សង្គម​​ដែល​​បំភ្លេច​​ចោល​​យុត្តិធម៌​​នឹង​​ត្រូវ​​ញាំញី​ដោយ​​និទណ្ឌភាព

ដោយ ជី វិតា
2022.07.04
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គម​ដែល​បំភ្លេច​ចោល​យុត្តិធម៌​នឹង​ត្រូវ​ញាំញី​ដោយ​និទណ្ឌភាព

រថក្រោះ​របស់​កង​ទាហាន​ស្មោះ​នឹង​នាយក​រដ្ឋមន្ត្រី​ទី​២ ហ៊ុន សែន ក្នុង​ព្រឹត្តិការណ៍​បង្ហូរ​ឈាម​កណ្ដាល​ក្រុង​ភ្នំពេញ នា​ថ្ងៃ​៥​-​៦ កក្កដា ១៩៩៧។ AFP File Photo


នៅ​ដើម​ខែ​កក្កដា ឆ្នាំ១៩៩៧ ​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​កាល​ណោះ​ជា​នាយករដ្ឋមន្ត្រី​ទី​១ ត្រូវ​បាន​លោក ហ៊ុន សែន នាយករដ្ឋមន្រ្តី​ទី​២ ប្រើ​កម្លាំង​បាយ​ទម្លាក់​ពី​អំណាច។ រដ្ឋប្រហារ​បង្ហូរ​ឈាម​នៅ​ពេល​នោះ បាន​បណ្តាល​អោយ​មនុស្ស​ជា​ច្រើន​រយ​នាក់​ស្លាប់ និង​របួស ដែល​ក្នុង​នោះ ពល​ទាហាន និង​មន្ត្រី​ប៉ូលិស យោធា​ជាន់​ខ្ពស់​ស្មោះ​ត្រង់​នឹង​សម្តេច​ក្រុម​ព្រះ រាប់​សិប​នាក់​ត្រូវ​បាន​កង​កម្លាំង​ស្មោះ​ត្រង់​នឹង​លោក ហ៊ុន សែន សម្លាប់​ក្រៅ​ប្រព័ន្ធ​ច្បាប់។ មន្ត្រី​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​លើក​ឡើង​ថា គេ​ត្រូវ​តែ​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ បើ​ទោះ​ជា​ពេល​វេលា​កន្លង​ផុត​ទៅ​ជាង ២ទសវត្ស​ហើយ​ក្តី ដើម្បី​ទប់​ស្កាត់​អំពើ​និទណ្ឌភាព ដែល​មាន​ន័យ​ថា ការ​បណ្តែត​បណ្តោយ​អោយ​ជន​ល្មើស​ច្បាប់​រួច​ទោសទណ្ឌ។


ក្នុង​ខួប​ទី​២៥​ឆ្នាំ​នៃ​រដ្ឋប្រហារ​ដ៏​បង្ហូរ​ឈាម​នៅ​កណ្តាល​ទីក្រុងភ្នំពេញ​នេះ សូម​អញ្ជើញ​លោក​អ្នក​នាង​អាន និង​ទស្សនា​ឡើង​វិញ​នូវ​សេចក្តីរាយការណ៍​របស់​លោក ជី វិតា កាល​ពី​ឆ្នាំ២០១៨ ជុំវិញ​រឿង​នេះ៖

អង្គការ​ការពារ​សិទ្ធិមនុស្ស​ជាតិ និង​អន្តរជាតិ​ហៅ​ការ​សម្លាប់​កង​កម្លាំង​រាជា​និយមហ៊្វុនស៊ិនប៉ិច ដែល​គ្មាន​អាវុធ​ក្នុង​ដៃ​នៅ​ក្នុង​ព្រឹត្តិការណ៍​រដ្ឋប្រហារ​ឆ្នាំ១៩៩៧ ថា ជា​ការ​សម្លាប់​ខុស​ច្បាប់ ដែល​ជា​ឧក្រិដ្ឋកម្ម​សង្រ្គាម។

ប្រធានគ្រប់គ្រងផ្នែក​ឃ្លាំមើល​ការ​រំលោភ​សិទ្ធិមនុស្ស អង្គការ លីកាដូ (LICADHO) លោក អំ សំអាត មាន​ប្រសាសន៍​ថា រដ្ឋប្រហារ​ថ្ងៃ​ទី៥-៦ ខែ​កក្កដា ឆ្នាំ​១៩៩៧ ជា​ព្រឹត្តិការណ៍​គួរ​អោយ​សោក​ស្តាយ ដែល​បាន​បណ្តាល​អោយ​មនុស្ស​ស្លាប់ ​និង​របួស​រាប់​រយ​នាក់ ហើយ​ជាង ២០​ឆ្នាំ​កន្លង​ទៅ​នេះ មិន​មាន​បុគ្គល​ណា​ម្នាក់​ទទួល​ខុស​ត្រូវ​ចំពោះ​បញ្ហា​នេះ​ទេ។ ទោះ​ជា​យ៉ាង​ណា​លោក​បន្ត​​ថា គេ​ត្រូវ​​ចងចាំ​​ព្រឹត្តិការណ៍​​បង្ហូរ​​ឈាម​​នេះ ដើម្បីជួយគ្នាទប់ស្កាត់ការ​រំលោភ​​សិទ្ធិមនុស្ស​ស្រដៀង​គ្នា​នេះ​​នៅ​ថ្ងៃ​មុខ៖ «មក​ទល់​ពេល​នេះ​យើង​មិន​ទាន់​ឃើញ​ពន្លឺ​​យុត្តិធម៌​​នៅ​​ឡើយ​​ទេ វា​​បង្ក​​ទៅ​​ជា​​និទណ្ឌភាព​មួយ​យ៉ាង​ធំ ហើយ​កង់​ប្រវត្តិសាស្ត្រ​វា​អាច​​នឹង​​វិល​​មក​​រក​​វិញ ប្រសិន​បើ​មិន​មាន​គំរូ​នៅ​ក្នុង​ការ​ទប់​ស្កាត់​ទៅ​អនាគត​បាទ។ ត្រូវ​តែ​មាន​ការ​​ស៊ើបអង្កេត​​ផ្តល់​​តម្លាភាព ហើយ​​បង្ហាញ​​របាយការណ៍​​នៃ​​ការ​​ស៊ើប​អង្កេត​ហ្នឹង ដើម្បី​ឲ្យ​ជន​រងគ្រោះ និង​គ្រូសារ​ជន​រងគ្រោះ​ទទួល​បាន​ភាព​យុត្តិធម៌»។

បីថ្ងៃ​ក្រោយ​ការ​ផ្ទុះ​អាវុធ លោក​ថូម៉ាស់ ហេមម៉ាប៊ើក (Thomas Hammarberg) តំណាង​​ពិសេស​​របស់​​​អគ្គលេខាធិការ​​​អង្គការ​​​សហប្រជាជាតិ ផ្នែក​​​សិទ្ធិមនុស្ស​​​ប្រចាំ​​​នៅ​​​កម្ពុជា ហៅ​ព្រឹត្តិការណ៍​នោះ​ថា ជា​រដ្ឋប្រហារ​ដឹក​នាំ​ដោយ​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី​២ ទម្លាក់​​នាយក​រដ្ឋមន្ត្រី​ទី​១ ដែល​​ជាប់​​ឆ្នោត គឺ​​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ពីអំណាច។

