កម្ពុជា-សង្គម
04/02/2023 – 07:14
ដោយ៖ ជួប នរក្សា
RFI

ក្រុមដង្ហែធម្មយាត្រារបស់សមាគមន៍គ្រូបង្រៀនកម្ពុជាឯករាជ្យ © Internet
គិតមកដល់ថ្ងៃសៅរ៍នេះ គឺជាថ្ងៃទី៤ហើយ ដែលសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បាននិងកំពុងបន្តក្បួនធម្មយាត្រាទៅកាន់ខេត្តពោធិ៍សាត់ ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម។ ក្បួនធម្មយាត្រាពេលនេះ ត្រូវបានអាជ្ញាធរចាត់ទុកថា ជាការឃោសនានយោបាយឲ្យគណបក្សប្រឆាំង។ ក៏ប៉ុន្តែសម្រាប់អ្នកដែលបានចូលរួម បានអះអាងថា គឺជាការទាមទារសេរីភាព មិនមែនជារឿងនយោបាយឡើយ។
ក្នុងរយៈពេល៤ថ្ងៃនេះ ក្រុមដង្ហែធម្មយាត្រា ដែលមានអ្នកចូលរួមជាង៥០នាក់ កំពុងស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង ក្នុងដំណើរឆ្ពោះទៅខេត្តពោធិ៍សាត់។ លោក ជា មុន្នី អតីតមេដឹកនាំសហជីពមួយរូប និងជាអ្នកចូលរួមក្បួនដង្ហែមួយនេះ បានកត់សម្គាល់ថា មានអាជ្ញាធរមួយចំនួនបានតាមដានសកម្មភាព និងសួរនាំអំពីក្បួនដង្ហែរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យពេលនេះ។
បើតាមលោក ជា មុន្នី គឺក្នុងរយៈពេល៤ថ្ងៃមកនេះ ក្រុមដង្ហែធម្មយាត្រាជួបបញ្ហាកង្វះកន្លែងស្នាក់នៅ ដ្បិតទីវត្តអារាមមិនផ្តល់កន្លែងស្នាក់នៅ ហើយអាជ្ញាធរមានការរឹតត្បិត ដោយសួរនាំច្រើន។
ក្នុងរយៈពេល៤ថ្ងៃមកនេះ លោក ជា មុន្នី កត់សម្គាល់ថា មានប្រជាពលរដ្ឋនៅតាមដងផ្លូវបានបង្ហាញនូវការគាំទ្រនៅចំពោះមុខនៃការដង្ហែក្បួនធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម។ ពោលគឺ មានប្រជាពលរដ្ឋបានផ្តល់ជាអាហារ និងទឹក ដល់ក្រុមអ្នកដើរដង្ហែក្បួនទៅកាន់ខេត្តពោធិ៍សាត់នេះ។ នេះបើតាមលោក ជា មុន្នី អតីតប្រធានសហភាពសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា។
យ៉ាងណាមិញ ក្បួនដង្ហែរបស់សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ត្រូវបានអាជ្ញាធរ ចាត់ទុកថា ជាការឃោសនានយោបាយ។ ឃោសនានយោបាយ ព្រោះក្បួនធម្មយាត្រា មានការឃោសនាទាមទារឲ្យមានការដោះលែងអ្នកទោសនយោបាយ ដែលកំពុងតែជាប់ឃុំឃាំងក្នុងពន្ធនាគារ។ ក៏ប៉ុន្តែសម្រាប់លោក ជា មុន្នី យល់ថា នេះគឺជាគិតរបស់ភាគីអាជ្ញាធរ តែអ្វីដែលក្រុមធម្មយាត្រាធ្វើ គឺជាការទាមទារសិទ្ធិសេរីភាព និងលើកកម្ពស់សីលធម៌សង្គមប៉ុណ្ណោះ។
គួរជម្រាបថា សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ និងក្រុមតំណាងស្រ្តីថ្ងៃសុក្រជាដើម កាលពីថ្ងៃទី០១កុម្ភៈ បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយទាមទារឲ្យរដ្ឋាភិបាល កែលម្អសីលធម៌សង្គម ចំនួន៤ចំណុច។ ក្នុងនោះ រួមមាន ស្នើឱ្យអ្នកនយោបាយខ្មែរគ្រប់ភាគីងាកមករកការផ្សះផ្សាជាតិ និងប្រកួតប្រជែងគ្នាប្រកបដោយសីលធម៌ អ្នកមានអំណាចត្រូវបញ្ឈប់ការរំលោភបំពានមកលើពលរដ្ឋ ដោះលែងអ្នកជាប់ឃុំមនសិការទាំងអស់ និងស្នើពលរដ្ឋខ្មែរទាំងអស់បញ្ឈប់ការប្រកាន់បក្ខពួកនិយម៕
manipulation… every thing politic this is only case they can put you in jail