ដោយ សេក បណ្ឌិត
2023.01.05
RFA

កងទ័ពវៀតណាម នៅក្នុងអំឡុងពេលត្រួតត្រាប្រទេសកម្ពុជា អស់រយៈពេល ១០ឆ្នាំ កាលពី ៤៤ឆ្នាំមុន បន្ទាប់ពីបានចូលលុកលុយឈ្លានពានប្រទេសកម្ពុជា និងផ្ដួលរំលំរបបខ្មែរក្រហម កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ រូប៖ ហ្វេសប៊ុកស្ថានទូតវៀតណាមនៅកម្ពុជា
គណបក្សប្រជាជនកម្ពុជាគ្រោងប្រារព្ធខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា ខាងមុខនេះ ដោយភ្ជាប់ទៅនឹងការដឹងគុណវៀតណាម ដែលគណបក្សនេះចាត់ទុកថា ជាការចូលមកកម្ពុជាដើម្បីរំដោះពលរដ្ឋខ្មែរពីរបបខ្មែរក្រហម។ ទោះយ៉ាងណាក្ដី មន្ត្រីបក្សប្រឆាំងរិះគន់ថា វៀតណាមឆ្លៀតយកថ្ងៃ ៧ មករានេះឯង ដើម្បីរំលោភបំពាន និងគ្រប់គ្រងកម្ពុជា ព្រមទាំងរៀបចំផែនការក៥ធ្វើឱ្យពលរដ្ឋខ្មែររាប់ម៉ឺននាក់បាត់បង់ជីវិត និងរបួសពិការ។
អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងមន្ត្រីបក្សប្រឆាំងមើលឃើញថា កងទ័ពវៀតណាម ដែលបានចូលប្រទេសកម្ពុជា កាលពី ៤៤ឆ្នាំមុន ក្នុងព្រឹត្តិការណ៍ថ្ងៃ ៧ មករា គឺវៀតណាមមានបំណងចង់គ្របគ្រងកម្ពុជា ច្រើនជាងការជួយរំដោះកម្ពុជា។ ការលើកឡើងដូច្នេះ ខណៈគណបក្សប្រជាជនកម្ពុជា នៅតែអរគុណមិនដាច់ពីមាត់ ចំពោះគុណបុណ្យរបស់វៀតណាម កាលពី៤៤ឆ្នាំមុន ដែលបានចូលទឹកដីកម្ពុជាធ្វើឱ្យគណបក្សនេះ ដឹកនាំប្រទេសដល់សព្វថ្ងៃ។
អតីតសមាជិកសភាគណបក្សសង្គ្រោះជាតិ លោក អ៊ុំ សំអាន យល់ថា ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាថ្ងៃវៀតណាមចូលឈ្លានពានកម្ពុជា ដើម្បីគ្រប់គ្រងកម្ពុជា និងរៀបចំផែនការសម្លាប់ពលរដ្ឋខ្មែរ និងលេបយកទឹកដីខ្មែរអស់រាប់ម៉ឺនគីឡូម៉ែត្រ។ លោកបន្តទៀតថា ក្រោយពេលវៀតណាមជួយគណបក្សប្រជាជនកម្ពុជា របស់លោក ហ៊ុន សែន ដឹកនាំប្រទេស រដ្ឋាភិបាលលោក ហ៊ុន សែន បានចុះសន្ធិសញ្ញាឆ្នាំ១៩៧៩ ១៩៨២ ១៩៨៣ សន្ធិសញ្ញាឆ្នាំ១៩៨៥ និងសន្ធិសញ្ញាឆ្នាំ មួយចំនួនទៀត ដែលធ្វើឲ្យកម្ពុជាបាត់ទឹកដីរាប់ម៉ឺនគីឡូម៉ែត្រទៅឱ្យវៀតណាម។ មន្ត្រីបក្សប្រឆាំងលោក អ៊ុំ សំអាន ព្រួយបារម្ភថា បើគណបក្សប្រជាជនកម្ពុជាបន្តដឹងគុណ វៀតណាម បែបនេះតទៅទៀត នឹងធ្វើឱ្យកម្ពុជាបាត់ដីនៅតាមព្រំដែនតទៅទៀត ហើយជនអន្តោប្រវេសន៍វៀតណាម ក៏បន្តចូលមកដីកម្ពុជា កាន់តែច្រើនថែមទៀត ដែលបញ្ហានេះ គឺជាគ្រោះថ្នាក់របស់ជាតិនាពេលខាងមុខ។
