កម្ពុជា-នយោបាយ
19/06/2022 – 07:10
ដោយ៖ អ៊ឹង ប៊ុនថន
RFI

គណបក្សនយោបាយទាំង៥ ត្រៀមចងសម្ព័ន្ធភាពជាមួយគ្នា © សហការី
គណបក្សនយោបាយយ៉ាងតិចចំនួន៥បានចាប់ផ្តើមជួបគ្នាដើម្បីតស៊ូមតិកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប) និងកែលម្អបរិយាកាសមុនការបោះឆ្នោតឆ្នាំ២០២៣។ នេះបើតាមការអះអាងរបស់លោក យង់ សាំងកុមារ នៃគណបក្សប្រជាធិបតេយ្យមូលដ្ឋានដែលជាអ្នកផ្តួចផ្តើមគំនិត។ នៅក្នុងចំណោមគណបក្សនយោបាយទាំង៥នេះ គឺមាន៣ ឬ៤គណបក្សបានបង្ហាញពីគោលបំណង នៃការរួបរួម ឬចងសម្ព័ន្ធភាពនឹងគ្នា។
ប្រាប់វិទ្យុបារាំងអន្តរជាតិ RFI នៅថ្ងៃអាទិត្យនេះ លោក យង សាំងកុមារ គូសបញ្ជាក់ថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន គណបក្សឆន្ទៈខ្មែរ គណបក្សភ្លើងទៀន គណបក្សកែទម្រង់កម្ពុជា និងគណបក្សកម្ពុជានិយមបានជួបគ្នាដើម្បីតស៊ូមតិកែទម្រង់ស្ថាប័នរៀបចំការបោះឆ្នោត (គ.ជ.ប) និងកែលម្អបរិយាកាសមុនការបោះឆ្នោតឆ្នាំ២០២៣។
បើតាមអ្នកនយោបាយនៅក្រៅរដ្ឋាភិបាលរូបនេះ ការកែទម្រង់ប្រព័ន្ធបោះឆ្នោត និងកែលម្អបរិយាកាសមុនការបោះឆ្នោតគឺជារឿងដែលត្រូវធ្វើមុនគេ គឺមុនពេលដែលគណបក្សទាំងនេះសម្រេចចិត្តថាចូលរួមឬ មិនចូលរួមការបោះឆ្នោតថ្នាក់ជាតិនៅឆ្នាំ២០២៣។
សូមបញ្ជាក់ថា នៅក្នុងចំណោមគណបក្សនយោបាយទាំង៥ ដែលអះអាងថាមាននិន្នាការប្រជាធិបតេយ្យដូចគ្នានេះ គឺភាគច្រើនជាគណបក្សដែលបង្កើតឡើងដោយអតីតសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិ លើកលែងតែគណបក្សប្រជាធិបតេយ្យមូលដ្ឋានមួយប៉ុណ្ណោះ។
នៅខណៈដែលគណបក្សប្រជាធិបតេយ្យមូលដ្ឋានផ្តល់អទិភាពទៅលើការកែទម្រង់ប្រព័ន្ធបោះឆ្នោត គណបក្ស៣ទៀតដែលជាអតីតសមាជិកនៃអតីតគណបក្សសង្គ្រោះជាតិ ផ្តល់អទិភាពទៅលើការរួបរួមគ្នានៅមុនការបោះឆ្នោត។ នេះបើតាមលោក យង សាំងកុមារ។
លទ្ធផលនៃការបោះឆ្នោតមិនទាន់ផ្លូវការបង្ហាញថា គណបក្សចំនួន៤ ក្នុងចំណោម៦ ដែលបែកចេញពីអតីតគណបក្សសង្ក្រោះជាតិ ហើយដែលបានចូលរួមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥នេះ បានទទួលសំឡេងគាំទ្រសរុបតែ៥ម៉ឺនសំឡេងប៉ុណ្ណោះ។ សន្លឹកឆ្នោតសរុបនេះ មិនបានរាប់បញ្ជូលទាំងគណបក្សភ្លើងទៀន ដែលអ្នកគាំទ្រទាំងអស់ក៏សុទ្ធតែមកពីអតីតគណបក្សសង្គ្រោះជាតិនោះឡើយ៕
please trying to understand unity is the only tool to save this nation.