តុលាការ និងច្បាប់ ព័ត៌មានជាតិ
François Camps | ១៤ តុលា ២០២២ | ម៉ោង ១៤:១១
VOD

អតីតប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី (ធ្វេង) និងលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីកន្លងទៅ
មាតិកាអត្ថបទ
តុលាការព្រហ្មទណ្ឌបារាំង បានសម្រេចក្នុងសប្ដាហ៍នេះថា លោក សម រង្ស៊ី មិនមានភស្តុតាងគ្រប់គ្រាន់ក្នុងការចោទប្រកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពីបទ ជាប់ពាក់ព័ន្ធនឹងការស្លាប់របស់អតីតអគ្គស្នងការនគរបាលជាតិ លោក ហុក ឡង់ឌី ឡើយ។ យ៉ាងណា តុលាការនៅក្នុងប្រទេសអឺរ៉ុបមួយនេះ ក៏បានច្រានចោលបណ្តឹងបរិហារកេរ្តិ៍ចោទប្រកាន់ចំពោះលោក សម រង្ស៊ី ដោយសម្អាងថា ការជជែកទៅលើករណីទាំងឡាយដែលមានការស៊ើបអង្កេតតិចតួចគឺជាផលប្រយោជន៍សាធារណៈ «ធំធេង» ក្នុងតួនាទីលោក សម រង្ស៊ី ជាមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេសខ្លួនទៅក្រៅប្រទេស។
នៅក្នុងសេចក្ដីសម្រេចកាលពីថ្ងៃទី១០ ខែតុលា តុលាការបារាំងបានលើកឡើងថា ការអះអាងរបស់លោក សម រង្ស៊ី ត្រូវបានចាត់ទុកថាជា «ការបរិហារកេរ្តិ៍លោក ហ៊ុន សែន»។
ទោះយ៉ាងណា តុលាការបានគូសបញ្ជាក់ថា៖ «ការផ្ដន្ទាទោសព្រហ្មទណ្ឌ នឹងរំលោភបំពានសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ»។
មេធាវីរបស់លោក សម រង្ស៊ី គឺលោក ម៉ាធីអាស៍ ឆីកផតធីក (Mathias Chichportich) និងលោកស្រី ចេស៊ីកា ហ្វីណេលី (Jessica Finelle) បាននិយាយថា៖ «កូនក្ដីរបស់ខ្លួនបានទទួលសាលក្រមដោយរីករាយ»។
មេធាវីទាំងនោះបន្តថា៖ «អស់រយៈពេលជាង២០ឆ្នាំហើយ ដែលលោក សម រង្ស៊ី បានថ្កោលទោសឧក្រិដ្ឋកម្មដែលប្រព្រឹត្តដោយរបបកម្ពុជា និងតស៊ូដើម្បីលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ»។
មេធាវីបន្ថែមថា៖ «ជីវិតនយោបាយរបស់លោកត្រូវបានលុបបំបាត់ដោយលោក ហ៊ុន សែន ដែលព្យាយាមបំបិទមាត់លោកតាមគ្រប់មធ្យោបាយ។ ដូច្នេះ លោកត្រូវបង្ខំចិត្តនិរទេសខ្លួន»។
ក្នុងសេចក្ដីថ្លែងការណ៍រួម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងមេធាវីរបស់លោក ឌី វិជ្ជា ដែលត្រូវជាកូនប្រសារបស់លោក ហ៊ុន សែន បានសង្កត់ធ្ងន់លើសេចក្ដីសម្រេចរបស់តុលាការថា «ការចោទប្រកាន់របស់លោក សម រង្ស៊ី មិនត្រូវបានគេគាំទ្រឡើយ និងខ្វះភស្តុតាង»។