ស្នូរគ្រាប់​កាំភ្លើង​តូចធំ​បាន​ផ្ទុះឡើង​កង​រំពង នៅថ្ងៃទី៥-៦ កក្កដា បង្ក​អោយ​មានភាព​វឹកវរ​ជ្រួល​ ច្របល់ ក្នុង​រាជធានី​ទាំងមូល។ អ្នក​ភ្នំពេញ​ជាច្រើន​ពាន់នាក់​បាន​ភៀស​ខ្លួន​ចេញ​ទៅ​សម្ងំ​នៅ​តាម​បណ្តា​ខេត្ត​មួយ​រយៈ ដើម្បី​គេច​ចេញ​ពី​គ្រាប់កាំភ្លើង។

អ្នកស្រី ខេន​ ឃីម គឺ​ជា​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​ជន​រងគ្រោះ​ជា​ច្រើន​ទៀត ដែល​បាត់បង់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​នៅ​ក្នុង​ថ្ងៃ​រដ្ឋប្រហារ​នោះ។ អង្គុយ​នៅ​លើ​គ្រែ​ជាមួយ​កូន​ប្រុស​តូច​ដែល​មាន​របួស​ក្បាល​នៅ​ក្នុង​មន្ទីរ​ពេទ្យ​កាល់ម៉ែត អ្នកស្រី​ ឃីម បាន​រៀបរាប់​ប្រាប់​ទូរទស្សន៍ ABC អូស្រ្តាលី (Australia) ថា គ្រាប់​កាំភ្លើង​បាន​ផ្តាច់​ជីវិត​កូន​ប្រុស​របស់​លោកស្រី​ពីរ​នាក់៖ «ឲ្យ​កូនៗ ក្រាប​ក្រោម​ផ្ទះ ស្រាប់​តែ​គ្រាប់​វា​មក​បុក​ផ្ទះ​ខ្ញុំ ហើយ​ជះ​ទៅ​​លើ​កូនៗ ខ្ញុំ។ ខ្ញុំ​ឈរ​នៅ​ម្នាក់​ឯង​អត់​អី​ទេ។ ងាក​ទៅ​ប្តីៗ ដួល ងាក​ទៅកូន​ស្លាប់​អស់។ កូន​ខ្ញុំ​ស្លាប់​ពីរ​នាក់ អាមួយ ១០ឆ្នាំ អាមួយ ៩ឆ្នាំ អា​មួយ​ដាច់​ក អាមួយ​ដេក​ដួល។ ​កូន​ខ្ញុំ​ស្លូត..រៀន​បាន​ចំណាត់​ថ្នាក់​លេខ​មួយ មិន​គួរ​កូន​ខ្ញុំ​ស្លាប់​សោះ! អាយុ​ខ្លី​ត្រូវ​ដាច់​ក»។ 

ផ្អែកតាម​របាយការណ៍​ស៊ើបអង្កេត​របស់​ការិយាល័យ​សិទ្ធិមនុស្ស នៃ​អង្គការ​សហប្រជាជាតិ ប្រចាំ​នៅ​កម្ពុជា ក្រៅ​តែ​ពី​មាន​មនុស្ស​ស្លាប់ និង​របួស​ដោយសារ​ការ​ប្រយុទ្ធ​គ្នា​រវាង​កងទ័ព​របស់​នាយក​រដ្ឋមន្ត្រី​ទាំង​ពីរ​រូប​នោះ ក៏​មាន​ពល​ទាហាន ​និង​​មន្រ្តី​ជាន់​ខ្ពស់​ដែល​ស្មោះត្រង់​នឹង​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រមាណ ៦០នាក់ ត្រូវ​​បាន​​ប្រហារ​ជីវិត​ក្រៅ​ប្រព័ន្ធ​ច្បាប់​ដោយ​​កង​​កម្លាំង​​ស្មោះ​​ត្រង់​​នឹង​​លោក ហ៊ុន សែន។ របាយការណ៍ដដែលនេះ បញ្ជាក់​និយមន័យ​នៃ​ពាក្យ «ការ​​សម្លាប់​​ក្រៅ​​ប្រព័ន្ធ​ច្បាប់» ថា ជា​អំពើ​​ដែល​​​ភ្នាក់ងាររដ្ឋ​​​​សម្លាប់​​មនុស្ស​មិន​មាន​ច្បាប់​អនុញ្ញាត ខណៈ​កំពុង​ស្ថិត​ក្នុង​ការ​ឃុំ​ខ្លួន និង​គ្មាន​អាវុធ​ក្នុង​ដៃ។

​​រដ្ឋប្រហារ​បង្ហូរ​ឈាម​នេះ ចាប់​ផ្តើម​ពី​ថ្ងៃទី២ រហូត​ដល់​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ១៩៩៧ ដោយ​កម្លាំង​របស់​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីទី២ ដណ្តើម​យក​មក​គ្រប់គ្រង​នូវ​មូលដ្ឋាន​ទ័ពជើង​ទឹក​របស់​សម្តេច​ក្រុម​ព្រះ​នៅ​ព្រែក​តាទែន។ ​

មន្ត្រីប៉ូលិស និង​យោធា​ជាន់ខ្ពស់​របស់​គណបក្ស ហ៊្វុនស៊ីប៉ិច ដែល​ត្រូវ​បាន​សម្លាប់​ក្រៅ​ប្រព័ន្ធច្បាប់ នោះ​ រួមមាន លោក ហូ សុខ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ ត្រូវបាន​សម្លាប់​ដោយ​គ្រាប់​កាំភ្លើង​ ខណៈ​កំពុង​ជាប់​ឃុំ​ក្នុង​ក្រសួង​មហាផ្ទៃ។ មន្ត្រី​ស្មោះ​ត្រង់​នឹង​សម្តេចក្រុម​ព្រះ ដទៃទៀត​ដែល​អ្នក​ខ្លះ ត្រូវ​បាន​រង​ទារុណកម្ម​ហើយ ទើប​សម្លាប់​នៅ​ទីកន្លែង​ផ្សេងៗ​គ្នា​នោះ រួមមាន៖ ឧត្តមសេនីយ៍ ចៅ សម្បត្តិ ហៅ ង៉ូវ ឧត្តមសេនីយ៍ ក្រួច យឿម ឧត្តមសេនីយ៍ ព្រំ ឌិន ឧត្តមសេនីយ៍ លី សេងហុង ឧត្តមសេនីយ៍ ម៉ែន ប៊ុន ថន​ លោក ជា ឬទ្ធី ឈុត វរសេនីយ៍ឯក សុខ វីរៈ ​ វរសេនីយ៍ឯក ថ្លាង ច័ន្ទ​សុវណ្ណាឫទ្ធិ ​ វរសេនីយឯក ហ៊ូវ សម្បត្តិ ព្រម​​ទាំ​ង​ពល​ទាហាន និង​​នាយ​​ទាហាន​​ជា​​ច្រើន​ទៀត។

បើទោះ​ជា​ការិយាល័យ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិប្រចាំ​នៅ​កម្ពុជា បាន​ផ្ញើ​របាយការណ៍​ស្តីពី​ការ​សម្លាប់​ក្​រៅច្បាប់​នេះ ជូន​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា​ជា​បន្ត​បន្ទាប់ និង​ទទូច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត ដើម្បី​នាំ​​​បុគ្គល ដែល​ទទួល​ខុស​ត្រូវ​លើ​ការ​សម្លាប់​ក្រៅ​ច្បាប់​នេះ​​មក​នូវ​ការ​ផ្តន្ទាទោស​ក្ដី ក៏​រយៈ​ពេល ២១ឆ្នាំ​កន្លង​មក​នេះ មិន​មាន​ការ​ស៊ើប​អង្កេត​ណា​មួយ​បាន​ធ្វើ​ឡើង​នោះ​ទេ។

