ដោយ សុជីវី
2022.06.05
RFA

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននៅក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតឃុំសង្កាត់អាណត្តិទី៥ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកគណបក្សភ្លើងទៀន
ភ្នាក់ងារសង្កេតការណ៍បោះឆ្នោតរបស់គណបក្សភ្លើងទៀនជាច្រើននាក់ រងការគំរាមកំហែង រហូតបោះបង់ការធ្វើជាភ្នាក់ងារ ខ្លះទៀតលាលែងចេញពីបក្ស និងខ្លះទៀតបាត់ខ្លួនមិនដឹងទៅណាតែម្ដង នៅថ្ងៃបោះឆ្នោត។
អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី០៥ មិថុនា ថា ករណីគំរាមកំហែង បំភិតបំភ័យ បំផ្លាញស្លាកសញ្ញា និងធ្វើទុក្ខបុកម្នេញលើក្រុមភ្នាក់ងារសង្កេតការណ៍នៃគណបក្សរបស់លោក កើតមាននៅគ្រប់ឃុំនៅទូទាំងប្រទេស។ លោកបន្តថា ការបោះឆ្នោតលើកនេះ ប្រព្រឹត្តទៅក្នុងបរិយាកាសអាប់អួធ្ងន់ធ្ងរ៖ «មិនបានប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ត្រឹមត្រូវទេ ព្រោះវាពោរពេញទៅដោយការគំរាមកំហែង ទាំងភ្នាក់ងារ ហើយក្នុងការិយាល័យនោះ មានមេភូមិ អនុភូមិ អង្គុយកត់ឈ្មោះអ្នកទៅបោះឆ្នោត រហូតដល់កន្លែងខ្លះមានតាំងចៅហ្វាយស្រុក មានអី កន្លែងខ្លះមានទាំងប៉ូលិសប៉ុស្តិ៍អីទៀត ដូច្នេះវាមិនអាចចាត់ទុកថា ជាបោះឆ្នោតមួយ ដែលប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌បានទេ»។
ភ្នាក់ងារគណបក្សភ្លើងទៀនខេត្តប៉ៃលិនចំនួន ៣៨នាក់ បានបោះបង់ឈប់សង្កេតការណ៍បោះឆ្នោត ហើយករណីស្រដៀងគ្នានេះក៏កើតមាននៅខេត្តផ្សេងដែរ។ មន្ត្រីបក្សភ្លើងទៀនឱ្យដឹងថា អាជ្ញាធរដែលគំរាមកំហែង និងបំភិតបំភ័យអ្នកសង្កេតការណ៍របស់គណបក្សភ្លើងទៀននោះ ភាគច្រើនជាសមាជិករបស់គណបក្សប្រជាជនកម្ពុជា។
វិទ្យុអាស៊ីសេរីមិនអាចអ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា ដើម្បីសាកសួររឿងនេះបានទេ នៅថ្ងៃទី៥ មិថុនា។
ជុំវិញរឿងនេះ អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិនៃអង្គការឃ្លាំមើលការបោះឆ្នោត ខុមហ្វ្រែល (COMFREL) លោក កន សាវាង្ស លើកឡើងថា អ្នករងគ្រោះគួរប្ដឹងករណីធ្វើទុក្ខបុកម្នេញទាំងនេះទៅស្ថាប័នមានសមត្ថកិច្ច ជាពិសេស គ ជ ប ដោយមានកំណត់ហេតុ និងភស្តុតាងច្បាស់លាស់៕
I believing you every thing you said is true