លោក ឌីដាយអឺ លិក (Didier Leick), លោក លុច ប្រ៊ូសូលេត (Luc Brossolet) និងលោកស្រី ណុលឡារី យីមឌូណាន់ (Nollary Yim-Dunand) បានសរសេរថា៖ «តុលាការគ្មានជម្រើសអ្វីក្រៅពីកំណត់មូលដ្ឋានអង្គហេតុដែលត្រូវបានចោទប្រកាន់ដោយចុងចោទថា មិនមានភស្តុតាងគ្រប់គ្រាន់»។
ការចោទប្រកាន់តាមអ៊ីនធឺណិត
សំណុំរឿងបទបរិហារកេរ្តិ៍ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្តឹងកាលពីខែសីហា ឆ្នាំ២០១៩។ លោកបានប្តឹងលោក សម រង្ស៊ី ពីបទបរិហារកេរ្តិ៍ជាច្រើនករណី។
លោក ហ៊ុន សែន បានចោទប្រកាន់លោក សម រង្ស៊ី ថាបានសរសេរនៅលើហ្វេសប៊ុកជាច្រើនដងថា លោក ហ៊ុន សែន ជាអ្នកទទួលខុសត្រូវចំពោះការស្លាប់របស់លោក ហុក ឡង់ឌី អតីតអគ្គស្នងការនគរបាលជាតិ និងលោក ជា វិជ្ជា អតីតប្រធានសហជីពដ៏លេចធ្លោម្នាក់។
លោក ហុក ឡង់ឌី បានស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រក្នុងឆ្នាំ២០០៨ ខណៈលោក ជា វិជ្ជា ត្រូវបានបាញ់សម្លាប់នៅខាងមុខតូបលក់កាសែតមួយ ក្បែររបងវត្តលង្កា ក្នុងរាជធានីភ្នំពេញ ឆ្នាំ២០០៤។
ការបង្ហោះមួយរបស់លោក សម រង្ស៊ី ដែលមានបង្កឱ្យមានការប្ដឹងផ្ដល់នោះ គឺនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩។
លោកបានសរសេរថា៖ «លោក ហ៊ុន សែន សម្លាប់លោក ហុក ឡង់ឌី ដោយដាក់គ្រាប់បែកនៅក្នុងឧទ្ធម្ភាគចក្រ»។
លោកបន្ថែមថា៖ «លោក ហុក ឡង់ឌី ហៀបនឹងបង្ហាញបញ្ជាដែលលោកបានទទួលពីលោក ហ៊ុន សែន ឱ្យធ្វើឃាតលោក ជា វិជ្ជា កាលពីឆ្នាំ២០០៤»។
ច្បាប់របស់ប្រទេសបារាំងដែលកំណត់អំពី «ការបរិហារកេរ្តិ៍» ចែងថា «ការចោទប្រកាន់ណាមួយដែលទំនងជាប៉ះពាល់ដល់កិត្តិយសរបស់បុគ្គលណាម្នាក់» អាចមានករណីលើកលែង ប្រសិនបើអ្នកបង្ហោះធ្វើឡើងដោយ «សុទ្ធចិត្ត» និងដើម្បី «ផលប្រយោជន៍ទូទៅ»។
នៅក្នុងសេចក្ដីសម្រេចចំនួន១៣ទំព័ររបស់ខ្លួនលើសំណុំរឿងលោក ហ៊ុន សែន ដែលអ្នកសារព័ត៌មានទទួលបាន តុលាការបានសម្រេចថា ការចោទប្រកាន់ពីបទមនុស្សឃាតទាំង២ករណី ត្រូវបានចាត់ទុកថាជាការបរិហារកេរ្តិ៍ចំពោះលោក ហ៊ុន សែន ព្រោះវាប៉ះពាល់ដល់កិត្តិយស និងកេរ្តិ៍ឈ្មោះរបស់ដើមបណ្ដឹងរដ្ឋប្បវេណី [លោក ហ៊ុន សែន]។
ទោះយ៉ាងណា សេចក្ដីសម្រេចនោះបន្ថែមថា ដោយសារការប្រើអំពើហិង្សានយោបាយដោយរដ្ឋាភិបាលលោក ហ៊ុន សែន និងការធ្លាក់ចុះនៃសេរីភាពបញ្ចេញមតិរបស់លោក សម រង្ស៊ី នៅកម្ពុជា គឺជាបញ្ហានៃផលប្រយោជន៍ទូទៅដែលត្រូវដោះស្រាយ ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅក្នុងប្រទេសកម្ពុជា។
