លោក ​ហ៊ុន សែន​ ប្រកាស​ប្រើ​យុទ្ធសាស្រ្ត​ «រុញ​ទូក​បណ្តោយ​ទឹក» ​ដោយ​ប្រើ​លុយ ​និង​នារី​ជា​អន្ទាក់

03 តុលា 2022
លាស់ លីបលីប
វីអូអេខ្មែរ

រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមក្នុងពិធីគម្រប់ខួបទី ៧១ នៃគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។
រូបឯកសារ៖ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ចូលរួមក្នុងពិធីគម្រប់ខួបទី ៧១ នៃគណបក្សប្រជាជនកម្ពុជា នៅទីស្នាក់ការកណ្តាលបក្ស ក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០២២។


ភ្នំពេញ — លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន សែន ​កាល​ពី​ថ្ងៃ​សោរ៍ ​បាន​ថ្លែង​ថា ​លោក​បាន​ប្រើ​យុទ្ធ​សាស្រ្ត​ «រុញ​ទូក​បណ្តោយ​ទឹក» ​ដើម្បី​ជា​អន្ទាក់​សម្រាប់​អ្នក​នយោ​បាយ​ ដោយ​ក្នុង​នោះ​មាន​ការ​ផ្តល់​ប្រាក់ ​និង​នារី​ដើម្បី​បំពេញ​ការ​ចូលចិត្ត​របស់​ពួក​គេ។​

នេះ​ជា​ប្រតិ​កម្ម​របស់​នាយក​រដ្ឋមន្រ្តី​ទៅ​នឹង​អ្នក​រិះ​គន់​ដែល​ថា ​លោក​ ហ៊ុន ម៉ាណែត ដែល​ជា​កូន​ប្រុស​របស់​លោកគ្មាន​សមត្ថ​ភាព​ធ្វើ​ជា​នាយក​រដ្ឋ​មន្ត្រី។​

លោក ​ហ៊ុន សែន ​បាន​ថ្លែង​ថា ​លោក​ប្រើប្រាស់​យុទ្ធ​សាស្ត្រ​រុញ​ទូក​បណ្តោយ​ទឹក​ដោយ​លោក​បាន​ឌឺ​ដង​ថា​ បើអ្នក​ញៀន​ល្បែង​គឺ​លោកឱ្យ​លុយ​លេងល្បែង​ថែម​ ហើយ​បើ​អ្នក​ចូល​ចិត្ត​នារី ​គឺ​លោក​រក​នារី​មក​តម្រូវ​ចិត្ត​តែ​ម្តង។​

លោក ​ហ៊ុន សែន ​ថ្លែង​ថា៖ ​«អ៊ីចឹង​បើ​អ្នក​ឯង​យល់​ថា​ ហ៊ុន ម៉ាណែត ​វា​អត់​បាន​ការ​ អ្នក​ឯង​បណ្តោយ​ឱ្យ​ទៅ!​ គេ​ហៅ​យុទ្ធ​សាស្ត្រ​រុញ​ទូក​បណ្តោយ​ទឹក។ អាហ្នឹង​ខ្ញុំ​ប្រើ​យូរ​ហើយ​អីតើ។ ​ខ្ញុំ​ថា​ អាពួក​ហ្នឹង​ណា៎ ​ វា​ដឹក​នាំ​បន្តិច​ទៀត​ វា​រលាយ​ហើយ។​ អ៊ីចឹង​កុំចាំ​បាច់​ទៅ​ប្រដៅ​វា។​ អាណា​ពូកែ​ខាង​ស្រី​ឱ្យ​លុយ​ថែម​ រៀប​ស្រី​ឱ្យ​ហ្អែង​បណ្តោយ​ទៅ។ អាណា​ពូកែ​ល្បែង​ជូន​លុយ​ឱ្យ​ចូល​ល្បែង​ទៅ!​ អញ​នៅ​អញ​ធ្វើការ​។ ​អាហ្នឹង​និយាយ​ឱ្យ​ជាក់​ស្តែង​អ៊ីចឹង​ហ្មង។​ អាហ្នឹង​គេ​ហៅ​ថា ​យុទ្ធ​សាស្ត្រ​រុញ​ទូក​បណ្តោយ​ទឹក​ដើម្បី​គ្រប់​គ្រង​វា»។ ​

