04 តុលា 2022
ហ៊ុល រស្មី
វីអូអេខ្មែរ

ពភ្នំពេញ — សាលាដំបូងរាជធានីភ្នំពេញនឹងចាប់ផ្តើមសួរសាក្សីក្នុងសំណុំរឿងក្បត់ជាតិរបស់មេដឹកនាំនយោបាយជំទាស់លោក កឹម សុខា ដែលបានអូសបន្លាយរយៈពេល៥ ឆ្នាំមកហើយ។
ក្នុងសប្តាហ៍នេះ សាលាដំបូងនឹងផ្តើមសួរសាក្សីដែលមានលំនៅឋានក្នុងទីក្រុងភ្នំពេញ ក្នុងនោះក៏មាននាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា គឺអ្នកស្រី ចក់ សុភាព ផងដែរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានលើកឡើងក្នុងសេចក្តីថ្លែងការណ៍មួយថា អ្នកស្រី ចក់ សុភាព បានបញ្ជាក់គោលជំហរថា នឹងចូលរួមបង្ហាញខ្លួនតាមដីកាកោះ ហើយដើម្បីបានចូលរួមសវនាការនៅព្រឹកថ្ងៃពុធ ទី៥ ខែតុលា ឆ្នាំ២០២២ អ្នកស្រីត្រូវលុបចោលគម្រោងបំពេញបេសកកម្មទៅក្រៅប្រទេសផងដែរ។
នេះជាលើកទីពីរ ដែលអ្នកស្រី ចក់ សុភាព ត្រូវបានតុលាការកោះហៅឱ្យធ្វើជាសាក្សីក្នុងសំណុំរឿងលោក កឹម សុខា ដែលកំពុងស្ថិតក្រោមការចោទប្រកាន់ពីបទ«សន្ទិដិ្ឋភាពជាមួយរដ្ឋបរទេស»។
សហមេធាវីការពារក្តីឱ្យលោក កឹម សុខា គឺលោក ផែង ហេង ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា សាក្សីដែលត្រូវឡើងតុលាការនៅព្រឹកថ្ងៃពុធមានអាសយដ្ឋាននៅទីក្រុងភ្នំពេញ ហើយចំពោះអ្នកនៅតាមបណ្តាខេត្ត តុលាការបានកោះហៅឱ្យចូលខ្លួននៅសប្តាហ៍ក្រោយ។
លោកថ្លែងថា៖ «តាមដែលចៅក្រមគាត់កំណត់ គឺអ្នកចូលថ្ងៃ៥ គឺកោះអ្នកដែលមានអាសយដ្ឋាននៅភ្នំពេញ។ អ្នក[មាន]អាសយដ្ឋាននៅតាមខេត្ត គឺកោះឱ្យចូលថ្ងៃ១២។ ប៉ុន្តែស្អែកមិនដឹងថា អ្នកណាខ្លះ ដែលមានអាសយដ្ឋានភ្នំពេញ យើងអត់បានមើលឯកសារ យើងអត់ចាំ តែធម្មតា យើងឃើញ គង់ គាំ ឈឹម ផលវរុណ ចក់ សុភាព សុទ្ធតែអ្នកនៅភ្នំពេញ»។
បើតាមលោកផែង ហេង ក្តីក្តាំអតីតមេបក្សជំទាស់លោក កឹម សុខា មានលក្ខណៈនយោបាយច្រើនជាងបច្ចេកទេសច្បាប់។ ហេតុដូច្នេះ លោកមិនមានសុទិដ្ឋិនិយមថាវត្តមានសាក្សីក្នុងសំណុំរឿងលោក កឹម សុខា អាចជំរុញឱ្យមានការកាត់ក្តីមួយត្រឹមត្រូវទៅតាមផ្លូវច្បាប់បាននោះទេ។
លោកបន្ថែមថា៖ «រឿងនេះ យើងមើលទៅដោយសារតែវាមានលក្ខណៈនយោបាយច្រើនជាងបច្ចេកទេស ដូច្នេះសាក្សី មិនសាក្សីមិនសំខាន់ទេ។ សំខាន់ជំហររដ្ឋាភិបាលគាត់ចង់ដោះស្រាយយ៉ាងម៉េច ព្រោះសាក្សីទាំងអស់នេះសុទ្ធតែមានកំណត់ហេតុនៅចៅក្រមស៊ើបសួរហើយ។ អ៊ីចឹង បើសិនជាសាក្សីមិនចូល គេអាចអានកំណត់ហេតុយកជាការបាន»។
សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានរិះគន់ថា អូសបន្លាយយូរឆ្នាំដើម្បីកុំឱ្យលោកអាចចូលរួមធ្វើនយោបាយបាន ខណៈលោកក៏ត្រូវបានកាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្រោយតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាអ្នកស្រី ចក់ សុភាព ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា ការចូលរួមសវនាការរបស់អ្នកស្រីក្នុងសំណុំរឿងលោក កឹម សុខា ជាផ្នែកមួយនៃការផ្តល់សក្ខីភាព ដោយផ្អែកលើការណ៍ពិត។ អ្នកស្រីឱ្យដឹងថា អ្នកស្រីធ្លាប់ចូលបំភ្លឺនៅតុលាការ ក្នុងដំណាក់កាលស៊ើបសួររួចមកហើយ។
អ្នកស្រីបន្ថែមថា៖ «លើកនេះជាសវនាការសាធារណៈ អ៊ីចឹងយើងដឹងថា តើតុលាការ ហើយនឹងអ្នកពាក់ព័ន្ធហ្នឹង គាត់នឹងមានការសួរនាំ ជុំវិញបញ្ហាអី ហើយថា តើតួនាទីរបស់ខ្ញុំហ្នឹងអាចចូលរួមនៅក្នុងដំណាក់កាលហ្នឹងកម្រិតណា។ ខ្ញុំនឹងព្យាយាមឆ្លើយនូវអ្វីដែលខ្ញុំដឹង ហើយឈរលើស្មារតីនៃគោលការណ៍ ហើយនិងសច្ចភាព»។
សាក្សីម្នាក់ទៀត គឺលោក ឈឹម ផលវរុណ អតីតបុគ្គលិករបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ហើយបច្ចុប្បន្នជាមន្ត្រីនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា លោកនឹងចូលរួមធ្វើជាសាក្សីតាមការកោះហៅរបស់តុលាការ។
លោកប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា៖ «ខ្ញុំត្រូវបំពេញកាតព្វកិច្ចជាពលរដ្ឋ ដែលត្រូវគោរពច្បាប់ និងការកោះអញ្ជើញរបស់តុលាការ»។
នៅពេលសួរថា ហេតុអ្វីមានវត្តមានលោកក្នុងសំណុំរឿងលោក កឹម សុខា មន្ត្រីនាំពាក្យគណបក្សកាន់អំណាចរូបនេះថ្លែងថា៖ «ព្រោះខ្ញុំធ្លាប់ធ្វើការនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ក្រោមការដឹកនាំរបស់លោក កឹម សុខា»។
យ៉ាងណាក៏ដោយ អំឡុងពេលនៃការបើកសវនាការនៅឆ្នាំ២០២០ លោក កឹម សុខា បានបដិសេធឆ្លើយសំណួរណាដែលពាក់ព័ន្ធនឹងចម្លើយរបស់លោក ឈឹម ផលវរុណ ដោយថា លោក ឈឹម ផលវរុណ ជាមន្ត្រីរដ្ឋាភិបាល ដូច្នេះចម្លើយរបស់លោក ឈឹម ផលវរុណ គឺជា«ទំនាស់ផលប្រយោជន៍»។
ក្នុងចំណោមសាក្សីដែលត្រូវបានតុលាការកោះហៅក្នុងសំណុំរឿងលោក កឹម សុខានេះក៏មានសកម្មជនដីធ្លី និងសកម្មជនវ័យក្មេងមួយចំនួនទៀត ដែលវីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយបាន ដោយខ្លះសុំមិនផ្តល់បទសម្ភាសន៍។
វីអូអេមិនទាន់អាចសុំការអត្ថាធិប្បាយពីអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ លោក ប្លង់ សុផល បានទេនៅថ្ងៃអង្គារនេះ។
