បោះឆ្នោត ព័ត៌មានជាតិ
លោក ម៉ម មុនីរតន៍ | ២១ មិថុនា ២០២២ | ម៉ោង ១៨:៤១
VOD

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន រួមនឹងមន្ត្រី និងសកម្មជនបក្សផ្សេងទៀត ធ្វើការហែក្បួនឃោសនាបក្សបម្រើឱ្យការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ នៅរាជធានីភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២។ (ហ៊ាន រង្សី)
សហគមន៍អន្តរជាតិ និងអ្នកជំនាញកិច្ចការបោះឆ្នោត ចាត់ទុកបណ្ដឹងប្រឆាំងមន្រ្តីជាន់ខ្ពស់គណបក្សភ្លើងទៀនដែលរិះគន់ពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ កាលពីពេលថ្មីៗនេះ ថាជាដំណើរការដើរថយក្រោយនៃលំហសេរីភាពក្នុងការបញ្ចេញមតិ ហើយថាស្ថានភាពនេះជាការឆ្លុះបញ្ចាំងឱ្យឃើញពីការរឹតត្បិតខាងនយោបាយកាន់តែធ្ងន់ធ្ងរទៅៗ។
អតីតសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក រ៉ុង ឈុន នៅថ្ងៃអង្គារនេះ បានចេញប្រតិកម្មជាលើកដំបូងរបស់ខ្លួន ក្រោយពីទទួលបានព័ត៌មានថាស្ថាប័នជាតិដែលជាអាជ្ញាធរកណ្តាលក្នុងការរៀបចំការបោះឆ្នោតនេះ ចាប់ផ្តើមប្តឹងលោក សុន ឆ័យ ដែលជាអនុប្រធានគណបក្សភ្លើងទៀន។ លោកបន្តថា ការប្រើប្រាស់តួនាទីក្នុងនាមជាស្ថាប័នអព្យាក្រឹត្យ ហើយប្តឹងប្រឆាំងភាគីដែលជាគូប្រកួតជាមួយដៃគូគណបក្សនយោបាយផ្សេងទៀត ជាការបង្ហាញឱ្យឃើញពីភាពលម្អៀងនៃការអនុវត្តតួនាទីនិងភារកិច្ចក្នុងឋានៈជាស្ថាប័នរៀបចំការបោះឆ្នោត។
លោកថា៖ «តាមពិតទៅ ក្នុងនាម គ.ជ.ប ជាអាជ្ញាធរកណ្ដាល! ហើយយើងដឹងហើយ ជាអាជ្ញាកណ្តាល ក្នុងខ្លួនដែលថាជាអ្នកឯករាជ្យហើយ គឺថាមិនត្រូវប្តឹងផ្តល់នោះទេ ប្រសិនបើឃើញអ្នកនយោបាយ ឬក៏គណបក្សណាមួយមានកំហុសឆ្គង គ្រាន់តែធ្វើការណែនាំ ឬធ្វើការកែតម្រូវទៅចប់សព្វគ្រប់ហើយ ក្នុងនាមយើងជាអាជ្ញាកណ្តាល និងជាអ្នកឯករាជ្យ។ ប្រសិនបើជាបញ្ចេញសកម្មភាពទាំងអស់នេះ គ្រាន់តែឃើញសកម្មភាពគណបក្សកាន់អំណាចប្តឹង បន្ទាប់មកខ្លួនឯងប្រើប្រាស់បណ្តឹងប្រឆាំងបក្សដែលនៅក្រៅរដ្ឋាភិបាលដែរ ឆ្លុះបញ្ចាំងឱ្យឃើញថា គ.ជ.ប ខ្លួនឯងហ្នឹងមិនមានភាពឯករាជ្យអីទេ»។
បើតាមលោក រ៉ុង ឈុន ប្រសិនបើចង់ឱ្យស្ថាប័នជាតិរៀបចំការឆ្នោតនេះជាអង្គភាពមានភាពឯករាជ្យ លុះត្រាច្បាប់មួយចំនួនត្រូវកែលម្អឬលុបចេញ ដូចជាមាត្រា៦ថ្មី ជាដើម។ ក្រៅពីនេះ លោកថា គួរធ្វើឱ្យមានតុល្យភាពអំណាចនៅក្នុងស្ថាប័ននេះ តាមរយៈការបញ្ចូលសមាជិក គ.ជ.ប ដូចដែលស្ថាប័ននេះធ្លាប់អនុវត្តម្តងរួចមកហើយ នៅមុនការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់កាលពីឆ្នាំ២០១៧។
