មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រឈម​ផលវិបាក​កាន់តែ​ខ្លាំង បើ​នៅ​តែ​បន្ត​ឃុំខ្លួន​កញ្ញា សេង ធារី កាន់តែ​យូរ

ដោយ មាន ឫទ្ធិ
2022.10.07
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រឈម​ផលវិបាក​កាន់តែ​ខ្លាំង បើ​នៅ​តែ​បន្ត​ឃុំខ្លួន​កញ្ញា សេង ធារី កាន់តែ​យូរ

​កញ្ញា សេង ធារី ក្នុងសម្លៀកបំពាក់​អប្សរា និង​មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​កញ្ញា គឺ​លោក ចារិត ហ្គិនស័រ (Jared Genser) ថ្លែងទៅកាន់អាសែត កាលពីថ្ងៃទី៧ ខែ​ធ្នូ ឆ្នំាំ​២០២២។ AP


មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​កញ្ញា សេង ធារី ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រឈម​នឹង​ផលវិបាក​កាន់តែ​ខ្លាំង បើ​នៅតែ​បន្ត​ឃុំខ្លួន​កញ្ញា សេង ធារី កាន់តែ​យូរ​។ មេធា​រី​រូប​នេះ ប្ដេជ្ញា​ថា ក៏​នឹង​ជំរុញ​ទៅ​លោក​ប្រធានាធិបតី ចូ បៃឌិន (Joe Biden) មិន​ឱ្យ​ជួប​ផ្ទាល់​ជាមួយ​លោក ហ៊ុន សែន ជា​លក្ខណៈ​ទ្វេភាគី​នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន (ASEAN) នា​ពេល​ខាងមុខ​នេះ​ទេ។ លោក​ថា លោក​នឹង​រិះរក​គ្រប់​មធ្យោបាយ​ដែល​មាន​ទាំងអស់​ដើម្បី​ធានា​ថា តម្លៃ​នៃ​ការ​ខាតបង់​ដោយសារតែ​ការ​ឃុំខ្លួន​កញ្ញា សេង ធារី នឹង​មាន​ច្រើន​លើសលប់​ហួស​ពី​ផល​ចំណេញ​ដែល​លោក ហ៊ុន សែន ទទួល​បាន។

សូម​តាមដាន​បទសម្ភាសន៍​រវាង​លោក មាន ឫទ្ធិ និង​មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​របស់​កញ្ញា សេង ធា​រី គឺ​លោក ចារិត ហ្គិនស័រ (Jared Genser) ជុំវិញ​ការណ៍​ដែល​លោក​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រឈម​ផលវិបាក​កាន់តែ​ខ្លាំង បើ​នៅតែ​បន្ត​ឃុំខ្លួន​កញ្ញា សេង ធា​រី កាន់តែ​យូរ នោះ​ដូច​តទៅ

លោក មាន ឫទ្ធិ៖ ថ្មីៗ​នេះ​មាន​រឿងរ៉ាវ​ជាច្រើន​កំពុង​វិវត្តន៍​ទាក់ទង​នឹង​សំណុំរឿង​កញ្ញា សេង ធារី។ ជាក់ស្តែង តុលាការ​កំពូល​បាន​បដិសេធ​មិន​អនុញ្ញាត​ឱ្យ​កញ្ញា​នៅ​ក្រៅ​ឃុំ​។ ទន្ទឹម​នឹង​នេះ ក្រសួង​មហាផ្ទៃ​ក៏​មិន​ឆ្លើយតប​ទៅ​នឹង​សំណើ​ពី​មេធាវី​របស់​កញ្ញា សេង ធារី នៅ​កម្ពុជា​ដែល​បាន​ស្នើ​សុំ​ឱ្យ​បញ្ជូន​កញ្ញា​ពី​ពន្ធនាគារ​ខេត្តព្រះវិហារ​មក​ពន្ធនាគារ​នៅ​ភ្នំពេញ​វិញ។ តើ​លោក​មាន​ប្រតិកម្ម​យ៉ាងណា​ដែរ​ជុំវិញ​រឿង​នេះ?