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​លោក ផៃ ស៊ីផាន បញ្ជាក់​ប្រាប់​អាស៊ី​សេរី ថ្មីៗ នេះ​ថា បញ្ហា​នេះ​ចប់​យូរ​ហើយ មិន​មាន​ការ​ស៊ើប​អង្កេត​ទេ ហើយ​រដ្ឋាភិបាល​នៅ​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​ថ្ងៃ​ទី៥-៦ ខែ​កក្កដា​នោះ ក៏​បាន​ចេញ​សៀវភៅ​ស​មួយ ដើម្បី​​ពន្យល់​បក​ស្រាយ​អំពី​ព្រឹត្តិការណ៍​នោះ​ដែរ៖ «អត់មានទេ​ពីព្រោះ​សម្តេច​ក្រុម​ព្រះ​ជាមួយ​សម្តេច​ហ៊ុន សែន គឺ​មាន​សម្បទាន​នយោបាយ ដើម្បី​រក្សា​សណ្តាប់​ធ្នាប់​នយោបាយ និង​ផល​ប្រយោជន៍សង្គម គឺសន្តិភាពនិងស្ថេរភាព។ សៀវភៅ​ស​ដែល​រដ្ឋាភិបាល​បាន​ចេញ​ស្តីពី​ការ​បង្ក្រាប​កម្លាំង​អនាធិបតេយ្យ អាហ្នឹង​ជា​ឯកសារ​ជាក់ស្តែង​ចេញ​ឆ្នាំ១៩៩៧​ហ្នឹង​ឯង ក្នុង​រវាង​ខែ​វិច្ឆកា។ សៀវភៅ​ស​មាន​ពីរ​ភាសា គឺ​ភាសា​ខ្មែរ និង​ភាសា​អង់គ្លេស ដែល​ជា​អំណះអំណាង​បង្ក្រាប​ក្រុម​អនាធិបតេយ្យ​ប្រដាប់​អាវុធ»

ក្រោយព្រឹត្តិការណ៍ថ្ងៃ៥-៦ កក្កដា ភាគី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទី​២ ដែល​បាន​គ្រប់គ្រង​រាជរដ្ឋាភិបាល​ផ្តាច់​មុខ​បាន​ចេញ​សៀវភៅ«ស» មួយ​ព្យាយាម​បកស្រាយ​អះអាង​ប្រាប់​សហគមន៍​ជាតិ និង​អន្តរជាតិ​ពី​មូលហេតុ​ចាំបាច់ និង​ស្រប​ច្បាប់​​របស់​ខ្លួន ក្នុងការប្រើ​កម្លាំង​យោធា​បង្ក្រាប​កម្លាំង​សម្តេច​ក្រុម​ព្រះ។ សៀវភៅ «ស» សរសេរថា ព្រឹត្តិការណ៍យោធាថ្ងៃទី ៥-៦ គឺជាការ​សកម្មភាព​យោធា​ប្រឆាំងសម្តេច​ក្រុម​ព្រះ និង​កម្លាំង​យោធា​របស់​ព្រះអង្គ ក្នុង​គោលដៅ​ទប់ស្កាត់​ការ​វិល​មក​វិញ​នៃ​កងទ័ព​ខ្មែរក្រហម។ សៀវភៅ «ស» បន្តចោទ​ប្រកាន់​សម្តេច​ក្រុម​ព្រះ ថា​បាន​សហការ ជា​មួយ​ខ្មែរក្រហម​ប្រឆាំង​លោក ហ៊ុន សែន ហើយថា ព្រះអង្គ​បាន​ប៉ុនប៉ង​នាំ​អាវុធ​ខុស​ច្បាប់ ចូល ក្រុង​ភ្នំពេញ​ទៀត​ផង។

ទោះជា​យ៉ាង​ណា ចំពោះការ​នាំ​អាវុធ​ចូល​សម្តេច​ក្រុម​ព្រះ​មិនបដិសេធ​ទេ។ ព្រះអង្គ​ធ្លាប់​មាន​បន្ទូល​ថា ក្នុង​នាម​ព្រះអង្គ​ជា​នាយករដ្ឋមន្ត្រី​ទី១ ព្រះអង្គ​មាន​សិទ្ធិ​បញ្ជា​ទិញ​អាវុធ។ ប៉ុន្តែ​ភាគី​លោក​នាយករដ្ឋមន្ត្រី​ទី២ ហ៊ុន សែន តប​វិញ​ថា អាច​​​ធ្វើ​​​ដូច្នោះ​ទៅ​​​បាន លុះត្រា​តែ​ធ្វើ​តាម​រយៈ​ក្រសួង​ការពារ​ជាតិ។  ទោះជា​យ៉ាង​ណា​ក៏​ដោយ​ចុះ លោក ប្រែដ អាដាមស៍ (Brad Adams) នៃ​​អង្គការ​​សិទ្ធិ​មនុស្ស Human Rights Watch អោយដឹងថា បើ​និយាយ​ពី​រឿង​នាំ​អាវុធ​ចូល​ខុស​ច្បាប់​នោះ គ្មាន​​អ្នក​ណា​នាំ​ចូល​ច្រើន​ជាង​លោក ហ៊ុន សែន នោះ​ទេ៖ «គាត់​ទិញ​អាវុធ​នាំ​ចូល​ច្រើន​ណាស់ យក​មក​ប្រើប្រាស់​សំរាប់​ក្រុម​អង្គរក្ស​ឯកជន​របស់​គាត់។ ត្រូវ​ចាំ​ថា ជា​ផ្លូវការ​លោក ហ៊ុន សែន មាន​អង្គរក្ស​ការពារ​គាត់​តាម​​រយៈ​​កងពល​តូច​លេខ៧០ (ង-៧០)  រួច​ទៅ​​ហើយ​។ ប៉ុន្តែ​គាត់​បាន​ទៅ​បង្កើត​អង្គភាព​កងទ័ព​ឯកជន​ដ៏​ធំ​មួយ ដែល​មាន​គ្នា​យ៉ាង​តិច​មួយ​ពាន់ (១.០០០) នាក់ ក្នុង​ខែ​កក្កដា​ ឆ្នាំ១៩៩៧។ កងទ័ព​ឯកជន​ដែល​ស្ថិត​ក្រោម​បញ្ជា​ផ្ទាល់​របស់​លោក ហ៊ុន សែន នេះ គឺ​អាច​និយាយ​បាន​ថា ត្រូវ​បាន​​បំពាក់​​​អាវុធ និង​​ឧបករណ៍​​យោធា​​ទំនើបៗ ព្រមទាំង​ទទួល​បាន​ការ​ហ្វឹកហ្វឹន​ប្រសើរ​ជាង​អង្គភាព​ផ្សេង​ទៀត​នៃ​កងទ័ព​ជាតិ​ទៀត​ផង ហើយ​​ភារៈកិច្ច​របស់​ពួក​គេ គឺ​មិនមែន​ការពារ​ផល​ប្រយោជន៍​ជាតិ​ទេ។ ភារៈ​កិច្ច​របស់​ពួក​គេ​គឺ​ធ្វើអ្វីៗ តាម​​តែ​បញ្ជា​​របស់​​​លោក ហ៊ុន សែន ប៉ុណ្ណោះ ហើយ​ក្រុម​អង្គរក្ស​នេះ ក៏​ត្រូវ​បាន​ប្រើ​ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​ដែរ។ ដូច្នេះ លោក ហ៊ុន សែន មិន​​អាច​​​និយាយ​​ថា ហ៊្វុនស៊ីនប៉ិច នាំ​​អាវុធ​​ចូល​​ខុស​​ច្បាប់ ប៉ុន្តែ​​ខ្លួន​​គាត់​​វិញ​​​នាំ​​ចូល​​ច្រើន​​ជា​ង​​ទៅ​​ទៀត​​នោះ»។

