04 កុម្ភៈ 2023
ស៊ុន ណារិន
វីអូអេខ្មែរ

ភ្នំពេញ — លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹងធ្វើដំណើរទៅប្រទេសចិន នៅសប្តាហ៍ក្រោយ ដោយសំឡឹងមើលកម្ចីទឹកប្រាក់ជាង៤.០០០លានដុល្លារអាមេរិកដើម្បីសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ដែលភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ទីក្រុងប៉ោយប៉ែតនៃខេត្តបន្ទាយមានជ័យជាប់ព្រំដែនប្រទេសថៃ ដែលជាតំបន់រីកចម្រើនសេដ្ឋកិច្ច និងកាស៊ីណូ។
កិច្ចព្រមព្រៀងនេះនឹងក្លាយជានិមិត្តសញ្ញាថ្មីបំផុតមួយទៀតនៃទំនាក់ទំនងមិត្តភាព «ដែកថែប» រវាងប្រទេសទាំងពីរ ដែលអ្នកតាមដានបារម្ភអំពីកំណើននៃការពឹងផ្អែករបស់កម្ពុជាទៅលើទឹកប្រាក់របស់ប្រទេសចិន ដែលអាចនាំទៅធ្លាក់ចូល «អន្ទាក់បំណុល» និងមានផលវិបាកផ្នែកសេដ្ឋកិច្ច និងឥទ្ធិពលភូមិសាស្រ្តនយោបាយរយៈពេលវែង។
លោក ហ៊ុន សែន ដែលរដ្ឋាភិបាលរបស់លោកកាន់តែស្និទ្ធនឹងប្រទេសចិន បានថ្លែងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ ទាក់ទងនឹងដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងប៉េកាំងថា៖
«ទស្សនកិច្ចរបស់ខ្ញុំនៅពេលខាងមុខនឹងមានគម្រោងថ្មីៗថែមទៀត ដែលយើងត្រូវពឹងពាក់ពីមិត្តចិនដើម្បីអភិវឌ្ឍកម្ពុជា ក្នុងហ្នឹងប្រហែលជាយើងត្រូវរៀបចំគម្រោងទាក់ទិនទៅនឹងផ្លូវរថភ្លើងល្បឿនលឿន ដោយសារយើងមានផ្លូវរថភ្លើងរួចហើយ ក៏ប៉ុន្តែផ្លូវរបស់យើងមិនអាចប្រើប្រាស់ទាន់ពេលទេ»។
ដំណើរទស្សនកិច្ចរបស់លោក ហ៊ុន សែន នឹងចាប់ផ្តើមពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនេះ។
គម្រោងផ្លូវដែកប្រវែង៣៨៣គីឡូម៉ែត្រ ដែលអាចរត់ក្នុងល្បឿន១៦០គីឡូម៉ែត្រក្នុងមួយម៉ោង ត្រូវបានសិក្សាដោយក្រុមហ៊ុនចិនឈ្មោះ China Road and Bridge Corporation (CRBC)។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣។ ទស្សនវិស័យនៃគម្រោងនេះគឺដើម្បីកំណើនសេដ្ឋកិច្ចសម្រាប់កម្ពុជា ដែលបំណុលបរទេសកើនដល់ជិត១០ពាន់លានដុល្លារ ហើយ៤១%ជាបំណុលជំពាក់រដ្ឋាភិបាលចិន។ នេះបើតាមទិន្នន័យផ្លូវការរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចេញផ្សាយកាលពីខែធ្នូ ឆ្នាំ២០២២។ ទោះជាយ៉ាងណា វាបានក្លាយជាចំណុចក្តៅចុងក្រោយនៃការពិភាក្សាលើគម្រោងក្រវាត់ពាណិជ្ជកម្មចិន ឬ Belt and Road Initiative (BRI) ដែលអ្នកតាមដានអះអាងថា អាចជាអន្ទាក់សម្រាប់ប្រទេសផ្សេងៗដើរតាមអ្វីដែលចិនចង់បាន ជាពិសេសប្រសិនបើការសងត្រឡប់វិញមិនអាចទៅរួច ដូចការរំពឹងទុក។