លោក ចារិត ហ្គិនស័រ៖ ខ្ញុំ​គិតថា​រដ្ឋាភិបាល​កម្ពុជា​នៅ​មិនទាន់​យល់​ច្បាស់​នៅឡើយ​ពី​សារ​ដែល​ថា​ភាព​រួច​ទោសពៃរ៍ ឬ​និទ្ទណ្ឌភាព​របស់​រដ្ឋាភិបាល​នេះ នឹង​មិន​ត្រូវ​បាន​អត់ឱន​ឱ្យ​ជាដាច់ខាត​។ ខ្ញុំ​គិត​ថា នៅ​ទីបំផុត​ទៅ រដ្ឋាភិបាល​នេះ​នឹង​យល់​អំពី​សារ​នេះ ហើយ​ពួកគេ​នឹង​យល់​កាន់តែ​ច្បាស់។ ទោះជា​យ៉ាងណាក៏ដោយ ខ្ញុំ​សូម​ថ្កោលទោស​សេចក្តី​សម្រេច​ទាំងនោះ​។ ច្បាស់​ណាស់​ថា ដោយ​គ្មាន​មន្ទិលសង្ស័យ កញ្ញា សេង ធារី រួម​ទាំង​អ្នក​ទោស​នយោបាយ​ជាច្រើន​នាក់​នៅ​កម្ពុជា កំពុង​ត្រូវ​បាន​ឃុំខ្លួន​ដោយសារតែ​ការអនុវត្ត​នូវ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន​របស់​ពួកគេ សេរីភាព​នៃ​ការ​បញ្ចេញមតិ សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ដោយ​សន្តិវិធី និង​សិទ្ធិ​ចូលរួម​ក្នុង​សកម្មភាព​នយោបាយ របស់​ពួកគេ​ជាដើម។

លោក មាន ឫទ្ធិ៖ ក៏ប៉ុន្តែ រដ្ឋាភិបាល​លោក ហ៊ុន សែន ជ្រើស​រើស​យក​ការ​បន្ត​ឃុំខ្លួន​កញ្ញា សេង ធារី ជាជាង​ដោះលែង​កញ្ញា​ដូច​តាម​សំណើ​របស់​រដ្ឋាភិបាល​អាមេរិក ឬ​សហគមន៍​អន្តរជាតិ​។ ក្នុង​ន័យនេះ តើ​នឹង​មាន​ផលវិបាក​អ្វីខ្លះ​ចំពោះ​រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រសិនបើ​ពួកគេ​ជ្រើសរើស​បន្ត​ឃុំខ្លួន​កញ្ញា​ពេញ​រយៈពេល​នៃ​ការ​កាត់ទោស ៦​ឆ្នាំ​នោះ?