ចំពោះការ​ចោទ​ក្នុង​សៀវភៅស​ថា សម្តេច​ក្រុម​ព្រះបាននាំទ័ព​ខ្មែរក្រហម​ចូល​ក្រុង​ភ្នំពេញ​នោះ លោក ប៊្រែដ អាដាមស៍ (Brad Adams)​ ដែលជាមន្ត្រី​​ការិយាល័យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ប្រចាំ​នៅ​កម្ពុជា ​នៅ​ពេល​នោះ និយាយ​ថា លោក​បាន​ស្រាវជ្រាវ​រឿង​នោះ​ដែរ ប៉ុន្តែ​មិន​ឃើញ​មាន​ខ្មែរក្រហម​ទេ៖ «លោក ឱម យិនទៀង ទីប្រឹក្សា​របស់​លោក ហ៊ុន សែន បាន​ទូរស័ព្ទ​ទៅ​ការិយាល័យ​សិទ្ធិមនុស្ស​នៃ​អង្គការ​សហប្រជាជាតិ ដែល​មាន​ខ្ញុំ​ធ្វើការ​នៅ​ទី​នោះ ហើយ​ប្រាប់​ថា ការិយាល័យ​យើង​គួរ​តែ​ចុះ​ទៅ​មើល​មូលដ្ឋាន​យោធា​មួយ​នៅ​ជាយ​ក្រុង​ភ្នំពេញ ដែល​មាន​កងទ័ព​ខ្មែរក្រហម​ជា​ច្រើន​នាក់​នៅ​ទី​នោះ ដើម្បី​អាច​បញ្ជាក់​ថា គណបក្ស​ ហ៊្វុនស៊ីនប៉ិច បាន​នាំ​ខ្មែរក្រហម​ចូល​ក្រុង​ភ្នំពេញ។ លោក ឱម យិនទៀង បន្ថែម​ថា ពួក​ខ្មែរក្រហម​ទាំង​នោះ​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​តាំង​ក្រសាំង។ យើង​ក៏​បញ្ជូន​ក្រុម​យើង​ទៅ​ដែល​មាន​ទាំង​រូប​ខ្ញុំ​ផង។ ពេល​ទៅ​ដល់​យើង​បាន​សម្ភាសន៍​មនុស្ស​ទាំង​អស់​នោះ​ដាច់​ដោយ​ឡែក​ពី​គ្នា។ យើង​បាន​រក​ឃើញ​ថា ពួក​​គេ​មិនមែន​ខ្មែរក្រហម​ទេ ហើយ​គ្មាន​នរណា​ម្នាក់​មក​ពី​អន្លង់វែង​ដូច​រដ្ឋាភិបាល​អះអាង​នោះ​ឡើយ។ ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ប្រាប់​យើង​ថា ពួក​គេ​មក​ពី​ខេត្ត​ស្វាយរៀង និង​ព្រៃវែង ទី​ដែល​គ្មាន​ខ្មែរក្រហម​យូរ​មក​ហើយ។ ​ពួក​គេ​ប្រាប់​ថា ត្រូវ​បាន​​គេ​ល្បួង​យក​មក​ភ្នំពេញ ដើម្បី​ទទួល​បាន​ការងារ​ធ្វើ ហើយ​មិន​យល់​សោះ​ថា ហេតុអ្វី​បាន​ជា​ពួក​គេ​ត្រូវ​បាន​ចាប់​ខ្លួន។ ដូច្នេះ​យើង​ក៏​ពន្យល់​ប្រាប់​ទៅ​លោក ឱម យិនទៀង វិញ​ថា យើង​រក​មិន​ឃើញ​មាន​ខ្មែរក្រហម​ទេ។ ពេល​នោះ​​លោក ឱម យិនទៀង មិន​បាន​ខំ​ប្រកែក​អ្វី​សោះ​ជាមួយ​យើង​ទេ ពោល​គឹ​គាត់​មិន​បាន​ឆ្លើយ​តប​អ្វី​មួយ​ម៉ាត់​សោះ ពីព្រោះ​គាត់​ខ្មាស់​យើង»។

លោក ប៊្រែដ អាដាមស៍ (Brad Adams) បន្ថែមថា អ្នក​ដែល​ប្រើប្រាស់​កម្លាំង​ខ្មែរ​ក្រហម​មែន​ទែន​នោះ គឺ​លោក ហ៊ុន សែន ទៅ​វិញ​ទេ។ យ៉ាងហោច​ណាស់​មាន​អតីត​មេបញ្ជាការ​ខ្មែរ​ក្រហម​ពីរ​រូប គឺ​លោក កែវ ពង្ស និងលោក ភុន ភាព បាន​ដឹក​នាំ​កូន​ទាហាន​របស់​ខ្លួន​ចួលរួម​ធ្វើ​សកម្មភាព​យោធា​ទម្លាក់​សម្តេច​ក្រុមព្រះ​ពី​នាយករដ្ឋមន្ត្រីទី១។

សម្តេចក្រុម​ព្រះ នរោត្តម រណឫទ្ធិ ដែល​បាន​ភៀស​ខ្លួន​ចេញ​ពី​ទីក្រុង​ភ្នំពេញ​មួយ​ថ្ងៃ​មុន​ថ្ងៃ​រដ្ឋប្រហារ​ទៅ​ប្រទេស​បារាំង ហើយ​​បន្ទាប់​​មក​​បាន​​មាន​​បន្ទូល​​ប្រាប់​​អគ្គលេខាធិការ​​អង្គការ​​សហប្រជាជាតិ លោក កូហ្វី អាណន់ នៅ​ឯ​រដ្ឋធានី Washington សហរដ្ឋអាមេរិក​​ថា លោក​ជា​ជន​រងគ្រោះ​នៃ​​រដ្ឋប្រហារ​ ហើយ​​ទទូច​​ឲ្យ​​អង្គការ​​សហប្រជា​ជាតិ​​កុំ​​ទទួល​​ស្គាល់​​រដ្ឋាភិបាល​​ក្រោយ​​រដ្ឋប្រហារ៖ «អង្គការ​សហប្រជា​ជាតិ​មិន​ត្រូវ​ទទួល​ស្គាល់​រដ្ឋាភិបាល​ណា​មួយ​កើត​ចេញ​ពី​រដ្ឋប្រហារ​នោះ​ឡើយ»

រាជរដ្ឋាភិបាល​កម្ពុជា ក្រោយការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ឆ្នាំ១៩៩៣ ដឹក​នាំ​ដោយ​នាយករដ្ឋ​មន្ត្រីពីរ​រូប គឺ​សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ ប្រធាន​គណបក្សហ្វ៊ុនស៊ីនប៉ិច​ដែល​ឈ្នះ​ឆ្នោត ជានាយក​រដ្ឋមន្ត្រី​ទី​មួយ និងលោកហ៊ុន សែន ជា​នាយក​រដ្ឋមន្រ្តី​ទី​ពីរ តំណាង​អោយ​គណបក្ស​ប្រជាជន​កម្ពុជា។ រូបមន្តដឹកនាំ​រដ្ឋ​ថ្មីចែស​បែប​នេះ គឺ​ជា​លទ្ធផល​នៃ​ការ​សម្រប​​សម្រួល​​នយោបាយ​​ផ្សះផ្សារ​ជាតិ​របស់​អតីត​​ព្រះមហាក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ព្រះបាទ​សម្ដេច​ព្រះ​នរោត្តម​ សីហនុ បន្ទាប់​ពី​គណបក្ស​​ប្រជាជន​កម្ពុជា​ដែល​ចាញ់​ឆ្នោត ប៉ុន្តែ​មិន​សុខ​ចិត្ត​បាន​ប្រើ​កម្លាំង​ទាហាន និង​ប៉ូលិស​បណ្តេញ​ទាហាន​អង្គការ​សហប្រជាជាតិ អ៊ុនតាក់ ចេញ​ពី​ខេត្ត​ចំនួន៧ ហើយ​គំរាម​បំបែក​ប្រទេស​កម្ពុជា​ជា​ពីរ។  ​

