អ្នក​វិភាគ​ថា ទោះបីជា​សភា​ថ្មី​ជា​សភា​ពហុបក្ស​ក្ដី ក៏​រដ្ឋាភិបាល​ថ្មី​នឹង​មិន​ស្រប​ច្បាប់​នោះ​ឡើយ

ដោយ មាន ឫទ្ធិ
2023.07.24
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

អ្នក​វិភាគ​ថា ទោះបីជា​សភា​ថ្មី​ជា​សភា​ពហុបក្ស​ក្ដី ក៏​រដ្ឋាភិបាល​ថ្មី​នឹង​មិន​ស្រប​ច្បាប់​នោះ​ឡើយ

(រូបឯកសារតំណាង) កិច្ចប្រជុំរបស់គណរដ្ឋមន្ត្រី នៃ​រដ្ឋាភិបាល​ឯក​បក្ស លោក ហ៊ុន សែន កាល​ពី​អាណត្តិ​ទី៦។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន សែន


អ្នកវិភាគ និង​មន្ត្រី​គណបក្ស​ប្រឆាំង​លើក​ឡើង​ដូចៗ​ គ្នា​ថា ទោះបីជា​សភា​ថ្មី​ជា​សភា​ពហុបក្ស​ក្ដី ក៏​រដ្ឋាភិបាល​ថ្មី​នឹង​មិន​ស្រប​ច្បាប់​នោះ​ឡើយ។ ការ​លើក​ឡើង​បែប​នេះ គឺ​បន្ទាប់​ពី​លទ្ធផល​បោះឆ្នោត​ក្រៅ​ផ្លូវ​ការ​បង្ហាញ​ថា គណបក្ស​កាន់​អំណាច​បាត់បង់​កៅអី​តំណាងរាស្ត្រ​ ៥អាសនៈ ទៅ​ឱ្យ​គណបក្ស​រាជា​និយម​ហ៊្វុនស៊ិនប៉ិច។ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ច្រានចោល​ការ​លើក​ឡើង​បែប​នេះ និង​អះអាង​ថា​ សហគមន៍​អន្តរជាតិ​នឹង​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ថ្មី​នេះ។

ការ​អះអាង​របស់​អ្នក​វិភាគ និង​មន្ត្រី​គណបក្ស​ប្រឆាំង​យ៉ាង​ដូច្នេះ គឺ​ដោយសារ​តែ​ពួក​គេ​មើល​ឃើញ​ថា​ការ​បោះឆ្នោត​ជាតិ​នៅ​អាណត្តិ​ទី៧​ នេះ មិន​មាន​ភាព​ត្រឹមត្រូវ និង​យុត្តិធម៌​នោះ​ឡើយ។

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៤ ខែកក្កដា​ថា មូលហេតុ​ដែល​រដ្ឋាភិបាល​ថ្មី​នឹង​មិន​ត្រូវ​បាន​ស្ថាប័ន​អន្តរជាតិ និង​បណ្ដា​ប្រទេស​នាំ​មុខ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់ គឺ​បណ្ដាល​មក​ពី មាន​ការ​រំលោភ​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​នៅ​ក្នុង​ដំណើរការ​បោះឆ្នោត។ លោក​បន្ថែម​ថា ក្រៅ​ពី​មិន​អនុញ្ញាត​ឱ្យ​គណបក្ស​ភ្លើង​ទៀន​អាច​ចូលរួម​ប្រកួត​ប្រជែង​ការ​បោះឆ្នោត ដែល​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​សិទ្ធិ​ក្រុម​អ្នក​គាំទ្រ​គណបក្ស​នេះ​រាប់​លាន​នាក់​ហើយ​នោះ គណបក្ស​ប្រជាជន​កម្ពុជា ក៏​បង្ក​ការ​បំភិត​បំភ័យ​គ្រប់​បែប​យ៉ាង បង្ខំ​ឱ្យ​ប្រជាពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត ខណៈ​គណបក្ស​កាន់​អំណាច​ក៏​បាន​កំណត់​អំពី​លទ្ធផល​បោះឆ្នោត​ទុក​ជា​មុន​រួច​ទៅ​ហើយ។