លោកបណ្ឌិត អ៊ា សុផល ព្រឹទ្ធបុរសរងនៃកម្មវិធីថ្នាក់បរិញ្ញាបត្រ និងការអភិវឌ្ឍនៃសាកលវិទ្យាល័យ Arizona State University ប្រាប់វីអូអេតាមសារអ៊ីមែលថា៖
«ការបន្តពឹងផ្អែកលើរដ្ឋណាមួយគឺជាហានិភ័យ។ អ្នកមិនចង់ដាក់ស៊ុតទាំងអស់នៅក្នុងកន្ត្រកតែមួយទេ។ កម្ពុជានៅបន្តធ្វើដូចនេះ។ ជំពាក់លុយប្រទេសចិនជិត៥០%នៃបំណុលសាធារណៈ វាមិនល្អឡើយ»។
លោកបន្ថែមថា៖ «វាពិតជាច្រើនមែនទែន ហើយគាត់ [លោក ហ៊ុន សែន] កំពុងតែចងភ្ជាប់អនាគតនយោបាយរបស់គាត់ទៅកាន់ប្រទេសចិន។ គាត់បានធ្វើដូចនេះច្រើនមកហើយ ហើយនឹងបន្តធ្វើកាន់តែខ្លាំងបំផុតនៅពេលខាងមុខ»។
រដ្ឋាភិបាលសហរដ្ឋអាមេរិកដែលកំពុងមានជម្លោះជាសាកលជាមួយប្រទេសចិន បានព្រមានប្រទេសនានាប្រឆាំងនឹងការខ្ចីបំណុលយ៉ាងច្រើនសម្បើម ក្រោមយុទ្ធសាស្ត្រហេដ្ឋារចនាសម្ព័ន្ធនៃគម្រោង BRI របស់ប្រទេសចិន។ រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោននិយាយថា គំនិតផ្តួចផ្តើម BRI គឺជាអន្ទាក់បំណុល និងអាចនាំឲ្យប្រទេសទាំងនោះបាត់បង់ការគ្រប់គ្រងទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដែលដាក់ជាទ្រព្យបញ្ចាំ ដោយលើកឡើងករណីនៅប្រទេសស្រីលង្កា ដែលធ្លាក់ក្នុងអន្ទាក់ នៅពេលរដ្ឋាភិបាលទីក្រុងប៉េកាំងគ្រប់គ្រងកំពង់ផែសំខាន់ ក្រោយមិនអាចបង់សងត្រឡប់មកវិញ។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានការពារថា ការខ្ចីអាចគ្រប់គ្រងបាន។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបញ្ជាក់នៅក្នុងឯកសារផ្លូវការរបស់ខ្លួនថា បំណុលបរទេសបច្ចុប្បន្នមានចំនួន៩.៤៧០លានដុល្លារ ប្រមាណ៣៥%នៃផលិតផលក្នុងស្រុកសរុប (GDP)ដែលមានប្រមាណ២៧ពាន់លានដុល្លារ។ រដ្ឋាភិបាលបានលើកឡើងថា កម្ពុជាអាចបន្តខ្ចីទៅដល់ជាង១២ពាន់លានដុល្លារក្នុងឆ្នាំ២០២៣។
របាយការណ៍ដែលត្រូវបានចេញផ្សាយដោយវិទ្យាស្ថាន Kiel Institute ក្នុងប្រទេសអាល្លឺម៉ង់ កាលពីឆ្នាំ២០១៩ បានប៉ាន់ប្រមាណថា ប្រទេសកម្ពុជាស្ថិតក្នុងលំដាប់ទី៦ក្នុងចំណោមប្រទេស៥០ ដែលជំពាក់បំណុលប្រទេសចិនច្រើន ដោយគិតទាំងកម្ចីផ្លូវការរវាងរដ្ឋនិងរដ្ឋ និងបំណុលឯកជន។ អ្នកស្រាវជ្រាវនៃរបាយការណ៍នេះបានលើកឡើងថា ប្រទេសកម្ពុជា និងប្រទេសក្នុងទ្វីបអាស៊ី ដូចជាប្រទេសឡាវ និងប្រទេសកៀហ្ស៊ីស៊ីស្ថាន (Kyrgyzstan) មានសេដ្ឋកិច្ចតូចនៅឡើយ ហើយមានទីតាំងភូមិសាស្ត្រស្ថិតនៅជិតប្រទេសចិន ដែលងាយនឹងរងគ្រោះដោយសារបំណុលចិន។