ទោះជាយ៉ាងណា​ក្ដី លោក ប៊្រែដ អាដាមស៍ (Brad Adams) នៃ​អង្គការ​សិទ្ធិ​មនុស្ស Human Rights Watch និង​ជា​​អតីត​​មន្ត្រី​​ជាន់​ខ្ពស់​​នៃ​​ការិយាល័យ​​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​​សិទ្ធិ​មនុស្ស​​ប្រចាំ​​នៅ​​កម្ពុជា និយាយ​ថា អង្គហេតុ​នានា ដែល​កើត​ឡើងនៅចន្លោះពីថ្ងៃទី២ដល់​ថ្ងៃទី៧កក្កដា ឆ្នាំ១៩៩៧នោះ  បញ្ជាក់ថា លោកហ៊ុន សែន ជា​​អ្នក​​ធ្វើ​រដ្ឋប្រហារ។  លោកបន្តអះអាងថា នៅក្នុង​ខែមេសា ឆ្នាំ ១៩៩៦ តំណាង​របស់អគ្គលេខា​អង្គការ​សហប្រជាជាតិ​ ប្រចាំ​កម្ពុជា លោក បិននី វិដយ៉ួណូ (Benny Widyono) បាន​ផ្ញើរសារ​សម្ងាត់​ឯកជន​មួយទៅ​កាន់ទីក្រុង​ញូយក ដោយ​ពន្យល់ថា លោក ហ៊ុន សែន ចង់​ឡើង​កាន់​អំណាច​ដោយ​ការ​ប្រើកម្លាំង​ទ័ព៖ «លោក ហ៊ុន សែន ខឹងក្រេវក្រោធ ដោយសារតែ​​ព្រះអង្គម្ចាស់រណឫទ្ធិ កាលពី ខែមករា ​ឆ្នាំ ១៩៩៦ នៅក្នុងកិច្ចប្រជុំរបស់គណបក្ស ហ្វ៊ុនស៊ិនប៉ិច សម្រេចព្រះទ័យថា មិនអាចធ្វើ​​រដ្ឋាភិបាល​​​ចម្រុះ​​​ជាមួយ​​លោក ហ៊ុន សែន បានតទៅ​ទៀតនោះឡើយ សូមកុំភ្លេចថា លោក ហ៊ុន សែន និងគណបក្ស​​ប្រជាជន​កម្ពុជា ដឹងច្បាស់ណាស់ថា ខ្លួនបានចាញ់ឆ្នោតនៅឆ្នាំ ១៩៩៣។ ដូច្នេះពួកគេ​​រិះរកគ្រប់មធ្យោបាយ​​សម្រាប់​​​ការ​​​បោះ​​ឆ្នោត​​​លើក​​ក្រោយ ធ្វើ​យ៉ាង​​ណា​ឲ្យ​​លោក ហ៊ុន សែន អាចឈ្នះ​ បន្តក្រាញអំណាចតទៅទៀត។ លោក ហ៊ុន សែន ជឿជាក់ថាគណបក្ស ប្រជាជនកម្ពុជាមាន​សិទ្ធិ និងត្រូវតែកាន់រដ្ឋាភិបាលរហូត មិនខ្វល់ថា បន្តកាន់អំណាចតាមរយៈ​ការ​​​បោះ​​ឆ្នោត ឬ​តាមរយៈកម្លាំងទ័ពនោះឡើយ។ ដូច្នេះហើយ​ បាន​ជា​លោក ហ៊ុន សែន ចាប់ផ្តើមជជែកជាមួយមន្រ្តីគណបក្ស ប្រជាជន​កម្ពុជាឯទៀត អំពី​ការប្រើកម្លាំងទ័ព ដើម្បីកម្ទេចគណបក្ស ហ៊្វុនស៊ិនប៉ិច​ចោល។ នោះហើយ​ គឺជាអ្វីដែល​ Benny Widyono រាយការណ៍ទៅញូយក កាលពី​ខែមករា ​ឆ្នាំ ១៩៩៦​ នោះ»។

កាល​ណោះ ​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជាលោក ជា ស៊ីម និង​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​លោក ទៀ បាញ់ មិន​​បាន​យល់​​ព្រម​​ជាមួយ​លោក ហ៊ុន​ សែន ក្នុង​ការ​ធ្វើ​រដ្ឋប្រហារ​នោះ​ឡើយ។ នេះបើ​តាម​ការ​បញ្ជាក់​របស់​លោក ប៊្រែដ អាដាមស៍។

ទោះជា​យ៉ាងណា ឆ្លើយតប​ទៅនឹង​សំនួរ​របស់​អ្នក​កាសែត​បរទេស​ក្រោយ​ពី​កំចាត់​សម្តេច​ក្រុម​ព្រះ​បាន​ជោគជ័យ លោក ហ៊ុន សែន បាន​ចោទ​សម្តេច​ក្រុម​ព្រះ​ថា ជា​អ្នក​ប្រើ​កម្លាំង​មុន។

សំឡេង​អ្នកកាសែត​បទេស៖ Do you regret the use of force? តើ​លោក​មាន​ស្តាយ​ពី​ការ​ប្រើ​កម្លាំង​ទេ?

សំឡេង​លោកហ៊ុន សែន៖ អត់មានស្តាយអីទាំងអស់ រឿងដែលគេប្រើគេប្រើមក​ទេ​តើ។ ម៉េចបាន​ជា​អ្នក​ឯង​​នៅ​​តែ​​​និយាយ​​​ពី​​​អា​​បញ្ហា​​ហ្នឹង បញ្ហាគឺ [prince] រណឬទ្ធិជាអ្នកប្រើកម្លាំងខ្ញុំ​[មិន]​បាន​កម្លាំង​ឯណា? ខ្ញុំប្រើកម្លាំងគ្រាន់តែទប់ ឥឡូវ​លោក​ឯង​ឲ្យ​ខ្ញុំដកថយ ឬឲ្យ​​ខ្ញុំទប់​? ឥឡូវ​លោក​ឯង​ទៅ​អន្លង់វែង​ខ្លួន​ឯងទៅ​យក​ក្បាល​ទៅ​រង​គ្រាប់​ខ្លួន​ឯង​ទៅ។ You can go to Anlung Veng for shooting by Pol Pot