លោក អ៊ុំ សំអាន៖ «ដូច្នេះវៀតណាមមិនមែនមកជួយរំដោះដោយសុទ្ធចិត្តទេ បើមកជួយរំដោះដោយសុទ្ធចិត្តប្រាកដដកទ័ពទៅវិញហើយ បន្ទាប់ពីរំដោះហើយ ប៉ុន្តែវៀតណាមប្រៀបដូចជាមុនដំបូងជាអ្នកដុតភ្លើង ក្រោយមកក៏មកពន្លត់ភ្លើងវិញឱ្យខ្មែរដឹងគុណដើម្បីកាត់ដី សន្ធិសញ្ញាឆ្នាំ១៩៧៩ ១៩៨២ ១៩៨៣ សន្ធិសញ្ញាឆ្នាំ១៩៨៥»។
មន្ត្រីបក្សប្រឆាំងលើកឡើងដូច្នេះ ខណៈគណបក្សប្រជាជនកម្ពុជាគ្រោងរំព្ញកខួបលើកទី៤៤ នៃថ្ងៃជ័យជម្នះ ៧ មករា នាថ្ងៃទី៧ ខែមករាខាងមុខ។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខា ឥសាន ឱ្យវិទ្យុអាស៊ីសេរីដឹងថ្ងៃទី៥ ខែមករាថា ពិធីអបអរនេះធ្វើនៅទីក្រុងកោះពេជ្រ រាជធានីភ្នំពេញ ដែលមានមនុស្សរាប់ម៉ឺននាក់ចូលរួមអបអរ ដោយមានវត្តមានលោកនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជាច្រើនរូបទៀត។ លោកបន្តទៀតថា លោក ហ៊ុន សែន នឹងឡើងថ្លែងសន្ទរកថាពីគុណតម្លៃថ្ងៃទី៧ មករា ការទទួលបានជ័យជំនះ របស់គណបក្សប្រជាជនលើរបបខ្មែរក្រហម និងការថ្លែងអរគុណវៀតណាមផងដែរ។ អ្នកនាំពាក្យគណបក្សកាន់អំណាចរូបនេះបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជាមិនអាចភ្លេចគុណវៀតណាមបានទេ ដែលបានជួយរំដោះពលរដ្ឋពីការកាប់សម្លាប់នៃរបបខ្មែរក្រហម។
លោក សុខា ឥសាន៖ «យីអត់ភ្លេចគុណទេ ខ្ញុំមិនដែលថា ភ្លេចគុណឯណា ក៏ប៉ុន្តែ ខ្ញុំមិនដែលយកគុណនោះទៅដើម្បីដីកម្មសិទ្ធិខ្ញុំយកទៅឱ្យវៀតណាមឯណា ខ្ញុំអរគុណជាស្មារតីជាសតិសម្បជញ្ញៈជាមនោសញ្ចេតនា ជាមិត្តភក្ត្រជាបងប្អូនភូមផងរបងជាមួយបំភ្លេចម្ដេចកើតទៅអរគុណពីណា បើមិនអរគុណវៀតណាមដែលជួយរំដោះអាយុជីវិត»។
លោក សុខ ឥសាន ឱ្យដឹងដែរថា ក្រៅពីការជួបជុំអបអរថ្ងៃ ៧ មករា នៅរាជធានីភ្នំពេញ គណបក្សប្រជាជនកម្ពុជា ក៏រៀបចំអបអរពិធីនេះនៅតាមបណ្ដាខេត្ត និងនៅក្រៅប្រទេសផងដែរ។
ទោះយ៉ាងណា អ្នកជំនាញផ្នែកវិទ្យាសាស្ត្រនយោបាយ និងកិច្ចការអន្តរជាតិ លោក ឯម សុវណ្ណារ៉ា យល់ថា បើផ្អែកលើព្រឹត្តិការណ៍ដែលកើតក្រោយថ្ងៃ ៧ មករា បង្ហាញថា វៀតណាមគ្មានចេតនាជួយរំដោះកម្ពុជាដោយចិត្តស្មោះទេ ប៉ុន្តែវៀតណាមចង់គ្របគ្រងកម្ពុជាទៅវិញទេ។ លោករំឭកថា នៅពេលកងទ័ពវៀតណាមចូលមករំដោះកម្ពុជា រួចហើយ គឺវៀតណាមមិនដកទ័ពទៅវិញទេ គឺបានអូសបន្លាយពេលវេលា ១០ឆ្នាំ រហូតមានការព្រមានពីសហគមន៍អន្តរជាតិលើបញ្ហានេះ ទើបវៀតណាមដកទ័ពចេញពីកម្ពុជា។ លោកបន្តទៀតថា បើវៀតណាម ពិតជាលើកទ័ពមកជួយកម្ពុជាមែននោះ មិនមែនវៀតណាមចាប់មេដឹកនាំតស៊ូខ្មែរ គឺលោក ប៉ែន សុវណ្ណ យកទៅដាក់ឃុំនៅប្រទេសវៀតណាមនោះទេ។