មាត្រា៦ថ្មី នៃវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានកំណត់ថា គ្រប់គណបក្សនយោបាយមិនត្រូវធ្វើសកម្មភាពណាមួយ ដូចជា ធ្វើឱ្យមានអបគមន៍ ដែលនាំឱ្យអន្តរាយដល់ឯកភាពជាតិនិងបូរណភាពដែនដី។ ក្រៅពីនេះ ក្នុងកឋាខណ្ឌទី៥ នៃវិសោធនកម្មច្បាប់នេះបញ្ញត្តិថា មិនត្រូវញុះញង់ដែលអាចនាំឱ្យមានការបែកបាក់ជាតិ។
បើទោះបែបណា មាត្រា៣៥ នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលវិញ ចែងថា ប្រជាពលរដ្ឋខ្មែរទាំងពីរភេទមានសិទ្ធិចូលរួមយ៉ាងសកម្មក្នុងជីវភាពនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌របស់ប្រទេសជាតិ។
យ៉ាងនេះក្តី សេចក្តីថ្លែងការណ៍របស់អង្គការសហប្រជាជាតិប្រចាំកម្ពុជា កាលពីថ្ងៃទី២០ ខែមិថុនា បង្ហាញជំហរថា ថ្វីបើស្ថាប័ននេះមិនបានចូលរួមអង្កេតការណ៍បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ នីតិកាលទី៥នេះ ដោយផ្ទាល់ក៏ដោយ ប៉ុន្តែស្ថាប័នអន្តរជាតិមួយនេះនៅតែតាមដានដោយយកចិត្តទុកដាក់អំពីសភាពការណ៍នៃការបោះឆ្នោតនេះយ៉ាងដិតដល់។ បន្ថែមពីលើនេះ អង្គការសហប្រជាជាតិត្រៀមខ្លួនជានិច្ចក្នុងការគាំទ្រដល់រដ្ឋាភិបាល ដើម្បីធ្វើយ៉ាងណាជួយឱ្យមានលំហពលរដ្ឋកាន់តែល្អប្រសើរឡើងក្នុងសកម្មភាពនយោបាយ។
អ្នកសម្របសម្រួលផ្នែកអង្កេត និងតស៊ូមតិ នៃអង្គការខុមហ្វ្រែល លោក កន សាវាង្ស យល់ឃើញថា បញ្ហានេះ គេគួរយកច្បាប់ដែលបម្រើឱ្យការបោះឆ្នោតមកដោះស្រាយ ជាជាងលើកយកហេតុផលផ្សេង ដើម្បីបានផលចំណេញពីខ្លឹមសារច្បាប់ ហើយដាក់បន្ទុកលើភាគីម្ខាងទៀត។ លោកបន្តថា ការប្រើប្រាស់ក្រមព្រហ្មទណ្ឌ ឬបទដ្ឋានគតិយុត្តិដទៃទៀត ប្រឆាំងតួអង្គដែលមានជាប់ពាក់ព័ន្ធដំណើរការបោះឆ្នោត នឹងនាំឱ្យច្បាប់ស្តីពីការប្រព្រឹត្តទៅនៃការបោះឆ្នោតលែងមានតម្លៃ។
លោកបន្តថា៖ «ជាការអនុវត្តទាក់ទងនឹងការបោះឆ្នោត វាស្ថិតនៅក្រោមការគ្រប់គ្រងរបស់ច្បាប់បោះឆ្នោត។ អ៊ីចឹងជាទូទៅ ដំណើរការនៃការអនុវត្តទាក់ទងនឹងការបំពេញភាពខុសឆ្គងលក្ខន្តិកៈ ឬក៏ភាពខុសឆ្គងនឹងការបោះឆ្នោត គេគួរតែអនុវត្តទៅលើច្បាប់បោះឆ្នោត មិនអាចយកច្បាប់ផ្សេងមកគ្របដណ្តប់ទេ ពីព្រោះថា កាលណាយកច្បាប់ផ្សេងមកគ្របដណ្តប់ វាធ្វើឱ្យច្បាប់បោះឆ្នោតហ្នឹងមិនមានអំណាច ហើយការបកស្រាយហ្នឹងមានបញ្ហាហើយ»។
លោក កង សាវាង្ស បញ្ជាក់ទៀតថា ស្ថាប័នជាតិរៀបចំការបោះឆ្នោតគួរមានការសម្របសម្រួលជាជាងប្តឹងផ្តល់តាមនីតិវិធីច្បាប់ប្រឆាំងភាគីគណបក្សនយោបាយផ្សេងទៀត ជាពិសេសប្រសិនបើខ្លឹមសារនៃច្បាប់ស្តីពីការប្រព្រឹត្តទៅនៃការបោះឆ្នោត មានភាពខ្វះចន្លោះ ភាគីពាក់ព័ន្ធគួរពិនិត្យមើលនិងធ្វើវិសោធនកម្ម ធ្វើយ៉ាងណាឱ្យស្មារតីនៃច្បាប់នេះកាន់តែល្អប្រសើរ។
សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក សោម សូរីដា អះអាងថា ការប្តឹងលោក សុន ឆ័យ នេះ គឺ គ.ជ.ប មានសម្អាងហេតុត្រឹមត្រូវតាមផ្លូវច្បាប់។ លោកបន្តថា នេះមិនមែនជាការរឹតត្បិតខាងនយោបាយទេ តែជាការអនុវត្តច្បាប់ចំពោះអ្នកប្រព្រឹត្តបទល្មើសប៉ុណ្ណោះ។
បើតាមលោក សោម សូរីដា ប្រសិនបើអ្នកនយោបាយរូបនេះទិតៀន គ.ជ.ប ក្នុងរូបភាពកែលម្អ នោះនឹងមិនមានធាតុផ្សំនៃបទល្មើសទេ ប៉ុន្តែការលើកឡើងរបស់លោក សុន ឆ័យ ជាការបំភ្លៃសភាពការណ៍សុទ្ធសាធ។
លោកបន្តថា៖ «ខ្ញុំសូមឱ្យធ្វើការបែងចែកឱ្យបានច្បាស់អំពីការសម្តែងមតិ និងបរិហារកេរ្តិ៍។ ពាក្យទាំងពីរនេះមិនដូចគ្នាទេ ប្រសិនបើគាត់បញ្ចេញមតិទៅលើកិច្ចការមួយចំនួនទាក់ទងទៅនឹងការបោះឆ្នោត និងអំពីដំណើរការនៃការរៀបចំការបោះឆ្នោត នោះគឺជាការរិះគន់ដែលមានន័យស្ថាបនា ហើយ គ.ជ.ប នឹងពិចារណា។ ប៉ុន្តែលោក សុន ឆ័យ មិនប្រើពាក្យរិះគន់ ឬផ្តល់យោបល់បញ្ចេញមតិទេ ដោយសារពាក្យ គ.ជ.ប ជាចោរ តើពាក្យនេះជាការិះគន់ ក៏ជាការបរិហារកេរ្តិ៍ជាសាធារណៈ»។
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២២ គ.ជ.ប បានសម្រេចប្តឹងលោក សុន ឆ័យ ជាផ្លូវការហើយ ពីបទ «បរិហារកេរិ៍្តជាសាធារណៈ» និងទាមទារឱ្យលោក សុន ឆ័យ ធ្វើលិខិតសុំទោស គ.ជ.ប ជាសាធារណៈ។ ការចេញមុខប្តឹងរបស់ គ.ជ.ប នៅពេលនេះ គឺក្រោយពីគណបក្សប្រជាជនកម្ពុជា តាមរយៈមេធាវី លោក គី តិច បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការប្រឆាំងលោក សុន ឆ័យ កាលពីថ្ងៃទី១៤ ខែមិថុនា ដោយទាមទារសំណងពីអ្នកនយោបាយប្រឆាំងចាស់វស្សារូបនេះ ចំនួន១លានដុល្លារអាមេរិក ដោយយោងលើអង្គហេតុប្រហាក់ប្រហែលទៅនឹងបណ្តឹងរបស់ គ.ជ.ប នៅពេលនេះដែរ។
ស្របពេលស្ថានការណ៍នៃការយាយីខាងនយោបាយក្នុងដំណាក់កាលចុងក្រោយនេះ អង្គការឃ្លាំមើលសិទ្ធិនុស្សអន្តរជាតិ យូមែន រ៉ៃវច្ឆន៍ (Human Rights Watch) បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃទី២០ ខែមិថុនា ដោយចាត់ទុកការចាប់ខ្លួននិងចោទប្រកាន់ប្រឆាំងអ្នកនយោបាយនៅក្រៅរដ្ឋាភិបាល ថាជាការបង្រ្កាបកាន់តែមានរូបភាពធំទៅៗឥតឈប់ឈរពីសំណាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ប្រភពដដែលបន្តថា នៅចំពោះមុខនេះមានអ្នកទោសមនសិការជាង៥០នាក់ហើយកំពុងត្រូវបានឃុំខ្លួននៅក្នុងពន្ធនាគារ រួមមាន សមាជិកគណបក្សប្រឆាំង អ្នកការពារសិទ្ធិមនុស្ស សកម្មជនការពារដីធ្លី អ្នកការពារបរិស្ថាន និងអ្នកសារព័ត៌មាន៕
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
election in this King dump of KAMPOUCHEA ACHAKRIYAK should be frozen if no good solution