របាយការណ៍ដដែលបានបង្ហាញកង្វល់អំពីកំណើនយ៉ាងលឿននៃអត្រាបំណុលដែលប្រទេសទាំងនោះជំពាក់ចិនក្នុងរយៈកាលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយលើកឡើងថា វាអាចមានទាំងហានិភ័យ ការប្រាក់ខ្ពស់ និងកង្វះតម្លាភាព។
ស្ថានទូតចិនប្រចាំនៅកម្ពុជាមិនបានឆ្លើយតបនឹងសំណួរដែល VOA បានសួរតាមរយៈសារអេឡិចត្រូនិក ឬអ៊ីមែលនោះទេ។
ស្ថានទូតចិនកាលពីខែមេសា ឆ្នាំ២០១៩បានបង្ហោះសារនៅលើប្រព័ន្ធសង្គមហ្វេសប៊ុករបស់ខ្លួនថា ប្រទេសចិនបានកសាងផ្លូវចំនួន៣១ខ្សែ និងស្ពានចំនួន៨សម្រាប់ប្រទេសកម្ពុជា ដែលមានប្រវែងសរុបជាង៣ពាន់គីឡូម៉ែត្រ។ ប៉ុន្តែមិនបានបញ្ជាក់អំពីទំហំបំណុលសរុបសម្រាប់គម្រោងទាំងនោះទេ។
គម្រោងផ្លូវល្បឿនលឿនដែលកំពុងដំណើរការ ហើយតម្រូវឲ្យមានការបង់ប្រាក់ពីអ្នកធ្វើដំណើរ មានតម្លៃសាងសង់សរុបប្រមាណ១.៩០០លានដុល្លារអាមេរិក ដែលជាកម្ចីដែលផ្តល់ដោយរដ្ឋាភិបាលចិន ហើយជួលក្រុមហ៊ុន China Road and Bridge Corporation (CRBC) ដើម្បីស្ថាបនាផ្លូវដែលភ្ជាប់ពីរាជធានីភ្នំពេញទៅក្រុងព្រះសីហនុ ដែលសម្បូរទៅដោយការវិនិយោគរបស់ចិន ដូចជាកាស៊ីណូ សំណង់អគារជាដើម។ ប៉ុន្តែវាក៏បង្កជាឧក្រិដ្ឋកម្មនានាដែលកើតឡើងពីសំណាក់ជនជាតិចិន នៅពេលមានកំណើនវិនិយោគបរទេស។
អ្នកស្រាវជ្រាវឈ្មោះ Jing Jing Luo និង Kheang Un បានសរសេរកាលពីឆ្នាំមុន នៅក្នុងឯកសារសិក្សាមួយឈ្មោះ Contemporary Southeast Asia ថា ការវិនិយោគនិងជំនួយរបស់ចិនគឺជាកាំបិតមុខពីរសម្រាប់គណបក្សប្រជាជនកម្ពុជា។
ពួកគេសរសេរថា៖ «ការភ្ជាប់ទំនាក់ទំនងរបស់ចិនអាចពង្រឹង និងធ្វើឲ្យមានកម្សោយភាពនៃភាពស្របច្បាប់របស់គណបក្សប្រជាជនកម្ពុជាគឺថា វាអាចជួយធ្វើឲ្យមានកំណើនសេដ្ឋកិច្ច តែការវិនិយោគរបស់ចិនខ្លះមានឥទ្ធិពលអវិជ្ជមានផ្នែកសេដ្ឋកិច្ចសង្គមលើសាធារណជនកម្ពុជា ដូច្នេះវាមានផលប៉ះពាល់ខ្លាំងទៅលើភាពស្របច្បាប់របស់គណបក្សប្រជាជនកម្ពុជា»។
នាដើមខែមករានេះ លោក ហ៊ុន សែន បានថ្លែងថា លោកមានគម្រោងទៅប្រទេសចិនដើម្បីចុះហត្ថលេខាលើការស្ថាបនាផ្លូវល្បឿនលឿនមួយខ្សែទៀតពីភ្នំពេញទៅទីក្រុងបាវិត ក្នុងខេត្តស្វាយរៀង ជាប់ព្រំដែនវៀតណាម ដោយមានការចំណាយប្រមាណ១.៦៣០លានដុល្លារអាមេរិក។
