ដោយ ជុន ច័ន្ទបុត្រ
2022.06.21
RFA

លោក ញឹម សារ៉ុម មេឃុំចំណាលើជាប់ឆ្នោតគណបក្សភ្លើងទៀន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្នុងពេល លោកកំពុងតបម្រើការងារនៅក្នុងសាលាឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ នៅរសៀលថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២២។ រូបភាពពីពលរដ្ឋ
អាជ្ញាធរខេត្តកំពង់ធំបានចាប់ខ្លួន មេឃុំជាប់ឆ្នោតគណបក្សភ្លើងទៀនម្នាក់ ដោយចោទពីបទ «ប្លន់»។ សាច់ញាតិ ចាត់ទុកការចោទប្រកាន់និងចាប់ខ្លួននេះថា ជារឿងអយុត្តិធម៌មិនអាចទទូលយកបានឡើយ។
មេឃុំចំណាលើជាប់ឆ្នោតគណបក្សភ្លើងទៀន លោក ញឹម សារ៉ុម ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកំឡុងពេល ដែលលោកកំពុងតែបម្រើការងារនៅក្នុងសាលាឃុំចំណារលើ ស្រុកស្ទោង នៅរសៀលថ្ងៃទី២១ ខែមិថុនានេះ។
“ការចាប់មេឃុំជាប់ឆ្នោតនៅកំពង់ធំ ជាការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ”
ប្រពន្ធលោក ញឹម សារ៉ុម គឺលោកស្រី ខាត់ ឃាង ប្រាប់វិទ្យុអាស៊ីសេរីនៅថ្ងៃទី២១ ខែមិថុនានេះថា ការចាប់ខ្លួនប្ដីលោកស្រីទាំងកណ្ដាលថ្ងៃកំឡុងពេលធ្វើការងារបម្រើផលប្រយោជន៍ជាតិនេះ ជារឿងអយុត្តិធម៌ ព្រោះប្ដីលោកស្រីជាមនុស្សស្អាតស្អំ ដែលតែងតែស្រឡាញ់យុត្តិធម៌សង្គម ដោយមិនបានប្រព្រឹត្តកំហុសដូចការចោទប្រកាន់របស់តុលាការឡើយ។
លោកស្រីនិយាយក្នុងសម្ដីមួយៗ ទាំងអស់សង្ឃឹមថា មានការព្រួយបារម្ភ ក្រោយពីចាប់ខ្លួនប្ដីលោកស្រី ព្រោះមិនដឹងត្រូវទៅពឹងអ្វីទៀត ខណៈប្ដីលោកស្រីជាអ្នកមើលការខុសត្រូវ ក្នុងការផ្គត់ផ្គង់គ្រួសារ។ លោកស្រីថា ការចាប់ខ្លួនបែបនេះ វាជារឿងមួយរំលោភសិទ្ធិនយោបាយ និងជាការរំលោភឆន្ទៈពលរដ្ឋ។ លោកស្រីស្នើឱ្យតុលាការទម្លាក់ការចោទប្រកាន់ ព្រោះប្ដីលោកស្រីមិនបានប្រព្រឹត្តអ្វីខុសនោះទេ៖ «ខ្ញុំសំណូមពរទៅទាំងអស់ (អាជ្ញាធរ) ជួយដោះលែងប្ដីខ្ញុំផង ប្ដីខ្ញុំអត់មានខុសអីទេ ប្ដីខ្ញុំស្អាតស្អំ ឱ្យតុលាការជួយដោះលែងប្ដីខ្ញុំ»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្នងការនគរបាលខេត្តកំពង់ធំ លោក វ៉ន សុភ័ណ្ឌ ដើប្បីអធិប្បាយជុំវិញការចាប់ខ្លួននេះបានទេ នៅថ្ងៃទី២១ ខែមិថុនានេះ។
