មេធាវី​ដើម​បណ្ដឹង​មិន​យល់​ព្រម​ដក​បណ្ដឹង​ពី​លោក ថាច់ សេដ្ឋា ទេ

ដោយ ទីន ហ្សាការីយ៉ា
2023.02.08
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

មេធាវី​ដើម​បណ្ដឹង​មិន​យល់​ព្រម​ដក​បណ្ដឹង​ពី​លោក ថាច់ សេដ្ឋា ទេ

 Photo: RFA


មេធាវី​ដើម​បណ្ដឹង​មិន​​យល់​ព្រម​ដក​ពាក្យ​ប្ដឹង​ពី​អនុប្រធាន​គណបក្ស​ភ្លើង​ទៀន​ទេ បើ​ទោះ​ជា​មេធាវី​ការពារ​ក្ដី លោក ថាច់ សេដ្ឋា ស្នើ​បញ្ចប់​ករណី​នេះ ក្រៅ​ប្រព័ន្ធ​តុលាការ​យ៉ាង​ណា​ក្ដី។ មន្ត្រី​សង្គម​ស៊ីវិល​នៅតែ​ចាត់​ទុក​ករណី​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា ថា ជា​រឿង​ចម្លែក ព្រោះ​សំណុំរឿង​នេះ បាន​កើត​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ តែ​តុលាការ​ទើប​លើក​យក​មក​ចាត់​ការ​នៅ​ពេល​នេះ។

មេធាវី​ដើម​បណ្ដឹង បដិសេធ​ចរចា​ជាមួយ​មេធាវី​ការពារ​ក្ដី​លោក ថាច់ សេដ្ឋា ដោយ​ពួក​គេ​រក្សា​ជំហរ​ដោះ​ស្រាយ​បញ្ហា​នេះ​តាម​ផ្លូវ​តុលាការ។ ទោះ​បែប​នេះ​ក្ដី មេធាវី​ការពារ​ក្ដី​លោក ថាច់ សេដ្ឋា កំពុង​រក​ច្រក​ចេញ ដោយ​ក្រៅ​ពី​ការ​ចរចា​ជាមួយ​ភាគី​ដើម​បណ្ដឹង ក្រុម​មេធាវី​បាន​ប្ដឹង​ទៅ​តុលាការ​ជាន់​ខ្ពស់​ប្រឆាំង​ការ​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា ផង​ដែរ។

មេធាវី​ការពារ​ក្ដី​លោក ថាច់ សេដ្ឋា ម្នាក់​គឺ​លោក សឺន ជុំជួន យល់​ថា សំណុំរឿង​លោក ថាច់ សេដ្ឋា អាច​បញ្ចប់​ក្រៅ​ប្រព័ន្ធ​តុលាការ​បាន ប្រសិនបើ​ភាគី​ដើម​បណ្ដឹង​យល់​ព្រម​ដកពាក្យ​ប្ដឹង​ពី​លោក ថាច់ សេដ្ឋា វិញ។ លោក​មេធាវី​បន្ត​ទៀត​ថា បើ​ទោះ​ជា​ពេល​នេះ ភាគី​ដើម​បណ្ដឹង​ មិន​ទាន់​ឆ្លើយ​តប​ជា​វិជ្ជមាន ក្នុង​ការ​ចរចា​បញ្ចប់​រឿង​ក្រៅ​ប្រព័ន្ធ​តុលាការ​ក្ដី ប៉ុន្តែ លោក​នៅ​តែ​ព្យាយាម​ជជែក​ជាមួយ​​ភាគី​ដើម​បណ្ដឹង​ឬ​មេធាវី​ការពារ​ក្ដី​ភាគី​ដើម​បណ្ដឹង​ត​ទៅ​ទៀត។

