អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​ដឹកនាំ​កម្ពុជា​ទៅជា​របប​ផ្ដាច់ការ​នៅក្នុង​តំបន់

ដោយ ទីន ហ្សាការីយ៉ា
2022.12.14
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​ដឹកនាំ​កម្ពុជា​ទៅជា​របប​ផ្ដាច់ការ​នៅក្នុង​តំបន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបពលរដ្ឋខ្មែរ​នៅ​ទីក្រុង​ព្រុចសែល កាលពីថ្ងៃទី១៣ ខែ​ធ្នូ ឆ្នាំ​២០២២។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


ក្រុម​អ្នកវិភាគ​លើកឡើង​ថា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ព្យាយាម​បញ្ចុះបញ្ចូល​ឲ្យ​ពលរដ្ឋ​នៅ​សហភាព​អឺរ៉ុប ដើមកំណើត​ខ្មែរ ស្ញប់ស្ងែង​នូវ​ស្នាដៃ​ដឹកនាំ​របស់​លោក ពិសេស​ឲ្យ​គាំទ្រ​ត្រកូល​ហ៊ុន​ក្នុង​ការដឹកនាំ​ប្រទេស​បន្ត។

ពួកគេ​លើ​បញ្ជាក់​ថា លោក ហ៊ុន សែន ថែមទាំង​ប្រើប្រាស់​ទឹកដី​ប្រជាធិបតេយ្យ​នៃ​ប្រទេស​ប៊ែលហ្សិក (Belgium) គំរាមកំហែង​អ្នក​រិះគន់​លោក​ឥត​អៀនខ្មាស​ ដើម្បី​អំណាច​គាបសង្កត់​ទៀត​ផង។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ហាក់បីដូចជា​គ្មាន​ភាព​ស្ទាក់ស្ទើរ ក្នុង​ការ​ប្រើ​សារ​គំរាមកំហែង​អ្នក​រិះគន់ មេដឹកនាំ​បក្ស​ប្រឆាំង និង​អ្នកវិភាគ នៅ​លើ​ទឹកដី​សហភាព​អឺរ៉ុប​ឡើយ។


ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគណ ប៊ុត ប៊ុនតិញ មាន​ថេរ​ដីកា​ថា លោក ហ៊ុន សែន កំពុងតែ​បង្ហាញ​ឥទ្ធិពល និង​អំណាច​ផ្ដាច់ការ ដើម្បី​បង្ក្រាប​អ្នក​រិះគន់ និង​គណបក្សប្រឆាំង​នៅ​លើ​ទឹកដី​អឺរ៉ុប ដោយ​មិន​ខ្វល់​អំពី​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ឲ្យ​ស្ដារ​ប្រជាធិបតេយ្យ​វិញ​ឡើយ​។ ព្រះអង្គ​បន្ថែម​ថា លោក ហ៊ុន សែន មិន​ខ្វល់​អំពី​ប្រទេសជាតិ​នោះ​ទេ បញ្ហា​សំខាន់​ដែល​លោក​ខ្វល់​នោះ គឺ​ធ្វើ​យ៉ាងណា​ដើម្បី​រក្សា​អំណាច​ត​ពូជពង្ស​បាន។

ការ​លើកឡើង​បែបនេះ នៅ​ក្រោយ​ពេល លោក ហ៊ុន សែន ថ្លែង​ឌឺដង​និង​គំរាម​ដល់​អ្នកវិភាគ និង អ្នក​រិះគន់​ការដឹកនាំ​របស់​លោក​។ លោក ហ៊ុន សែន ក្រៅពី​គំរាមកំហែង​តាម​ថតរូប​អ្នក​ទៅ​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក យក​ទៅ​បិទ​នៅ​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​នោះ លោក​ថែមទាំង​ផ្ញើ​សារ​បែប​គំរាម​ផង និង​លួង​លោ​កម​ផង ផ្ដាំ​ទៅ​លោក សន តារា ដែល​ភៀសខ្លួន​នៅ​ប្រទេស​បារាំង ដែល​តែង​និយាយ​រិះគន់​លោក​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក។