លោក ប្រ៊ែដ អាដាមស៍ ថា គឺលោក ហ៊ុន សែន ទៅ​វិញ​ទេ ដែល​ខ្លាច​ចាញ់​ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៨ ទើប​បាន​​ធ្វើ​​រដ្ឋ​ប្រហារ។ លោក​ថា រដ្ឋ​ប្រហារ​ឆ្នាំ​១៩៩៧ គឺ​ជា​ការ​បំផ្លាញ​ចោល​លទ្ធផល​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​កើត​ចេញេ​ពី​កិច្ច​ព្រមព្រៀង​សន្តិភាព​​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ គឺ​ក្រោយ​ពេល​ពលរដ្ឋ​កម្ពុជា​ទើប​តែ​បាន​ងើប​ចេញ​ពី​របប​កុម្មុយនិស្ត​ខ្មែរក្រហម និង​​​របប​​​គ្រប់គ្រង​​​ដោយ​​កងទ័ព​កុម្មុយនិស្ត​វៀតណាម។

សម្រាប់​ពលរដ្ឋ​កម្ពុជា ការ​បោះ​ឆ្នោត​ឆ្នាំ​១៩៩៣ ដែល​រៀបចំ​ដោយ អាជ្ញាធរ​បណ្តោះ​អាសន្ន​នៃ​អង្គការ​​សហប្រជាជាតិ​​​នៅ​​​កម្ពុជា ហៅ​កាត់​ថា អ៊ុនតាក់ (UNTAC) គឺ​ជា​ថ្នាល​សម្រាប់​បណ្តុះ​នូវ​ពន្លក​សេរីភាព​នានា ដូច​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ១៩៩៣ នៅ​ពេល​ក្រោយ​មក។

លោក ប៊្រែដ អាដាមស៍ ថា កាល​ណា​មនុស្ស​អត់​សេរីភាព​មនុស្ស​ក៏​អស់​សង្ឃឹម​ដែរ ប៉ុន្តែ អ៊ុនតាក់ បាន​នាំ​មក​នូវ​​​សេចក្តី​​​សង្ឃឹម​​​ដល់​​​ប្រជាជាតិ​​កម្ពុជា​​នៅ​​ពេល​នោះ៖ «អ៊ុនតាក់ ខំ​យកសេរីភាព ដែលមិនធ្លាប់មាន មក​ជូនពលរដ្ឋ​ខ្មែរ មាន​ទាំងសេរីភាពព័ត៌មាន សេរីភាពក្នុងការប្រមូល​ផ្តុំ​តវ៉ា សេរីភាពក្នុង​ការបើក​អង្គការសមាគម សិទ្ធិក្នុង​ការបង្កើតគណបក្ស​នយោបាយ​​ជា​ដើម។ អ៊ុនតាក់ ក៏​​បាន​​នាំ​មកនូវការបោះ​ឆ្នោតមួយ​សម្រាប់កម្ពុជា​ដែរ ហើយ​ការ​បោះ​ឆ្នោត​កាល​ណោះ គឺ​អង្គការសហប្រជាជាតិ​​ជា​​អ្នក​​រៀបចំ។ ជាអកុសល រដ្ឋប្រហារឆ្នាំ១៩៩៧ បានទាញប្រទេស​កម្ពុជា ឲ្យដើរបញ្ច្រាស​ទៅ​ក្រោយ ទៅ​​យុគ​សម័យ​ខ្មៅ​​ងងឹត​មួយ ដែលមេ​ដឹក​នាំ​ខ្មែរ នាំ​គ្នាដណ្តើម​អំណាច​គ្នា តាមរយៈ​កម្លាំងប្រដាប់អាវុធ និង​អំពើ​ហិង្សា។ ស្ថានភាព​​បែប​​នេះ ធ្វើឲ្យពលរដ្ឋខ្មែរ​រងទុក្ខយ៉ាងខ្លាំង។ រដ្ឋប្រហារដដែល​នោះ ក៏បានធានាឲ្យលោក ហ៊ុន សែន បន្តក្រាញអំណាចជាមេដឹកនាំ និង​ជាមេបក្សប្រជាជន​កម្ពុជា។ ភ្លាមៗ ក្រោយរដ្ឋប្រហារ លោក ហ៊ុន សែន ចាប់ផ្តើមគ្រប់គ្រង​បក្សទាំង​ស្រុង។ គាត់ចាប់ផ្តើម​បញ្ចូល​មនុស្សរបស់គាត់ ទៅ​ក្នុងជួរមន្រ្តី​ជាន់​ខ្ពស់ក្នុងកងទ័ព និង​នគរបាល​ជាតិ។ គាត់​​ចាប់​​ផ្តើម​​ជម្រុះ​​ខ្សែ​លោក  ខេង និង​លោក ជា ស៊ីម។ រដ្ឋប្រហារ​នោះ ធ្វើឲ្យ​លោក ហ៊ុន សែន ក្លាយជាបុរសខ្លាំង និង​ជាអ្នកមានអំណាចដឹកនាំតែ​ម្នាក់​ឯងគត់។ ដោយសារតែគាត់ហ៊ានធ្វើរដ្ឋប្រហារ ដោយមិន​ចាំបាច់មាន​ការយល់​ព្រមពីគណបក្ស​ ប្រជាជន​​កម្ពុជា លោក ហ៊ុន សែន ហ៊ានធ្វើអ្វីស្រេច​តែក្បាល​ចិត្ត។ គាត់បបួលឲ្យមន្រ្តីក្នុង​ជួរ​បក្ស​តតាំង​នឹងគាត់ ប៉ុន្តែ​គ្មាននរណាហ៊ាន​ក្អក​នោះ​ឡើយ។ គ្មានមន្រ្តី​ណា​ហ៊ានឃាត់ទង្វើផ្តាច់ការរបស់លោក ហ៊ុន សែន ឡើយ»

មេធាវីការពារ​សិទ្ធិមនុស្ស​អន្តរជាតិ លោក ប្រ៊ែដ អាដាម បន្ត​ថា បើ​ទោះ​ជា​ឧក្រិដ្ឋកម្ម​សម្លាប់​មនុស្ស​ក្រៅ​​ច្បាប់​​នេះ​​​កន្លង​​ទៅ​​ជាង ២០​ឆ្នាំ​ក្តី ការ​វែក​មុខ​រក​ជន​ដៃ​ដល់ និង​អ្នក​​ពាក់ព័ន្ធ​មក​ផ្តន្ទាទោស នៅ​តែ​មាន​សារៈ​សំខាន់​ខ្លាំង ដោយសារ​មាន​មូលហេតុ​​ចម្បង​ពីរ​យ៉ាង គឺ​មូលហេតុ​ផ្ទាល់​ខ្លួន​របស់​ជន​រង​គ្រោះ និង​មូលហេតុ​នយោបាយ៖ «បើនិយាយ​​ពី​​រឿង​​បុគ្គល​​ផ្ទាល់​ខ្លួន គឺ​​កាល​​ណា​សមាជិក​គ្រួសាររបស់​អ្នក ត្រូវគេចាប់ខ្លួន សម្រាតសម្លៀកបំពាក់ ចាប់វាយខ្នោះ រួចហើយដឹក​ចេញ​ទៅ​ក្រៅ​ក្រុងភ្នំពេញ ក្រោយ​មកក៏​គេបាញ់តម្រង់ក្បាល ដើម្បីសម្លាប់ចោល អ្នក​ច្បាស់ជាចង់រក​យុត្តិធម៌ឲ្យជន​រង​គ្រោះ​នោះ។ អ្នក​​ច្បាស់​​ជា​​ចង់​​ឲ្យ​​គេ​​ធ្វើ​​យ៉ាង​​ណា​ ផ្តន្ទាទោសជនដៃ​ដល់ ដែលបាញ់សម្លាប់មនុស្សបែប​នេះ។ ការចង់បានយុត្តិធម៌​បែប​នេះ គឺ​ជា​កត្តាសត្យានុម័ត តាមបែប​ធម្មជាតិរបស់​មនុស្ស​លោក។ កាល​ណោះ ខ្ញុំធ្វើ​ការឲ្យការិយាល័យសិទ្ធិមនុស្សអង្គការ​​សហប្រជាជាតិ ហើយ​ខ្ញុំ​​ខ្លួន​ឯង​ហ្នឹង ជា​អ្នកជីក​គាស់​សាកសពជនរង​គ្រោះ​ទាំង​នោះ ដោយផ្ទាល់ដៃ​ថែម​ទៀតផង។ អ្នកដែលគេ​ចាប់ និង​បាញ់​សម្លាប់ចោលទាំង​នោះ អ្នក​ខ្លះគេ​ដឹក​ចេញ​ទៅ​កំពង់ស្ពឺ អ្នក​ខ្លះគេយកទៅសម្លាប់ចោល​នៅ​ជ្រោះ​ពេជ្រនិល។ ខ្ញុំ​​កាយ​រក​​ឃើញ​សាកសព​​មនុស្ស​ប្រុស​​ម្នាក់ មាន​ស្លៀក​តែខោ​ខ្លី ដៃជាប់ខ្នោះ​ទាំង​ពីរ និង​មាន​រន្ធគ្រាប់កាំភ្លើងផុងក្នុងលលាដ៏​ក្បាលគាត់។ សាកសព​របស់​គាត់​ គេ​កាយដី​កប់រាក់ៗ ប៉ុណ្ណោះ។ ខ្ញុំ និង​មន្រ្តីស៊ើបអង្កេតផ្នែកសិទ្ធិមនុស្សរបស់​​អង្គការ​សហប្រជាជាតិ រកឃើញ​សាកសព​នោះ។ ក្រោយមកទើបយើងកំណត់អត្តសញ្ញាណដឹង​ថា អ្នក​ស្លាប់ជាអ្នកណា«