ជុំវិញការកោះហៅអ្នកស្រី ចក់ សុភាព មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានផ្តល់ការពន្យល់ក្នុងសេចក្តីថ្លែងការណ៍ចុះថ្ងៃទី៣០ ខែកញ្ញាថា តាំងពីដើមរហូតមក មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាធ្វើសកម្មភាពផ្អែកតាមគោលការណ៍ក្នុងការលើកកម្ពស់ និងការពារគុណតម្លៃ និងសិទ្ធិនានាមានចែងក្នុងរដ្ឋធម្មនុញ្ញ និងសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិនានាដែលប្រទេសកម្ពុជាផ្តល់សច្ចាប័ន។
សេចក្តីថ្លែងការណ៍សង្កត់ធ្ងន់ថា៖ «មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ឯករាជ្យពីគណបក្សនយោបាយ និងអតីតបុគ្គលិក ក្នុងនោះរួមទាំងអតីតបុគ្គលិកដែលបានចូលប្រឡូកក្នុងនយោបាយផងដែរ»។
ដោយឡែក លោកគង់ គាំ អតីតមន្រ្តីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ ដែលត្រូវតុលាការកោះហៅក្នុងនាមជាសាក្សីក្នុងសំណុំរឿងលោក កឹម សុខា ផងដែរ ថ្លែងថា ទំនាក់ទំនងរបស់លោកជាមួយនឹងអតីតគណបក្សជំទាស់ដែលត្រូវរំលាយទំនងជាដើមចមនៃការកោះហៅរបស់តុលាការ។
លោកបន្ថែមថា៖ «ក្នុងនាមជាប្រជាពលរដ្ឋត្រូវតែគោរពដីកាកោះរបស់តុលាការធ្វើជាសាក្សីក្នុងសំណុំរឿងលោក កឹម សុខា។ អ៊ីចឹងប្រហែលជាខ្ញុំស្មានគឺថា ដោយសារតែខ្ញុំរួមសកម្មភាពជាមួយគណបក្សសង្គ្រោះជាតិហើយមើលទៅបាទ»។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សនៃអង្គការលីកាដូ យល់ថា ទោះបីមានការកោះហៅសាក្សីមកសួរនាំជាបន្តបន្ទាប់ក្តី ក៏សំណុំរឿងលោក កឹម សុខា នេះនឹងមិនអាចបិទបញ្ចាប់បានឆាប់រហ័សនោះដែរ បើផ្អែកតាមភាពសាំញុំានៃសំណុំរឿងនេះ។ លោកបន្ថែមថា សិទ្ធិធ្វើនយោបាយរបស់លោក កឹម សុខានៅក្នុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រឆ្នាំ២០២៣ ក៏កំពុងស្ថិតក្នុងភាពមិនប្រាកដប្រជាផងដែរ។
សវនាការរបស់លោក កឹម សុខា ត្រូវបានធ្វើឡើង៥៨លើកមកហើយ ដោយមានការសួរដេញដោលពាក់ព័ន្ធនឹងព្រឹត្តិការណ៍ផ្សេងៗ រួមមានការបង្កើតគណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតឆ្នាំ២០១៣ និងបាតុកម្មដែលក្លាយជាហិង្សានៅក្រោយការបោះឆ្នោតឆ្នាំ២០១៣ ក៏ដូចជាការសង្ស័យនៃគម្រោងផ្តួចផ្តើមឱ្យមានបដិវត្តន៍ពណ៌ជាដើម។ លោក កឹម សុខា ជារឿយៗ បានច្រានចោលការទទួលខុសត្រូវចំពោះសកម្មភាពហិង្សាដែលកើតមានឡើងក្រោយការបោះឆ្នោតឆ្នាំ២០១៣ និងថា លោកមិនមានបំណងធ្វើបដិវត្តន៍នោះទេ៕
sooner or later that evil monster HUN SEN will release KIM SOKHA the reason why????????? the whole world will not recognize the new leader after 2023 if election without a true opposition in Cambodia