លោក​ ហ៊ុន សែន ​បន្ថែម​ថា​ បើ​កាន់​តែ​រិះ​គ​ន់ ​លោក​កាន់​តែ​ដំណើរ​ការ​កាន់​តែ​លឿន​ ហើយ​បើ​ទោះ​បី​លោក​មិន​ធ្វើ​ជា​នាយក​រដ្ឋមន្ត្រី ​ក៏​លោក​នៅ​តែ​មាន​សិទ្ធិ​ក្នុង​ការ​ផ្តល់​មតិ​យោបល់ ​ក្នុង​នាម​ជា​ប្រធាន​គណ​បក្ស។​

លោក​បន្ត​ថា៖​ «ហើយ​ចង់​អ្នក​ណា​ថា​អី​ថា​ទៅ!​ អ្នក​ឯង​ព្រុសតាម​ចិត្ត​ចុះ!​ ហើយ​ពាក្យ​ថា ​ព្រុស​ហើយ​ ​គេ​មិន​ដែល​ហៅ​ថា ​មនុស្ស​ទេ។ នាំ​គ្នា​ព្រុស​ទៅ!​ ព្រុស​ឱ្យ​វា​ឮបន្តិច​ទៅ!​ ព្រុស​កាន់​តែ​ខ្លាំង​ ដំណើរ​ការ​កាន់​តែ​លឿន​ ប្រាប់​អ្នក​ឯង​ឱ្យ​ច្បាស់។ ​អ្នក​ឯង​មក​រអ៊ូ​ថា​ លោក ​ហ៊ុន សែន​ ​កាន់​អំណាច​យូរ​ណាស់​ ចុះ​បើ​ហ៊ុន សែន​ដើរ​ចេញ​ រួច​ហើយ​ប្រគល់​ឱ្យ​កូន​ហ៊ុន សែន​ធ្វើ​វា​មាន​ទាស់​ក្បាល​អ្នក​ឯង​អី!​ ប្រជាជន​បោះ​ឆ្នោត​អីតើ»

គណ​បក្ស​ក្រៅ​រដ្ឋា​ភិបាលយល់​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន​ មិន​ចាំ​បាច់​ការពារ​កូន​របស់​ខ្លួន​នោះ​ទេ​ តែ​អ្វី​ដែលសំខាន់​គឺ​ត្រូវតែ​ធានា​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ថ្នាក់​ជាតិ​ឱ្យ​ប្រព្រឹត្ត​ទៅ​ដោយ​សេរី ​និងយុត្តិ​ធម៌។​

លោក​ ​ថាច់ សេដ្ឋា ​ប្រធាន​ស្តីទី​គណ​បក្ស​ភ្លើង​ទៀន ​យល់​ឃើញ​ថា ​ការ​ប្រើ​ប្រាស់​វោ​ហារ​សព្ទ​ឌឺ​ដង​បែប​នេះ​វាល្អ​ជា​ជាងការ​ប្រើ​ប្រាស់​កម្លាំង​បាយ​ និង​ការ​ប្រើ​ប្រាស់​អំពើ​ទុច្ច​រិត​ណា​មួយ​ក្នុង​ការ​វាយ​គូ​ប្រកួត​ប្រជែង​នយោ​បាយ។​ លោក​បន្ត​ថា​ គណ​បក្ស​ភ្លើង​ទៀន​មិន​មាន​ការ​ភ័យ​ខ្លាច​ក្នុង​ការ​ប្រកួត​ប្រជែង​ជាមួយ​គណ​បក្ស​កាន់​អំណាច​ ដែល​មា​នលោក ​ហ៊ុន សែន​ ​ឬ​បេក្ខភាព​អនាគត​នាយករដ្ឋ​មន្ត្រី​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា​ គឺលោក​ ហ៊ុន ម៉ាណែត នោះ​ទេ។ ​

លោក​ថ្លែង​ថា៖ ​«ទោះបី​បេក្ខ​ជន​នាយក​រដ្ឋ​មន្ត្រី​ អ្នក​ណា​ក៏ដោយ​ ក៏​ជា​គូ​ប្រកួត​ជាមួយ​គណ​បក្ស​ភ្លើង​ទៀន​ដដែល»។​

