ដោយ សុជីវី
2022.06.21
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
ព្រៃឈើនៅកម្ពុជានៅតែជាបញ្ហាចោទដដែលបើទោះបីជា លោក ហ៊ុន សែន និងគូកនរបស់ខ្លួននៅតាមក្រសួងពាក់ព័ន្ធ និងមន្ត្រីមូលដ្ឋានតែងតែបង្ហាញសាធារណជនថា មិនមានបទល្មើសព្រៃឈើក៏ដោយ ប៉ុន្តែសកម្មជនព្រៃឈើ និងប្រជាសហគមន៍មូលដ្ឋានតែងតែបារម្ភ និងចេញរបាយការណ៍ ថា អាជ្ញាធរមូលដ្ឋានតែងតែឃុបឃិតគ្នាបើកដៃឱ្យជនល្មើសចូលកាប់ព្រៃជាបន្តបន្ទាប់តាមរយៈការប្រព្រឹត្តអំពើពុករលួយ។
កន្លងទៅរដ្ឋាភិបាល លោក ហ៊ុន សែន បានសន្យានៅចំពោះមុខសាធារណជនជុំវិញការទប់ស្កាត់បទល្មើសព្រៃឈើឱ្យបានគង់វង្ស។ លោក ហ៊ុន សែន ថែមទាំងអះអាងដាក់ជីវិតដើម្បីគ្រប់គ្រងព្រៃឈើ ប៉ុន្តែអស់រយៈពេលជាច្រើនឆ្នាំមកនេះ ព្រៃឈើនៅកម្ពុជាត្រូវបានជនល្មើសកាប់ទន្ទ្រានយ៉ាងអនាធិបតេយ្យ បើទោះបីជាមានការដាក់ចេញនូវយន្តការ និងអនុក្រឹត្យជាបន្តបន្ទាប់ពីក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងបរិស្ថានក៏ដោយ។
ក្ដីបារម្ភទាំងអស់នេះបានបង្កើតជាសំណួរថា៖ ហេតុអ្វីបានជារដ្ឋាភិបាល លោក ហ៊ុន សែន មិនអាចទប់ស្កាត់បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់បាន?
កាលពីថ្មីៗនេះ អង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ចេញរបាយការណ៍មួយ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ដែលមានចំណងជើងថា «ការកាប់ឈើខុសច្បាប់ធ្វើឱ្យប៉ះពាល់ដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច»។ របាយការណ៍បង្ហាញថា នៅក្នុងឆ្នាំ២០២១ ព្រៃឈើចំនួនជាង ៦ពាន់ហិកតារ (៦.២៧១ហិកតារ) ត្រូវបានកាប់បំផ្លាញនៅក្នុងដែនជម្រកសត្វព្រៃចំនួនពីរ ក្នុងនោះមានដែនជម្រកសត្វព្រៃឡង់ និងដែនជម្រកសត្វព្រៃព្រះរកា មានការកាប់ឈើដោយខុសច្បាប់យ៉ាងច្រើនសន្ធឹកសន្ធាប់កំពុងប៉ះពាល់ធ្ងន់ធ្ងរដល់សិទ្ធិ និងវប្បធម៌របស់ជនជាតិដើមភាគតិច។
របាយការណ៍ដដែល ថែមទាំងចោទប្រកាន់ចំៗ ទៅលើអាជ្ញាធរពាក់ព័ន្ធ ហើយជាពិសេសមន្ត្រីក្រសួងបរិស្ថានថា មិនបានអើពើនឹងការរាយការណ៍បទល្មើសព្រៃឈើពីប្រជាពលរដ្ឋ ហើយថា មន្ត្រីក្រសួងបរិស្ថានទាំងនោះ បានចុះទៅស៊ើបអង្កេតដោយគ្រាន់តែដើម្បីទទួលលុយក្រោមតុពីជនល្មើសតែប៉ុណ្ណោះ។ របាយការណ៍អះអាងថា សកម្មភាពកាប់បំផ្លាញព្រៃឈើយ៉ាងអនាធិបតេយ្យនេះ មិនត្រឹមតែបំផ្លាញដល់ជីវចម្រុះ និងធ្វើឱ្យមានការប្រែប្រួលអាកាសធាតុនោះទេ ប៉ុន្តែវាកំពុងបំផ្លាញវប្បធម៌ និងសិទ្ធិរបស់ជនជាតិដើមភាគតិចកួយថែមទៀត។