លោក ចារិត ហ្គិនស័រ៖ ខ្ញុំ​គិតថា នឹង​មាន​សម្ពាធ​កាន់តែ​ខ្លាំង​ឡើងៗ​ទៅ​លើ​រដ្ឋាភិបាល​កម្ពុជា​ពី​គ្រប់​ច្រកល្ហក​ទាំងអស់ ដែល​ខ្ញុំ​មិន​ចាំបាច់​លើកឡើង​ជា​សាធារណៈ​នៅ​ពេល​នេះ​ទេ​។ ក៏ប៉ុន្តែ ខ្ញុំ​អាច​និយាយ​បាន​យ៉ាង​ច្បាស់​ថា ផ្អែក​តាម​កិច្ច​សន្ទនា​​របស់ខ្ញុំ​នៅ​ក្រុង​វ៉ាស៊ីនតោន (Washington) និង​នៅ​អឺរ៉ុប (Europe) ហើយ​និយាយ​ដោយ​ទូលាយ​ទៅ គឺថា សំណុំរឿង​របស់​កញ្ញា សេង ធារី គឺជា​សំណុំរឿង​ជា​ឧទាហរណ៍​មួយ​នៅ​កម្ពុជា​។ អ្វី​ដែល​កំពុង​កើត​មាន​ទៅលើ​កញ្ញា សេង ធារី គឺ​ប្រាប់​ឱ្យ​គេឯង​ដឹង និង​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​កាន់តែ​ច្បាស់​អំពី​រឿងរ៉ាវ​នានា​ដែល​កំពុងតែ​កើតមានឡើង​នៅក្នុង​សង្គម​កម្ពុជា​នា​ពេល​សព្វថ្ងៃ​នេះ​។ ការ​ឃុំខ្លួន​កញ្ញា សេង ធារី កាន់តែ​យូរ​ដោយ​រដ្ឋាភិបាល​លោក ហ៊ុន សែន នោះ​នឹង​ធ្វើ​ឱ្យ​មនុស្សម្នា​កាន់​តែ​ច្រើន​ដឹងឮ​កាន់តែ​ខ្លាំង​អំពី​របប​ផ្ដាច់ការ​នេះ និង​ការណ៍​ដែល​របប​នេះ​ពុំ​មាន​ឆន្ទៈ​អនុញ្ញាត​ឱ្យ​មាន​សំឡេង​នយោបាយ​ប្រឆាំង ព្រមទាំង​វិធី​ដែល​លោក ហ៊ុន សែន រក្សា​អំណាច​ដោយ​ប្រើ​កណ្តាប់​ដៃ​ដែក​របស់​គាត់​។ ដូច្នេះ យើង​នឹង​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​ធានា​ថា តម្លៃ​នៃ​ការ​ខាតបង់​ដោយសារតែ​ការ​ឃុំខ្លួន​កញ្ញា សេង ធារី នឹង​មាន​ច្រើន​លើសលប់​ហួស​ពី​ផល​ចំណេញ​ដែល​លោក ហ៊ុន សែន ទទួល​បាន​។ ហេតុដូច្នេះ នៅ​ទីបំផុត លោក ហ៊ុន សែន នឹង​គិតគូរ​ឡើងវិញ​អំពី​តម្លៃ​នៃ​ការខាតបង់​ទាំងនេះ​ធៀប​នឹង​ផល​ចំណេញ​ដែល​លោក​ទទួល​បាន។

លោក មាន ឫទ្ធិ៖ ពាក់ព័ន្ធ​នឹង​ប្រសិទ្ធភាព​នៃ​ការ​តស៊ូ​មតិ​វិញ យើង​ដឹង​ថា មានការ​ថ្កោលទោស​យ៉ាង​សម្បើម​ជា​អន្តរជាតិ​នៅ​មុន​ពេល​កិច្ចប្រជុំ​កំពូល​អាស៊ាន​ខាងមុខ​នេះ និង​ភ្លាមៗ​ក្រោយ​ការ​បញ្ជូន​កញ្ញា​ទៅ​ឃុំខ្លួន​នៅ​ពាក់កណ្តាល​ខែមិថុនា​កន្លង​ទៅ។ តើ​លោក​មាន​ក្តី​រំពឹង​ទេ​ដែល​ថា សហគមន៍​អន្តរជាតិ​អាច​មាន​ឥទ្ធិពល​ក្នុង​ការ​ដាក់​សម្ពាធ​ទៅលើ​រដ្ឋាភិបាល​កម្ពុជា ឱ្យ​ដោះលែង​កញ្ញា សេង ធា​រី ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន?