លោក ប្រ៊ែដ អាដាម បន្តថា រីឯ​ហេតុផល​នយោបាយ​នោះ គឺ​ថា ការ​ស្រេកឃ្លាន​យុត្តិធម៌​ផ្ទាល់​ខ្លួន ក៏​វា​មាន​ភាព​​ពាក់ព័ន្ធ​​គ្នា​​នឹង​​យុត្តិធម៌​​ក្នុង​សង្គម​ទាំង​មូល​ដែរ ពីព្រោះ​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​បែប​នេះ នឹង​បន្ត​ធ្វើ​វា​ត​ទៅ​ទៀត កាល​ណា​គ្មាន​នរណា​ហ៊ាន​ចាប់​ទោស​អូស​ដំណើរ​ពួក​គេ​នោះ៖ «មនុស្សរបស់លោក ហ៊ុន សែន ដែលពាក់ព័ន្ធ​ក្នុង​រដ្ឋប្រហារនោះ សុទ្ធតែរួច​ទោស​ទាំង​​អស់។ មិន​តែ​ប៉ុណ្ណោះ ជនដៃ​ដល់​ ដែល​ជា​ឃាតករសម្លាប់មនុស្សកាល​ណោះ មានច្រើននាក់​ណាស់ ដែលបានឡើងបុណ្យ​ស័ក្តិ ពាក់​ផ្កាយពេញស្មា​ថែម​ទៀតផង។ មិនបាច់ទៅ​មើល​ឯណា​ឆ្ងាយ ក្នុង​នោះ​មានឧត្តមសេនីយ៍ ចាប ភក្តី​ មួយ​​ដែរ។ គាត់​​ជាប់​​ពាក់ព័ន្ធ​នឹងការសម្លាប់មនុស្សក្រៅប្រព័ន្ធ​តុលាការ ពោល​គឺ​នៅ​ក្រោយរដ្ឋប្រហារ​នោះ។ កាល​ណោះ​គាត់មានឋានៈ​ត្រឹម​តែ​វរៈសេនីយ៍ឯក ឬ​ស័ក្តិ  ប៉ុណ្ណោះ។ ប៉ុន្តែ​ឥឡូវនេះ គាត់ឡើងស័ក្តិដល់ឧត្តមសេនីយ៍ ពាក់​​ផ្កាយ​ហើយ។ គាត់​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន។ មិនតែ​ប៉ុណ្ណោះ យើងរកឃើញបន្ថែមទៀតថា នៅ​ឆ្នាំ ២០១៤ កាល​ផ្ទុះបាតុកម្មតវ៉ា​ទ្រង់ទ្រាយធំ​ក្រោយបោះ​ឆ្នោត​ជាតិ គឺ​ក្រុមទាហាន​ក្នុងកងរបស់គាត់ហ្នឹងហើយ ដែលចូល​ដៃ​ក្នុង​ការបង្ក្រាប​​អ្នក​តវ៉ា​​យ៉ាង​​ហិង្សា​​នោះ។ ដូច្នេះ​​អ្នក​​ដែលចូលដៃក្នុង​អំពើហិង្សាក្នុង​រដ្ឋប្រហារកាល​ឆ្នាំ ១៩៩៧ ឥឡូវ​នៅ​តែបន្តអំពើហិង្សាតទៅ​ទៀត​ រហូត​ដល់ឥឡូវនេះ​ទៀត ដោយគ្មានទោសពៃរ៍​អ្វី​ទាំង​អស់។ យើងត្រូវតែបញ្ចប់វប្បធម៌​និទណ្ឌភាពបែប​នេះ។ យើង​ត្រូវ​​រួម​​គ្នា​​បំបាត់​​វប្បធម៌​នេះ​​ចោល មិន​ត្រូវ​​ឲ្យមនុស្សរបស់លោក ហ៊ុន សែន ឡើងចាង ធ្វើអ្វីបំពានបានស្រេច​តែ​នឹងចិត្ត និង​រួចខ្លួនរហូតបែប​នេះ​បាន​ឡើយ»