អង្គជំនុំជម្រះទី១៧ នៃតុលាការកាត់ក្ដីទីក្រុងប៉ារីស ដែលមានឯកទេសលើបញ្ហាសេរីភាពបញ្ចេញមតិ និងបទបរិហារកេរ្តិ៍ បានវាយតម្លៃថា ការអះអាងរបស់លោក សម រង្ស៊ី គឺជាករណីលើកលែង ដែលធ្វើឡើងដោយ «សុទ្ធចិត្ត» និងដើម្បី «ផលប្រយោជន៍ទូទៅ»។
ពាក់ព័ន្ធនឹងឃាតកម្មលោក ជា វិជ្ជា តុលាការបានបង្ហាញថា លោក សម រង្ស៊ី មានភស្តុតាងគ្រប់គ្រាន់ គឺរបាយការណ៍របស់អង្គការលើកលែងទោសអន្តរជាតិ ចំនួន២ និងការគាបសង្កត់ផ្នែកនយោបាយ ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ២០០៤ និងឆ្នាំ២០១៥ និងបទសម្ភាសជាមួយអតីតស្នងការនគរបាលរាជធានីភ្នំពេញ លោក ហេង ពៅ ដែលត្រូវបានចេញផ្សាយក្នុងឆ្នាំ២០០៦ ដោយទស្សនាវដ្ដីបារាំង ដោយអះអាងថា លោក ហ៊ុន សែន ជាអ្នកនៅពីក្រោយការសម្លាប់លោក ជា វិជ្ជា។
ទោះយ៉ាងណា ពាក់ព័ន្ធនឹងការស្លាប់របស់លោក ហុក ឡង់ឌី តុលាការបានសន្និដ្ឋានថា លោក សម រង្ស៊ី មិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ពីការអះអាងរបស់លោក ដែលថាមានការដាក់គ្រាប់បែកបំផ្ទុះឧទ្ធម្ភាគចក្ររបស់លោក ហុក ឡង់ឌី ឡើយ។
តុលាការបានបញ្ជាក់ថា ជនជាប់ចោទមិនមានជំនាញណាមួយក្នុងការបំផ្ទុះឧទ្ធម្ភាគចក្រនោះឡើយ។
ទោះយ៉ាងណា ដោយសារលោក សម រង្ស៊ី មិនអាចត្រលប់មកកម្ពុជាវិញតាំងពីឆ្នាំ២០១៥ ដើម្បីបន្តការស៊ើបអង្កេតរបស់លោក។
តុលាការបានសន្និដ្ឋានថា «ការផ្ដន្ទាទោសបទឧក្រិដ្ឋ នឹងរំលោភសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ»។
តុលាការបានលើកឡើងបន្ថែមថា កង្វះការស៊ើបអង្កេតពិតប្រាកដលើការស្លាប់របស់លោក ហុក ឡង់ឌី គឺជារឿងគួរឱ្យព្រួយបារម្ភ។
តុលាការបន្តថា៖ «ហាក់ដូចជាមានការចង់បិទបាំងការស្លាប់របស់លោក ហុក ឡង់ឌី»។
តុលាការបារាំងលើកឡើងបន្តថា ការអះអាងរបស់លោក សម រង្ស៊ី គឺទាក់ទងទៅនឹងករណីឃាតកម្មដែលមិនត្រូវបានបកស្រាយឱ្យច្បាស់ ហើយថាការជាប់ពាក់ព័ន្ធដែលត្រូវបានចោទប្រកាន់ [លោក ហ៊ុន សែន] ក្នុងករណីឃាតកម្មដែលត្រូវបានធ្វើឡើងក្រោមការបញ្ជារបស់លោក គឺច្បាស់ណាស់ជាផ្នែកមួយនៃការជជែកដេញដោលជាទូទៅ ទាក់ទងនឹងការគោរពសិទ្ធិមនុស្ស និងសេរីភាពជាមូលដ្ឋាននៅកម្ពុជា។
បណ្ដឹងទីពីរ
នៅក្នុងពាក្យបណ្ដឹងរបស់លោក ឌី វិជ្ជា ដែលជាកូនប្រសារបស់លោក ហ៊ុន សែន វិញ តុលាការបារាំងបានសន្និដ្ឋានថា ការលើកឡើងរបស់លោក សម រង្ស៊ី «មិនមានភាពច្បាស់លាស់គ្រប់គ្រាន់ ដែលធ្វើឱ្យប៉ះពាល់កិត្តិយសបុគ្គល»។