លោក សឺន ជុំជួន៖«ទាក់ទង​ទៅ​នឹង​មូលប្បទានប័ត្រ​ហ្នឹង គឺ​មិន​មាន​ភាព​ប្រក្រតី​ផង ការ​ថត​ចម្លង​និង​ឯកសារ​មួយ ដែល​​មិន​ពិត​ប្រាកដ។ អ៊ីចឹង យើង​នៅតែ​ព្យាយាម​ធ្វើ​ការងារ​ជាមួយ​តុលាការ ជាមួយ​ដើម​បណ្ដឹង​ទោះ​បី​មេធាវី​បដិសេធ​មិន​ចរចា​ក៏​ដោយ ប៉ុន្តែ​ជា​យក​យល់​ឃើញ​របស់​យើង​សំណុំរឿង​ហ្នឹង គួរតែ​មាន​ជំហរ​ឆន្ទៈ​ដោះស្រាយ​បញ្ហា»

ទាក់ទង​រឿង​នេះ​វិទ្យុ​អាស៊ី​សេរី​មិន​អាច​សុំ​បំភ្លឺ​ពី​មេធាវី​ការពារ​ក្ដី ភាគី​ដើមបណ្ដឹង គឺ​លោក​មេធាវី លី ទិត្យបូនាមី បាន​ទេ នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ។

ចំណែក​មេធាវី​ការពារ​ក្ដី​លោក ថាច់ សេដ្ឋា ម្នាក់​ទៀត គឺ​លោក​មេធាវី ជូង ជូងី ឱ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​នៅ​ថ្ងៃ​ទី០៨ ខែ​កុម្ភៈ​ថា លោក​បាន​​ប្ដឹង​ទៅ​សាលា​ឧទ្ធរណ៍​ប្រឆាំង​ដីកា​​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី១៨ ខែ​មករា ប៉ុន្តែ មក​ដល់​ពេល​នេះ លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ មិន​ទាន់​បាន​បញ្ជូន​សំណុំរឿង​នេះ​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ឡើយ​ទេ។ លោក​មេធាវី​រិះគន់​សាលាដំបូង​រាជធានី​ភ្នំពេញ​ថា ធ្វើ​ការ​យឺតយ៉ាវ។

លោក​មេធាវី ជូង ជូងី៖ «យឺតយ៉ាវ​ខ្លាំង​ណាស់ ពី​ព្រោះ​ខ្ញុំ​ប្ដឹង​ឧទ្ធរណ៍​តាំង​ថ្ងៃ​ទី១៨ ខែ​មករា​ម៉្លេះ ហើយ​នីតិវិធី​ចៅក្រម​ស៊ើបសួរ​ត្រូវ​តែ​រៀបចំ​បញ្ជូន​ទៅ​​ឧទ្ធរណ៍​ភ្លាមៗ ហើយ​សាលា​ឧទ្ធរណ៍​ត្រូវតែ​កាត់​ភ្លាមៗ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ បី​សប្ដាហ៍​ហើយ គឺ​សំណុំរឿង​មិន​ទាន់​ត្រូវ​បាន​បញ្ជូន​ចេញ​លេខាធិការដ្ឋាន​សាលាដំបូង​ទៅ​សាលា​ឧទ្ធរណ៍​នៅ​ឡើយ​ទេ អ៊ីចឹង​គឺ​យឺត​ខុស​ពី​នីតិវិធី»

ទាក់ទង​ការ​លើកឡើង​របស់​លោក​មេធាវី ជូង ជូងី បែប​នេះ​វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​ឆ្លើយ​តប​ពី​ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​រាជធានី​ភ្នំពេញ លោក អ៊ី រិន្ទ បាន​ទេ​នៅ​ថ្ងៃ​ទី៨ ខែ​កុម្ភៈ។

លោក ថាច់ សេដ្ឋា ត្រូវ​បាន​អាជ្ញាធរ​របស់​រដ្ឋាភិបាល​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ចាប់​ខ្លួន នៅ​ពេល​ដែល​លោក​ធ្វើ​ដំណើរ​ចេញ​ពី​ទីស្នាក់ការ​របស់​គណបក្ស​ភ្លើង​ទៀន កាលពី​ថ្ងៃ​ទី១៦ ខែមករា។ តុលាការ​ចោទ​ប្រកាន់​ថា មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​ភ្លើង​ទៀន​រូប​នេះ ពី​បទ «មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរបាន» ឬ​ចេញ​សែក​ស្អុយ​ចំនួន ៥សន្លឹក​ កាល​ពី​អំឡុង​ឆ្នាំ២០១៩។ ភាគី​ដើម​បណ្ដឹង​គឺ​ក្រុមហ៊ុន​ឯកជន​មួយ ​ឈ្មោះ ក្រុមហ៊ុន រិន ឆាយ ផន សប (Pawn Shop)។