លោក គឹម សុខ៖ «វា​ជា​លទ្ធផល​នៃ​ការ​បោះឆ្នោត​រង​សម្ពាធ​ធំណាស់​ពី​សហគមន៍​ប្រជាធិបតេយ្យ​សេរី បរា​មុខ​រដ្ឋសភា នឹង​រដ្ឋាភិបាល ដែល​កើត​ក្រោយ​ពី​ការ​បោះឆ្នោត​ខុស​ច្បាប់​ហ្នឹង និយាយ​ឱ្យ​ចំ​ទៅ វា​ជា​លទ្ធផល​បោះឆ្នោត​បង្កើត​វិបត្តិ​ជាតិ​កម្ពុជា​តែ​ម្ដង»

លោក គឹម សុខ បន្ថែម​ថា បើ​ទោះបីជា​លទ្ធផល​នៃ​ការ​បោះឆ្នោត បង្ហាញ​ថា​លោក ហ៊ុន សែន អាច​ផ្ទេរ​អំណាច​ទៅ​ឱ្យ​កូន​ប្រុស​ច្បង​របស់​លោក គឺ​លោក ហ៊ុន ម៉ាណែត យ៉ាង​ណា​ក្ដី ប៉ុន្តែ​ការ​បោះឆ្នោត​បង្គ្រប់​កិច្ច​បែប​នេះ ក៏​ធ្វើ​ឱ្យ​លោក ហ៊ុន សែន រង​នូវ​ភាព​អាម៉ាស់​ដែរ តាម​រយៈ​ការ​គូស​សន្លឹក​ឆ្នោត​ចោល និង​ការ​សរសេរ​ពាក្យ​វាយ​ប្រហារ​គ្រួសារ​ត្រកូល ហ៊ុន។

លោក គឹម សុខ៖ «ហ៊ុន សែន គ្រប់គ្រង គ..ប។ ឌី វិជ្ជា កូនប្រសា​លោក ហ៊ុន សែន ហើយ​នឹង​ក្មួយ​លោក ហ៊ុន សែន គឺ​លោក នេត្រ សាវឿន ជា​អ្នក​កាន់​សន្តិសុខ​បោះ​ឆ្នោត នៅ​ពេល​ដែល​លោក ទៀ បាញ់ និង ហ៊ុន ម៉ានិត មុន​ពេល​បោះឆ្នោត​ហ្នឹង ពង្រាយ​កង​ទ័ព​បន្លាច​ប្រជាពលរដ្ឋ​ទៅ​ទៀត រីឯ ហ៊ុន ម៉ានី ជា​អ្នក​វាយ​តម្លៃ​ការ​បោះឆ្នោត តាម​រយៈ​កម្លាំង ស...ក ជា​អ្នក​សង្កេតការណ៍​ទូទាំង​ប្រទេស​ជាមួយ​អ្នក​សង្កេតការណ៍​មក​ពី​ប្រទេស​កុម្មុយនិស្ត ដូចជា​វៀតណាម (Vietnam) ចិន (China) រុស្សី (Russia) ជាដើម។ និយាយ​ឱ្យ​ចំ​ទៅ វា​គឺជា​ការ​បោះឆ្នោត​ដែល​ក្រុម​គ្រួសារ​ហ៊ុន ជា​អ្នក​រៀបចំ និង​វាយតម្លៃ ហើយ​ដែល​ប្រទេស​កុម្មុយនិស្ត ធ្វើ​ជា​សាក្សី»

ដូចគ្នា​ទៅ​នឹង​ការ​លើក​ឡើង​នេះ ពលរដ្ឋ​មួយ​ចំនួន​លើក​ឡើង​ថា ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២៣ កក្កដា​គ្រាន់​តែ​ជា​ការ​រៀបចំ​ការ​បោះឆ្នោត​របស់​ត្រកូល​ហ៊ុន​តែ​ប៉ុណ្ណោះ ព្រោះ​ថា​ទាំង គ.ជ.ប ទាំង​អ្នក​សង្កេតការណ៍​ភាគ​ច្រើន និង​សមត្ថកិច្ច សុទ្ធ​តែ​ជា​សមាជិក​របស់​គណបក្ស​ប្រជាជន​កម្ពុជា ខណៈ​ដំណើរ​ការ​រាប់​សន្លឹក​ឆ្នោត​នៅ​តាម​ការិយាល័យ​ភាគច្រើន ធ្វើ​ឡើង​ដោយ​បិទ​ទ្វារ។

ឆ្លើយ​តប​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា​សហគមន៍​អន្តរជាតិ​នឹង​ទទួល​ស្គាល់​ភាព​ស្រប​ច្បាប់​របស់​រដ្ឋាភិបាល​ថ្មី។ លោក​បន្ថែម​ថា ការ​បាត់បង់​តំណាងរាស្ត្រ​៥អាសនៈ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​ជា​ការ​បង្ហាញ​ភាព​ទន់​ខ្សោយ​របស់​គណបក្ស​កាន់​អំណាច​នោះ​ទេ ក៏​ប៉ុន្តែ​លោក​អះអាង​ថា គឺជា​ការ​បង្ហាញ​លទ្ធិប្រជាធិបតេយ្យ ដែល​ប្រជាពលរដ្ឋ​មាន​សេរីភាព​ជ្រើសរើស​គណបក្ស​ដែល​ពួកគេ​ស្រលាញ់។

លោក សុខ ឥសាន៖ «រដ្ឋាភិបាល​មិន​ស្រប​ច្បាប់​ហ្នឹង គាត់​ថា តាំង​ពី​ឆ្នាំ២០១៨ មក​ម្ល៉េះ ហើយ​និយាយ​មែន​ទែន​ទៅ​តាំង​ពី​ឆ្នាំ២០១៣ សួរ​ថា តើ​រដ្ឋាភិបាល​តាំង​ពី​២០១៣ ហ្នឹង តើ​មាន​រដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​ទេ បើ​មាន​រាជរដ្ឋាភិបាល​ដឹក​នាំ​ប្រទេស​ហើយ រាជ​រដ្ឋាភិបាល​នោះ​ហើយ ដែល​ជា​រាជរដ្ឋាភិបាល​ស្រប​ច្បាប់ ទោះ​ទៅ​ប្រទេស​ណា ប្រទេស​ធំ ប្រទេស​តូច​អី គេ​សុទ្ធតែ​ក្រាល​ព្រំ​ក្រហម​ឱ្យ​នាយករដ្ឋមន្ត្រី​ដើរ​លើ​ហ្នឹង ហើយ​មាន​ទាហាន​ត្រួត​ពល​ទៀត។ អា​ហ្នឹង​សួរ​ថា ស្រប​ច្បាប់ ឬ​អត់

ផ្ទុយ​ពី​ការ​អះអាង​នេះ អតីត​តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក អ៊ំ សំអាន អះ​អាង​ថា លទ្ធផល​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧នេះ មិន​ត្រឹមតែ​មិន​មាន​ភាព​ស្រប​ច្បាប់​ប៉ុណ្ណោះ​ទេ តែ​នឹង​ធ្វើ​ឱ្យ​គ្រួសារ​ត្រកូល​ហ៊ុន សែន កាន់​តែ​រង​នូវ​ភាព​អាម៉ាស់​លើ​ឆាក​អន្តរជាតិ​ផង​ដែរ។ លោក​បន្ថែម​ថា រដ្ឋាភិបាល​ដែល​កើត​ចេញ​ពី​ការ​បោះឆ្នោត ដែល​លោក​ហៅថា បែប​ប្លន់​អំណាច​នេះ នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់​តែ​ក្រីក្រ ខណៈ​រដ្ឋាភិបាល​ជំពាក់​បំណុល​បរទេស​កាន់​តែ​ច្រើន​ឡើង និង​បំផ្លាញ​ធនធាន​ធម្មជាតិ​កាន់​តែ​ខ្លាំង​ជាង​មុន​ដែរ។