ទន្ទឹម​នឹង​លោក ហ៊ុន សែន ប្រើ​ភាសា​លួងលោម លោក សន តារា ដោយ​ហៅ​ក្មួយ​ពេញៗ​មាត់​នោះ លោក​ក៏​បង្កប់​នូវ​សារ​ព្រមាន​ឲ្យ​លោក សន តារា ឱ្យ​បញ្ឈប់​យក​ត្រកូល​ហ៊ុន ជាស​ត្រូវ​ដែរ។ លោក ហ៊ុន សែន សង្កត់ធ្ងន់​បែប​គំរាម​ថា លោក សន តារា ជៀស​មិន​ផុត​ពី​ការ​វិល​ទៅ​កម្ពុជា​វិញ​នៅ​ណាមួយ​នោះ​ទេ។

លោក ហ៊ុន សែន បាន​ដឹកនាំ​ប្រទេស​ជិត​៤០​ឆ្នាំ​មកនេះ ត្រូវ​បាន​ក្រុម​អ្នកវិភាគ​មើលឃើញ​ថា លោក​ប្រើប្រាស់​យុទ្ធសាស្ត្រ​បី​សំខាន់​គឺ លួងលោម សម្លុត និង​សម្លាប់​។ អ្នកវិភាគ​លើក​ឡើង​ថា ក្នុង​រយៈពេល​ចុងក្រោយ​នេះ លោក ហ៊ុន សែន ហាក់បីដូចជា​ខំប្រឹង​ប្រើ​យុទ្ធសាស្ត្រ​លួងលោម​ផង សម្លុត​ផង។

អ្នកវិភាគ​នយោបាយ លោក គឹម សុខ អះអាង​ថា បេសកកម្ម​របស់​លោក ហ៊ុន សែន ដឹកនាំ​គណប្រតិភូ​ទៅ​ចូលរួម​ប្រជុំ​អាស៊ាន អឺរ៉ុប​នេះ លោក​មិន​បាន​គិត​អំពី​រឿង​ជាតិ​ជា​សំខាន់​ឡើយ​។ អ្នកវិភាគ​រស់នៅ​ប្រទេស​ហ្វាំងឡង់​រូប​នេះ​បន្ថែម​ថា អ្វី​ដែល​លោក ហ៊ុន សែន ខ្វល់ខ្វាយ​នោះ គឺ​ការ​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​អឺរ៉ុប​ដើមកំណើត​ខ្មែរ​ឲ្យ​គាំទ្រ​ត្រកូល​ហ៊ុន​ផង និង​គំរាមកំហែង​ផង​។ លោក បន្ថែម​ថា លោក ហ៊ុន សែន មិនបាន​គិត​ពី​បញ្ហា​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ដែល​ប្រឈម​នឹង​ការបាត់បង់​បន្ថែម​ទៀត ក្រោយពី​បាត់បង់​ជា​ស្ថាពរ​ចំនួន​២០% ហើយ​នេះ ដែល ខុសពី​មេដឹកនាំ​អាស៊ាន​ដទៃទៀត​។

កាលពី​ខែមីនា​កន្លងទៅ កម្ពុជា និង​តំណាង​ភាព​អឺរ៉ុប បាន​ពិភាក្សា​គ្នា​អំពី​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ នៃ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទាំងពីរ​។ ប៉ុន្តែ​ក្រោយពី​កិច្ចប្រជុំ​នេះ សហភាព​អឺរ៉ុប​នៅតែ​ប្រកាន់​ជំហរ​ដដែល និង​បាន​រំលឹក​របប​ឯក​បក្ស​លោក ហ៊ុន សែន ឲ្យ​ស្ដារ​ប្រជាធិបតេយ្យ សេរីភាព​មូលដ្ឋាន សិទ្ធិមនុស្ស សិទ្ធិ​ការងារ និង​នីតិរដ្ឋ​។ សហភាព​អឺរ៉ុប ក៏បាន​កត់សម្គាល់​ពី​កាតព្វកិច្ច​កម្ពុជា ស្ថិត​ក្រោម​ច្បាប់ និង អនុសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិមនុស្ស និង​កិច្ចសហការ នឹង​យន្តការ​សិទ្ធិមនុស្ស​របស់​អង្គការ​សហប្រជាជាតិ​ជាដើម។

