មតិ​ជុំវិញ​ករណី​បញ្ជូន​ខ្លួន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ

ដោយ ម៉ៅ សុធានី
2022.06.18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មតិ​ជុំវិញ​ករណី​បញ្ជូន​ខ្លួន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ

កញ្ញា សេង ធារី នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃទី១៤ ខែ​មិថុនា ឆ្នាំ​២០២២។ រូប៖ ពលរដ្ឋផ្ដល់ឱ្យ


ពលរដ្ឋ​និង​សង្គម​ស៊ីវិល​បញ្ចេញ​មតិ និង​ការយល់ឃើញ​ស្រដៀង​គ្នា ពាក់ព័ន្ធ​នឹង​ករណី​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ខេត្ត​ព្រះវិហារ។ អ្នក​ទាំងនោះ​យល់​ឃើញ​ថា ទង្វើ​បែបនេះ​គឺជា​ការ​សងសឹក​ក្នុង​ផ្លូវ​នយោបាយ និង​ពង្រាត់​កញ្ញា​មិន​ឲ្យ​ជួប​មេធាវី មិនមែន​ដូច​ការ​លើក​ឡើង​របស់​តុលាការក្រុង​ភ្នំពេញ​ដែល​ថា ការ​ធ្វើ​បែបនេះ​គឺ​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​និង​សុវត្ថិភាព​របស់​កញ្ញា​នោះ​ទេ។

​ពលរដ្ឋ​ដែល​ជា​អ្នក​តាមដាន​ស្ថានការណ៍​នយោបាយ យល់​ឃើញ​ថា ការ​ចាប់ខ្លួន​និង​បញ្ជូន​កញ្ញា​សេង ធារី ទៅ​ឆ្ងាយ​បែបនេះ​គឺជា​ការ​គំរាមកំហែង​ដល់​អ្នកតស៊ូ​មតិ​ផ្សេង​ទៀត ខណៈ​សង្គម​ស៊ីវិល​កំពុង​ព្រួយបារម្ភ និង​យល់ឃើញ​ដែរ​ថា រដ្ឋាភិបាល​ក្រុងភ្នំពេញ កំពុង​ធ្វើ​ឲ្យ​លទ្ធិប្រជាធិបតេយ្យ​ដើរ​ថយក្រោយ និង​ត្រូវ​រង​ការ​ថ្កោលទោស​ពី​អន្តរជាតិ​កាន់តែ​ធ្ងន់ធ្ងរ​ក្នុង​ករណី​របស់​កញ្ញា សេង ធារី។

ពលរដ្ឋ​ម្នាក់​រស់នៅ​ខេត្ត​សៀមរាប​គឺ​លោក ព្រហ្ម សុព្រឹក្ស យល់​ឃើញ​ថា ការ​បញ្ជូន​ខ្លួន​កញ្ញា​សេង ធារី ទៅ​ឃុំ​នៅ​ខេត្តព្រះវិហារ គឺជា​សកម្មភាព​គំរាមកំហែង​ដល់​អ្នកតស៊ូ​មតិ​ដទៃទៀត​។ លោក​បន្ត​ថា រដ្ឋាភិបាល​កំពុង​ធ្វើ​ឲ្យ​អន្តរជាតិ​កាន់តែ​មើលឃើញ​ពី​ភាព​អវិជ្ជមាន​របស់​កម្ពុជា ក្នុងការ​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ។ លោក​លើកឡើង​ថា កម្ពុជា​គួរ​បញ្ឈប់​នូវ​សកម្មភាព​គំរាមកំហែង​បែប​នេះ​តទៅ​ទៀត ព្រោះ​ថា គ្មាន​អ្នក​គាំទ្រ​នូវ​ទង្វើ​បែបនេះ​ឡើយ៖ «វា​មិន​សមស្រប គឺ​មាន​ការ​គំរាមកំហែង​ដល់​អ្នក​តស៊ូ​មតិ អ្នក​ប្រជាធិបតេយ្យ​ផ្សេង​ទៀត​។ ចំពោះ​រដ្ឋាភិបាល​គឺ​មិន​មាន​ការ​គាំទ្រ​ពី​អន្តរជាតិ​ទេ អ៊ីចឹង​គាត់​ត្រូវតែ​បន្ធូរបន្ថយ​ស្ថានការណ៍​នយោបាយ​ឬក៏​ដោះលែង​អ្នក​ទោស​នយោបាយ​ទាំងអស់​មក​វិញ​មក ហើយ​ដំណើរការ​នឹង​ល្អ​មក​វិញ​ចំពោះ​នយោបាយ​នៅ​កម្ពុជា»។

កញ្ញា សេង ធារី ត្រូវ​បាន​អគ្គនាយកដ្ឋាន​ពន្ធនាគារ បញ្ជូន​ទៅ​ឃុំខ្លួន​នៅ​គុក​ខេត្តព្រះវិហារ ដោយ​យក​មូល​ហេតុ​ថា ដើម្បី​ការពារ​សុវត្ថិភាព និង​សន្តិសុខ​ពន្ធនាគារ​។ ការ​បញ្ជូន​ទៅ​ឃុំខ្លួន​នេះ ត្រូវ​បាន​មេធាវី​កញ្ញា សេង ធារី ថា នឹង​ធ្វើ​បាត់បង់​ផលប្រយោជន៍​កញ្ញា សេង ធារី ក្នុង​ការ​ប្តឹង​ឧទ្ធរណ៍។

ពាក់ព័ន្ធ​នឹង​រឿង​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ខេត្ត​ដាច់ស្រយាល​នេះ​ដែរ សកម្មជន​សង្គម និង​ជា​មន្ត្រី​ជាន់ខ្ពស់​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៃ​សមាគម​បណ្ដាញ​យុវជន​កម្ពុជា (Cambodian Youth Network – CYN) លោក ម៉ា ចិត្រា លើកឡើង​ថា ករណី​បញ្ជូន​ខ្លួន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ គឺជា​រឿង​អយុត្តិធម៌ បន្ថែម​ពីលើ​ការ​ចាប់ខ្លួន​របស់​កញ្ញា​។ លោក​យល់ឃើញ​ថា តុលាការ​ក្រុងភ្នំពេញ​ធ្វើ​បែប​នេះ​ទំនងជា​ការ​សង​សឹក​កញ្ញា​ក្នុង​រឿង​នយោបាយ​។ លោក​បន្ថែម​ថា តុលាការ​គួរ​ដោះលែង​កញ្ញា សេង ធារី និង​អ្នក​ដទៃទៀត ជាជាង​ការ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ ហើយ​អះអាង​ថា ទង្វើ​បែបនេះ​នឹង​ធ្វើ​ឱ្យ​ប្រទេស​មាន​សន្តិភាព៖ «វា​ជា​រឿង​អយុត្តិធម៌​សង្គម​មួយ​ធ្ងន់ធ្ងរ​មែន​ទែន​។ បើ​មើល​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​អ្នក​ចោទ​ទេ អ៊ីចឹង​ខ្ញុំ​គិតថា​គួរតែ​ឃុំ​គាត់​នៅ​រាជធានី​ភ្នំពេញ​ហ្នឹង​។ ខ្ញុំ​គិតថា​ជា​រឿង​គំនុំ​នយោបាយ​ច្រើនជាង ហើយ​ទន្ទឹម​នេះ​ដែរ យើង​មើលទៅ​វា​អាច​ជា​ការ​គំរាម និង​បំបាក់ស្មារតី​សកម្មជន​នយោបាយ​ឬក៏​សកម្មជន​សិទ្ធិមនុស្ស​ក្នុង​ន័យ​ថា ឱ្យ​មើល​គំរូ​កញ្ញា សេង ធារី ទៅ​ទោះបីជា​គាត់​ខំប្រឹង​តស៊ូ​ប៉ុណ្ណា​ក៏​មិន​ជោគជ័យ​។ ការ​ចាប់​គូភាគី​ម្ខាង​ទៀត​ដាក់​ពន្ធនាគារ ការ​ប្ដឹង​ផ្ដល់​គូភាគី​ម្ខាង​ទៀត​ទៅ​តុលាការ​ហ្នឹង វា​អត់​បាន​ឆ្លុះបញ្ចាំង​ពី​សន្តិភាព​ទេ អ៊ីចឹង​រដ្ឋាភិបាល​និង​តុលាការ​គួរតែ​ពិចារណា​ដោះលែង​ពួកគាត់​មក​ចរចា​តាមផ្លូវ​នយោបាយ​វិញ»។

ស្រដៀង​គ្នា​នេះ នាយករង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំមើល​នៃ​អង្គការ​លីកាដូ (Licadho) លោក អំ សំអាត មាន​ការ​យល់ឃើញ​ដែរ​ថា ការ​បញ្ជូន​ខ្លួន​កញ្ញា សេង ធារី ពី​មណ្ឌល​កែប្រែ ម​២ ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​គឺ​ជា​ការ​គុំគួន ជាមួយ​កញ្ញា​ដែល​តែងតែ​ធ្វើការ​តស៊ូ​មតិ ទាមទារ​សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​យុត្តិធម៌​នៅក្នុង​សង្គម ដោយ​យក​លេស​ថា ជា​ការ​រក្សា​សុវត្ថិភាព​របស់​កញ្ញា​និង​សណ្ដាប់ធ្នាប់​សាធារណៈ​។ ម្យ៉ាងទៀត​តុលាការ​សម្រេច​ធ្វើ​បែប​នេះ​គឺ​ដើម្បី​មិន​ឱ្យ​ស្ថានទូត​អាមេរិក​ចូល​សួរសុខទុក្ខ​ញឹកញាប់​ព្រោះ​កញ្ញា​មាន​សញ្ជាតិ​អាមេរិក។ លោក​បន្ត​ថា ទង្វើ​របស់​តុលាការ​គឺជា​សារ​គំរាម​ទៅ​អ្នកតស៊ូ​មតិ​ដទៃ​ទៀត ឱ្យ​មើល​លទ្ធផល​របស់​កញ្ញា សេង ធារី ដែល​ហ៊ាន​ងើប​តស៊ូ​មតិ​ប្រឆាំង​ជាមួយ​រដ្ឋាភិបាល​ក្រុងភ្នំពេញ៖ «ចំណុច​នេះ​ជា​ការ​មួយ​ដែល​អាច​មាន​ការ​គុំគួន ពីព្រោះ​ការ​តស៊ូ​មតិ​របស់​កញ្ញា​សេង ធារី គឺ​ទាក់ទាញ​ការ​គាំទ្រ​ច្រើន​។ មួយទៀត​អាជ្ញាធរ​អាច​មាន​ការ​បារម្ភ​ដែរ បារម្ភ​ខ្លាច​មាន​ពលរដ្ឋ ឬក៏​យុវជន​គាត់​ទៅ​ធ្វើ​ការ​តស៊ូ​មតិ​ទាមទារ​ដើម្បី​ដោះលែង​កញ្ញា សេង ធារី នៅ​មុខ​ពន្ធនាគារ​ព្រៃស​ជាដើម។ ប្រសិនជា​ថា​ដើម្បី​សុវត្ថិភាព សន្តិសុខ​របស់​កញ្ញា សេង ធារី និង​ពន្ធនាគារ ខ្ញុំ​ដូចជា​មើល​មិន​ឃើញ​ទេ ពីព្រោះ​កន្លង​មក​យើង​ឃើញ​ថា មាន​មេដឹកនាំ​សហជីព តំណាង​សហគមន៍ និង​អ្នកនយោបាយ​ក៏​ត្រូវ​បាន​ទៅ​ចាប់ខ្លួន​នៅ​ទីនោះ ប៉ុន្តែ​ទោះបី​មានការ​តស៊ូ​មតិ​ទាមទារ​ឲ្យ​ដោះលែង​អ្នក​ទាំងអស់​នោះ​យ៉ាងណាក៏ដោយ ក៏​វា​មិន​មាន​ភាព​ចលាចល​អី​កើត​ឡើង​ដែរ»។

ទន្ទឹម​គ្នា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (Adhoc) លោក នី សុខា យល់​ឃើញ​ថា ករណី​ឃុំខ្លួន​កញ្ញា សេង ធារី មាន​ភាព​ខុសប្លែក​ពី​ករណី​ឃុំខ្លួន​អ្នក​ផ្សេងទៀត​កាល​ពី​ពេល​កន្លងទៅ​។ លោក​បន្ត​ថា ករណីនេះ​ហាក់បីដូចជា​តុលាការ​ចង់​ពង្រាត់​កញ្ញា សេង ធារី មិន​ឲ្យ​មេធាវី​ឬ​ភ្នាក់ងារ​អន្តរជាតិ​ចូល​ទៅ​ជួប​កញ្ញា ត្បិត​ថា កញ្ញា​ជា​បុគ្គល​ល្បី​មួយ​រូប​ក្នុង​សង្គម​និង​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ពី​អង្គការ​អន្តរជាតិ។ មួយវិញទៀត លោក​យល់​ឃើញ​ថា ការ​ធ្វើ​បែបនេះ​ជា​ការ​គំរាមកំហែង​ទៅដល់​ស្មារតី​របស់​កញ្ញា សេង ធារី ផង​ដែរ៖ «ការដែល​យក​កញ្ញា​សេង ធារី ទៅ​ឃុំ​ដល់​ពន្ធនាគារ​ខេត្តព្រះវិហារ​នេះ​ជា​ការ​មួយ​ដែល​មិន​សមរម្យ ហើយ​វា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ធ្វើទុក្ខបុកម្នេញ​ផ្លូវចិត្ត​របស់​កញ្ញា​ផង​ដែរ ពី​ព្រោះ​ថា​ការ​យក​ទៅ​ឃុំ​នៅ​ពន្ធនាគារ​មួយ​ដែល​មាន​ចម្ងាយ​ឆ្ងាយ​ពី​រាជធានី វា​អាច​ធ្វើ​ឱ្យ​ប៉ះពាល់​ការ​ទៅ​សួរសុខទុក្ខ​របស់​ទូត​ផ្សេងៗ​ក៏ដូចជា​អង្គការ​ជាតិ អន្តរជាតិ​ឬ​ក្រុម​គ្រួសារ អ៊ីចឹង​វា​ធ្វើ​ឱ្យ សេង ធារី រស់នៅ​ហាក់បីដូចជា​ក្នុង​សភាព​មួយ​ឯកា ឯកោ​នៅ​ក្នុង​ពន្ធនាគារ​មួយ​ដែល​នៅ​ឯ​ជាយដែន​រហូត​ដល់​ទៅ​ខេត្តព្រះវិហារ»។

ដោយឡែក អ្នកវិភាគ​និង​ជា​អ្នកឃ្លាំមើល​ផ្នែក​អភិវឌ្ឍន៍​សង្គម​លោក​បណ្ឌិត មាស នី យល់​ឃើញ​ថា ប្រហែល​ជា​មាន​កត្តា​ផ្សេងទៀត ធ្វើ​ឱ្យ​តុលាការ​សម្រេច​បញ្ជូន​កញ្ញា សេង ធារី ទៅ​ឃុំខ្លួន​នៅ​ខេត្តព្រះវិហារ ដូចជា​ស្ថានភាព​នៅក្នុង​ពន្ធនាគារ​ចង្អៀត ឬ​តុលាការ​មាន​ចេតនា​ណាមួយ​ផ្សេង​ពី​នេះ​។ ប៉ុន្តែ​ទោះ​បី​យ៉ាងណា លោក​ថា អាជ្ញាធរ​ពាក់ព័ន្ធ​ត្រូវ​បញ្ជាក់​ពី​មូលហេតុ​នៃ​ការ​ផ្លាស់ប្ដូរ​មន្ទីរ​ឃុំឃាំង​នេះ​ទៅ​ដល់​សាមី​ខ្លួន និង​មេធាវី​របស់​កញ្ញា​ឱ្យ​បាន​ជាក់លាក់៖ «វា​ជា​រឿង​សំខាន់​បំផុត យើង​ត្រូវ​ប្រៀបធៀប​ថា តើ​ហេតុ​អី​បានជា​គេ​យក​ទៅ​ដាក់​នៅ​ព្រះវិហារ​។ ទោះបី​កញ្ញា សេង ធារី គាត់​ក្លាយជា​អ្នកទោស​ហើយក៏​គាត់​មាន​សិទ្ធិ​នៅក្នុង​ការ​ដឹង​ថា ហេតុ​អី​បានជា​គេ​បញ្ជូន​គាត់​ទៅ ព្រោះ​អី​នៅ​ក្នុង​ស្ថានភាព​នេះ ប្រសិន​បើ​ជា​អាជ្ញាធរ​បញ្ជូន​គាត់​ទៅ ប៉ុន្តែ​មិន​មាន​ការ​ពន្យល់​ច្បាស់លាស់​ទេ វា​អាច​នឹង​មាន​ការរិះគន់​កាន់តែ​ខ្លាំង​ទៀត»។

ទាក់ទិន​នឹង​ករណី​នេះ អ្នកនាំពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ​លោក នុត សាវនា ប្រាប់​អាស៊ីសេរី​ឱ្យ​ដឹង​នៅ​ថ្ងៃទី​១៨ មិថុនា​នេះ​ថា តុលាការ​សម្រេច​បញ្ជូន​កញ្ញា​សេង ធារី ទៅ​ឃុំខ្លួន​នៅ​ពន្ធនាគារ​ខេត្តព្រះវិហារ​ក្រោម​ហេតុផល​ថា ដើម្បី​ការពារ​សុវត្ថិភាព សណ្ដាប់ធ្នាប់ សន្តិសុខ របស់​កញ្ញា ក៏ដូចជា​ពន្ធនាគារ​។ លោក​បន្ត​ថា ការ​ធ្វើ​បែបនេះ​គឺ​ដើម្បី​បង្ការ​ហានិភ័យ​ដែល​បណ្ដាល​មក​ពី​ហ្វូង​បាតុករ​មក​តវ៉ា​ទាមទារ​ដោះលែង​កញ្ញា សេង ធារី និង​ដើម្បី​កុំឱ្យ​ប៉ះពាល់​ដល់​អ្នក​ជាប់ឃុំ​ដទៃទៀត៖ «ទីមួយ​បើ​គាត់​នៅ​ហ្នឹង​បើ​ការ​លើក​គ្នា​មក​ធ្វើបាតុកម្ម ស្លៀកពាក់​រញ៉េរញ៉ៃ​ធ្វើ​សកម្មភាព​ឡេមឡឺម​ដូច​លើក​មុន តើ​ឥឡូវ​យើង​ត្រូវធ្វើ​ម៉េច​យើង​មិន​ត្រូវ​មាន​វិធានការ​ចាត់ការ​ហើយ​បិទ​ខ្ទប់​ដើម្បី​កុំឱ្យ​មានការ​ចេញចូល​។ អាហ្នឹង​គ្រាន់តែ​យើង​គិតទុក​មុន​ពី​ហានិភ័យ​នៃ​ការ​ទុក​គាត់​នៅ​រាជធានី​ភ្នំពេញ​។ ហើយ​ឥលូវ​ក្រុម​គ្រួសារ​ជន​ជាប់ឃុំ​ដទៃទៀត​រាប់​ពាន់​នាក់​ដែល​គេ​ត្រូវ​មក​សួរសុខទុក្ខ​បងប្អូន​គេ​ដែរ​នោះ​យើង​ត្រូវ​គិត​ម៉េច​បើ​មាន​បញ្ហា​សណ្ដាប់ធ្នាប់​នៅ​មុខ​មណ្ឌល អ្នកណា​ជា​អ្នក​ខាត​ប្រយោជន៍ ហើយ​អ្នកណា​ត្រូវ​បាន​រំលោភសិទ្ធិ»។

