ដោយ មាន ឫទ្ធិ
2022.08.03
RFA

លោក ហ៊ុន សែន ជួបលោក មីន អ៊ុងលាំង (Min Aung Hlaing) មេដឹកនាំរដ្ឋប្រហារយោធាភូមា តាមវីដេអូ កាលពីខែមករា ឆ្នាំ២០២២។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានអាស៊ានប្ដូរវេន លើកឡើងថា ជម្លោះនយោបាយនៅភូមា (Myanmar) កាន់តែធ្ងន់ធ្ងរហើយ ប៉ុន្តែ ក្នុងនាមលោកជាប្រធានអាស៊ាន លោកមិនបានបង្ហាញចំណាត់ការណាមួយលើរបបយោធាភូមាឡើយ។ អ្នកជំនាញកិច្ចការអន្តរជាតិជំរុញទៅប្រទេសសមាគមអាស៊ាន និងប្រទេសពាក់ព័ន្ធគួរយកឱកាសនៃកិច្ចប្រជុំរដ្ឋមន្ត្រីអាស៊ាន ដាក់ចេញវិធានការតឹងរ៉ឹង លើរបបយោធាភូមា។
អ្នកជំនាញកិច្ចការអន្តរជាតិ លើកឡើងថា អាស៊ាន និងភាគីពាក់ព័ន្ធ មិនគួររក្សាភាពស្ងៀមស្ងាត់លើមេដឹកនាំរបបយោធាភូមានោះទេ។ ក្រុមអ្នកឃ្លាំមើលថា បើអាស៊ាននៅតែមិនអាចដោះស្រាយបញ្ហានេះ អាស៊ានគួរប្រមូលមតិរួមមួយ ស្នើទៅអង្គការសហប្រជាជាតិឲ្យអន្តរាគមន៍ករណីអំពើហិង្សា និងការរំលោភសិទ្ធិមនុស្សនៅភូមា។
ការលើកឡើងបែបនេះ ក្រោយពេលប្រធានអាស៊ានប្ដូរវេន លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលស្គាល់ថា លោកដោះស្រាយបញ្ហាជម្លោះនៅភូមា គ្មានភាពជឿនលឿនទេ។ លោក ហ៊ុន សែន បានត្រឹមអួតអាងថា ការដោះស្រាយ កន្លងមកការផ្ដល់ជំនួយមានការរីកចំរើន។ ទោះយ៉ាងណាក្ដី លោកអះអាងថា ប្រសិនបើរបបយោធាភូមា ប្រហារជីវិតលើសកម្មជនប្រជាធិបតេយ្យតទៅទៀត លោកនឹងបង្ខំចិត្តគិតគូរឡើងវិញ អំពីតួនាទីរបស់អាស៊ាន ចំពោះកិច្ចព្រមព្រៀង ៥ចំណុចរបស់អាស៊ាន៖ «សភាពការណ៍នៅពេលនេះប្រែប្រួលខ្លាំង ដែលអាចនិយាយបានថា កាន់តែអាក្រក់ជាងមុនការព្រមព្រៀងឯកច្ឆន្ទប្រាំចំណុចទៅទៀត ក្រោយពីការអនុវត្តទោសប្រហារជីវិតសកម្មជនបក្សប្រឆាំង៤រូប កម្ពុជាក៏ដូចជារដ្ឋសមាជិកអាស៊ានទាំងអស់ ខកចិត្ត និងរន្ធត់យ៉ាងក្រៃលែង ចំពោះការប្រហារជីវិតសកម្មជនបក្សប្រឆាំងទាំងនោះ»។
លោក ហ៊ុន សែន លើកឡើងដូច្នេះ ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធថ្ងៃទី៣ ខែសីហា។ ការថ្លែងរបស់លោក ហ៊ុន សែន ពេលនេះហាក់ខុសគ្នាឆ្ងាយ កាលពីលោកទើបឡើងអង្គុយកៅអីប្រធានអាស៊ានថ្មីៗ កាលពីដើមឆ្នាំ២០២២។ ពេលនោះលោក ហ៊ុន សែន ប្រកាសតាំងខ្លួនថា ជាអ្នកពូកែចរចារកដំណោះស្រាយ ហើយលោកថា នឹងយកបទពិសោធន៍ដែលមាន ដើម្បីទៅចរចារកដំណោះស្រាយវិបត្តិនយោបាយនៅប្រទេសភូមា។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា សង្កេតឃើញថា របបយោធាភូមា មិនដែលយកចិត្តទុកគោរពគោលការណ៍ឯកច្ឆន្ទ ៥ចំណុច របស់អាស៊ាន ដើម្បីបញ្ចប់អំពើហិង្សានៅក្នុងប្រទេសភូមានោះទេ។ លោកយល់ថា អាស៊ានគួរមានវិធានការមិនអនុញ្ញាតឱ្យគ្រប់រដ្ឋមន្ត្រីនៃរបបយោធាភូមាចូលរួមរាល់កិច្ចប្រជុំអាស៊ានឡើយ។ លោកលើកឡើងដូច្នេះ ព្រោះលោកសង្កេតឃើញថា ការប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានកាលពីពេលថ្មីៗ នេះ កម្ពុជាក្នុងនាមជាប្រធានអាស៊ានបានអនុញ្ញាតឱ្យរដ្ឋមន្ត្រីការពារជាតិនៃរបបសឹកភូមា ចូលរួមប្រជុំ៖ «ប្រធានអាស៊ានកម្ពុជា ហ្នឹងគួរតែពង្រីកវិសាលភាព នៃការជជែក ឬក៏ចរចា ពីភាគីពាក់ព័ន្ធរបស់ភូមា ឧទាហរណ៍ថា រដ្ឋាភិបាលរួបរួមជាតិភូមាហ្នឹង ដែលជារដ្ឋាភិបាលហ្នឹងគួរចាប់ផ្ដើមជជែកខ្លះកុំឲ្យរដ្ឋាភិបាលយោធាហ្នឹង គិតថា ខ្លួនឯងជាតំណាងភូមាផ្ដាច់មុខពេក អ៊ីចឹងរដ្ឋាភិបាលយោធា មិនជជែករកវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាសន្តិភាពនៅភូមាទេបាទ»។
ស្រដៀងគ្នានេះដែរ អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ស៊ឹង សែនករុណា យល់ថា គួរដល់ពេលប្រធានអាស៊ាន និងប្រទេសសមាជិកអាស៊ាន បង្ហាញចំណាត់ការណាមួយលើមេដឹកនាំនៃរបបយោធាភូមា។ លោកបន្តថា អាស៊ានគួរពិនិត្យឡើងវិញនូវគោលការណ៍ប្រាំចំណុចរបស់ខ្លួនថា របបយោធាភូមា អនុវត្តបានកម្រិតណា។ លោកយល់ថា បើអាស៊ានមិនអាចរកដំណោះស្រាយបញ្ហានៅភូមាបានទេ អាស៊ានគួររួមគ្នាស្នើទៅអង្គការសហប្រជាជាតិ ដោះស្រាយជម្លោះនយោបាយ និងរំលោភសិទ្ធិមនុស្សនេះ៖ «គួរតែមានវិធានការណាមួយ ដើម្បីជាព្រមាន ដើម្បីកុំឲ្យមានការរំលោភបំពានបែបហ្នឹង មានហិង្សាបែបហ្នឹងសម្លាប់ជនស្លូតត្រង់បែបហ្នឹង អ៊ីចឹងយើងគិតថា មិនមានវិធានការបែបនេះ នឹងធ្វើឲ្យអ្នកដឹកនាំបែបកុម្មុយនិស្ត ឬក៏ផ្ដាច់ការហ្នឹងចេះតែប្រើវិធីហ្នឹងទៅធ្វើទុក្ខបុកម្នេញ ប្រជាពលរដ្ឋ ឬអ្នកនយោបាយជំទាស់តាមអំពើចិត្តបន្តទៀតបាន»។
ទាក់ទងការលើកឡើងរបស់មន្ត្រីសង្គមស៊ីវិល និងអ្នកជំនាញនយោបាយអន្តរជាតិពេលនេះ វិទ្យុអាស៊ីសេរីមិនអាចសុំប្រតិកម្មពីអ្នកនាំពាក្យក្រសួងការបរទេស លោក ជុំ សន្ទរី បានទេ នៅថ្ងៃទី៣ ខែសីហា។
រយៈពេលជាងមួយឆ្នាំមកនេះ កិច្ចព្រមព្រៀងឯកច្ឆន្ទ ៥ចំណុចរបស់អាស៊ាន រួមទាំងកិច្ចខិតខំរបស់មេដឹកនាំកម្ពុជាផង ដើម្បីជួយឱ្យប្រទេសភូមាឲ្យវិលត្រឡប់ទៅរកប្រជាធិបតេយ្យ និងប្រក្រតីភាពវិញនោះ មិនទាន់ទទួលបានជោគជ័យនោះទេ។ ថ្មីៗ នេះ របបយោធាភូមាថែមទាំងបានប្រហារជីវិតអ្នកទោសនយោបាយភូមាចំនួន ៤នាក់ ក្នុងនោះម្នាក់ជាអតីតតំណាងរាស្ត្ររបស់គណបក្សសម្ព័ន្ធ ដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) និងសកម្មជនប្រជាធិបតេយ្យល្បីឈ្មោះ៣នាក់ទៀត។
ត្រឡប់មកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ការចាប់ផ្ដើមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានថ្ងៃទី៣ ខែសីហា ចែកចេញជាពីរផ្នែកសំខាន់ៗ ពេលព្រឹកជាកិច្ចប្រជុំទូទៅ ចំណែកពេលរសៀលជាកិច្ចប្រជុំចង្អៀត។
