លោក ហ៊ុន សែន អះអាង​ថា ប្រធាន​មហាសន្និបាត​ អ.ស.ប​ សរសើរ​លោក​រឿង​នយោបាយ​ឈ្នះឈ្នះ

ដោយ មាន ឫទ្ធិ
2022.08.23
RFA

លោក ហ៊ុន សែន អះអាង​ថា ប្រធាន​មហាសន្និបាត​អ.ស.ប​សរសើរ​លោក​រឿង​នយោបាយ​ឈ្នះឈ្នះ

​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦ និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ម៉ាល់ឌីវ (Maldives) លោក អាប់ឌូឡា សាហ៊ីដ (Abdulla Shahid) (ឆ្វេង) ជាមួយ​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី២២ ខែ​សីហា ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


ប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៦ សរសើរ​កម្ពុជា​ចំពោះ​ការ​ចូលរួម​ចំណែក​របស់​ប្រទេស​នេះ​ក្នុង​ប្រព័ន្ធ​ពហុភាគី​និយម និង​ការ​ថែរក្សា​សន្តិភាព​នៅ​លើ​ពិភពលោក។

លោក អាប់ឌូឡា សាហ៊ីដ (Abdulla Shahid) ដែល​ជា​ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​លើក​ទី​៧៦ និង​ជា​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ម៉ាល់ឌីវ (Maldives) ផង​នោះ បាន​សរសេរ​យ៉ាង​ដូច្នេះ​នៅ​លើ​ទំព័រ​ទ្វីតធ័រ (Twitter) របស់​លោក ក្រោយពី​លោក​បាន​ជួប​ជាមួយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ថ្ងៃទី​២២ ខែសីហា​។ លោក​សរសេរ​ថា ជំនួប​នោះ​ផ្តោត​លើ​ការពិភាក្សា​លើ​បញ្ហា​មួយចំនួន ដូចជា​ការប្រែប្រួល​ថ្មីៗ​នៅ​កម្ពុជា គំនិត​ផ្ដួចផ្ដើម​របស់​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​ប្តូរ​វេន​អាស៊ាន កិច្ច​គាំទ្រ​ចំពោះ​ការ​ផ្តល់​វ៉ាក់សាំង​របស់​អង្គការ​សហប្រជាជាតិ និង​ការ​ការពារ​សិទ្ធិមនុស្ស​។ លោក​មិនបាន​បញ្ជាក់​លម្អិត​អំពី​ខ្លឹមសារ​នៃ​ជំនួប​នេះ​ទេ។ លោក​គ្រាន់​តែ​សរសេរ​យ៉ាង​ខ្លី​បន្ថែម​ថា​ លោក​កោតសរសើរ​កម្ពុជា​ចំពោះ​ការ ចូលរួម​ចំណែក​ក្នុង​ប្រព័ន្ធ​ពហុភាគី​និយម និង​ការ​ថែរក្សា​សន្តិភាព​នៅ​លើ​ពិភពលោក។


​ទំព័រ​ហ្វេសប៊ុក (Facebook) របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាង​ថា លោក អាប់ឌូឡា សាហ៊ីដ បាន​លើក​ឡើង​ទៅកាន់​លោក​ថា កម្ពុជា​គឺជា​ប្រទេស​មួយ​ដែល​ធ្លាប់​ទទួល​កងទ័ព​មួក​ខៀវ​របស់​អង្គការ​សហប្រជាជាតិ​មក​ការពារ​សន្តិភាព​។ ក៏ប៉ុន្តែ លោក​ថា ពេលនេះ កម្ពុជា​បាន​ប្រែក្លាយ​ខ្លួន​ទៅជា​ប្រទេស​មួយ ដែល​បញ្ជូន​កងទ័ព​របស់​ខ្លួន​ទៅ​ជួយ​រក្សា​សន្តិភាព​នៅ​តាម​បណ្តា​ប្រទេស​ដទៃទៀត​ជាច្រើន​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ​។ លោក ហ៊ុន សែន អះអាង​នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ដដែល​ថា មន្ត្រីជាន់ខ្ពស់​របស់​អង្គការ​សហប្រជាជាតិ​នេះ ក៏បាន​សម្ដែង​នូវ​ក្តី​គោរព​ជូន​លោក​ដែល​បាន​ដឹកនាំ​កម្ពុជា​ទទួល​បាន​សន្តិភាព និង​ស្ថិរភាព​ពេញលេញ​តាមរយៈ​នយោបាយ​ឈ្នះ​ឈ្នះ ដែល​លោក​អះអាង​ថា «​មិន​ទុក​ឱ្យ​អ្នកណាម្នាក់​» នៅ​ក្រៅ​ឆាក និង​មិន​នាំ​ឱ្យ​មាន «​ការ​សង​សឹក​គ្នា​» ទៅវិញ​ទៅ​មក​ឡើយ។