រដ្ឋាភិបាលរបស់លោក ហ៊ុន សែន ត្រូវបានរិះគន់ថា ការពារប្រទេសចិនលើឆាកអន្តរជាតិទាក់ទងនឹងបញ្ហាប្រឈមនឹងចិន ដូចជាសមុទ្រចិនខាងត្បូង និងកោះតៃវ៉ាន់ជាដើម។
កាលពីខែសីហា ឆ្នាំមុន ក្នុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសចិន លោក

លោក ហ៊ុន សែនបានសង្កត់ធ្ងន់ថា កម្ពុជាប្តេជ្ញាពេញទំហឹងទៅនឹងគោលនយោបាយចិនតែមួយ និងបញ្ជាក់ថា កោះតៃវ៉ាន់ជាផ្នែកមួយនៃប្រទេសចិន។
លោក ឯម សុវណ្ណារ៉ា សាស្រ្តាចារ្យ និងជាអ្នកវិភាគនយោបាយម្នាក់នៅកម្ពុជា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជាមានតម្លាភាពទៅលើបំណុល និងធ្វើឲ្យប្រាកដថា វាផ្តល់ប្រយោជន៍ដល់សេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាពិតប្រាកដ។ លោកបន្ថែមថា រដ្ឋាភិបាលគួរធ្វើឲ្យមានតុល្យភាពផងដែរនៃបំណុលបរទេស។
លោកថ្លែងថា៖ «ចង់ឲ្យយើងមានតុល្យភាពគ្នានៅក្នុងកម្ចីដែលយើងខ្ចីពីលោកខាងកើត ចិននេះ ឲ្យមានតុល្យភាពពីលោកខាងកើតដទៃទៀត ដូចជាកូរ៉េខាងត្បូង ដូចជាជប៉ុន ហើយនឹងលោកខាងលិចដែរ»។
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន បានការពារថា រដ្ឋាភិបាលមានគោលការណ៍ច្បាស់លាស់ក្នុងការខ្ចីបំណុលពីប្រទេសផ្សេង។ ដូច្នេះមិនគួរមានការព្រួយបារម្ភថា សងមិនរួចឡើយ។
លោកថ្លែងថា៖ «គាត់ [អ្នករិះគន់] ថាច្រើនៗហ្នឹង ឥឡូវទើបបានប្រមាណ៣៦%នៃ GDP របស់កម្ពុជាទេ ហើយដែលជាចំនួនអត្រាដែលអាចគ្រប់គ្រង ដែលរាជរដ្ឋាភិបាលលោកអាចគ្រប់គ្រងបំណុលអន្តរជាតិហ្នឹងបាន ហើយយើងក៏មានលទ្ធភាពសងទៅបណ្តាប្រទេសជាមិត្តដែលជាម្ចាស់ជំនួយហ្នឹងដែរ អត់មានអ្វីដែលគួរឲ្យព្រួយបារម្ភទេ»។
គួរបញ្ជាក់ថា រដ្ឋាភិបាលរបស់លោក ហ៊ុន សែន បានសរសើរជំនួយរបស់ចិនថា មិនមានការ ភ្ជាប់លក្ខខណ្ឌអ្វីឡើយដល់រដ្ឋាភិបាលរបស់លោក ខណៈទំនាក់ទំនងជាមួយប្រទេសលោកខាងលិចបានធ្លាក់ចុះកាន់តែខ្លាំង ក្រោយមានការបង្រ្កាបនយោបាយលើក្រុមប្រឆាំង និងការប្រើប្រាស់វិធានការផ្លូវច្បាប់លើគណបក្សប្រឆាំង៕
លោក ហាន ណូយ រួមចំណែកក្នុងសេចក្តីរាយការណ៍នេះពីរាជធានីភ្នំពេញ
please look at my SAMDACH’s smiling face he must have a lot of corrupt money from China . I think soon Cambodia will put in auction for the last time be for HUN SEN run away