លោក ចារិត ហ្គិនស័រ៖ បាទ​ខ្ញុំ​គិត​ថា ពិត​ណាស់ ឥទ្ធិពល​ពី​សហគមន៍​អន្តរជាតិ​នឹង​ច្បាស់​ជា​ធរមាន។ ជាថ្មី​ម្តង​ទៀត ខ្ញុំ​មិន​ចង់​និយាយ​អំពី​អ្វី​ដែល​យើង​កំពុងតែ​ធ្វើ​នោះ​ទេ​។ ក៏ប៉ុន្តែ នឹង​មាន​វិធីសាស្ត្រ​ក្តៅៗ​មួយ​ចំនួន ដែល​លោក ហ៊ុន សែន នឹង​យល់​យ៉ាង​ច្បាស់​ថា សហគមន៍​អន្តរជាតិ និង​សហរដ្ឋអាមេរិក ជាពិសេស កំពុងតែ​ផ្តោត​លើ​សំណុំរឿង​របស់​កញ្ញា សេង ធារី ហើយនឹង​សំណុំរឿង​របស់​អ្នក​ទោស​នយោបាយ​ដទៃទៀត​នៅ​កម្ពុជា​។ យើង​ក៏​នឹង​ជំរុញ​ទៅ​លោក​ប្រធានាធិបតី ចូ បៃឌិន (Joe Biden) មិន​ឱ្យ​ជួប​ជាមួយ​លោក ហ៊ុន សែន ជា​លក្ខណៈ​ទ្វេភាគី​ឡើយ លើកលែងតែ​ធ្វើ​ដូច្នោះ​ជា​លក្ខណៈ​ពហុភាគី​ជាមួយ​ក្រុម​មេដឹកនាំ​អាស៊ាន​ដទៃទៀត នៅ​ឯ​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកា​ខាងមុខនេះ​។ ការណ៍​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ឃុំខ្លួន​កញ្ញា សេង ធារី កាន់តែ​យូរ និង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត នោះ​រដ្ឋាភិបាល​នេះ​នឹង​រង​នូវ​ផលវិបាក​កាន់តែ​ខ្លាំង។

លោក មាន ឫទ្ធិ៖ តើ​អាច​នឹង​មាន​សេចក្តី​ថ្លែងការណ៍​ណាមួយ​ដោយ​ក្រុមការងារ​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​ការ​ឃុំខ្លួន​តាម​ទំនើងចិត្ត​ជុំវិញ​សំណុំរឿង​របស់​កញ្ញា សេង ធារី នេះ ដែរ​ឬ​ទេ​?

លោក ចារិត ហ្គិនស័រ៖ បាទ​វា​ត្រូវការ​ឆ្លងកាត់​នូវ​ដំណាក់កាល​បន្ថែម​ទៀត​ជុំវិញ​សំណុំ​រឿង​នេះ​។ ដូច្នេះហើយ យើង​ត្រូវការ​ពេលវេលា​ខ្លះ​ទៀត​។ ក៏ប៉ុន្តែ នៅ​ពេល​ដែល​យើង​ដាក់​សំណុំ​រឿង​នេះ​ទៅ​អង្គការ​សហប្រជាជាតិ យើង​នឹង​បញ្ចេញ​ព័ត៌មាន​នេះ​ឱ្យ​ដឹង​ជា​សាធារណៈ​អំពី​ការ​ដាក់​របាយការណ៍​របស់​យើង​ទៅ​កាន់​ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ ដើម្បី​ឱ្យ​មនុស្សម្នា​ទូទៅ​អាច​យល់ដឹង​អំពី​អ្វី​ដែល​យើង​កំពុង​ធ្វើ​។ ថ្មីៗ​នេះ យើង​ទើបតែ​ទទួល​បាន​របាយការណ៍​ដ៏​សំខាន់​មួយ ដែល​ចេញផ្សាយ​ដោយ​មូលនិធិ គ្លូនីយ៍ ដើម្បី​យុត្តិធម៌ (Clooney Foundation for Justice) និង​គណៈមេធាវី​អាមេរិកាំង (American Bar Association)​។ ស្ថាប័ន​ទាំងនេះ​មាន​អ្នកជំនាញ​ឃ្លាំមើល​សវនាការ​របស់​ពួកគេ ដែល​ជា​អ្នកឃ្លាំមើល​ដោយ​ឯករាជ្យ ចាំ​តាមដាន​ឃ្លាំមើល​សវន​ការ​របស់​កញ្ញា សេង ធារី។ ថ្មីៗ​នេះ ស្ថាប័ន​ទាំងនេះ​បាន​បញ្ចេញ​របាយការណ៍​លម្អិត​មួយ​ដែល​ដាក់​ចំណាត់ថ្នាក់​អាក្រក់​បំផុត​ដល់​កម្រិត ផ្អែកលើ​កម្រិត​ពី ដល់ ហើយ​បាន​ថ្កោលទោស​សវនាការ​លើ​សំណុំរឿង​របស់​កញ្ញា សេង ធារី ថា​ធ្វើឡើង​មិន​ស្របតាម​លក្ខខណ្ឌ​តម្រូវ​នានា​នៃ​ច្បាប់​អន្តរជាតិ​ទាំងស្រុង​នោះ​ឡើយ។