រីឯ​បេសកកម្ម​របស់​លោក ហ៊ុន សែន ដែល​ទៅ​ទីក្រុង​ព្រុចសែល ប្រទេស​ប៊ែលហ្សិក​លើក​នេះ គឺ​ដើម្បី​ធ្វើជា​សហប្រធាន​ដឹកនាំ​កិច្ចប្រជុំ អាស៊ាន​-​អឺរ៉ុប ចំ​ខួប​លើក​ទី​៤៥​នៃ​ទំនាក់ទំនង​អាស៊ាន និង អឺរ៉ុប​។ កិច្ចប្រជុំ​នេះ​ក៏​ផ្ដោត​សំខាន់​លើ “​ការ​ស្ដារ​ពាណិជ្ជកម្មរ​វាង​តំបន់​ទាំងពីរ​” ដែរ​។ ដោយឡែក​ចំពោះ​លោក ហ៊ុន សែន វិញ ខុសពី​មេដឹកនាំ​ដទៃទៀត នៅក្នុង​តំបន់​។ ក្រុម​មេដឹកនាំ​អាស៊ាន មិនបាន​រៀបចំ​ពិធី​ជួបជុំ​ឬ​ឲ្យ​ពលរដ្ឋ​ឬ​និស្សិត​របស់​ខ្លួន​កំពុង​សិក្សា​នៅ​សហភាព​អឺរ៉ុប​ឲ្យ​មក​ទទួល​ពួកគេ​ដូច​លោក ហ៊ុន សែន ឡើយ​។ មេដឹកនាំ​ទាំងនោះ គេ​បាន​ជួប​តំណាង​សហភាព​អឺរ៉ុប និង​និយាយ​អំពី ការ​ស្ដារ​សេដ្ឋកិច្ច ក្រោយពី​ជំងឺ​កូវីដ​១៩។

ចំណែក​លោក ហ៊ុន សែន វិញ ទន្ទឹម​នឹង​រដ្ឋបាល​របស់​លោក បាត់បង់​ប្រព័ន្ធ​អនុគ្រោះ (EBA) ចំនួន​២០%​រួច​ទៅ​ហើយ​នោះ លោក​អះអាង​ថា លោក​មិន​ដាក់ខ្លួន​សុំ​ជំនួយ​ពី​សហភាព​អឺរ៉ុប​ទៅវិញ​។ លោក​លើក​ហេតុផល​ថា ដើម្បី​រក្សា​អធិបតេយ្យភាព​ជាតិ​។ ទោះបីជា​យ៉ាងនេះ​ក្ដី ក្រុម​អ្នក​វិភាគ​អះអាង​ថា លោក ហ៊ុន សែន ថ្លែង ដូច្នេះ គ្រាន់តែ​ជា​លេស​យកមុខ​មាត់​ប៉ុណ្ណោះ​។ ធាតុ​ពិត​នៅ​ពីក្រោយ​ឆាក​វិញ លោក​ហ៊ុន សែន តែង​ចាត់​មន្ត្រី​របស់​លោក​ឱ្យ​ចរចា រក​ការ​បន្ធូរបន្ថយ​ពី​ប្រទេស​លោក​សេរី​។ ជាក់ស្ដែង លោក​បាន​ចំណាយ​លុយ​រដ្ឋ​រាប់​ម៉ឺន​ដុល្លា​ក្នុង​មួយ​ខែៗ​ជួល​មេធាវី​អាមេរិក​ឱ្យ​បញ្ចុះបញ្ចូល​រដ្ឋាភិបាល​អាមេរិក ឱ្យ​មាន​ទំនាក់ទំនង​ល្អ​ជាមួយ​កម្ពុជា នៅ​ស្របពេល​សហរដ្ឋអាមេរិក​មិនទាន់​បន្ត​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ GSP​ ឲ្យ​កម្ពុជា​វិញ​នៅឡើយ​នោះ។

ទាក់ទង​បញ្ហា​នេះ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ លើកឡើង​ថា លោក ហ៊ុន សែន​គ្មាន​បំណង​ស្ដារ​លទ្ធិប្រជាធិបតេយ្យ និង​គោរព​សិទ្ធិមនុស្ស​ទេ​។ ព្រះអង្គ​បន្ថែម​ថា អ្វី​ដែល​លោក ហ៊ុន សែន ខ្វល់ខ្វាយ ដេក​មិន​លក់​បក់​មិន​ល្ហើយ​នោះ គឺ​ធ្វើ​យ៉ាងណា ដើម្បី​រក្សា​អំណាច​ឲ្យ​គង់ ដើម្បី​ឆ្ពោះទៅ​សម្រេច​គោលដៅ ផ្ទេរអំណាច​ឲ្យ​កូន​នៅពេល​ខាងមុខ