អ្នកនាំពាក្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន លោក គង់ ភោក ឱ្យដឹងថា កិច្ចប្រជុំពេញអង្គរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ ប្រមុខការទូតទាំងអស់បានឯកភាពគ្នាលើបញ្ហាសំខាន់ៗចំនួន៤។ បញ្ហាទាំងនោះរួមមានដូចជា៖ ការស្នើសុំចូលជាសមាជិកអាស៊ានរបស់ប្រទេសទីម័រខាងកើត (East Timor) ដែលប្រទេសសមាជិកអាស៊ានជំរុញឱ្យលេខាធិការដ្ឋានអាស៊ានពន្លឿនចំពោះការវាយតម្លៃរួម ហើយដាក់ឲ្យក្រុមប្រឹក្សាសម្របសម្រួលអាស៊ានដើម្បីពិចារណានៅខែវិច្ឆិកា។ បញ្ហាទីពីរ លោក គង់ ភោក អះអាងថា រដ្ឋមន្ត្រីការបរទេសអាស៊ានបានសរសើរចំពោះវឌ្ឍនភាពរបស់ក្រុមការងារជាន់ខ្ពស់សម្រាប់ចក្ខុវិស័យសហគមន៍អាស៊ានក្រោយឆ្នាំ២០២៥។ បញ្ហាទីបី គឺការចូលជាសមាជិកសន្ធិសញ្ញាមិត្តភាពនិងសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) លោកថាកិច្ចប្រជុំបានស្វាគមន៍មិត្ត និងប្រទេសដៃគូដទៃទៀតសរុបចំនួន៦ ក្នុងការចូលជាសមាជិកនៃសន្ធិសញ្ញានេះ ដែលក្នុងនោះមានប្រទេសដាណាម៉ាក (Denmark) ក្រិក (Greece) ហូឡង់ (The Netherlands) អូម៉ង់ (Oman) រដ្ឋកាតា (Qatar) និងប្រទេសអារ៉ាប់ អេមីរ៉ាត់ រួម (UAE)។ លោកបញ្ជាក់ថា ការចូលជាសមាជិក TAC គឺជាលក្ខខណ្ឌអប្បបរមាដើម្បីក្លាយជាដៃគូរបស់អាស៊ាន។ បើតាមលោក គង់ ភោក បញ្ហាចុងក្រោយដែលរដ្ឋមន្ត្រីការបរទេសអាស៊ានបានពិភាក្សា គឺពាក់ព័ន្ធនឹងការផ្តល់ឋានៈដៃគូសន្ទនាតាមវិស័យជាមួយអាស៊ានដល់ប្រទេសអារ៉ាប់ អេមីរ៉ាត់ រួម និងប្រេស៊ីល ជាដើម។ ក្រៅពីនោះ រដ្ឋមន្ត្រីការបរទេសអាស៊ានក៏បានអនុម័តសំណើរៀបចំកិច្ចប្រជុំកំពូលអាស៊ាន កាណាដា (Canada) និងអាស៊ាន សហភាពអឺរ៉ុប (EU) ការពិភាក្សាផ្តោតលើប្រធានបទសំខាន់ៗដទៃទៀតដូចជា គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាពឆ្នាំ២០៣០ ផែនទីបង្ហាញផ្លូវបំពេញបន្ថែមរវាងគោលដៅអភិវឌ្ឍន៍ SDG នេះ និងចក្ខុវិស័យអាស៊ាន ការពិនិត្យមើលការឆ្លើយតបចំពោះកូវីដ១៩ ការគ្រប់គ្រងគ្រោះមហន្តរាយ និងបញ្ហាសំខាន់ៗមួយចំនួនទៀត។
ក្រៅពីក៏មានកិច្ចប្រជុំ រដ្ឋមន្ត្រីការបរទេសអាស៊ាន ក៏មានកិច្ចប្រជុំរដ្ឋមន្ត្រីប្រទេសដៃគូអាស៊ាន ជិត៤០ប្រទេស ក្នុងនោះក៏មានរដ្ឋមន្ត្រីការបរទេសប្រទេសមហាអំណាច រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក ចិន និង រុស្ស៊ី ជាដើម។
សេចក្ដីប្រកាសព័ត៌មានក្រសួងការបរទេសសហរដ្ឋអាមេរិកកាលពីថ្ងៃទី២ ខែសីហា ឲ្យដឹងថា រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក អែនតូនី ប្ល៊ីងខិន (Antony J.Blinken) នឹងលើកពីទំនាក់ទំនងរវាងកម្ពុជា–អាម៉េរិក និងក្របខណ្ឌអាម៉េរិក–អាស៊ាន។ ចំពោះបញ្ហាកម្ពុជា លោក អែនតូនី ប្ល៊ីងខិន ក៏បានលើកឡើង បញ្ហាមូលដ្ឋានកងទ័ពចិននៅកំពង់ផែខេត្តព្រះសីហនុ ប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
at first I though I’m a GOD of every one but so sad I’m only Cambodian GOD the reason I have powers to kill them . HAS……HAS…..HA………… dog still be dog no matter what