លោក ឯម សុវណ្ណារ៉ា៖ «យកគុណូបការៈ ឬក៏ថ្ងៃ ៧ មករា ជាថ្ងៃដឹងគុណ មិនមែនជាថ្ងៃដឹងគុណទាំងស្រុងទេ ទស្សនៈខ្ញុំដល់តែអន្តរជាតិ ជំរុញឱ្យវៀតណាមចេញបានវៀតណាមចេញ អ៊ីចឹងមិនមែនវៀតណាមមានចេតនាល្អពិតប្រាកដមករំដោះកម្ពុជាចេញពីរបបខ្មែរក្រហម ពីការកាប់សម្លាប់ទេ គឺវៀតណាមមានចេតនានៅក្នុងគ្រប់គ្រងកម្ពុជាដែរ»។
អ្នកឃ្លាំមើលអះអាងថា នៅពេលកងទ័ពវៀតណាមបានចូលទឹកដីកម្ពុជាដូចបំណងរួចហើយ កាលពីឆ្នាំ១៩៧៩ នៅដើមទសវត្សឆ្នាំ១៩៨០ វៀតណាមបានប្រើគោលនយោបាយ ក៥ កែនពលរដ្ឋខ្មែរពីទូទាំងប្រទេស ចាប់ពីអាយុ ១៨ឆ្នាំ ដល់ ៤៥ឆ្នាំ ឱ្យចូលទៅកាប់ព្រៃនៅតាមតំបន់ព្រំដែនខ្មែរ-ថៃ និងបានធ្វើឱ្យពលរដ្ឋខ្មែរជាង ២សែននាក់បង់ជីវិត និងមនុស្សរាប់ម៉ឺននាក់ទៀត របួសពិការរហូតមកទល់សព្វថ្ងៃនេះ។ ព្រឹត្តិការ ក៥ នេះ ត្រូវបានគេបានចាត់ទុកថា ជារបបវាលពិឃាដទី២ បន្ទាប់ពីរបបខ្មែរក្រហម។
អ្នកតាមដានព្រឹត្តិការណ៍នយោបាយ លើកឡើងថា វៀតណាមក៏ធ្លាប់ជំពាក់គុណកម្ពុជាដែរ ដែលកម្ពុជា បានជួយវៀតណាមខាងជើង ឱ្យរំដោះវៀតណាមខាងត្បូងចេញពីសហរដ្ឋអាមេរិកបានជោគជ័យកាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៧៥ ប៉ុន្តែ វៀតណាម ស្ទើរមិនបានរំឭកគុណបុណ្យរបស់កម្ពុជា អំពីរឿងនេះទេ៕
up to this day Cambodian still do not understand who was the killer during POL POT . my question is how did those killer trying to digging long and deep hole be for Vietcong soldiers on JANUARY 7 . the province alongside Vietcong country those Vietcong poppet said those deep hole was for burry all Cambodian that left over from the killing field so that they can put the new comer from Vietnam . I knew Cambodian is so lucky by world community help other than that it probably got for long time ago just like LAO . I just like to tell all Cambodian one more time even today HUN SEN the honest slave of Vietcong still keep Vietcong policy in the dark yet until the time come it will still be a UNITED ENDOCHEN no though about it . please look at HUN SEN action toward his former boss than you will see what going on . HUN SEN >>KBOTH CHEATH indeed no question to ask