ក្រុម​អ្នកវិភាគ​លើកឡើង​ថា គន្លឹះ​កូន​សោ​ដែល​ថា កម្ពុជា​អាច​រួច​ផុត​ពី​ទណ្ឌកម្ម​ភាព​សហភាព​អឺរ៉ុប ហើយ​អាច​ទទួល​បាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​សហភាព​អឺរ៉ុប​វិញ ឬ​យ៉ាងណា​នោះ អាស្រ័យ​លើ​លោក ហ៊ុន សែន​។ ប៉ុន្តែ​ក្រុម​អ្នកវិភាគ​មិន​រំពឹង​ថា លោក ហ៊ុន សែន បើក​លំហ​សិទ្ធិមនុស្ស ប្រជាធិបតេយ្យ​វិញ​ឡើយ​។ ពួកគេ​បញ្ជាក់​ថា ប្រសិនបើ​លោក ហ៊ុន សែន បើក​លំហ​ប្រជាធិបតេយ្យ និង​បើក​ឲ្យ​រដ្ឋ​មាន​សិទ្ធិ​សេរីភាព​គ្រប់គ្រាន់ និង​បើក​ឲ្យ ប្រកួតប្រជែង ការបោះឆ្នោត​ដោយ​ត្រឹមត្រូវ​នោះ លោក ហ៊ុន សែន និង​កូនប្រុស​របស់​លោក​អាច​នឹង​ចាញ់ឆ្នោត។

អ្នកវិភាគ​បញ្ជាក់​ថា លោក ហ៊ុន សែន នឹង​បន្ត​ដឹកនាំ​បិទ​ខ្ទប់​សិទ្ធិ​សេរីភាព​ពលរដ្ឋ​ដដែល។ លើស​ពី​នេះ​ទៀត លោក​នឹង​ក្លាយជា​មេដឹកនាំ​គំរូ ផ្ដាច់ការ​នៅ​តំបន់ មិន​ខុសពី​មេដឹកនាំ​ផ្ដាច់ការ​នៅ​ភូមា​នោះ​ទេ ទោះបីជា​មានការ​រិះគន់​ពី​សហគមន៍​ជាតិ អន្តរជាតិ​យ៉ាងណាក៏ដោយ​។ លោក​មិន​ខ្វល់​អ្វី​ទាំងអស់ ឲ្យ​តែ​រក្សា​អំណាច​បក្ខពួក ជាពិសេស​សម្រេច​ផែនការ​ផ្ទេរអំណាច ត​ពូជ​របស់​លោក​បាន​នៅ​ពេល​ខាងមុខ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើងខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

5 Responses to "អ្នកវិភាគ​ថា លោក ហ៊ុន សែន កំពុង​ដឹកនាំ​កម្ពុជា​ទៅជា​របប​ផ្ដាច់ការ​នៅក្នុង​តំបន់"

  1. Anonymous says:

    let see how fare that evil monster killer go. your time is up Mr wait to see in 2023

  2. Anonymous says:

    please look at a one eye Cambodian GOD

  3. Anonymous says:

    HUN SEN is wagging war again world community we’ll see who is winning

  4. Anonymous says:

    I’m sick and tied to hear this ugly evil speaking . who is KBOTH CHEATH all Cambodian should know by now . HUN NAL call HUN SEN history was not true every thing this guy did it all faked . HUN MANETH can not become a leader of this poor nation unless D.N.A . can provide the true between HUN SEN and him . after all I must say all HUN SEN story was fake every thing not true at all

  5. Anonymous says:

    I’m sick and tied to hear this ugly evil speaking . who is KBOTH CHEATH all Cambodian should know by now . HUN NAL call HUN SEN history was not true every thing this guy did all faked . HUN MANETH can not become a leader of this poor nation unless D.N.A . can provide the true between HUN SEN and him . after all I must say all HUN SEN story was fake every thing not true at all