ចំណែក​លោក​ គង់ មុនីកា ​ប្រធាន​គណបក្ស​ឆន្ទៈ​ខ្មែរ ​យល់​ឃើញ​ថា​ ពាក្យ​ពេចន៍​ឌឺ​ដង​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​នេះ ​គ្រាន់​តែ​ជា​ចិត្ត​សាស្ត្រ ​និង​យុទ្ធ​សាស្ត្រ​មួយ​តែ​ប៉ុណ្ណោះ។​ ប៉ុន្តែ​លោក​ថា​ ​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​គួរ​ខ្វាយ​ខ្វល់​រឿង​នេះ​ទេ​ គួរ​តែខ្វាយ​ខ្វល់​អំពី​ការរៀប​ចំ​ប្រព័ន្ធ​បោះ​ឆ្នោត​មួយ​ឱ្យ​ប្រកដ​ដោយ​យុត្តិ​ធម៌​ ​ធានា​ថា​ គ្មាន​ការ​បំភិត​បំភ័យ​ប្រជា​ពល​រដ្ឋ​ និង​សកម្ម​ជន​នយោ​បាយ និង​ត្រូវ​បើក​ចំហ​សិទ្ធិ​នយោ​បាយ​ឱ្យ​មាន​ភាព​ទូលំ​ទូលាយ​សម្រាប់​ការ​ប្រកួត​ប្រជែង​ការ​បោះ​ឆ្នោត​ថ្នាក់ជាតិ​នា​ពេល​ខាង​មុខ​។ ​

លោក​ថ្លែង​ថា៖ ​«ខ្ញុំ​គិត​ថា​ លោក​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​ពុំ​ចាំ​បាច់​ខ្វល់​ខ្វាយ​ អ្នក​ដែល​មាន​មតិ​ផ្ទុយ​ អ្នក​ដែល​មាន​ការ​មិន​ពេញ​ចិត្ត​ចំពោះ​បេក្ខភាព​លោក ​ហ៊ុន ម៉ាណែត ​ជា​នាយក​រដ្ឋ​មន្ត្រី​អនា​គត​អី​នោះ​ទេ ​ព្រោះ​វា​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គណ​បក្ស​ប្រជា​ជន​កម្ពុជា។ ​អ្វី​ដែល​លោក ​ហ៊ុន សែន​ គួរ​តែ​ខ្វាយ​ខ្វល់​ គួរ​តែ​យក​ចិត្ត​ទុក​ដាក់​នោះ​គឺ​ការ​ធានា​ការ​ប្រកួត​មួ​យ​ដែល​មាន​យន្ត​ការ​ ឬ​ទី​លាន​ប្រកួត​ប្រកប​ដោយ​ស្មើ​ភាព​នឹង​សម​ភាព ​យុត្តិ​ធម៌​ គឺ​ជា​រឿង​មួយ​ចាំ​បាច់»។ ​

លោក​ ហ៊ុន ម៉ាណែត​ កាល​ពី​ថ្ងៃ​អាទិត្យ ​ក៏​បាន​បង្ហោះ​សារ​គាំទ្រ​នូវ​ការ​ថ្លែង​របស់​លោក ​ហ៊ុន សែន។ ​ឌឺដឹង​នឹង​អ្នក​រិះគន់​ លោក​ថ្លែង​ក្នុង​ន័យ​ដើម​ថា៖​ «អរគុណ​ចំពោះ​អស់​លោក​ទាំង​អស់​ដែល​តែង​តែ​ចំណាយ​អស់​នូវ​ពេល​វេលា កម្លាំង​កាយ​ចិត្ត​ ប្រាជ្ញា​ស្មារតី​ ខិត​ខំ​ប្រឹង​ប្រែង​បង្កើត​គំនិត​ និង​រឿង​ផ្សេងៗ​ដើម្បី​រិះ​គន់ ​វាយ​ប្រហារ​ខ្ញុំ ​ព្រម​ទាំង​បាន​ជួយ​ផ្សព្វ​ផ្សាយ​លើ​បណ្តាញ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​មួយ​ចំនួន ​ដោយ​ឥត​គិ​ត​ថ្លៃ​ ដែល​ទាំង​នេះ​បាន​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​អាច​រៀន​ចេះ​ការពារ ​និង​ពង្រឹង​ខ្លួន​ឯង​ឱ្យ​បាន​កាន់​តែ​រឹង​មាំ»

What Next?

Recent Articles

One Response to "លោក ​ហ៊ុន សែន​ ប្រកាស​ប្រើ​យុទ្ធសាស្រ្ត​ «រុញ​ទូក​បណ្តោយ​ទឹក» ​ដោយ​ប្រើ​លុយ ​និង​នារី​ជា​អន្ទាក់"

  1. Anonymous says:

    WOW….. all HUN SEN’s word telling Cambodian about his win and win policy . to me HUN SEN is own this poor people he acting he is their GOD every thing is up to him , the ugly evil monster killer is sourly not the leader of this nation he is 100% evil that have been born in a poor family of HUN . we knew he is trying to cleaning himself to be Cambodian GOD but sorry your true story will return by your own evil act . CHHEAM SREK SBEKHOW soon