អ្នក​ឃ្លាំមើល​ថា លោក ហ៊ុន សែន កាន់អំណាច ៣៨ឆ្នាំ​កាន់​តែ​ផ្ដាច់ការ

ដោយ យ៉ង ចាន់តារា
2023.01.15
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​ឃ្លាំមើល​ថា លោក ហ៊ុន សែន កាន់អំណាច ៣៨ឆ្នាំ​កាន់​តែ​ផ្ដាច់ការ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​កម្មវិធី​ជួបជាមួយអ្នកកាសែត កាលពីថ្ងៃទី១៤ ខែ​មករា ឆ្នាំ​២០២៣។ រូប៖ ហ្វេសប៊ុក​លោក ហ៊ុន សែន


លោក ហ៊ុន សែន អះអាង​ថា ក្នុង​រយៈពេល៣៨ឆ្នាំ​​នៃ​ការ​កាន់កាប់​អំណាច​របស់​លោក ធ្វើឲ្យ​ពលរដ្ឋ​គោរព​ស្រឡាញ់ និង​គាំទ្រ​លោក​ខ្លាំង។ អ្នកវិភាគ​នយោបាយ និង​មន្រ្តី​គណបក្ស​ប្រឆាំង​មើលឃើញ​ផ្ទុយ​ពី​នេះ​ទៅវិញ។ ពួកគេ​ថា លោក ហ៊ុន សែន អាច​រក្សា​តួនាទី​នេះ​រហូត​ដល់​សព្វថ្ងៃ​មិនមែន​មកពី​ពលរដ្ឋខ្មែរ​ពេញចិត្ត​នោះ​ទេ គឺ​ដោយសារ​តែ​ការ​ធ្វើ​រដ្ឋប្រហារ និង ការ​បង្ក្រាប​សំឡេង​ប្រឆាំង។

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បង្ហោះ​នៅ​លើ​ហ្វេសប៊ុក​ទាក់ទង​ខួប​នៃ​ការ​កាន់អំណាច​រយៈពេល​៣៨ឆ្នាំ សរសើរ​ខ្លួនឯង​ថា លោក​ជា​នាយករដ្ឋមន្ត្រី​ដែល​ពលរដ្ឋ​គោរព​ស្រឡាញ់ និង​គាំទ្រ​ខ្លាំង។លោក​អួត​ទៀត​ថា លោក​អាច​រក្សា​តំណែង​ជា​នាយករដ្ឋមន្ត្រី​បាន​យូរ​ជាងគេ​នៅ​ក្នុង​ពិភពលោក។ ទន្ទឹម​នឹង​នេះ លោក ហ៊ុន សែន អះអាង​ថា រយៈពេល​៣៨ឆ្នាំ​ក្រោម​ការ​ដឹកនាំ​របស់​លោក​បាន​កសាង​អភិវឌ្ឍ​ប្រទេស​ឱ្យ​មាន​ការ​រីកចម្រើន​គ្រប់​វិស័យ។

ផ្ទុយពី​លើកឡើង​របស់​លោក ហ៊ុន សែន នេះ អ្នកវិភាគ​នយោបាយ និង​មន្រ្តី​គណបក្សប្រឆាំង​រិះគន់​ថា​ លោក ហ៊ុន សែន អាច​រក្សា​តួនាទី​ជា​នាយករដ្ឋមន្ត្រី​ក្នុង​រយៈពេល​ជិត​៤០ឆ្នាំ ដោយសារ​លោក​ធ្វើ​រដ្ឋប្រហារ រំលោភ​រដ្ឋធម្មនុញ្ញ ជាពិសេស​របៀប​ដឹកនាំ​បែប​ផ្ដាច់ការ​តែម្តង។ ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ស្នាដៃ​ដ៏​លេចធ្លោ​របស់​លោក ហ៊ុន សែន គឺ​យុទ្ធនាការ​កម្ទេច​បក្ស​ប្រឆាំង និង​បង្ក្រាប​លើ​សំឡេង​រិះគន់​ឥត​ស្រាកស្រាន្ត​ដើម្បី​ឱ្យ​លោក​នៅ​បន្ត​គ្រប់គ្រង​អំណាច​តទៅ​ទៀត។

