មន្ត្រី​ថា​ការ​អូសបន្លាយ​វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៍ ពិត​ជា​បាន​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល

ការងារ ព័ត៌មានជាតិ
កញ្ញា ប៉ា សុខេង | ១២ តុលា ២០២២ | ម៉ោង ២០:២៥
VOD

កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន ដោយគ្មានការរារាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) មកតាមដានមើលស្ថានភាពតវ៉ាដោយផ្ទាល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន ដោយគ្មានការរារាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) មកតាមដានមើលស្ថានភាពតវ៉ាដោយផ្ទាល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។ (ហ៊ាន រង្សី)


មន្ត្រីជាន់ខ្ពស់​ក្រសួង​ការ​ងារ ទទួលស្គាល់ថា ការអូសបន្លាយវិវាទការងារនៅក្រុមហ៊ុន​​ណាហ្គាវើលដ៍​ ជារឿង​ធំដុំ ដែល​ពិត​ជា​បាន​ប៉ះពាល់ដល់មុខមាត់រដ្ឋាភិបាល ប៉ុន្តែក្រសួងអាចត្រឹមដើរតួជាអ្នកផ្សះផ្សាវិវាទ និង​គ្មាន​សិទ្ធិ​ដាក់​សម្ពាធ​បង្ខំ​​​ភាគីណាមួយឡើយ។

ការអះអាងនេះធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ» នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២នេះ។

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រ​សួងការងារ លោក ហេង សួរ លើកឡើងក្នុងសន្និសីទ​នោះថា វិវាទ​ការ​ងារនៅក្រុមហ៊ុន​​ណាហ្គាវើលដ៍ បានកើតឡើងតាំងពីខែមេសា ឆ្នាំ២០២១ ចំ​ពេល​ជំងឺ​កូវីដ-១៩ កំពុង​រាត​ត្បាត​ខ្លាំង។ លោកថា បើទោះជាយ៉ាងនេះក្ដី ក្រសួង​ការងារបានព្យាយាមសម្របសម្រួលជា​ច្រើន​លើក និង​ឈានដល់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលផងដែរ ប៉ុន្តែនៅតែមិនអាចឈានដល់ចំណុចរួម។

លោក ហេង សួរ បន្តថា ក្រសួងបានប្រជុំផ្សះផ្សាជិត២០លើកហើយ ​ចាប់​តាំងពីខែមីនា ឆ្នាំ២០២២នេះ ប៉ុន្តែបញ្ហាជាប់គាំង គឺនៅត្រង់ថា ភាគីកម្មករទាមទារដាច់ខាតថាត្រូវចូលធ្វើការវិញ ចំវើការវិាគីមួយទាមទារដាច់ខាតថាត្រឹមររណែកឯភាគីថៅកែដាច់ខាតមិនទទួលយក ដោយសុំសងជាសំណងវិញ។

យ៉ាងណា លោកទទួលស្គាល់ថា ការអូសបន្លាយករណីវិវាទការងារនៅក្រុមហ៊ុន​ណាហ្គាវើលដ៍នេះ គឺ​ជារឿង​ធំ ដែលបានប៉ះពាល់ដល់មុខមាត់ក្រសួងការងារក្នុងនាមរដ្ឋាភិបាលផងដែរ ខណៈលោកមើលឃើញ​ថា ច្រកចេញគឺមានតែ​ភាគីថៅកែ និងកម្មករ យល់ពីនីតិវិធី ព្រមទាំង​យោគយល់អធ្យាស្រ័យគ្នា បើពុំនោះទេ គឺ​ដំណាក់កាលតុលាការ។

លោកថា៖ «[ការអូសបន្លាយវិវាទនេះ តើមានផលប៉ះពាល់ដល់ក្រសួងការងារ ឬទេ?] ក្រសួង គឺមិនដែលចាត់ទុកវិវាទការងារនៅក្រុមហ៊ុនណាហ្គានេះជារឿងតូចនោះទេ គឺយើងបានយកចិត្តទុកដាក់ ហើយយើងបានព្យាយាមជួបគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដើម្បីធ្វើម៉េចឱ្យមានការយោគយល់គ្នា។ ប៉ុន្តែក្រសួងក៏មិនអាចរំលោភច្បាប់ ដែលវាធ្វើឱ្យប៉ះពាល់ទៅដល់ការវិនិយោគ ឬមួយក៏អីទេ»។

លោក ហេង សួរ ថាក្រសួងការងារជាអ្នកផ្សះផ្សាវិវាទ តែគ្មានសិទ្ធិដាក់សម្ពាធបង្ខំភាគីណាមួយឡើយ គឺមាន​តែដំណាក់កាលតុលាការតែប៉ុណ្ណោះ ដែលអាចបកស្រាយ​ថាភាគីណាមួយខុសឬត្រូវ។

ប្រធាន​អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន មានប្រសាសន៍ថា កន្លងមក ក្រសួងការងារបានបំពេញតួនាទីរបស់ខ្លួនដោយតុល្យភាពហើយ ក្នុងនោះមានការបង្កបរិយាកាសអំណោយផលសម្រាប់អ្នកបណ្ដាក់ទុនវិនិយោគ ហើយថែមទាំងការពារសិទ្ធិកម្មករខ្មែរថែមទៀត។ យ៉ាងណា លោកមើលឃើញករណីកូដកម្មរបស់កម្មករណាហ្គាវើលដ៍នេះ គឺមានសាច់រឿងនយោបាយជ្រៀតចូលច្រើន។