អ្នក​សម្របសម្រួល​ផ្នែក​អង្កេត​របស់​អង្គការ​ឃ្លាំមើល​ការ​បោះ​ឆ្នោត ខុមហ្វែ្រល (COMFREL) លោក កន សាវាង្ស សង្កេតឃើញ​ថា ដំណើរ​រឿង​កើតឡើង​យូរ​ណាស់​មក​ហើយ តែ​តុលាការ ​​ទើប​លើក​យក​មក​ដោះស្រាយ​និង​​ចេញ​ដីកា​ឃុំ​ខ្លួន​លោក ថាច់ សេដ្ឋា ​នៅ​ពេល​នេះ ​ដែល​ករណី​នេះ​នឹង​ធ្វើឱ្យ​មាន​ការ​រិះគន់​លើ​ចំណាត់​ការ​របស់​តុលាការ។ លោក​បន្ត​ថា បើ​ទោះ​ជា​បញ្ហា​នេះ​ជា​រឿង​បុគ្គល ​ឬ​រឿង​នយោបាយ​ក្ដី ប៉ុន្តែ នៅ​ពេល​តុលាការ​មាន​វិធានការ​បែប​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​សតិ​អារម្មណ៍​អ្នក​គាំទ្រ​គណបក្ស​ភ្លើង​ទៀន និង​ដំណើរ​ការ​បោះ​ឆ្នោត​នា​ខែ​កក្កដា​ខាង​មុខ។

លោក កន សាវង្ស៖ «ក្រឡេក​មើល​ទៅ​នឹង​គោលការណ៍​នៃ​ការ​បោះ​ឆ្នោត​បែប​ប្រជាធិបតេយ្យ​វិញ​គេ និយាយ​គេ​មាន​ចំណុច​មួយ ដែល​ត្រូវ​លើកឡើង​គឺ​រឿង​ថា ដំណើរការ​នៃ​ការ​បោះ​ឆ្នោត​មិន​ត្រូវ​បាន​ផាត់​ចេញ​ដៃគូ​ប្រកួត​ប្រជែង​នយោបាយ។ ករណី​គាត់ (លោក ថាច់ សេដ្ឋាហ្នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​គាំទ្រ​ហើយ»

គិត​មក​ដល់​ពេល​នេះ​លោក ថាច់ សេដ្ឋា បាន​ជាប់​ពន្ធនាគារ​ចំនួន ២៣ថ្ងៃ​ហើយ។ លោក​ជា​មេដឹកនាំ​គណបក្ស​ភ្លើង​ទៀន​ម្នាក់ ដែល​រក​ការ​ចោទ​ប្រកាន់ ក្រោយ​ពេល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ប្រកាស​ប្រើ​កម្លាំង​បាយ និង​ប្រព័ន្ធ​ច្បាប់​លើ​ថ្នាក់​ដឹកនាំ​គណបក្ស​ភ្លើង​ទៀន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

One Response to "មេធាវី​ដើម​បណ្ដឹង​មិន​យល់​ព្រម​ដក​បណ្ដឹង​ពី​លោក ថាច់ សេដ្ឋា ទេ"

  1. Anonymous says:

    this is the order from my SADACH SENAMOHA PENCHO BATHDAI …HUN NAL call HUN SEN neck name CHHOUP SAMLAP or CHHOUPKAP . my SADACH call out to his killer to fine out how to deal with his enemy at last they found one that was happen long be for this opposition leader popping up . at last we can say no one can be the prime minister of this dirty place unless you know how to kill