅពេលគណបក្សដែលពួកគាត់បានបោះឆ្នោតឱ្យជាប់ឆ្នោត ពួកគេនឹងអនុវត្តតាមការសន្យារបស់ខ្លួន ក្នុងការការពារសិទ្ធិសេរីភាព និងបម្រើពលរដ្ឋវិញដោយពិតប្រាកដ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
there are so many people hurt so much from CPP how can they vote for HUN NAL call HUN SEN next name CHHOUP SAMLAP or CHHOUP KAP