ដោយ អាស៊ីសេរី
2022.06.21
RFA

(ពីឆ្វេង) ប្រធានសមាគមអាដហុក (Adhoc) លោក នី សុខា មន្ត្រីសមាគមអាដហុក អ្នកស្រី លឹម មុនី លោក នី ចរិយា (មន្ត្រីជាន់ខ្ពស់ គ.ជ.ប) មន្ត្រីសមាគមអាហុក លោក យី សុខសាន្ត និងលោក ណៃ វ៉ង់ដា។ រូប៖ ហ្វេសប៊ុកលោក កន សាវាង្ស
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ដាក់ពាក្យប្តឹងសាទុក្ខទៅតុលាការកំពូលប្រឆាំងសាលដីកាផ្ដន្ទាទោសរបស់សាលាឧទ្ធរណ៍ភ្នំពេញក្នុងសំណុំរឿងសូកប៉ាន់សាក្សី។ មន្ត្រីសិទ្ធិមនុស្សស្នើឱ្យតុលាការជាន់ខ្ពស់មួយនេះ ផ្តល់យុត្តិធម៌ និងទម្លាក់ចោលការចោទប្រកាន់ ព្រោះពួកគាត់បំពេញការងារលើកកម្ពស់សិទ្ធិមនុស្ស និងជួយពលរដ្ឋរងគ្រោះតាមវិជ្ជាជីវៈ និងច្បាប់យ៉ាងត្រឹមត្រូវ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកលើកឡើងថា ក្រោយពីទទួលរងភាពអយុត្តិធម៌ពីសេចក្តីសម្រេចផ្ដន្ទាទោសរបស់តុលាការថ្នាក់ក្រោមជាបន្តបន្ទាប់ ពួកគាត់បានដាក់ពាក្យប្តឹងសាទុក្ខទៅតុលាការកំពូលបន្តទៀត នៅព្រឹកថ្ងៃ២១ ខែមិថុនា។ ពួកគាត់រំពឹងថា តុលាការថ្នាក់ខ្ពស់មួយនេះ នឹងផ្ដល់សេរីភាពពេញលេញដោយទម្លាក់ចោលការចោទប្រកាន់នាពេលខាងមុខនេះ។
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ថ្លែងថា មូលហេតុដែលលោកដាក់ពាក្យប្តឹងសាទុក្ខពេលនេះ ដោយសារកន្លងមកសេចក្តីសម្រេចផ្ដន្ទាទោសរបស់តុលាការថ្នាក់ក្រោមវិនិច្ឆ័យដោយពុំបានពិចារណាផ្អែកលើអង្គហេតុនិងច្បាប់ឱ្យបានត្រឹមត្រូវនោះទេ។ លោកថា ផ្ទុយទៅវិញមន្ត្រីសិទ្ធិមនុស្សដែលបំពេញការងារជួយជនរងគ្រោះស្របតាមគោលការណ៍សមាគម និងច្បាប់បែរជារងការលាបពណ៌ និងចោទប្រកាន់តាមប្រព័ន្ធតុលាការទាំងអយុត្តិធម៌ទៅវិញ។ លោក យី សុខសាន្ត ស្នើក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលកោះហៅដើមបណ្ដឹង ដើម្បីចូលរួមសវនាការតទល់គ្នា៖ «ដោយសារតាំងពីសាលាដំបូង ក៏ដូចសាលាឧទ្ធរណ៍លោកមិនបានចាត់វិធានការទៅតាមសំណូមពាររបស់ពួកយើងទេ ដោយវិនិច្ឆ័យខុសដែលមិនបានទៅលើអង្គហេតុ អង្គច្បាប់ និងភស្តុតាង ជាពិសេសសាក្សីពីរនាក់ដែលប្តឹងនិងចោទប្រកាន់មកលើរូបយើងថា សូកប៉ាន់សាក្សីតែពួកគាត់អត់បានមកតទល់ក្តីនៅចំពោះមុខច្បាប់ទេ»។
បណ្តឹងសាទុក្ខពេលនេះ ធ្វើឡើងដើម្បីប្រឆាំងនឹងការសម្រេចរបស់ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ភ្នំពេញលោក ស៊ិន វិសាល ដែលបានតម្តល់ការផ្តន្ទាទោសមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) លោក នី សុខា លោក យី សុខសាន្ត អ្នកស្រី លឹម មុន្នី និងអតីតមន្ត្រីសិទ្ធិមនុស្សម្នាក់ទៀតគឺលោក ណៃ វ៉ង់ដា និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក នី ចរិយា តាមសាលក្រមសាលាដំបូងរាជធានីភ្នំពេញដោយកាត់ទោសឱ្យជាប់ពន្ធនាគារម្នាក់ៗ ចំនួន ៥ឆ្នាំ ក្រោមបទចោទប្រកាន់សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីពាក់ព័ន្ធនឹងសំណុំរឿងរបស់កញ្ញា ខុម ចាន់តារាទី ហៅស្រី មុំ ដែលត្រូវបានគេចោទថា ជាស្រីកំណាន់របស់លោក កឹម សុខា កាលពីខែកញ្ញា ឆ្នាំ២០១៨ កន្លងមក។ ប៉ុន្តែទោស ៥ឆ្នាំនេះ ដោយតុលាការឱ្យអនុវត្តទោសក្នុងពន្ធនាគាររយៈពេល១៤ខែ ហើយទោសដែលនៅសល់ត្រូវបានព្យួរ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកនាំពាក្យតុលាការកំពូលអ្នកស្រី ម៉ៅ ធីតា ដើម្បីអត្ថាធិប្បាយជុំវិញរឿងនេះបានទេនៅថ្ងៃ២១ ខែមិថុនា។
ទាក់ទងរឿងនេះ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា ការចោទប្រកាន់ និងផ្ដន្ទាទោសលើមន្ត្រីអាដហុក ៥នាក់កន្លងទៅ គឺជារឿងអយុត្តិធម៌សម្រាប់អ្នកពារសិទ្ធិមនុស្សដែលជួយជនរងគ្រោះដោយបំពេញការងារតាមវិជ្ជាជីវៈត្រឹមត្រូវ។ លោកមើលឃើញថា សំណុំរឿងនោះគ្មានភស្តុតាងដាក់បន្ទុកក្នុងការចោទប្រកាន់លើមន្ត្រីសិទ្ធិមនុស្សទាំងនេះទេ។ លោកបន្តថា ចំពោះការមិនកោះហៅសាក្សី គឺកញ្ញា ខុម ចាន់តារាទី ហៅ ស្រីមុំ និងអ្នកស្រី ទ្រី ឈួន ចូលរួមសវនាការហាក់លម្អៀងទៅរកដើមបណ្តឹងដែលជាការបំពាននីតិវិធីច្បាប់៖ «តាំងពីដើមមកហើយ ដែលមិនគួរមានការចោទប្រកាន់ ការផ្តន្ទាទោសដល់ពួកគាត់ទេ ពីព្រោះពួកគាត់គ្រាន់តែបំពេញតួនាទីក្នុងនាមអ្នកការពារសិទ្ធិមនុស្ស បម្រើផលប្រយោជន៍ក្នុងសង្គម ហើយការពារសិទ្ធិរបស់ប្រជាពលរដ្ឋដោយធ្វើការតាមក្រមសីលធម៌វិជ្ជាជីវៈ ដែលមិនមែនជាបទល្មើសដូចការចោទប្រកាន់នោះទេ»។
មន្ត្រី គ.ជ.ប ម្នាក់ និងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុកទាំង ៤រូប ត្រូវបានអាជ្ញាធរចាប់ខ្លួនដោយចោទប្រកាន់ពីបទ «សូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សី» ក្នុងសំណុំរឿងផ្ដល់ប្រាក់ជាង ២០០ដុល្លារទៅឱ្យនាង ស្រីមុំ ក្នុងនាមជនរងគ្រោះ ដែលរត់មករកអាដហុកឱ្យជួយ កាលពីខែមេសា ឆ្នាំ២០១៦។ បុគ្គលិក គ.ជ.ប និងមន្ត្រីអាដហុកទាំង ៥នាក់ ត្រូវបានអាជ្ញាធរបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារព្រៃស កាលពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៦ រហូតដល់មានការដោះលែងពួកគេឱ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៧៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អាតុលាការឆ្កួតអើយល្មមឈប់លេងល្ខោនសំដែងអោយគេជឹរទៀតទៅ។ពួកអាចំកួតអតុលាការរបស់អាខ្ខាក់ ហ សយកនិតិមាត់ទៅអនុវត្តច្បាប់ទាអាយារដូកៅស៊ូ។គេហៅថាច្បាប់ម៉ែវា។បើអាចំកួតតុលាខ្លាចអាខ្វាក់លាឈប់ធ្វើការទៅកុំរំលោភច្បាប់ប្រទេសជាតិនាំអោយអសោចកេរ្តិ៍ឈ្មោះប្រទេសខ្មែរពេញសកលលោក។
in this case it is your right to fight for justice . we knew you are Human right actives please let Cambodian see that you can do your job