ថ្វីត្បិតតែបទល្មើសព្រៃឈើរកឃើញជាហូរហែពីសំណាក់អង្គការជាតិ និងអន្តរជាតិពិតមែន ប៉ុន្តែលោក ហ៊ុន សែន មិនអើពើទប់ស្កាត់នោះទេ។ ផ្ទុយទៅវិញសេចក្ដីថ្លែងការណ៍របស់ក្រុមបណ្ដាញព្រៃឡង់បង្ហាញថា មន្ត្រីអាជ្ញាធរ ជាពិសេសក្រសួងបរិស្ថានបានហាមឃាត់បណ្ដាញសហគមន៍ព្រៃឡង់មិនឲ្យចុះល្បាតព្រៃនោះទេ ខណៈដែលសកម្មភាពជនល្មើសចូលកាប់ឈើ និងដឹកជញ្ជូនបានយ៉ាងរលូន ដោយគ្រាន់តែបង់ប្រាក់ជូនមន្ត្រីតាមទីស្នាក់ការត្រួតពិនិត្យ ជាថ្នូរនឹងការទទួលបានការអនុញ្ញាតឱ្យប្រព្រឹត្តបទល្មើសក្នុងព្រៃឡង់។
ជាការរកឃើញក្នុងសេចក្តីថ្លែងការណ៍របស់ក្រុមបណ្ដាញសហគមន៍ព្រៃឡង់ ចុះកាលពីថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២១ស្ដីពី «សកម្មភាពកាប់បំផ្លាញព្រៃឈើ និងការកាប់រានដីព្រៃល្មើសច្បាប់នៅក្នុងតំបន់ព្រៃឡង់» បានឱ្យដឹងថា បទល្មើសនៅតំបន់ព្រៃឡង់ មានការកាប់បំផ្លាញដើមជ័រច្បោះ និងដើមឈើធំៗ។
សេចក្តីថ្លែងការណ៍ដដែលបង្ហាញថា សកម្មភាពដឹកឈើយ៉ាងអនាធិបតេយ្យ បានដឹកឈើឱ្យក្រុមហ៊ុន Think Biotech Co., Ltd ស្ថិតក្នុងខេត្ត ក្រចេះ ក្រុមហ៊ុន Thy Nha Co.,Ltd Development and Investment និងក្រុមហ៊ុន PNT ស្ថិតក្នុងខេត្តព្រះវិហារ និងសកម្មភាពការដឹកជញ្ជូនឈើជាច្រើនគោយន្តក្នុងមួយថ្ងៃៗ ខណៈដែលអាជ្ញាធរមូលដ្ឋានមិនមានវិធានការទប់ស្កាត់ឱ្យបានត្រឹមត្រូវ។
តំបន់ព្រៃឡង់មានផ្ទៃដីប្រមាណ ៥០ម៉ឺនហិកតារ ដោយគ្រប់ដណ្តប់ខេត្តចំនួន៤ គឺព្រះវិហារ កំពង់ធំ ក្រចេះ និងខេត្តស្ទឹងត្រែង។ តំបន់ព្រៃឡង់នេះ ត្រូវបានរដ្ឋាភិបាលកំណត់ជាតំបន់ការពារកាលពីឆ្នាំ២០១៦។
អ្នកឃ្លាំមើលបញ្ហាព្រៃឡង់ លោក ប៉ឹក សោភ័ណ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ ប្រាប់វិទ្យុអាស៊ីសេរីថា នៅថ្ងៃទី២០ ខែឧសភានេះថា កន្លងមករដ្ឋាភិបាលបានបង្កើតគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិដែលដឹកនាំដោយលោក សៅ សុខា អគ្គមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជាប្រធាន ក៏ប៉ុន្តែលោកមើលឃើញយន្តការទាំងអស់នោះ គ្មានការអនុវត្តឱ្យពេញលេញនោះទេ។ លោកសង្កត់ធ្ងន់ថា បើទោះបីរដ្ឋាភិបាល