កម្ពុជាជាប្រទេសមួយក្នុងចំណោម ៣ប្រទេសដែលប្រមុខការទូតចិនគ្រោងបំពេញទស្សនកិច្ច

កម្ពុជា
17/04/2024 – 10:46
ដោយ៖ អ៊ឹង ប៊ុនថន
RFI

ប្រមុខ​ការ​ទូត​ចិន លោក​ វ៉ាង យី គ្រោង​បំពេញ​ទស្សន​កិច្ច​ក្នុង​សប្តាហ៍​នេះ​នៅ​ក្នុង​ប្រទេស​អាស៊ី​ចំនួន​ ៣ប្រទេស​។​ បើ​តាម​សារព័ត៌​មាន​ចិន​ South China Morning Post ទស្សន​កិច្ច​របស់​លោក​ វ៉ាង យី ​មានគោល​ដៅជំរុញ​ការ​អនុវត្ត​លើគម្រោង​ខ្សែក្រ​វ៉ាត់ ​និង​ផ្លូវ​ ដែល​បាន​ផ្តួច​ផ្តើម​ឡើង​ដោយ​ប្រធានា​ធិបតី​ចិនលោក​ស៊ី ជីនពីង។

កម្ពុជាជាប្រទេសមួយក្នុងចំណោម ៣ប្រទេសដែលប្រមុខការទូតចិនគ្រោងបំពេញទស្សនកិច្ច


 ប្រមុខការទូតចិន លោក វ៉ាង យី នឹង ត្រូវ ​ចំណាយពេល៦ថ្ងៃដើម្បីបំពេញទស្សនកិច្ចនៅក្នុងប្រទេសអាស៊ីចំនួន៣ប្រទេស គឺឥណ្ឌូនេស៊ី កម្ពុជា និងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ។ អំឡុងពេលទស្សនកិច្ចនៅកម្ពុជា លោកវ៉ាង យីនឹងចូលរួមកិច្ចប្រជុំនៃគណៈកម្មាធិការសម្របសម្រួលអន្តររដ្ឋាភិបាលកម្ពុជា-ចិន។ បើតាមអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Lin Jian ប្រទេសចិនសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោកវ៉ាង យីនឹងជួយជំរុញការឯកភាពនូវអ្វីដែលត្រូវបានប្រធានាធិបតីចិនលោក ស៊ី ជីនពីង សម្រេចជាមួយមេដឹកនាំនៃប្រទេសទាំង ៣ និងជំរុញការលើកកម្ពស់ការអនុវត្តគម្រោងខ្សែក្រវ៉ាត់ និងផ្លូវ។

គួររម្លឹកថាកាលពីឆ្នាំ ២០២៣ លោកស៊ី ជីនពីង និងអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែនបានប្រកាសអំពីកិច្ចសហប្រតិបត្តិការ «ត្បូងពេជ្រ» នៅទីក្រុងប៉េកាំងក្នុងគោលបំណងបង្កើនទំនាក់ទំនងទ្វេភាគីក្នុងវិស័យនយោបាយ ផលិតភាព កសិកម្ម ថាមពល សន្តិសុខ និងការផ្លាស់ប្តូរមនុស្ស។ អ្វីជាការកត់សំគាល់ ដំណើរទស្សនកិច្ចរបស់ប្រមុខការទូតចិននៅពេលខាងមុខនេះ គឺស្របពេលដែលប្រទេសចិនបង្កើនការទូតរបស់ខ្លួនជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងចំពេលដែលការប្រកួតប្រជែងជាយុទ្ធសាស្ត្រជាមួយសហរដ្ឋអាមេរិកក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកកំពុងរឹតបន្តឹង។

កម្ពុជាជាប្រទេសមួយក្នុងចំណោម ៣ប្រទេសដែលប្រមុខការទូតចិនគ្រោងបំពេញទស្សនកិច្ច
កម្ពុជាជាប្រទេសមួយក្នុងចំណោម ៣ប្រទេសដែលប្រមុខការទូតចិនគ្រោងបំពេញទស្សនកិច្ច AP

ក្នុងនាមជាមហាអំណាចសេដ្ឋកិច្ចទី២ ក្នុងលោក ចិនមិនត្រឹមតែកំពុងព្យាយាមរក្សាឋានៈរបស់ខ្លួនជាដៃគូពាណិជ្ជកម្មកំពូលជាមួយប៉ាពូអាស៊ីនូវែលហ្គីណេដែលជាប្រទេសកោះធំជាងគេនៅប៉ាស៊ីហ្វិកខាងត្បូងប៉ុណ្ណោះទេ តែថែមទាំងបានពង្រីកទំនាក់ទំនងរបស់ខ្លួនទៅកាន់តំបន់ជាច្រើនទៀតផង។ ក្នុងពេលជាមួយគ្នា ចិនក៏បានបង្កើនទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌូនេស៊ី និងកម្ពុជាដល់កម្រិតនៃការកសាង «សហគមន៍មួយ ជោគវាសនារួម» ខណៈចិនកំពុងជំរុញទំនាក់ទំនងជាមួយប៉ាពូអាស៊ីនូវែលហ្គីណេឲ្យទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ» ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការរបទេសចិន។

ផ្លូវរថភ្លើងល្បឿនលឿន Jakarta-Bandung ដែលជាខ្សែរថភ្លើងល្បឿនលឿនដំបូងគេនៅអាស៊ីអាគ្នេយ៍ត្រូវបានសាងសង់ឡើងដោយមូលនិធិរបស់ចិន។ សម្រាប់ក្រុងប៉េកាំង នេះជាឧទាហរណ៍ដ៏ជោគជ័យបំផុតមួយនៃយុទ្ធសាស្ត្រខ្សែក្រវ៉ាត់ និងផ្លូវដែលជាផែនការផ្តួចផ្តើមឡើងដោយប្រធានាធិបតីចិនលោមស៊ី ជីនពីងក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ និងការតភ្ជាប់នៅក្នុងតំបន់៕

What Next?

Recent Articles