លើស​ពី​នេះ​លោក ហ៊ុន សែន នៅតែ​ប៉ុនប៉ង​ធ្វើ​ទុក្ខបុកម្នេញ​ទាំង​ផ្នែក​នយោបាយ និង​ហិរញ្ញវត្ថុ​ចំពោះ​មេដឹកនាំ​គណបក្សប្រឆាំង ដូចជា​លក់ផ្ទះ​របស់​លោក សម រង្ស៊ី និង​ជា​ទីស្នាក់ការ​បក្ស​សង្គ្រោះជាតិ​យក​លុយ​ចែក​គ្នា ហើយ​ចុងក្រោយ​នេះ​លោក​បង្ខំ​ឱ្យ​ឧត្តមទីប្រឹក្សា​គណបក្ស​ភ្លើងទៀន​លោក គង់ គាំ ផ្ដិតមេដៃ​លើ​លិខិត​ប្រគល់​ដី និង​ផ្ទះ​តម្លៃ​រាប់​លាន​ដុល្លារ​នៅ​កណ្តាល​ក្រុង​ភ្នំពេញ​ឱ្យ​ទៅ​រដ្ឋាភិបាល។ គណបក្ស​កាន់អំណាច​ក៏ ប្តឹង អនុប្រធាន​គណបក្ស​ភ្លើងទៀន​លោក សុន ឆ័យ ទារប្រាក់​ជិត​មួយ​លាន​ដុល្លារ​ផង​ដែរ។ លោក សុន ឆ័យ អាច​នឹង​ត្រូវ​តុលាការ​រឹបអូស​យក​ផ្ទះ។ 

ជុំវិញ​រឿង​នេះ​ដែរ អ្នកវិភាគ​នយោបាយ​លោក គឹម សុខ ថ្លែង​ថា​លោក ហ៊ុន សែន គ្រប់គ្រង​អំណាច​ក្នុងរយៈពេល ៣៨ឆ្នាំ​នេះ​បាន មិនមែន​ដោយ​សារ​ការ​គាំទ្រ​ពី​ពលរដ្ឋ​នោះ​ទេ។ លោក​ថា​លោក ហ៊ុន សែន កាន់អំណាច​យូរ​ទៅ​កាន់តែ​ផ្តាច់ការ ។  លោក​ប្រដូច​​ការ​ដឹកនាំ​របស់​លោក ហ៊ុន សែន ស្រដៀងនឹង​របៀប​ដឹកនាំ​ខ្មែរក្រហម ប៉ុល ពត ដោយ​ត្រូវ​កម្ទេច​គូប្រកួត​ប្រជែង​ទាំង​ផ្ទៃ​ក្នុង​បក្ស​ប្រជាជន និង​អ្នក​នៅ​ខាងក្រៅ​បក្ស​ដើម្បី​គ្រប់គ្រង​អំណាច។

លោក គឹម សុខ៖ ការដឹកនាំ​របស់​លោក ហ៊ុន សែន នាំ​គ្រោះ​មហន្តរាយ​ដល់​ជាតិ​ធំ​ណាស់ ពីព្រោះ​ការដឹកនាំ​របស់​គាត់​ចេញ​តែ​លទ្ធផល​នៃ​ការ​បែកបាក់​ជាតិ ហើយ​កាលណា​ជាតិ​បែកបាក់​ ជាតិ​សេដ្ឋកិច្ច​ក៏​ខ្សោយ កម្លាំង​កសាង​ជាតិ​ក៏​ខ្សោយ កម្លាំង​ការពារ​ជាតិ​ក៏​អន់ ហ្នឹងហើយ​ជា​គ្រោះ​សម្រាប់​ជាតិ​ដែល​ខ្ញុំ​តែងតែ​អំពាវនាវ​ថា មានតែ​អ្នក​ដែល​ស្រឡាញ់​ជាតិ លទ្ធិប្រជាធិបតេយ្យ​រួបរួម​គ្នា​ឡើង​ផ្លាស់ប្ដូរ​អំណាច​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន​ឱ្យ​បាន​ទើប​មាន​សង្ឃឹម​សម្រាប់​ជាតិ​ខ្មែរ»។

