ទិដ្ឋភាព​ទូទៅ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​កម្ពុជា​ក្រោម

2024.04.17
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

ទិដ្ឋភាព​ទូទៅ​ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​នៅ​កម្ពុជា​ក្រោម

ពលរដ្ឋ​ខ្មែរ​ក្រោម​រាប់​រយ​នាក់ នាំ​គ្នា​ធ្វើ​ពិធី​ស្រង់​ព្រះ នៅ​វត្តសីលាទ្រ ហៅ​ថ្មទល់ ខេត្តព្រះត្រពាំង លើ​ទឹកដី​កម្ពុជា​ក្រោម ក្នុងឱកាស​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ នៅ​ថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ២០២៤។ Photo: RFA


បើ​ទោះ​បី​មាន​ការ​រឹតត្បិត​សិទ្ធិ​សេរីភាព​ពី​មេ​ដឹកនាំ​វៀតណាម​ក្ដី ប្រជាពលរដ្ឋ​ខ្មែរក្រោម ព្យាយាមប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែររយៈពេល ៤ថ្ងៃយ៉ាងខ្ជាប់​ខ្ជួន ដោយមានការ​តុបតែង​លម្អ​វត្តអារាម មុខ​ផ្ទះ និង​ការ​ស្លៀកពាក់​បែប​ប្រពៃណី​បុរាណ​យ៉ាង​ប្រណិត ជាពិសេស នៅ​ខេត្តព្រះត្រពាំង និង​ខេត្តឃ្លាំង​ជា​ដើម។

ពលរដ្ឋ​នៅ​កម្ពុជា​ក្រោម ក្នុង​ខេត្តព្រះត្រពាំង និង​ខេត្តឃ្លាំង ឱ្យ​ដឹង​ថា ពិធី​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​នេះ ពួក​គាត់​សប្បាយ​រីករាយ ព្រោះ​បាន​ចួប​ជុំ​បងប្អូន​ជិត​ឆ្ងាយ ធ្វើ​បុណ្យ​ដាក់បាត្រ ប្រគេន​ចង្ហាន់​ព្រះសង្ឃ ហើយ បាន​លេង​ល្បែង​ប្រជាប្រិយ ដូចជា រាំ​កម្សាន្ត បោះ​អង្គញ់ ទាញព្រ័ត្រ វាយក្អម និង​លេង​ល្បែង​ប្រជាប្រិយ​ជា​ច្រើន​ទៀត ដែល​ជា​ប្រពៃណី​របស់​ខ្មែរ។

ពលរដ្ឋ​រស់នៅ ខេត្តព្រះត្រពាំង លោក ថាច់ ថៃ ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា នៅ​ថ្ងៃ​ទី១៦ ខែមេសា ថា ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ​អស់​រយៈ​ពេល ៤ថ្ងៃ​នេះ ឃើញ​មាន​ប្រជាពលរដ្ឋ និង​យុវជន​រាប់​រយ​នាក់ នាំ​គ្នា​មក​ស្រង់​ព្រះ និង​ដាក់បាត្រ​ព្រះសង្ឃ លេង​ល្បែង​ប្រជាប្រិយ នៅ​វត្តសីលាទ្រ ហៅ​ថ្មទល់។

Khmer_New_Year_celebration_in_Kampuchea_Krom_041624_2.jpg
ពលរដ្ឋ​ខ្មែរ កំពុង​ទសន្សនា​សិល្បៈ​ល្ខោន​បាសាក់ សម្ដែង​នៅក្នុង​​វត្តសីលាទ្រ ហៅ​ថ្មទល់ ខេត្តព្រះត្រពាំង ទឹកដី​កម្ពុជា​ក្រោម ក្នុង​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ថ្ងៃ​ទី១៦ ខែមេសា ឆ្នាំ២០២៤។ សូមចុច​លើ​រូថត​នេះ ដើម្បី​មើលរូបមួយ​ចំនួន​ទៀត ដែល​ផ្ដល់​ដោយពលរដ្ឋខ្មែរក្រោម។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

រីឯ​ពិធី​ដង្ហែ​កបិលមហាព្រហ្ម អបអរសាទរ បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​វិញ ឃើញ​មាន​ព្រះសង្ឃ ពលរដ្ឋ និង​យុវជន​ជា​ច្រើន​ដើរ​ដង្ហែ​តាម​ផ្លូវ ដែល​មាន​ការ​តុបតែង​ឡាន រទេះ លម្អ​ដោយ​ផ្កា ដើម្បី​បួងសួង​សុំ​សេរី​សួស្ដី។ ចំណែក​យុវជន និង​ពលរដ្ឋ កាន់​ទង់ជាតិ​សាសនាព្រះពុទ្ធ និង​ទង់​ខ្មែរ​ក្រោម។

ប្រជាពលរដ្ឋ​ម្នាក់​ទៀត សុំ​មិន​បញ្ចេញ​ឈ្មោះ និង​សំឡេង ព្រោះ​បារម្ភ​សុវត្ថិភាព ឱ្យ​ដឹង​ថា ការ​ប្រឹងប្រែង​រៀបចំ ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ ជា​រៀងរាល់​ឆ្នាំ​របស់​ពលរដ្ឋ និង​ព្រះសង្ឃ​នៅ​ខ្មែរ​ក្រោម ព្រោះ​ចង់​អភិរក្ស​ប្រពៃណី​ជាតិ។ ដ្បិត​ថា ពិធីបុណ្យ​ចូល​ឆ្នាំ​ខ្មែរ មិន​ត្រូវ​បាន​លើក​ទឹក​ចិត្ត ឬ​អនុញ្ញាត ឈប់​សម្រាក​ពី​កន្លែង​ការងារ តាម​ច្បាប់​ប្រទេស​វៀតណាម​ក្ដី ប៉ុន្តែ ពលរដ្ឋ​គ្រប់​រូប​នៅ​តែ​ប្ដេជ្ញា​អភិរក្ស និង​តស៊ូ​រៀបចំ​ឡើង​បាន​យ៉ាង​រលូន៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles