ទំនាក់ទំនងអន្តរជាតិ ព័ត៌មានជាតិ
លោក ញឹម សុខន | ២០ មិថុនា ២០២២ | ម៉ោង ១៧:៥២
VOD

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោក Phạm Minh Chính នាយករដ្ឋមន្ត្រីវៀតណាម ចាប់ដៃគ្នានៅថ្ងៃខួបលើកទី៤៥ នៃទិវាការចងចាំដំណើរឆ្ពោះទៅកាន់ការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២២) ស្ថិតនៅភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ហ៊ុន សែន)
មេដឹកនាំវៀតណាមបានលើកឡើងថា ទំនាក់ទំនងកម្ពុជា-វៀតណាម ជាង៤០ឆ្នាំមកនេះ បានរឹតចំណងសាមគ្គីភាព ប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អឡើងវិញលើគ្រប់វិស័យ ទាំងវិស័យការពារជាតិនិងបញ្ហាព្រំដែន ខណៈចោទប្រកាន់មេដឹកនាំខ្មែរក្រហមថាខ្វះភាពស្មោះត្រង់ លើកទ័ពទៅឈ្លានពានទឹកដីរបស់ខ្លួន។
ការលើកឡើងរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (Pham Minh Chinh) នេះ បានធ្វើឡើងក្នុងពិធីប្រារព្ធ «ខួបលើកទី៤៥ នៃទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ឆ្នាំ១៩៧៧ - ២០ មិថុនា ឆ្នាំ២០២២» លើទឹកដីកម្ពុជា ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ដែលមានការចូលរួមពីនាយករដ្ឋមន្ត្រីកម្ពុជា និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀតផងដែរ។
ក្នុងសុន្ទរកថាជិត១ម៉ោង មេដឹកនាំវៀតណាម លោក ផាម មិញជីញ បានលើកឡើងថា វៀតណាមជាប្រទេសជិតខាងកម្ពុជា ដែលមានទំនាក់ទំនងជិតស្និទ្ធនិងយូរអង្វែងជាមួយកម្ពុជា ហើយប្រទេសទាំងពីរចេះជួយគ្នាក្នុងគ្រាលំបាកទៅវិញទៅមក ពិសេសការរួមគ្នាប្រឆាំងពួកអាណានិគម ចាប់តាំងពីឆ្នាំ១៩៤៥មក ។
តាមរយៈអ្នកបកប្រែ មេដឹកនាំវៀតណាមរូបនេះបានគូសបញ្ជាក់ថា ពិសេសការវាយរំដោះទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដែលពេលនោះ ខ្មែរក្រហមទទួលបានជាជ័យជម្នះលើរបប លន់ នល់ ហើយឡើងកាន់អំណាច។
ក៏ប៉ុន្តែលោកថា ខ្មែរក្រហម ដែលដឹកនាំដោយ ប៉ុល ពត ពេលនោះបានបំពានលើប្រពៃណីដ៏ល្អនិងសន្តិភាពរបស់ប្រទេសទាំងពីរ ដោយបានបញ្ជូនកងទ័ពទៅដណ្តើមយកកោះវៀតណាមមួយចំនួន ព្រមទាំងពង្រាយទ័ព១០កងពលធំបង្កសង្គ្រាមតាមខ្សែបន្ទាត់ព្រំដែនក្នុងឆ្នាំ១៩៧៧ ដែលបណ្ដាលឱ្យស្លាប់ជនស៊ីវិលវៀតណាមរាប់ម៉ឺននាក់។
តែយ៉ាងណា លោក មិញជីញ បានលើកឡើងថា ក្រោយថ្ងៃរំដោះ៤៥ឆ្នាំមកនេះ ទំនាក់ទំនងកម្ពុជា-វៀតណាមត្រូវបានពង្រឹងឡើងវិញ បង្កើតលក្ខខណ្ឌអំណោលផលសម្រាប់ជាប្រយោជន៍នៃប្រទេសទាំងពីរ។
លោកថា៖ «កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិនិងសន្តិសុខកាន់តែមានការរីកចម្រើននិងល្អប្រសើរនិងប្រកបដោយប្រសិទ្ធភាព ជាសរសរស្ដម្ភដ៏សំខាន់មួយក្នុងទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ បណ្ដាភូមិភាគ និងកម្លាំងការពារព្រំដែន បានសម្របសម្រួលនិងរក្សាសន្តិសុខសណ្ដាប់ធ្នាប់នៅតាមព្រំដែនប្រកបដោយប្រសិទ្ធភាព និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងតំបន់ទាំងនេះ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាអតីតមេបញ្ជាការកងទ័ពខ្មែរក្រហម និងបានឡើងកាន់អំណាចចាប់ពីរបបខ្មែរក្រហមដួលរលំទៅនោះ បានលើកឡើងថា ក្រោយថ្ងៃរំដោះ មានមនុស្សមួយចំនួនចោទលោកថាជាជនឧក្រិដ្ឋ បាននាំកងទ័ពវៀតណាមមកសម្លាប់ពលរដ្ឋខ្មែរ ។