ការចោទប្រកាន់មួយទៀត គឺធ្វើឡើងនៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០១៩ នៅពេលដែលលោក សម រង្ស៊ី បង្ហោះនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោក ឌី វិជ្ជា ដែលជាកូនប្រុសរបស់លោក ហុក ឡង់ឌី រៀបចំផែនការក្បត់នឹងលោក ហ៊ុន សែន ដើម្បីសងសឹកចំពោះការស្លាប់របស់ឪពុករបស់លោក [ហុក ឡង់ឌី]។ ការអះអាងបែបនេះតែងត្រូវបានលោក ឌី វិជ្ជា បដិសេធយ៉ាងដាច់អហង្ការ។
លោក ឌី វិជ្ជា និងមេធាវីរបស់លោក ហ៊ុន សែន បានរិះគន់សវនាការរបស់តុលាការបារាំង កាលពីថ្ងៃទី១ ខែកញ្ញា នៅទីក្រុងប៉ារីស ដោយថា សវនាការនោះបានប្រែក្លាយទៅជា «វេទិកាប្រឆាំងនឹងលោក ហ៊ុន សែន» ហើយថា «វត្ថុតាងដែលលោក សម រង្ស៊ី យកមកបង្ហាញ គឺមិនគ្រប់គ្រាន់ទេ»។
ក្នុងសុន្ទរកថាកាលពីថ្ងៃទី១១ ខែតុលា នៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ លោក ហ៊ុន សែន បានថ្លែងអំណរគុណដល់តុលាការបារាំងដែលបានផ្តល់យុត្តិធម៌ដល់រូបលោក។
លោកមានប្រសាសន៍ទាក់ទងនឹងករណីលោក ហុក ឡង់ឌី ថា៖ «ខ្ញុំពេញចិត្តនឹងការបកស្រាយរបស់តុលាការ ដែលថាខ្ញុំមិនពាក់ព័ន្ធនឹងការចោទប្រកាន់នោះទេ»។
លោកថា លោកនឹងមិនប្ដឹងឧទ្ធរណ៍ករណីនេះទេ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Rainsy Ruling: French Court Backs Right to Expression in Exile
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
please take a look in this pitcher and take imagination what HUN SEN is . a childish ,a uneducated, a problem maker, a smart person, for me I knew more than that HUN NAL not just a uneducated the worse that that is this guy is so evil even his mother he also murder her . talking the truth HUN NAL swear to GOD did you murder your mom ?????? I can see it just about time to see GOD justice can you change your mind by doing some thing good for every one to see?? every one will wideness after you no longer have powers . I knew some one who love you so much will be the one who hate you so much . I knew you know yourself that you have done so much sin even GOD can not forgive you. I knew every thing about you, I swear to GOD that you HUN NAL should not have been born as human being . you will become an evil that no place to born for million year to come