ទាំង​លោក អំ សំអាត នៃ​អង្គការ​សិទ្ធិមនុស្ស លីកាដូ (LICADHO) និង​លោក ប្រ៊ែដ អាដាម នៃ​អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) យល់​ថា ការ​ទាមទាម​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​នៅ​ពេល​បច្ចុប្បន្ន​នេះ ពិត​ជា​ពិបាក ប៉ុន្តែ​គេ​មិន​ត្រូវ​អស់​សង្ឃឹម ហើយ​បោះបង់​ចោល​ការ​ទាមទារ​នេះ​ទេ។ លោក ប្រ៊ែដ អាដាមស៍ ថា ការ​រំលឹក និង​ការ​ផ្សាព្វផ្សាយនូវ​អំពើ​រំលោភ​សិទ្ធិមនុស្ស​ក្នុង​កាល​ទេសៈ​ណា​ក៏​ដោយ វា​មាន​សារៈ​សំខាន់​ណាស់៖ «គ្មាន​អ្វី​ជា​អមតៈ​នោះ​ទេ។ គ្មាន​នរណា​មាន​ភ្នែក​ទិព្វ ឬ​អាច​ព្យាករណ៍​ថា នឹង​មាន​អ្វីកើត​ឡើង​ទៅ​ថ្ងៃ​ខាង​មុខ​នោះ​ទេ។ ប៉ុន្តែ ខ្ញុំ​សុំ​ជម្រាប​ថា នៅ​ប្រទេស​ភូមា និង​ប្រទេស​ម៉ាឡេស៊ី ប្រហែល​ជា​អ្វីៗ មិន​អាច​​ផ្លាស់​ប្តូរ​ទៅ​រួច ដូច​សព្វថ្ងៃ​នេះ​ឡើយ បើ​កុំ​តែ​ពលរដ្ឋ​ភូមា និង​ម៉ាឡេស៊ី បន្ត​ផ្សាយ​ព័ត៌មាន​ពិត បន្ត​ហ៊ាន​និយាយ​ការ​ពិត​អំពី​ទង្វើ​អាក្រក់​របស់​អ្នក​កាន់​អំណាច បង្ហាញ​មុខ​ជន​រំលោភ​សិទ្ធិមនុស្ស​ ជន​ប្រព្រឹត្ត​អំពើ​ពុក​រលួយ និង​បន្ត​ធ្វើ​យុទ្ធនាការ និង​ចូលរួម​យ៉ាង​សកម្ម​ក្នុង​ការ​តវ៉ា ដើម្បី​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ។ ខ្ញុំ​មិន​ហ៊ាន​ទស្សន៍ទាយ​មុន​ថា ប្រទេស​កម្ពុជា នឹង​ក្លាយ​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ។ ក៏​ប៉ុន្តែ ខ្ញុំ​ជឿជាក់​ថា ជន​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​ប្រព្រឹត្ត​អំពើ​រំលោភ​សិទ្ធិមនុស្ស និង​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ដល់​ឆ្អឹង នឹង​ចៀស​មិន​ផុត​ពី​ការ​កាត់​ទោស​នៅ​ថ្ងៃ​ណា​មួយ​ជាក់​ជា​មិន​ខាន។ ថ្ងៃ​ណា​មួយ អ្នក​ទាំង​នោះ​នឹង​ធ្លាក់​ពី​អំណាច។ ពេល​នោះ រាល់​ការ​តស៊ូមតិ និង​តវ៉ា​របស់​សកម្មជន​ការពារ​សិទ្ធិមនុស្ស និង​ការ​ខំប្រឹង​ប្រែង​ផ្តល់​ព័ត៌មាន​ពិត​របស់​អ្នក​សារព័ត៌មាន នឹង​ទទួល​បាន​ផ្លែផ្កា​នៅ​ថ្ងៃ​ណា​មួយ»

លោក ប៊្រែដ អាដាម និយាយ​ថា ការ​សម្លាប់​ពេល​នោះ គឺ​ចូល​ជា​បទឧក្រិដ្ឋ​រំលោភ​ច្បាប់​សង្គ្រាម។ លោក​ថា ប្រសិន​​បើ​​ការ​​បាត់​បង់​​ជីវិត​​មនុស្ស​​ដ៏​ច្រើន​នៅ​ក្នុង​ថ្ងៃ​រដ្ឋ​ប្រហារ​នោះ បណ្ដាល​មក​ពី​ការ​ប្រយុទ្ធ​គ្នា​លើ​សមរភូមិ ឬ​ក៏​ជា​ការ​សម្លាប់​ដោយ​ភ័ន្តច្រឡំ គេ​អាច​ទទួល​យក​បាន។ ប៉ុន្តែ​លោក​ថា នៅ​ពេល​ដែល​ជន​រង​គ្រោះ​ទាំង​នោះ​ត្រូវ​បាន​គេ​ដេញ​តាម​ចាប់ ហើយ​​​សម្រាត​​​សំលៀក​បំពាក់​​​ចេញ​​ពី​​ខ្លួន ចង​​មុខ​ចង​​ស្លាប​សេក ឬ​​ដាក់​ខ្នោះ រួច​ប្រើ​កាំភ្លើង​បាញ់​បំបែក​លលាដ៍​ក្បាល ហើយ​កប់​ក្នុង​រណ្ដៅ​រាក់ៗ នោះ​​គឺ​​ជា​​រឿង​​មួយ​​ដែល​​អសីលធម៌ និង​​អមនុស្សធម៌​​គួរ​​ឲ្យ​​ស្អប់​​ខ្ពើម។

យោង​តាមច្បាប់​អន្តរជាតិ ឧក្រិដ្ឋកម្ម​មួយ​ចំនួន​មិន​មាន​អាជ្ញាយុកាល​ទេ ពោល​ទោះ​ជា​បទល្មើស​នោះ​កន្លង​​ផុត​​​ទៅ​​​យូរយារ​​ប៉ុណ្ណា​​ក្តី ក៏​​ជន​​ល្មើស​​មិន​​អាច​​រួច​​ខ្លួន​​បាន​​ឡើយ ដូចជា ឧក្រិដ្ឋកម្ម​សង្គ្រាម ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជ​សាសន៍។

ដោយ​ហេតុ​ថា ឧក្រិដ្ឋកម្ម​ទាំង ៣​ប្រភេទ​នេះ មិន​មាន​អាជ្ញាយុកាល​នេះ​ហើយ ទើប​ផ្ដល់​ជា​មូលដ្ឋាន​ច្បាប់​​ដល់​កម្ពុជា ឲ្យ​​បង្កើត​​បាន​​សាលាក្ដី​​ខ្មែរ​ក្រហម ដែល​កំពុង​ជំនុំជម្រះ​ទោស​អតីត​មេដឹកនាំ​របប​ខ្មែរក្រហម​នា​ពេល​បច្ចុប្បន្ន បើ​ទោះ​ជា​ឧក្រិដ្ឋកម្ម​ក្នុង​របប​ខ្មែរ​ក្រហម​បាន​កន្លង​ផុត​ទៅ​ជាង ៣៩​ឆ្នាំ​ហើយ​ក្តី។ ការ​សម្លាប់​ឈ្លើយ​សឹក ការ​សម្លាប់​មនុស្ស​​គ្មាន​​អាវុធ​​ក្នុង​​ដៃ ឬ​​ការ​​សម្លាប់​​ជន​​ស៊ីវិល គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម។

ទាក់ទងនឹងការសម្លាប់មនុស្ស​ក្រៅ​ច្បាប់​នូវ​មន្ត្រី​ប៉ូលិស និង​យោធា​រាប់​សិប​នាក់ ដែល​ស្មោះត្រង់​នឹង​នាយករដ្ឋមន្ត្រី​​ទី​១ សម្តេច​ក្រុម​ព្រះ នរោត្តម រណឫទ្ធិ នៅ​ក្នុង​អំឡុង​ពេល​រដ្ឋប្រហារ​ឆ្នាំ១៩៩៧ នោះ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ Human Rights Watch ហៅ​ការ​សម្លាប់​នោះ​ថា ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ដែល​ជា​បទល្មើស​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ ដែល​​ត្រូវ​​តែ​​មាន​​ការ​​ស៊ើប​អង្កេត និង​ផ្តន្ទាទោស​តាម​ច្បាប់ ដើម្បី​ទប់ស្កាត់​អំពើ​និទណ្ឌភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

One Response to "សង្គម​​ដែល​​បំភ្លេច​​ចោល​​យុត្តិធម៌​​នឹង​​ត្រូវ​​ញាំញី​ដោយ​​និទណ្ឌភាព"

  1. Anonymous says:

    Cambodian will remembers for ever about the action of evil treason of our nation . it does not matter what HUN SEN and his group trying to tell the world it can not convincing any one to believe them. the history was already been writing that tell every Cambodian how painful that the evil monster HUN SEN have done to Cambodia . most Cambodian knew HUN SEN is a KBOTH CHEATH person indeed no question to ask. BRAD ADAM is the alive wideness he had all evident he saw in his eyes also pitchers of brutal killing by HUN SEN military . 2022..2023 HUN SEN the evil KBOTH CHEATH will be ORSLEAK …. CHHEAM SREK SBEKHOV the sole of Cambodian nationalist is coming to hunt him every day HUN SEN can not pass 2023