លោក អ៊ំ សំអាន៖ «យើង​មើល គឹម ជុងអ៊ុន បាន​សញ្ញាប័ត្រ​ពី​អឺរ៉ុប​ដែរ​ហ្នឹង ដូច​លោក ហ៊ុន ម៉ាណែត បាន​ពី​ប្រទេស​សេរី​ដែរ ក៏​ប៉ុន្តែ​គាត់​កាន់​អំណាច​ជាង​ឪ​ទៀត រហូត​ដល់​សម្លាប់​មា​ខ្លួន​ឯង នឹង​គេ​សង្ស័យ​ថា​សម្លាប់​បង​ប្រុស​ខ្លួន​ឯង​ទៀត ដូច្នេះ​មាន​ន័យ​ថា នៅ​ពេល​ដែល​កូន​ឡើង​កាន់​អំណាច ត្រូវ​កាន់​ធ្វើ​ម៉េច​ឱ្យ​ណែន​នៅ​ក្នុង​ដៃ​អំណាច ព្រោះ​ដឹង​ថា​ខ្លួន​ឯង​អសមត្ថភាព​ជាង​ឪពុក ហើយ​អ៊ីចឹង​ត្រូវ​ប្រើ​កណ្ដាប់​ដៃ​ដែក ដើម្បី​បង្ក្រាប​ទៅ​លើ​គូរ​ប្រកួត​ប្រជែង ដូច្នេះ​ការ​កាន់​អំណាច​ហ្នឹង​នឹង​កាន់​តែ​ផ្ដាច់​ការ​ជាង​មុន មិន​នាំ​ប្រទេស​នាំ​ទៅ​រក​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ»

អ្នក​វិភាគ​លើក​ឡើង​ថា គណបក្ស​ប្រជាជន​កម្ពុជា មិន​អាច​បំភ័ន្ត​ស្ថាប័ន​អន្តរជាតិ និង​បណ្ដា​ប្រទេស​នាំ​មុខ​ខាង​លទ្ធិ​ប្រជាធិបតេយ្យ អំពី​ការ​ដឹកនាំ​បែប​ផ្ដាច់ការ តាម​រយៈ​លទ្ធផល​នៃ​ការ​បោះឆ្នោត ដែល​អាច​បង្កើត​សភា​ពហុបក្ស​បាន​នោះ​ឡើយ ហើយ​ពួកគេ​ថា​បណ្ដា​ប្រទេស​នាំ​មុខ​ខាង​លទ្ធិប្រជាធិបតេយ្យ ក៏​នឹង​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​នេះ ជា​ផ្លូវការ​នោះ​ដែរ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles

2 Responses to "អ្នក​វិភាគ​ថា ទោះបីជា​សភា​ថ្មី​ជា​សភា​ពហុបក្ស​ក្ដី ក៏​រដ្ឋាភិបាល​ថ្មី​នឹង​មិន​ស្រប​ច្បាប់​នោះ​ឡើយ"

  1. Anonymous says:

    too bad so sad even if RANARITH party got some seat in new reform by evil dictator HUN NAL we Cambodian will never agree to this young evil son who coming up to lead this poor nation. I knew Cambodia under HUN NAL blood never will be a democratic country ever . I’m felling so sad to RANARITH party the whole royal families seem to be so dump, why I said that ??? all of them so quiet just following what that evil HUN NAL tell them what to do , the worse of all they did not know who murder RANARITH and his new wife. too bad so sad just living to be under that evil killer of their own nation

  2. Anonymous says:

    do any one in this leadership understanding the word >>isolation mean ??????????