កម្ពុជា-នយោបាយ
01/10/2022 – 08:24
ដោយ៖ ជួប នរក្សា
RFI

លោក ហ៊ុន ម៉ាណែត ដែលជាកូនប្រុសច្បងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន © FB/HMN
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃសៅរ៍នេះ បានថ្លែងនៅលើវេទិកាជាសាធារណៈថា ក្រុមប្រឆាំងមួយចំនួន កំពុងខ្លាចពីសមត្ថភាពដឹកនាំ របស់លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់លោក ទើបពួកគេតាមវាយប្រហារជាបន្តបន្ទាប់។ ការលើកឡើងរបស់ប្រមុខរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន យ៉ាងដូច្នេះ គឺជាការឆ្លើយឆ្លងទៅនឹងការរិះគន់មួយចំនួនពីសំណាក់ក្រុមអ្នកនយោបាយ ដែលបានលើកឡើងថា លោក ហ៊ុន ម៉ាណែត ជាមនុស្សគ្មានសមត្ថភាព និងធ្វើនយោបាយតាមជើងខោរបស់ឪពុក។
ពីខេត្តសៀមរាប អំឡុងពេលសំណេះសំណាលជាមួយពលរដ្ឋដែលស្ម័គ្រចិត្តរើលំនៅឋានពីតំបន់អង្គរទៅតំបន់រុនតាឯក លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឆ្លៀតប្រតិកម្មទៅនឹងការវាយប្រហារជាបន្តបន្ទាប់មកលើកូនប្រុសរបស់លោក គឺ លោក ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា។
លោក ហ៊ុន សែន លើកឡើងថា បើដឹងថា ហ៊ុន ម៉ាណែត គ្មានសមត្ថភាព នោះក្រុមអ្នកប្រឆាំងគួរតែមានភាពត្រេកអរ ព្រោះ ហ៊ុន ម៉ាណែត នឹងមិនអាចជាប់ឆ្នោតឡើយ។ ផ្ទុយមកវិញ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា ក្រុមអ្នកប្រឆាំងកំពុងខ្លាចសមត្ថភាព ហ៊ុន ម៉ាណែត ព្រោះមានឪពុក ជា ហ៊ុន សែន ដែលមានពលរដ្ឋទាំងក្នុងនិងក្រៅប្រទេសទទួលស្គាល់។
បើតាមប្រមុខបក្សកាន់អំណាច ភាពភ័យខ្លាចរបស់ក្រុមអ្នកប្រឆាំងនេះហើយ ទើបបង្កើតឲ្យមានការវាយប្រហារជាហូរហែ ក្រោយពេលដែលលោក ហ៊ុន ម៉ាណែត ត្រូវបានគណបក្សកាន់អំណាចបោះឆ្នោតជ្រើសជាបេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគត។ លោក ហ៊ុន សែន បានថ្លែងបែបចំអកទៅវិញទៀតថា ក្រុមអ្នកប្រឆាំងគួរតែប្រើយុទ្ធសាស្ត្ររុញទូកបណ្តោយទឹក ដូចអ្វីដែលលោកតែងតែធ្វើ ដោយឲ្យលោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រី នោះក្រុមអ្នកប្រឆាំងនឹងអាចវាយប្រហារជាបន្ត។
ការជ្រើសតាំងលោក ហ៊ុន ម៉ាណែត ឲ្យក្លាយជាបេក្ខភាពនាយករដ្ឋមន្ត្រីពេលអនាគតរបស់គណបក្សប្រជាជនកម្ពុជា ត្រូវបានក្រុមអ្នកប្រឆាំង និងអ្នកតាមដានស្ថានការណ៍នយោបាយស្រុកខ្មែរ រិះគន់ជាហូរហែ ថា «ជាគម្រូដ៏អាក្រក់»ក្នុងប្រព័ន្ធដឹកនាំរបស់កម្ពុជា។
លោក សម រង្ស៊ី អ្នកនយោបាយចាស់វស្សា និងជាប្រធានស្តីទីអតីតគណបក្សសង្រ្គោះជាតិ បានរិះគន់ដោយចំៗថា អ្វីដែលលោក ហ៊ុន ម៉ាណែត មាន និងកំពុងទាញប្រជាប្រិយភាពសព្វថ្ងៃ សុទ្ធសឹងតែជាការធ្វើនយោបាយតាមជើងខោរបស់ឪពុក។
ទោះជាមានការវាយប្រហារ តែសម្រាប់ លោក ហ៊ុន សែន ហាក់មិនទោមនស្សប៉ុន្មាននោះទេ។ បញ្ច្រាស់មកវិញ លោក ហ៊ុន សែន បានថ្លែងអរគុណនូវការវាយប្រហារទាំងនោះ។ អរគុណដោយដ្បិតថា ការវាយប្រហារទាំងនោះ អាចឲ្យបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សកាន់អំណាច ចេះការពារខ្លួន ដោយមិនស៊ីកេរ្តិ៍នយោបាយរបស់លោក ហ៊ុន សែន។
យ៉ាងណាក៏ដោយ លោក ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា ការណ៍ដែលអាចឲ្យ លោក ហ៊ុន ម៉ាណែត ក្លាយជានាយករដ្ឋមន្ត្រីពេលអនាគត គឺត្រូវឆ្លងតាមរយៈការបោះឆ្នោតរបស់ប្រជាពលរដ្ឋ ហើយបើតាមលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ាណែត ក៏បានសិទ្ធិបោះដូចគ្នា៕
please find out about political domination by HUN families