លោក ហ៊ុន សែន តែងតែអះអាងថា មានមន្ត្រីបរិស្ថានគ្រប់គ្រាន់ក្នុងការចូលរួមការពារទាំងថ្នាក់ក្រោមជាតិ និងថ្នាក់ជាតិក៏ដោយ តែការអនុវត្តវិធានការទាំងអស់នោះគ្រាន់តែដើម្បីល្អមើលប៉ុណ្ណោះ៖ «រដ្ឋាភិបាលមិនអាចទប់ស្កាត់បទល្មើសព្រៃឡង់នៅក្នុងប្រទេសបានទេបានទេ បើសិនរដ្ឋាភិបាលមិនមានផែនការច្បាស់លាស់ ហើយមិនមានឆន្ទៈពិតប្រាកដក្នុងការថែរក្សាព្រៃឈើ ហើយប្រសិនបើមានឆន្ទៈអនុវត្តគ្រាន់តែរឿងមួយឱ្យគ្រាន់តែល្អមើលទៅដល់ភ្នែកជាតិ អន្តរជាតិនោះវាប្រកាសណាស់ព្រៃឈើមិនអាចគង់វង្សបានទេ»។
លោកបន្តថា បើសិនជារដ្ឋាភិបាល ចង់ដោះស្រាយបញ្ហាព្រៃឈើ ជាពិសេសព្រៃឡង់ លុះត្រាតែរដ្ឋាភិបាលពិនិត្យមើលមន្ត្រីថ្នាក់ក្រោម រួមទាំងថ្នាក់ជាតិកុំឱ្យមានអំពើពុករលួយ ហើយបើកជំហរសិទ្ធិមូលដ្ឋានឱ្យប្រជាសហគមន៍ និងសង្គមស៊ីវិលចូលរួមយ៉ាងសកម្មទើបអាចការពារព្រៃឈើបាន។ ប៉ុន្តែលោកបារម្ភថា បើសិនជារដ្ឋាភិបាលសន្យាខ្យល់ដូចបច្ចប្បន្ន នឹងរង់ផលប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាពលរដ្ឋ និងសង្គមជាតិទាំងមូលដោយសារបាត់បង់គម្របព្រៃឈើ បញ្ហាបម្រែបម្រួលអាកាសធាតុកើនឡើង៖ «បើអនុវត្តវិធានការ និងការពារមិនបានទេ គឺវាជារឿងអាម៉ាស់ ជារឿងអាប់ឱនកិត្តិយសរបស់រដ្ឋាភិបាលកម្ពុជាជាមួយនឹងអង្គការជាតិ អង្គការអន្តរជាតិ!។ […] ហើយអ្វីដែល ប៉ះពាល់ គឺវាប៉ះពាល់ដល់យើងទាំងអស់គ្នា វាប៉ះពាល់ទៅសហគមន៍មូលដ្ឋានជនជាតិដើមភាគតិចដែលគាត់ប្រើប្រាស់អាស្រ័យផលព្រៃឈើ។ អាហ្នឹងវាប៉ះពាល់ផ្ទាល់សម្រាប់ពួកគាត់ [ប្រជាសហគមន៍មូលដ្ឋាន] ហើយប៉ះពាល់ជាទូទៅ គឺការបម្រែបម្រួលអាកាសធាតុជាដើម»។
ចំណែកប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃបណ្ដាញយុវជនកម្ពុជា ហៅកាត់ថា CYN លោក ហេង គឹមហុង ប្រាប់វិទ្យុអាស៊ីសេរីថា មូលហេតុដែលរដ្ឋាភិបាលមិនអាចអនុវត្តតាមការប្ដេជ្ញារបស់ខ្លួនក្នុងការការពារព្រៃឈើបានដោយសារតែកង្វះការចុះត្រួតពិនិត្យលើមន្ត្រីថ្នាក់មូលដ្ឋាន ដែលធ្វើឱ្យការអនុវត្តច្បាប់មានភាពធូររលុង ស្របពេលដែលមន្ត្រីខ្លះខ្វះឆន្ទៈការពារព្រៃពិតប្រាកដ។
យោងតាមកម្មវិធីព្រៃឈើជាតិចេញកាលពីខែមករា ឆ្នាំ២០១៨ របស់រាជរដ្ឋាភិបាលកម្ពុជាបង្ហាញថា ឆ្នាំ ២០១០-២០២៩ ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រក្ខាប្រមាញ់ និងនេសាទ បានប្ដេជ្ញាចិត្តដោយសន្យាថែរក្សាគម្របព្រៃឈើឱ្យបាន ៦០ភាគរយ ត្រឹមឆ្នាំ២០២៩។
ប៉ុន្តែលោក គីម ហុង មើលឃើញថា ទាក់ទងនឹងយន្តការមួយចំនួនរបស់ក្រសួងបរិស្ថានទាំងយន្តការផ្នែករដ្ឋបាល និងការបង្កើតឱ្យមានអនុក្រឹត្យការពារធនធានធម្មជាតិមួយចំនួន នៅតែមិនមានប្រសិទ្ធភាព។ លោកអះអាងថា ក្នុងរយៈពេល២ទសវត្សរ៍ចុងក្រោយនេះគម្របព្រៃឈើបានបាត់បង់ជាង ១៤% គិតត្រឹមឆ្នាំ២០១៨។ ដូច្នេះ លោកមើលឃើញថា បើគិតមកដល់បច្ចុប្បន្ននេះអាចកើនឡើងកាន់តែច្រើនជាងមុនទ្វេដង៖ «ក្រៅពីការបង្កើតយន្តការមួយចំនួន រដ្ឋាភិបាលខ្លួនឯងក៏គួរតែពិចារណាដែរ ថាធ្វើរបៀបម៉េចដើម្បីអនុវត្តកិច្ចការរបស់ខ្លួនឱ្យមានប្រសិទ្ធភាពបន្ថែមទៀតលើយន្តការហ្នឹង? យន្តការមាន ប៉ុន្តែរដ្ឋាភិបាលគួរតែមានការប្តេជ្ញារចិត្តខ្ពស់នៅក្នុងការអនុវត្តមានប្រសិទ្ធភាព ពង្រឹងប្រសិទ្ធភាពមន្ត្រីរបស់ខ្លួនធ្វើអធិការកិច្ចនិងត្រួតពិនិត្យជាប្រចាំទៅលើការអនុវត្តកិច្ចការរបស់ខ្លួន»។
វិទ្យុអាស៊ីសេរីមិនអាចសុំការអធិប្បាយពីអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានដោយទូរសព្ទចូលមិនមានអ្នកទទួល។ ប៉ុន្តែ អ្នកនាំពាក្យគណៈកម្មជាតិទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ លោក អេង ហ៊ី ប្រាប់វិទ្យុអាស៊ីសេរីថា មកដល់ពេលនេះ មិនមានបទល្មើសកាប់ទន្ទ្រានព្រៃឈើនៅក្នុងតំបន់ព្រៃឡង់ទេ ហើយរដ្ឋាភិបាលបង្ក្រាបបទល្មើសជាបន្តបន្ទាប់មិនមានករណីធំដូចមុននោះដែរ។ លោកបន្តថា ការលើកឡើងដែលថា រដ្ឋាភិបាលមិនអាចទប់ស្កាត់បទល្មើសព្រៃឈើបានពីសំណាក់សហគមន៍ និងសង្គមស៊ីវិលគឺ ជាជាព័ត៌មានមិនពិត ព្រោះលោកថា មន្ត្រីបរិស្ថានបានចុះល្បាតជាបន្តបន្ទាប់ មិនឃើញមានបទល្មើសនោះទេ៖ «បញ្ហាហ្នឹង[បទល្មើសព្រៃឈើ] តាមអាជ្ញាធរដែនដីតាមរាជធានីខេត្តដែលជាសមាជិកគណៈកម្មការដែរហើយគាត់ជាអាជ្ញាធរដែនដីផង គឺរបាយការណ៍របស់គាត់មានការបង្ក្រាបរាល់បទល្មើស។ អ៊ីចឹងបញ្ហាដែលនៅមាន គឺនៅមានប្រជាពលរដ្ឋមួយចំនួនដែលគាត់មិនទាន់យល់មិនទាន់អី គឺគាត់មានការលួចកាប់ ហើយយើងក៏ឃាត់បានដែរ»។
ជុំវិញរឿងនេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ ផ្ដល់ដំណោះស្រាយថា អ្វីដែលរដ្ឋាភិបាលត្រូវតែធ្វើ គឺជំរុញមន្ត្រីរបស់ខ្លួនក្នុងការអនុវត្តនូវវិធានការ និងនីតិវិធីច្បាប់ឱ្យបានតឹងរ៉ឹង និងលុបបំបាត់អំពើពុករលួយពីមន្ត្រីមូលដ្ឋានជាមុនសិន៖ «អ្វីដែលរដ្ឋាភិបាលត្រូវធ្វើគឺការជំរុញ និងការអនុវត្ត ថ្វីបើពេលនេះរដ្ឋាភិបាលកំពុងធ្វើការកែប្រែច្បាប់ស្ដីពីព្រៃឈើ ស្ដីពីច្បាប់តំបន់ការពារជាដើម ប៉ុន្តែច្បាប់ល្អប៉ុណ្ណាក៏ដោយ ការអនុវត្តច្បាប់បែបអំពើពុករលួយជាប្រព័ន្ធ វានៅតែអត់អាចធ្វើទៅបានដដែល។ ហើយជាងនេះទៅទៀត រដ្ឋាភិបាលត្រូវតែមានឆន្ទៈពិតប្រាកដ បើកជំហរដល់សាធារណជនដើម្បីឱ្យមានការចូលរួមទប់ស្កាត់ទើបអាចដោះស្រាយបាន»។
ពាក់ព័ន្ធនឹងបញ្ហានេះ សហរដ្ឋអាមេរិកកាលពីខែមិថុនា ឆ្នាំ២០២១ បានប្រកាសបញ្ចប់ជំនួយដល់រដ្ឋាភិបាលកម្ពុជា ក្រោមគម្រោងព្រៃឡង់បៃតងដោយលើកហេតុផលថា «បញ្ហាមិនត្រូវបានដោះស្រាយ» ដែលបណ្ដាលឱ្យបទល្មើសចេះតែបន្តកើតមានកាន់តែខ្លាំង។ សកម្មជនព្រៃឈើនៅតែបន្តទទូចឱ្យក្រសួងបរិស្ថាន ពង្រឹងការអនុវត្តច្បាប់ឱ្យបានតឹងរ៉ឹង និងលុបបំបាត់ ក្រុមហ៊ុនរកស៊ីអារឈើដោយខុសច្បាប់។
ដោយឡែករបាយការណ៍របស់អ្នកស្រាវជ្រាវនៃសកលវិទ្យាល័យ Copenhagen ប្រទេសដាណឺម៉ាក ដែលបានស្រាវជ្រាវអំពីព្រៃឡង់នៅប្រទេសកម្ពុជា បានចេញផ្សាយនៅដើមឆ្នាំ២០២០ បានឱ្យដឹងថា ព្រៃឡង់នៅកម្ពុជានៅតែបន្តបាត់បង់គួរឱ្យព្រួយបារម្ភ ហើយការកាប់បំផ្លាញមានការកើនឡើងជាង ៧០ភាគរយ ក្នុងឆ្នាំ២០១៩ បើធៀបនឹងឆ្នាំមុនៗ។ របាយការណ៍នេះបញ្ជាក់ថា ចាប់តាំងពីឆ្នាំ២០០០ ដល់ឆ្នាំ២០១៩ ព្រៃឡង់បាត់បង់ប្រមាណ ៤៧.៤០០ ហិកតារ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
every thing is benefit to Vietnam that right no one can stop the deforest in Cambodia . HUN SEN is just only a dump leader that all nothing good about this guy. dump, evil , rough, you name it this jungle Khmer rue man have it all . please take this evil monster out be for it is too late . I knew 2023 HUN SEN must go no matter what . please take a look every thing is coming to HUN SEN >> Cambodian is seeing clearly that HUN SEN is KBOTH CHEATH .. HUN SEN murder case already come to hunt him . the case that HUN SEN hurt the most is he let communist China come to build military base in Cambodia . please believing me HUN SEN is over