ស្រដៀង​គ្នា​នេះ​ដែរ មន្ត្រី​ជាន់ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​លោក អ៊ំ សំអាន ថា​ទង្វើ​ប្លន់​យក​ដី​ផ្ទះ​មេដឹកនាំ​បក្ស​ប្រឆាំង​បង្ហាញ​ឱ្យ​មហាជន​ដឹង​កាន់​តែ​ច្បាស់​ថា លោក ហ៊ុន សែន ជា​អ្នក​នយោបាយ​កំសាក​ដោយ​មិន​ហ៊ាន​ប្រកួត​ប្រជែង​យក​អំណាច​តាម​ការបោះឆ្នោត​ដោយសេរី និង​យុត្តិធម៌​នោះ​ទេ។

លោក អ៊ំ សំអាន៖ «ការ​កាន់​អំណាច​របស់​គាត់(លោក ហ៊ុន សែនមិនមែន​បាន​មក​ដោយ​សុទ្ធចិត្ត​ទេ ឬ​ការ​ឆ្លាតវៃ​ក្នុង​ភាព​ជា​អ្នក​ដឹកនាំ​ មាន​វីរភាព​ដឹកនាំ​ប្រទេស​នោះ​ទេ ឬ​ជា​មេដឹកនាំ​ឆ្នើម​ដឹកនាំ​ប្រទេស​បាន​យូរ​គួរ​ឱ្យ​សរសើរ​ទេ គឺ​ការ​ដឹកនាំ​គាត់​តាមរយៈ​កណ្តាប់​ដៃ​ដែក គឺ​រៀប​ដឹកនាំ​បែប​ផ្ដាច់ការ​ក្នុង​ការ​ដឹកនាំ​ប្រទេស​កម្ពុជា គាត់​ដឹកនាំ​ប្រទេស​ឆ្លាត​មែន​តែ​ឆ្លាត​របៀប​អាក្រក់ ឬ​ខូច ហើយ​គាត់​កាន់​អំណាច​បាន​យូរ​នេះ​មិន​ដោយសារ​ប្រជាពលរដ្ឋ​គាំទ្រ​គាត់​ទេ»។

អង្គការ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ចាត់ទុក​លោក ហ៊ុន សែន​ថា អាច​រក្សា​ដំណែង តាមរយៈ​ការប្រើប្រាស់​អំពើ​ហិង្សា​ក្នុង​ចេតនា​នយោបាយ​គ្រប់គ្រង​កងកម្លាំង​ប្រដាប់​អាវុធ ​កេង​បន្លំ​ការ​បោះឆ្នោត ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ធ្ងន់ធ្ងរ។ អង្គការ​នេះ​បន្ត​ថា លោក ហ៊ុន សែន បាន​ពាក់ព័ន្ធ​នឹង​ការរំលោភ​សិទ្ធិមនុស្ស​ដ៏​ធ្ងន់ធ្ងរ រួមមាន​អំពើ​កាប់​សម្លាប់​ក្រៅច្បាប់ ទារុណកម្ម ការ​ចាប់​ឃុំ​ខ្លួន ត្រួតត្រា រារាំង​សេរីភាព​សមាគម ការ​ជួប​ប្រជុំ និង​ការ​បង្កើត​បណ្ដាញ​ស៊ើបការ រាយការណ៍​នៅ​ពេញ​ប្រទេស ក្នុង​គោល​បំណង​បំភិតបំភ័យ បំភ័ន្ត​សាធារណមតិ។ យុទ្ធសាស្ត្រ​ចម្បង​ជាង​គេ​របស់​លោក ហ៊ុន សែន គឺ​ការ​គំរាម​កំហែង និង​ប្រើប្រាស់​កម្លាំង៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Related Articles

2 Responses to "អ្នក​ឃ្លាំមើល​ថា លោក ហ៊ុន សែន កាន់អំណាច ៣៨ឆ្នាំ​កាន់​តែ​ផ្ដាច់ការ"

  1. Anonymous says:

    YES that is right for me I will say stay in powers for too long this animal is more CHHKOUTH

  2. Anonymous says:

    OH….GOD …look at this evil face he is sourly so evil and so proud of himself being evil monster. I remembers what this evil HUN SEN said >> the position as prime minister is only one he continuous to say after me it will be my son and after my son it going to be my gran son and continuous on and on . it is so sad for Cambodian this evil KBOTH CHEATH got powers from his master VIETCONG and VIETCONG kame that evil killer murder his own blood nation in trad of power that right after this evil got powers he never want to give up he rather die if some one take from him . we Cambodian knew the future of this nation is not good soon it will be done just like CRIMER if Cambodian not strong as UKRAINIAN