ដោយ មាន ឫទ្ធិ
2023.02.03
RFA

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងកាលពីថ្ងៃទី២៦ មករា ២០២៣។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន
កម្ពុជានៅតែបន្តជាប់ឈ្មោះជាប្រទេសមានរបបដឹកនាំតាមបែបផ្ដាច់ការ (Authoritarianism)។ នេះបើយោងតាមសន្ទស្សន៍ប្រជាធិបតេយ្យឆ្នាំ២០២២ ទើបនឹងចេញផ្សាយដោយអង្គភាពស៊ើបអង្កេតសេដ្ឋកិច្ច (Economist Intelligence Unit EIU) ដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស (UK)។
សម្រាប់ឆ្នាំ២០២២ អង្គភាពនេះដាក់ចំណាត់ថ្នាក់កម្ពុជាជាប់លេខ១២១ ក្នុងចំណោម១៦៧ប្រទេសនិងដែនដីសរុបនៅលើសាកលលោក។ កម្ពុជាទទួលបានពិន្ទុជាង ៣ពិន្ទុ (៣,១៨) ដែលពិន្ទុសូន្យ មានន័យថា ជាពិន្ទុទាបបំផុតខាងអនុវត្តលទ្ធិប្រជាធិបតេយ្យ និងពិន្ទុ ១០ ជាពិន្ទុខ្ពស់បំផុត។ បើទោះជាពិន្ទុនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាកើនឡើងបន្តិចបន្តួចបើធៀបនឹងឆ្នាំ២០២១ក៏ដោយ ក៏ពិន្ទុនេះបង្ហាញថាកម្ពុជាមិនអាចរើខ្លួនរួចពីការដឹកនាំតាមបែបរបបផ្តាច់ការនិយមបានទេ។
ចាប់តាំងពីឆ្នាំ២០១៣មក ពិន្ទុប្រជាធិបតេយ្យរបស់កម្ពុជាបានបន្តដាំក្បាលចុះគួរឱ្យកត់សម្គាល់ ជាពិសេសក្នុងឆ្នាំ២០១៧ នៅពេលដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បើកយុទ្ធនាការគាស់រម្លើងប្រជាធិបតេយ្យតាមរយៈការរម្លាយគណបក្សប្រឆាំងធំជាងគេគឺគណបក្សសង្គ្រោះជាតិនៅមុនការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦។ ពិន្ទុនេះ ឆ្លុះបញ្ចាំងឱ្យឃើញថា កម្ពុជាមិនជាប់ឈ្មោះសូម្បីតែជាជំពូកប្រទេសមានលទ្ធិប្រជាធិបតេយ្យមិនពេញលេញ ឬប្រជាធិបតេយ្យបែបកូនកាត់នោះផង។ ក៏ប៉ុន្តែ កម្ពុជាត្រូវបានចាត់ចូលជាប្រទេសដែលមានការគ្រប់គ្រងតាមបែបផ្ដាច់ការ។
បើតាមអង្គភាព EIU ក្នុងឆ្នាំ២០២២ អាជ្ញាធរកម្ពុជាបានលើកបម្រាមកូវីដ១៩ទាំងស្រុង ក៏ប៉ុន្តែ ក្នុងពេលជាមួយគ្នានោះ អាជ្ញាធរកម្ពុជាបានបន្តរឹតត្បិតសិទ្ធិសេរីភាពពលរដ្ឋ សេរីភាពនៃការបញ្ចេញមតិ ការប្រមូលផ្តុំ និងការជួបប្រជុំដោយសន្តិវិធី។ អង្គភាពដដែលនេះ រកឃើញថា អាជ្ញាធរកម្ពុជាបានដាក់ចេញនូវការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាំងផ្នែកបោះពុម្ព និងឌីជីថល និងបានរឹតត្បិតចំពោះសកម្មភាពសហជីពជាដើម។ អង្គភាព EIU គូសបញ្ជាក់ថា មានសញ្ញាណតិចតួចណាស់ដែលថា ស្ថានភាពបែបនេះនឹងត្រូវបានកែលម្អនាពេលឆាប់ៗនេះ ដោយសារតែគណបក្សប្រជាជនកម្ពុជាបន្តដឹកនាំគ្របដណ្តប់លើទិដ្ឋភាពនយោបាយនៅកម្ពុជាក្រោយពីការរម្លាយគណបក្សប្រឆាំងធំជាងគេកាលពីឆ្នាំ២០១៧កន្លងទៅ។
ក្នុងតំបន់ ប្រទេសតៃវ៉ាន់ (Taiwan) ជាប់ចំណាត់ថ្នាក់ក្នុងចំណោម ដែនដី និងប្រទេស១០ នៅលើពិភពលោកដែលមានលទ្ធិប្រជាធិបតេយ្យខ្ពស់ជាងគេ។ ប្រទេសន័រវ៉េ (Norway) ជាប់ថ្នាក់លេខ១នៅទូទាំងពិភពលោក ជាប្រទេសដែលអនុវត្តលទ្ធិប្រជាធិបតេយ្យបានប្រសើរបំផុត ខណៈប្រទេសអាហ្វហ្គានីស្ថាន (Afganistan) ទទួលបានចំណាត់ថ្នាក់នៅបាតតារាង។
អង្គភាពEIU បែងចែកប្រជាធិបតេយ្យនៅលើពិភពលោកជា ៤ ជំពូក គឺប្រជាធិបតេយ្យពេញលេញ ប្រជាធិបតេយ្យមិនពេញលេញ ប្រជាធិបតេយ្យបែបកូនកាត់ និងប្រជាធិបតេយ្យបែបផ្ដាច់ការ។ អង្គភាពនេះ ផ្ដល់និយមថា រដ្ឋដែលគ្រប់គ្រងតាមបែបផ្ដាច់ការ គឺពុំមានការអនុវត្តប្រព័ន្ធសេរីពហុបក្សនយោបាយនោះទេ ហើយប្រព័ន្ធនេះរងការរឹតត្បិតខ្លាំង។ រីឯការបោះឆ្នោត មិនធ្វើឡើងដោយសេរី និងត្រឹមត្រូវនោះទេ គ្មានការគោរព និងរំលោភនូវសិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ។ ចំណែកឯប្រព័ន្ធផ្សព្វផ្សាយ ជាទូទៅគឺជារបស់រដ្ឋ ឬគ្រប់គ្រងដោយក្រុមដែលមានជាប់ទាក់ទងនឹងរបបដឹកនាំប្រទេស។ ក្រៅពីនេះ មានការគាបសង្កត់ទៅលើអ្នករិះគន់រដ្ឋអំណាច និងមានការរឹតត្បិតព័ត៌មានជាខ្លាំង ខណៈពុំមានប្រព័ន្ធយុត្តិធម៌ឯករាជ្យនោះឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
the coffin is coming no matter what you have to face it