បណ្តឹងរបស់លោក ហ៊ុន សែន ប្រឆាំងលោក សម រង្ស៊ី៖ សាលក្រមតុលាការបារាំងបង្ហាញថាគ្មានអ្នកឈ្នះគ្មានអ្នកចាញ់

កម្ពុជា-នយោបាយ
11/10/2022 – 07:36
ដោយ៖ អ៊ឹង ប៊ុនថន
RFI

លោក សម រង្ស៊ី អតីតមេដឹកនាំគណបក្សសង្គ្រោះជាតិ និង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន © សហការី


តុលាការ​ប្រទេស​បារាំង​បាន​ចេញ​សាលក្រម​កាលពីម្សិលមិញលើ​សំណុំ​រឿង​ដែល​ លោក ហ៊ុន សែន ប្តឹង លោក សម រង្សី ពីបទ «បរិហាកេរ្ត៍» ករណីស្លាប់​លោក ហុក ឡង់ឌី។ នៅទីបំផុតតុលាការក្រុង​ប៉ារីស​មិន​បាន​សម្រេចឲ្យភាគី​ណាជាអ្នកឈ្នះ និងភាគីណាជាអ្នកចាញ់​ក្តីនោះឡើយ។ ប៉ុន្តែខ្លឹម​សារ​រួម​នៃ​សាលក្រម១៣ទំព័រ​នេះ​បង្ហាញថា តុលាការ​បារាំង​មិនបានចោទប្រកាន់​លោក សម រង្ស៊ី ពីបទ «បរិហាកេរ្ត៍» ទេ ដោយ​ចាត់​ទុកថា នេះជាសេរីភាពបញ្ចេញមតិ។ ប៉ុន្តែ​តុលាការ​ដដែលនេះ បានគូសបញ្ជាក់ថា លោក សម រង្ស៊ី ក៏គ្មានភស្តុតាងបង្ហាញថា លោក ហ៊ុន សែន ជាអ្នកនៅក្រោយ​ការ​ស្លាប់​របស់លោក ហុក ឡង់ឌី នោះដែរ។

ទោះជាខ្លឹមសារនៃសាលក្រម​របស់​តុលាការ​បារាំង​មិន​សម្រេច​ឲ្យភាគីណាឈ្នះ និងភាគីណាចាញ់​ក៏ដោយ ​តែ​សម្រាប់​ លោក ហ៊ុន សែន ជាដើមបណ្តឹង​បានគូសបញ្ជាក់ថា​ អ្វីដែលលោក​ចង់​បានគឺដូចនឹងការ​សម្រេច​របស់​តុលាការ​បារាំង។ តុលាការ​ដែលសម្រេចថា លោក សម រង្ស៊ី ក៏គ្មានភស្តុតាងបង្ហាញថា លោក ហ៊ុន សែន ជាអ្នកនៅក្រោយ​ការ​ស្លាប់​របស់លោក ហុក ឡង់ឌី នោះទេ។​

ថ្លែងនៅចំពោះមុខនិស្សិតរាប់ពាន់នាក់នៅថ្ងៃទី១១តុលា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចាត់​ទុក​ការ​សម្រេចនេះថាបានផ្តល់យុត្តិធម៌សម្រាប់រូបលោក ដែលប្រៀបធៀបថាលោកតាមវាយលោក សម រង្ស៊ី ដល់ផ្ទះ។ បើទោះជាតុលាការ​បារាំងមិនពិន័យប្រាក់ លោក សម រង្ស៊ី ចំនួន១អឺរ៉ូក៏ដោយ ក៏លោក ហ៊ុន សែន បញ្ជាក់ថាលោកមិនប្តឹងទៅឧទ្ធរណ៍ឡើយ ហើយប្រកាសថា បើលោក សម រង្ស៊ី នៅចង់​បន្ត​លោកនឹង​កំដរ​ដល់ចប់។

យោងតាម​ខ្លឹមសារ​នៃសាលក្រម តុលាការក្រុង​ប៉ារីស ថ្ងៃទី១០តុលា ​មិន​បាន​សម្រេចឲ្យភាគី​ណាជាអ្នកឈ្នះ និងភាគីណាជាអ្នកចាញ់​ក្តីនោះឡើយរវាង​​អ្នក​នយោបាយ​ជើងចាស់ទាំងពីរនេះ។ ប៉ុន្តែខ្លឹម​សារ​រួម​នៃការ​សាលក្រម​នេះ​បង្ហាញថា តុលាការ​បារាំង​មិនបានចោទប្រកាន់ ​លោក សម រង្ស៊ី ពីបទ «បរិហាកេរ្ត៍» ទេ ដោយ​ចាត់​ទុកថា នេះជាសេរីភាពបញ្ចេញមតិ។ នេះបើ​យោងតាមមេធាវី លោក សម រង្ស៊ី ដែលបង្ហាញក្តីរំភើបក្រៃលែង។

តាមរយៈការប្រកាសនេះ មេធាវីរបស់ លោក សម រង្ស៊ី ថា​កូនក្តីខ្លួនគ្មានទោសកំហុសអ្វីទេ ហើយតុលាការបារាំង ទទួលស្គាល់ជាឱឡារឹក ថាការតស៊ូរបស់ អ្នកនយោបាយប្រឆាំងរូបនេះ ជាការតស៊ូត្រឹមត្រូវ ហើយតុលាការក៏បានការពារសិទ្ធិសម្តែងមតិរបស់គាត់។

បើតាម លោក សម រង្ស៊ី សេចក្តីសម្រេចរបស់តុលាការបារាំង មិនមែនគ្រាន់តែជាជ័យជំនះផ្ទាល់ខ្លួនមួយទេ តែជាការនាំមកផងដែរ នូវសេចក្តីសង្ឃឹម ដល់អ្នកការពារសេរីភាព និងយុត្តិធម៌ នៅប្រទេសកម្ពុជា និងប្រទេសដទៃទៀត។

សូមបញ្ជាក់ថា លោក ហ៊ុន សែន និងកូនប្រសារ គឺលោក ឌី វិជ្ជា បានប្តឹង លោក សម រង្ស៊ី ពីបទ ​«បរិហាកេរ្ត៍» ដោយទាមទារជម្ងឺចិត្ត១អឺរ៉ូ ករណី​ដែល​លោក សម រង្ស៊ី និយាយថា លោក ហ៊ុន សែន ជាអ្នក​នៅពីក្រោយ​ការបំផ្ទុះឧត្ថម្ភាគចក្រ​សម្លាប់ ​លោក ហុក ឡង់ឌី កាលពីឆ្នាំ២០០៨។

សរុបមកវិញ តុលាការនៅក្រុងប៉ារីស បានសម្រេចលើកលែងការចោទប្រកាន់ លោក សម រង្ស៊ី ក្នុងសំណុំរឿងបទបរិហារកេរ្តិ៍ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ តែក៏គ្មានដែរភស្តុតាងបង្ហាញថា លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយការស្លាប់របស់​ដន្លងខ្លួនឯង ដូចការចោទប្រកាន់របស់មេបក្សប្រឆាំង៕

What Next?

Recent Articles

One Response to "បណ្តឹងរបស់លោក ហ៊ុន សែន ប្រឆាំងលោក សម រង្ស៊ី៖ សាលក្រមតុលាការបារាំងបង្ហាញថាគ្មានអ្នកឈ្នះគ្មានអ្នកចាញ់"

  1. Anonymous says:

    Cambodia is sick and tied with the game that these politician playing