វិទ្យុ​អាស៊ីសេរី កំពុង​ទាក់ទង​ការិយាល័យ​ឧត្តមស្នងការ​អង្គការ​សហប្រជាជាតិ​ជុំវិញ​ការ​អះអាង​របស់​លោក ហ៊ុន សែន ដែល​ថា មន្ត្រីជាន់ខ្ពស់​អង្គការ​សហប្រជាជាតិ​បាន​លើកឡើង​យ៉ាង​ដូច្នេះ ខណៈ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន បន្ត​បើក​យុទ្ធនាការ​ជា​ប្រព័ន្ធ​គាស់​រម្លើង​លទ្ធិប្រជាធិបតេយ្យ និង​រំលោភ​សិទ្ធិមនុស្ស ដោយ​ចាប់ចង​ក្រុម​អ្នក​រិះគន់​រដ្ឋាភិបាល មាន​ដូចជា សកម្មជន​បក្ស​ប្រឆាំង សកម្មជន​សិទ្ធិមនុស្ស សកម្មជន​សង្គម យុវជន សកម្មជន​បរិស្ថាន និង​អ្នកសារព័ត៌មាន​ដាក់គុក​ជា​បន្តបន្ទាប់​។ មិនតែប៉ុណ្ណោះ លោក ហ៊ុន សែន តែង​រិះគន់​ពី​តួនាទី​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា​កាល​ពី​សម័យ​អ៊ុនតាក់ (UNTAC)​ នៅ​ដើម​ទសវត្សរ៍​ទី​៩០ ថា​មិនបាន​នាំមក​នូវ​សន្តិភាព​ពិតប្រាកដ​ដល់​កម្ពុជា​ទេ ខណៈ​រូបលោក​បាន​ក្រសោប​យក​សមិទ្ធផល​ទាំងអស់ និង​ចេញមុខ​ថា លោក​គឺជា​តួអង្គ​តែ​ម្នាក់​គត់​ដែល​បាន​ដឹកនាំ​កម្ពុជា​ឱ្យ​មាន​សន្តិភាព។

ប្រធាន​មហាសន្និបាត​អង្គការសហប្រជាជាតិ​រូប​នេះ ក៏​បាន​មាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​ប្រធាន​រដ្ឋសភា លោក ហេង សំរិន នៅ​ថ្ងៃ​ដដែល​នេះ​ដែរ​។ លោក​សរសេរ​នៅ​លើ​ទំព័រ​ទ្វីតធ័រ​របស់​លោក​ថា លោក​មាន​កិច្ច​សន្ទនា​ប្រកបដោយ​ការ​គិតគូរ​អំពី​តួនាទី​របស់​ស្ថាប័ន​សភា​ក្នុង​ប្រព័ន្ធ​ពហុ​និយម​សាកល​។ លោក​បន្ត​ថា លោក​បាន​រំឭក​ឡើងវិញ​អំពី​ការ​ចូលរួមចំណែក​របស់​អង្គការ​សហប្រជាជាតិ​នៅ​កម្ពុជា និង​ការ​កើនឡើង​ភាពជា​ដៃគូ​រវាង​កម្ពុជា​និង​អង្គការសហប្រជាជាតិ​លើ​បញ្ហា​ជាច្រើន​។​


គិត​ចាប់តាំងពី​ឆ្នាំ​២០០៦ រហូត​មក​ទល់​បច្ចុប្បន្ន កម្ពុជា​បាន​ចូលរួម​ចំណែក​ជាមួយ​អង្គការ​សហប្រជាជាតិ ក្នុង​បុព្វហេតុ​សន្តិភាព និង​មនុស្សធម៌​ក្នុង​ពិភពលោក តាមរយៈ​ការ​បញ្ជូន​កងកម្លាំង​ថែរក្សា​សន្តិភាព​ជាង ៨​ពាន់​នាក់ ចូលរួម​ក្នុង​បេសកកម្ម​ចំនួន​១១ ក្នុង​ប្រទេស​ចំនួន​៩​។ ការ​ចូលរួម​ចំណែក​នេះ ធ្វើ​ឱ្យ​កម្ពុជា​ជាប់​ចំណាត់ថ្នាក់​ទី​២៨ ក្នុង​ចំណោម ១២២​ប្រទេស ផ្នែក​បញ្ជូន​កងកម្លាំង​ថែ​រក្សា​សន្តិភាព​ក្រោម​ឆ័ត្រ​របស់​អង្គការ​សហប្រជាជាតិ។

ប្រធាន​មហាសន្និបាត​អង្គការ​សហប្រជាជាតិ​លើក​ទី​៧៦ កំពុង​បំពេញ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា​គឺ​ចាប់​ពី​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែសីហា ដើម្បី​ស្វែងយល់​ពី​តួនាទី​ប្រកបដោយ​ស្ថាបនា​របស់​កម្ពុជា​នៅ​ក្នុង​អង្គការ​សហប្រជាជាតិ ជាពិសេស​ក្នុង​នាម​ជា​ប្រធាន​អាស៊ាន ការ​ស្តារ​ឡើងវិញ​ក្រោយ​ជំងឺ​រាតត្បាត និង​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព ជាដើម៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "លោក ហ៊ុន សែន អះអាង​ថា ប្រធាន​មហាសន្និបាត​ អ.ស.ប​ សរសើរ​លោក​រឿង​នយោបាយ​ឈ្នះឈ្នះ"

  1. Anonymous says:

    WOW …AH LNGOUNG though he is so smart . ok your CHHNEAS CHHNEAS win win policy is only good at retaliation in your own nation . the king of FESS BOK did not care about any thing else watching on FESS BOK to see some one say some thing bad about him than he us his dollar KA to hurt them . your are an evil un educated indeed no question to ask