​យ៉ាងណាក្ដី ប្រជា​ពលរដ្ឋ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ទាំងនេះ​នៅតែ​ស្នើ​សុំ​ឱ្យ​តុលាការ​ដោះលែង​កញ្ញា សេង ធារី ត្បិត​ថា រាល់​សកម្មភាព​របស់​កញ្ញា​កន្លង​មក​គឺ​មិនមែន​ជា​ការ​ញុះញង់ ការចូលរួម​ក្បត់ ដូច​ការ​ចោទប្រកាន់​នោះ​ទេ​។ ចំណែក​ក្រុម​អង្គការ​ជាតិ អន្តរជាតិ ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​និង​ក្រុម​ប្រទេស​ប្រជាធិបតេយ្យ​ធំៗ បាន​រួម​គ្នា​ថ្កោលទោស​រដ្ឋាភិបាល លោក ហ៊ុន សែន ដោយ​ចាត់ទុក​ថា ការ​ចាប់ខ្លួន​របស់​កញ្ញា សេង ធារី និង​សកម្មជន អ្នកតស៊ូ​មតិ​ផ្សេងទៀត ថា​ជា​រឿង​នយោបាយ គ្មាន​មូលដ្ឋាន​ច្បាប់​ច្បាស់​លាស់៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

4 Responses to "មតិ​ជុំវិញ​ករណី​បញ្ជូន​ខ្លួន​កញ្ញា សេង ធារី ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ព្រះវិហារ"

  1. Anonymous says:

    we knew this case will be dragging just like KIM SOKHA case . we are wonder what will be the benefit for this CPP regime . all Cambodian knew their nation is in a great dangers the unity of this small nation was broken a part . forty years in HUN SEN regime this country lost just about every thing . at first HUN SEN was a poppet regime of communist Vietnam right now Vietcong still behind the worse of all is HUN SEN regime turn 90% to CHINA that even making this nation more dangerous mor than ever . please take a look being Vietcong poppet HUN SEN have to cut some Cambodia’s land to Vietnam that include sea line and a few island, million of mail of land concession for 99 years . WE Cambodian should know that our life line is already over just only waiting for the last day. more importantly Vietcong agent are in the internal of this CPP leadership that order HUN SEN from behind every day . after all that two communist is staring this poor nation until the end of it

  2. Anonymous says:

    at first she was POL POT victim right now she is becoming POL POT No 2 victim , both is jailing her we Cambodian confess to let her free . I knew one one else beside HUN SEN who ordering to do this retaliation . HUN SEN have to change right now in order to save his life the time is limited . last change

  3. Sosocheath says:

    ពលរដ្ឋណាស្នើឲ្យដោះលែង មីយ៉ៅកញ្ចាស់កញ្ចាស់
    ធ្វើឆ្កួត លលាដ៍តែ ព្រោះខ្លាចគុកហ្នឹងពួកពូជមី
    ចេះត្រឹមលាងតែក្ត?

  4. so cheat says:

    អា sosocheathអាកូនមីសំផឹងចោរយួនទូរយស្សបើអាអ្ហែងនៅភ្លើទេអាអ្ហែងគួរសួរទៅអាកញ្ជះយួន អមនុស្សធម៌ ហ៊ុនសែន ហេតុអ្វីបានជាចាប់ សេង ធារី ដាក់គុកនៅព្រះវិហារបើវាមិនប្រាប់អាចុយម្រាយឯងទេចាំអញប្រាប់ឯងពេលក្រោយអាតៃហោងsosocheath។