លោកថា៖ «ខ្ញុំឃើញនៅក្នុងសាច់រឿងថ្មីៗនេះ ដូចជាកម្មករណាហ្គាវើលដ៍ វាហាក់បីដូចជាចូលរឿងនយោបាយច្រើន​បន្តិច​នៅក្នុងសាច់រឿងហ្នឹង។ យើងទទួលស្គាល់ហើយ​ ក៏ប៉ុន្តែការវាយតម្លៃខ្ពស់ចំពោះក្រសួងការងារ​ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដែលមានកម្រិតមួយខ្ពស់ដែលជាវិជ្ជាជីវៈហ្នឹង គឺបានប្រឹងប្រែង​រក្សាស្ថានភាពត្រឹមត្រូវ»។

សកម្មជនសហជីព និងជាកូដករក្រុមហ៊ុនណាហ្គាវើលដ៍ កញ្ញា ជា សុខុម លើកឡើងថា ក្រុមកូដករ​​មិនបាន​ទាម​ទារ​លក្ខខណ្ឌ​ធ្ងន់ធ្ង​រ​ណាមួយ​ ក្រៅតែពីចង់ឱ្យថៅកែទទួលយក​សហជីពឯករាជ្យដែល​អាចការ​ពារ​កម្មករ​បាន ​ឱ្យចូលធ្វើការវិញនោះទេ។

កញ្ញាបន្តថា ច្បាប់ស្ដីពីសហជីព និងច្បាប់ស្តីពីការងារ បានចែងច្បាស់ពីការការពារសិទ្ធិកម្មករ ពោលគឺ​​ថៅ​​កែ​​ពុំអាចបញ្ឈប់កម្មករស្រេចតែចិត្ត ដោយពុំមានទំនួលខុសត្រូវឡើយ។ កញ្ញាថា កម្មករបានគោរពតួនាទីរបស់ខ្លួនបានម៉ឺងម៉ាត់ណាស់ តែថៅកែទៅវិញទេដែលដើរប្រាសចាកពីច្បាប់ ស្របពេលក្រសួងការ​ងារ​ផ្អៀង​លើ​អ្នក​មាន​លុយ ហើយបើកដៃឱ្យពួកគេបំពានសិទ្ធិកម្មករថែមទៀត។

ប្រធាន​សម្ព័ន្ធ​សហ​ជីព​ចលនា​កម្មករ​កម្ពុជា លោក ប៉ាវ ស៊ីណា យល់ថា តាមពិត ក្រសួងការងារមានអំណាចក្នុងដៃ មានសិទ្ធិនិងតួនាទីគ្រប់គ្រាន់ ដើម្បីចេញមុខដោះស្រាយវិវាទការងារនេះដោយយុត្តិធម៌តាមច្បាប់ការងារដែលបានចែង។ យ៉ាងណា លោកថា ករណីនេះអាចដោះស្រាយទៅបាន គឺអាស្រ័យលើ​​ឆន្ទៈរបស់ក្រសួង ដើម្បីជំរុញឱ្យក្រុមហ៊ុនបំពេញភារកិច្ចតាមច្បាប់​កម្ពុជា ក៏ដូចជាបញ្ឈប់ការរើស​អើង​សហជីព។

សម្រាប់​មន្ត្រីសហ​ជីពរូបនេះ ក្រុមហ៊ុនណាហ្គាមានចេតនា​បំបាត់សហជីពការពារសិទ្ធិកម្មករ ដោយមិនអាចប្រកែកបាន។ ជាក់ស្តែង លោកថា ថៅកែបានជ្រើសយកជម្រើស​បញ្ឈប់​កម្មករដែលភាគច្រើន សុទ្ធតែជា​ថ្នាក់​ដឹកនាំ និងសមាជិកសហជីព ដោយលើកហេតុផលបញ្ហាហិរញ្ញវត្ថុ ខណៈក្រសួងការងារមិនបានផ្ទៀងផ្ទាត់តាមច្បាប់សហជីព និងច្បាប់ស្តីពីលក្ខខណ្ឌបញ្ឈប់កម្មករឡើយ។

វីអូឌី មិនអាច​សុំការ​បញ្ជាក់ពី​តំណាងក្រុមហ៊ុនណាហ្គាវើលដ៍ ជុំវិញការតវ៉ារបស់កូដករនេះបានទេ​ នៅថ្ងៃពុធនេះ។

វិវាទការងារក្រុមហ៊ុនណាហ្គាវើលដ៍ បានកើតឡើង​ជាង១ឆ្នាំមកហើយ ក្រោយពី​ក្រុមហ៊ុននេះបានបញ្ឈប់​​​បុគ្គលិក​ចំនួន១ ៣២៩នាក់ ក្នុងចំណោម​បុគ្គលិកសរុបជាង៨ ០០០នាក់ពីការងារ ក្រោមហេតុផល​ថា ជួបវិបត្តិ​ហិរញ្ញវត្ថុដោយសារ​តែបញ្ហាជំងឺកូវីដ-១៩។ យ៉ាង​ណា បុគ្គលិក​​ដែល​ចេញ​ធ្វើកូដកម្ម​ជាង៩ខែ​មក​នេះ អះអាងថា ការបញ្ឈប់នោះ ​ដោយសារថៅកែ​មានចេតនារំលាយ​សហជីពការពារសិទ្ធិកម្មករ​​ឱ្យអស់ពីក្រុមហ៊ុនមួយនេះ៕


រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

What Next?

Recent Articles

One Response to "មន្ត្រី​ថា​ការ​អូសបន្លាយ​វិវាទ​ការងារ​នៅ​ណាហ្គាវើលដ៍ ពិត​ជា​បាន​ប៉ះពាល់​ដល់​មុខមាត់​រដ្ឋាភិបាល"

  1. Anonymous says:

    HUN NAL is so smart