ចៅក្រុមស៊ើបសួរសាលាដំបូងខេត្តកំពង់ធំ លោក ស៊ិក វណ្ណា បានចោទប្រកាន់មេឃុំចំណារលើជាប់ឆ្នោត លោក ញឹម សារ៉ុម ពីបទ «ប្លន់» តាមបញត្តិមាត្រា៦ នៃច្បាប់ស្ដីពីស្ថានទម្ងន់ទោសនៃបទឧក្រិដ្ឋ ពាក់ព័ន្ធសំណុំរឿងប្រព្រឹត្ត កាលពីខែតុលា ឆ្នាំ២០០២។
ជុំវិញរឿងនេះ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្ស អាដហុក លោក ស៊ឹង សែនករុណា ប្រាប់វិទ្យុអាស៊ីសេរីថា ការចាប់ខ្លួនមេឃុំជាប់ឆ្នោតបក្សភ្លើងទៀននេះ ជារឿងមួយ ដែលចម្លែក ព្រោះសំណុំរឿងចោទប្រកាន់បានកើតឡើង តាំងពីឆ្នាំ២០០២។ លោកបន្តថា បើសិនជាការជាប់ខ្លួននេះ រកឃើញថា ជារឿងនយោបាយ គឺនឹងជះឥទ្ធិពលអាក្រក់ដល់ស្ថាននយោបាយនៅកម្ពុជា៖ «តាមដែលករណីនេះ បើសិនជាយើងពិនិត្យមើល បើរឿងហ្នឹង ទៅជារឿងនយោបាយអាហ្នឹង ជារឿងមួយ ដែលយើងគិតថា ប៉ះពាល់ និងជះឥទ្ធិពលខ្លាំងសម្រាប់ការប្រកួតប្រជែងផ្នែកនយោបាយ វាធ្វើឱ្យមានការគំរាមកំហែង បំបាក់ស្មារតីទៅដល់បេក្ខជននយោបាយដែរ»។
លោកបន្ត ការចាប់ខ្លួននេះ ធ្វើឱ្យសាធារណជនកាន់តែមានការព្រួយបារម្ភជុំវិញស្ថានភាពនយោបាយនៅកម្ពុជាថា តើវាជាការអនុវត្តច្បាប់ពិតប្រាកដ ឬជាការគំរាមកំហែងផ្នែកនយោបាយ។ ដូច្នេះ លោកថា អាជ្ញាធរពាក់ព័ន្ធគួរតែពិចារណាឱ្យស៊ីជម្រៅជុំវិញការចាប់ខ្លួនសមាជិកមេឃុំបក្សនយោបាយមួយនេះ ស្របពេលប្រជាពលរដ្ឋនៅតំបន់នោះបានបន្តបោះឆ្នោតឱ្យបេក្ខជនរូបនេះជាប់ជាមេឃុំកាលពីថ្មីៗ។
លោក ញឹម សារ៉ុម ជាមេឃុំជាប់ឆ្នោតម្នាក់ ក្នុងចំណោមបេក្ខជន ៣រូបទៀត នៅក្នុងខេត្តកំពង់ធំមកពីបក្សភ្លើងទៀន ដែលទទួលបានការបោះឆ្នោតគាំទ្រពីប្រជាពលរដ្ឋអាណត្តិទី៥ ជាប់ជាមេឃុំ កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ នេះ ដែលស្ថិតនៅក្នុងឃុំចំណារលើ ស្រុកស្ទោង ខេត្តកំពង់ធំ។ ចាប់តាំងពីបោះឆ្នោតឃុំសង្កាត់ រួចមក មានសកម្មជន គណបក្សភ្លើងទៀនចំនួន ២នាក់ ករណីដែល អាជ្ញាធរចាប់ខ្លួន ក្នុងនោះម្នាក់នៅខេត្តបាត់ដំបង ត្រូវបានចាប់ខ្លួនពីបទរំលោភសិទ្ធិលំនៅឋានពាក់ព័ន្ធនឹកការថតវីដេអូសកម្មភាព អាជ្ញាធរអង្គុយកត់ឈ្មោះពលរដ្ឋទៅបោះឆ្នោត កាលពីថ្ងៃទី៥ មិថុនាកន្លងទៅ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
you can not trust the killing field regime by evil monster HUN SEN