ក៏ប៉ុន្តែ លោកបកស្រាយថា ការដែលសាលាក្ដីខ្មែរក្រហមកាត់ទោសមេដឹកនាំខ្មែរក្រហម ពីបទ «ឧក្រិដ្ឋកម្មសង្គ្រាម ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងបទប្រល័យពូជសាសន៍» ជាការផ្តល់យុត្តិធម៌ឱ្យរូបលោក និងប្រទេសវៀតណាម ដែលបានសហការគ្នាផ្ដួលរំលំរបបអាវខ្មៅនេះ។
លោកថា៖ «ជោគជ័យនៃការកាត់ទោសខ្មែរក្រហម ជាការផ្តល់យុត្តិធម៌នៃកម្លាំងតស៊ូរបស់កម្ពុជា ដោយមានការគាំទ្រពីកងទ័ពស្ម័គ្រចិត្តវៀតណាម»។
ខ្មែរក្រហម បានដួលរលំក្រោយឡើងកាន់អំណាចបានជាង៣ឆ្នាំ បន្ទាប់ពីផ្ដួលរំលំរបប លន់ នល់ ចេញពីអំណាច ដែលជ័យជម្នះនោះត្រូវបានគេកត់ត្រាថា «ចិនជាខ្នងបង្អែក»។
ដូចគ្នានឹងការដឹកនាំបច្ចុប្បន្ន រដ្ឋាភិបាលប្រកាសថា «ចិនជាមិត្តដែកថែប» ខណៈចិនកំពុងមានជម្លោះដែនទឹកជាមួយវៀតណាមនៅសមុទ្រចិនខាងត្បូង។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណរ៉ា លើកឡើងថា ខ្មែរក្រហម និងវៀតណាម ពីដើមជាបក្សសម្ព័ន្ធបដិវត្តន៍ឥណ្ឌូចិនតែមួយ ហើយថាឫសគល់នៃគណបក្សប្រជាជនកម្ពុជាបច្ចុប្បន្ន ក៏ចេញពីគណបក្សកុម្មុយនីស្តឥណ្ឌូចិនដែលបង្កើតឡើងដោយលោក ហូ ជីមិញ ដែរ។
ក្នុងន័យនេះ លោកពន្យល់ថា ខ្មែរក្រហម និងវៀតណាម ពីអតីតកាលមានជំហរតែមួយ ហើយនៅពេលបក្សកុម្មុយនីស្តរំដោះឥណ្ឌូចិនបាន ខ្មែរក្រហមគ្រប់គ្រងក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ រីឯកងទ័ពយៀកកុង និងវៀតណាមខាងជើង ចូលកាន់កាប់ទីក្រុងហូជីមិញ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥។
ប៉ុន្តែក្រោយមក មានចរន្តគិតមួយកើតឡើង គឺ ប៉ុល ពត មិនព្រមឱ្យទឹកដីកម្ពុជាបាត់បង់ទៅវៀតណាម ទើបមានការលើកទ័ពទៅវាយយកកោះត្រល់មកវិញ។
លោកថា៖ «ចំនុចមួយទៀត រឿងខ្មែរក្រហមពេលនោះ ដោយសារមិនសុខចិត្តរឿងវៀតណាមយកបញ្ហា [កោះត្រល់] ហ្នឹងហើយ បានងាកទៅខាងចិន ដល់អ៊ីចឹងបានវៀតណាមលើកបញ្ហាបច្ចុប្បន្ន ដែលកម្ពុជាដែលជាមិត្តភាពម៉ឺនឆ្នាំកន្លងមកហ្នឹង គឺងាកមកចិនដែរ គឺមិត្តដែកថែប ដល់អ៊ីចឹងទៅធ្វើឱ្យវៀតណាមរំឭកបញ្ហាហ្នឹងមានលក្ខណៈដូចគ្នាអ៊ីចឹង»។
បញ្ហានេះ លោក ឯម សុវណ្ណរ៉ា គិតថា សាររបស់មេដឹកនាំវៀតណាម គឺវៀតណាមអាចខ្លាចបាត់បង់ទាំងប្រយោជន៍នយោបាយនិងសេដ្ឋកិច្ច បើកម្ពុជាងាកកាន់តែខ្លាំងទៅរកចិននោះ ដោយលោកសង្កេតឃើញថា បច្ចុប្បន្នការដណ្តើមទីផ្សានៅកម្ពុជា រួមទាំងវិស័យនយោបាយ ចិនហាក់លេចធ្លោជាងវៀតណាម៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
Vietnam is HUN SEN million years boss and China is HUN SEN iron friend what do you think Cambodian ???????
OH …WOW Cambodia was a invader of the Vietnam that can be a very worry to the world . the question is what do your Vietnamese leader say if I HUN SEN will let China take you out .
ហ៊ុន សែន ពិតជាអ្នកស្នេហាជាតិមែន ប៉ុន្តែគាត់មិនមែនជាអ្នកស្នេហាជាតិខ្មែរទេ គាត់ជាអ្នកស្នេហាជាតិយួនជាង។