នយោបាយ ព័ត៌មានជាតិ
កញ្ញា គៀត សុរិទ្ធធាវី | ០៧ ធ្នូ ២០២២ | ម៉ោង ១៤:២១
VOD

លោក ហ៊ុន ម៉ានិត ថ្លែងក្នុងវគ្គសិក្សាបំប៉នការងារជំនាញត្រួតពិនិត្យគណបក្ស ជំនាន់ទី១ ដល់មន្ត្រីត្រួតពិនិត្យគណបក្សប្រជាជនកម្ពុជា មកពីបណ្តាក្រសួង-ស្ថាប័ន និងរាជធានី-ខេត្ត ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។ (ហ្វេសប៊ុក៖ Hun Manith ហ៊ុន ម៉ានិត)
លោក ហ៊ុន ម៉ានិត កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវបានដំឡើងឋានៈស្មើរដ្ឋមន្ត្រី បន្ថែមលើតួនាទីបច្ចុប្បន្នជាអគ្គនាយកនៃនាយកដ្ឋានស្រាវជ្រាវចារកម្មនៃក្រសួងការពារជាតិ។
លោក ហ៊ុន ម៉ានិត ត្រូវបានផ្ដល់ឋានន្តរសក្តិជារដ្ឋមន្ត្រី ដោយព្រះរាជក្រឹត្យឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ ព្រះបាទ សម្ដេចព្រះនរោត្ដម សីហមុនី កាលពីថ្ងៃអង្គារ រួមជាមួយមន្ត្រីរដ្ឋាភិបាលចំនួន៤រូបទៀត។ លោក ហ៊ុន ម៉ានិត ក៏ជាអនុប្រធានខុទ្ទកាល័យនាយករដ្ឋមន្ត្រី ហើយលោកនៅតែកាន់តំណែងចាស់របស់លោកដដែល។ នេះបើយោងតាមឯកសារផ្លូវការ។
បុគ្គល៤រូបផ្សេងទៀតដែលត្រូវបានដំឡើងឋានៈស្មើរដ្ឋមន្ត្រី រួមមាន លោក ប៉ាន់ខែម ប៊ុនថន នាយរងខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន, លោក ឈីវ យីស៊ាង ជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, និងលោក ស្លាត សុភាព និងលោក ហាក់ សុខហៃ ដែលមិនអាចកំណត់អត្តសញ្ញាណបាន។
អ្នកនាំពាក្យកងយោធពលខេមរភូមិន្ទ លោក ថោង សូលីម៉ូ បដិសេធធ្វើអត្ថាធិប្បាយលើការដំឡើងឋានៈរបស់លោក ហ៊ុន ម៉ានិត និងមន្ត្រីផ្សេងទៀត ខណៈលោក ឈុំ សុជាតិ អ្នកនាំពាក្យក្រសួងការពារជាតិ មិនអាចទាក់ទងបានទេកាលពីល្ងាចថ្ងៃអង្គារ។
លោក ហ៊ុន ម៉ាណែត បងប្រុសរបស់លោក ហ៊ុន ម៉ានិត គឺជាអគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក ហើយត្រូវបានគណបក្សប្រជាជនកម្ពុជាបោះឆ្នោតគាំទ្រឱ្យក្លាយជាបេក្ខជនអនាគតនាយករដ្ឋមន្ត្រី បន្តតំណែងពីឪពុករបស់លោក គឺលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោក ហ៊ុន សែន នៅមិនទាន់កំណត់ពេលវេលាថាតើពេលណាដែលលោកនឹងចុះចេញពីតំណែង និងឱ្យកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត ឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីបន្តពេលណានោះឡើយ។
ប្អូនប្រុសរបស់លោក ហ៊ុន ម៉ានិត គឺលោក ហ៊ុន ម៉ានី ជាតំណាងរាស្រ្តមណ្ឌលកំពង់ស្ពឺ និងជាប្រធានអង្គការយុវជនមួយឈ្មោះថា សហភាពសហព័ន្ធយុវជនកម្ពុជា ខណៈបងស្រីរបស់លោក ហ៊ុន ម៉ានិត គឺលោកស្រី ហ៊ុន ម៉ាណា និងប្អូនស្រីរបស់លោក គឺលោកស្រី ហ៊ុន ម៉ាលី គឺជាពាណិជ្ជករ និងពាក់ព័ន្ធក្នុងវិស័យជាច្រើននៃសេដ្ឋកិច្ច ដូចដែលបានបង្ហាញនៅក្នុងរបាយការណ៍ឆ្នាំ២០១៦ របស់អង្គការឃ្លាំមើលអន្តរជាតិ (Global Witness) ដែលមានចំណងជើងថា «អាណាចក្រសាជីវកម្មនៃគ្រួសារត្រកូល ហ៊ុន (Hostile Takeover)» ដែលបង្ហាញថា ក្រុមហ៊ុនមួយចំនួនគ្រប់គ្រងដោយគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលមានតម្លៃជាង ២០០លានដុល្លារ៕
បកប្រែនិងសម្រួលចេញពីអត្ថបទដើមភាសាអង់គ្លេស៖ Hun Sen’s Son Promoted to Rank of Minister
រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម
សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។
please vote out this HUN family be for they take over Cambodia as their privet kingdom .