លោក មាន ឫទ្ធិ៖ សំណួរ​ចុងក្រោយ​របស់ខ្ញុំ​។ យើង​ងាក​មក​និយាយ​អំពី​ស្ថានភាព​របស់​កញ្ញា សេង ធា​រី នៅក្នុង​ពន្ធនាគារ​នៅ​តំបន់​ដាច់​ស្រយាល​នៅ​ខេត្តព្រះវិហារ​វិញ​ម្តង។ យើង​បាន​ដឹង​តាមរយៈ​មេធាវី​របស់​កញ្ញា សេង ធារី នៅ​កម្ពុជា​ថា កញ្ញា​ត្រូវ​បាន​បដិសេធ​មិន​ឱ្យ​អនុវត្ត​សេរីភាព​គោរព​ជំនឿ​សាសនា​របស់​កញ្ញា។ ទន្ទឹមគ្នា​នោះ កញ្ញា សេង ធារី ក៏បាន​កើត​ជំងឺ​កូវីដ​១៩​ក្នុងអំឡុងពេល​ឃុំខ្លួន​។ កញ្ញា​ត្រូវ​គេ​ដាក់​ឃុំ​ក្នុង​បន្ទប់​ឃុំឃាំង​ដែល​មាន​ស្ថានភាព​ចង្អៀត​ណែន និង​អាក្រក់​។ តើ​លោក​មាន​ប្រតិកម្ម​បែប​ណា​ដែរ​ចំពោះ​ស្ថានភាព​ទាំងនេះ?

លោក ចារិត ហ្គិនស័រ៖ ជាថ្មី​ម្តង​ទៀត នេះ​គឺជា​ជម្រើស​បែប​ឆោតល្ងង់​មួយ​របស់​រដ្ឋាភិបាល​កម្ពុជា។ ខ្ញុំ​ចង់​មាន​ន័យថា កញ្ញា សេង ធារី គឺជា​អ្នក​ទោស​នយោបាយ​ដ៏​មាន​ឥទ្ធិពល​ម្នាក់​។ ការ​ពិត​ជាក់ស្តែង កញ្ញា​ទទួលរង​នូវ​ការប្រព្រឹត្ត​យ៉ាង​អាក្រក់​មក​លើ​កញ្ញា​។ ប្រាកដ​ណាស់ ដូចដែល​អ្នកដឹង​ហើយ នៅ​ពេល​ដែល​នរណា​ម្នាក់​ទទួល​បាន​ការ​ចាប់អារម្មណ៍​ដូច​កញ្ញា សេង ធារី ហើយ​ត្រូវ​បាន​គេ​ប្រព្រឹត្ត​យ៉ាង​អាក្រក់​បែបនេះ តើ​វា​មានន័យ​យ៉ាង​ណា​ដែរ​សម្រាប់​អ្នកទោស​ទូទៅ ឬ​អ្នក​ទោស​នយោបាយ​ជា​រួម​នៅ​កម្ពុជា​នោះ​ចម្លើយ​គឺ​វា​មានន័យថា ស្ថានភាព​របស់​ពួកគេ​នៅក្នុង​ពន្ធនាគារ ពិតជា​អាក្រក់​មែនទែន​។ អ្នកដឹង​ទេ​ដោយសារតែ​កញ្ញា សេង ធារី មាន​ឆន្ទៈ និង​កម្លាំងកាយ​រឹងមាំ​នេះ​ហើយ ការណ៍​នេះ​បាន​ធ្វើ​កញ្ញា​អាច​យក​ឈ្នះ​ចំពោះ​ស្ថានភាព​អាក្រក់​បែបនេះ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​បាន។

ក៏ប៉ុន្តែ ច្បាស់​ណាស់​ថា មាន​លក្ខខណ្ឌ​តម្រូវ​ជាច្រើន​ដោយ​ច្បាប់​អន្តរជាតិ​ចំពោះ​ការប្រព្រឹត្ត​មក​លើ​បុគ្គល​នៅក្នុង​ពន្ធនាគារ​។ យើង​នឹង​រំលេច​ឱ្យ​គេ​ឯង​បាន​ដឹង​ថា ពិតជា​មាន​ករណី​រំលោភបំពាន​ទៅលើ​វិធាន និង​បទបញ្ញត្តិ​អន្តរជាតិ​ទាំងនេះ​ប្រាកដ​មែន ដែល​ត្រូវ​បាន​ធ្វើឡើង​ប្រឆាំង​នឹង​កញ្ញា សេង ធារី នៅក្នុង​សំណុំ​រឿង​នេះ ដូចជា​ករណី​ចង្អៀត​ណែន​ក្នុង​ពន្ធនាគារ ឬ​កង្វះ​ការ​ទទួល​បាន​ការថែទាំ​ផ្នែក​វេជ្ជសាស្ត្រ ការរំលោភ​សិទ្ធិ​អនុវត្ត​ជំនឿ​សាសនា​របស់​កញ្ញា​ជាដើម ព្រមទាំង​ការសម្រេច​តាម​ទំនើងចិត្ត​បញ្ជូន​កញ្ញា​ទៅ​ឃុំខ្លួន​នៅ​ទី​ជនបទ​ដែល​ត្រូវ​ប្រើ​ពេល​ធ្វើដំណើរ​រហូតដល់​ប្រមាណ ៦​ម៉ោង​ពី​ភ្នំពេញ ក្នុង​គោលដៅ​ធ្វើ​ឱ្យ​មេធាវី​របស់​កញ្ញា និង​ក្រុម​គ្រួសារ​កញ្ញា សេង ធារី កាន់តែ​ពិបាក​មិន​អាច​ឱ្យ​ពួកគេ​ទៅ​សួរសុខទុក្ខ​កញ្ញា​បាន​។ ដូច្នេះ ទាំងនេះ​គឺជា​ឧទាហរណ៍​ដ៏​ច្បាស់​ក្រឡែត​នៃ​ការ​រំលោភបំពាន​សិទ្ធិ​របស់​កញ្ញា រួម​ទាំង​ករណី​ដែល​កញ្ញា​មិន​អាច​ផ្ញើ​សំបុត្រស្នាម​ចេញ​ទៅ​ក្រៅ​បាន​ផង​ដែរ​។ កញ្ញា​មិន​អាច​ហៅ​ទូរស័ព្ទ ឬ​ប្រាស្រ័យ​ទាក់ទង​តាម​អ៊ីនធឺណិត​បាន​ឡើយ។

ជាថ្មី​ម្តង​ទៀត ទាំងនេះ​គឺជា​រឿងរ៉ាវ​ដែល​រដ្ឋាភិបាល​លោក ហ៊ុន សែន ធ្វើ​ឡើង​ដើម្បី​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​មក​លើ​កញ្ញា សេង ធារី និង​ដើម្បី​ធ្វើ​ឱ្យ​ជីវិត​របស់​កញ្ញា​កាន់តែ​វេទនា ព្រមទាំង​ព្យាយាម​បំបាក់ស្មារតី​កញ្ញា​។ ខ្ញុំ​អាច​និយាយ​បាន​ថា ដោយ​បាន​ស្គាល់​កញ្ញា​អស់​រយៈពេល​ជាង​២០​ឆ្នាំ​មក​ហើយ លោក ហ៊ុន សែន និង​របប​របស់​លោក ពិតជា​នឹង​មិន​អាច​បំបាក់ស្មារតី​របស់​កញ្ញា សេង ធារី បាន​ជា​ដាច់ខាត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មេធាវី​សិទ្ធិមនុស្ស​អន្តរជាតិ​ព្រមាន​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ប្រឈម​ផលវិបាក​កាន់តែ​ខ្លាំង បើ​នៅ​តែ​បន្ត​ឃុំខ្លួន​កញ្ញា សេង ធារី កាន់តែ​យូរ"

  1. Anonymous says:

    play the game of politic whit the dump brain . sooner or later HUN SEN will responsible for every thing