ដោយ សុ ជីវី
2024.04.16
RFA
ពលរដ្ឋដែលអះអាងថា បានដាក់ទុនរកស៊ីជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់អ្នកស្រី ឡេង ចាន់ណា តវ៉ា និងទាមទារប្រាក់របស់ពួកគាត់ពីក្រុមហ៊ុនវិញ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤។ រូបពីពលរដ្ឋ
ពលរដ្ឋដែលបានដាក់ទុនរកស៊ីជាមួយក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី របស់អ្នកស្រី ឡេង ចាន់ណា និងពលរដ្ឋដែលបង់រំលោះបុរីពិភពថ្មីអះអាងថាពួកគាត់មិនទាន់ទទួលយកដំណោះស្រាយពីក្រុមហ៊ុននៅឡើយទេ ហើយពួកគាត់នឹងបន្តតវ៉ាដោយសន្តិវិធីនៅក្រោយចូលឆ្នាំ។ មន្ត្រីសង្គមស៊ីវិលថារដ្ឋាភិបាលគួរដោះស្រាយបញ្ហាឱ្យបានឆាប់រហ័សដើម្បីកសាងប្រព័ន្ធយុត្តិធម៌សង្គមឡើងវិញ។
បន្ទាប់ពីពិធីបុណ្យចូលឆ្នាំរួច ក្រុមពលរដ្ឋរងគ្រោះដោយសារការចាញ់បោកក្រុមហ៊ុនរបស់អ្នកស្រី ឡេង ចាន់ណា និងក្រុមពលរដ្ឋរងគ្រោះដោយសារក្រុមហ៊ុនបុរីពិភពថ្មីរឹបអូសផ្ទះ ប្រកាសថា ពួកគាត់នឹងចាប់ផ្តើមធ្វើសកម្មតវ៉ារកដំណោះស្រាយបន្តទៀត ប្រសិនបើរដ្ឋាភិបាលនៅតែគ្មានវិធានការជួយពួកគាត់ទេនោះ។
ពលរដ្ឋរស់នៅស្រុកសំឡូតខេត្តបាត់ដំបង លោក នួន នឿត លើកឡើងថា លោក និងពលរដ្ឋផ្សេងទៀតនឹងចេញតវ៉ាជាថ្មីទៀតនៅឆ្នាំថ្មីនេះ ដើម្បីបន្តទាមទារឱ្យតុលាការដកហូតប្រាក់របស់អ្នកស្រី ឡេង ចាន់ណា សងត្រឡប់មកពលរដ្ឋវិញ។ លោកស្នើដល់តុលាការ និងរដ្ឋាភិបាលផ្ដល់ដំណោះស្រាយដល់ពលរដ្ឋកាន់តែឆាប់ ខណៈដែលគ្រួសាររបស់លោកមិនមានលទ្ធភាពសងប្រាក់ទៅធនាគារវិញដោយសារតែការខ្ចីមកវិនិយោគនោះទេ។
លោក នួន នឿន៖ «រឿងចំពោះពួកខ្ញុំមិនថយក្រោយទេ មានប៉ុន្មានក៏ត្រូវតស៊ូទៀតហើយ គ្រាន់តែថាបើទុកឱ្យខេត្ត ទុកឱ្យតុលាការដោះស្រាយដូចមិនមានទៅមុខអ៊ីចឹង ដូចពិបាកទ្រាំមែនទែន ទីមួយអង្គការ ទីពីរការឡើងចុះ ហើយទីបីសេដ្ឋកិច្ចម្នាក់ៗ យ៉ាប់គ្រប់បញ្ហាទាំងអស់»។
លោក នួន នឿត គឺជាពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋរងគ្រោះប្រមាណ ៨រយនាក់ដែលបានវិនិយោគជា ប្រ៊ីលាន ស៊ីធី (Brilliant City) ក្នុងចំនួនទឹកប្រាក់សរុប ៣០០លានដុល្លារ ដោយពួកគាត់សង្ឃឹមថានឹងទទួលបានការប្រាក់មកវិញតាមរយៈការវិនិយោគនោះ។ កាលពីថ្ងៃទី១២ ខែមីនា សមត្ថកិច្ចខេត្តសៀមរាបបានឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា ដែលជាអគ្គនាយិកាក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និងបក្ខពួកមួយចំនួនទៀត តាមពាក្យបណ្ដឹងរបស់ពលរដ្ឋដោយសារតែក្រុមហ៊ុននេះមិនបានមិនមានលទ្ធភាពសងលុយពលរដ្ឋវិញ។ ក្រោយការចាប់ខ្លួនសាលាដំបូងខេត្តសៀមរាបបានចេញដីកាសម្រេចរឹបអូសទ្រព្យសម្បត្តិរបស់ អ្នកស្រី ឡេង ចាន់ណា ជាបណ្ដោះអាសន្ន ដើម្បីលក់សងម្ចាស់បំណុល ។ ប៉ុន្តែពលរដ្ឋអះអាងថាគិតមកទល់ពេលនេះពួកគាត់នៅមិនទាន់ទទួលបានប្រាក់សំណងនៅឡើយទេ។
ចំណែកអតិថិជនបុរីពិភពថ្មី ខណ្ឌដង្កោ លោកស្រី គង់ លីដា ថា លោកស្រីបង់រំលោះបុរីអស់ប្រាក់ជាង ៩ម៉ឺនដុល្លារហើយ ដូចច្នេះបើតាមកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន គឺភាគីខាងបុរី ត្រូវផ្ដល់លុយចំនួន ៥០ភាគរយ ឬ ៥ម៉ឺនដុល្លារត្រឡប់ទៅលោកស្រីវិញ។ ទោះជាយ៉ាងណាក្ដី លោកស្រីថា ភាគីក្រុមហ៊ុននៅតែមិនព្រមសងប្រាក់តាមកិច្ចសន្យា តែបែរជារឹបអូសផ្ទះលោកស្រី និងពលរដ្ឋផ្សេងទៀតទៅវិញ។
លោកស្រី គង់ លីដា ថា លោកស្រី និងពលរដ្ឋផ្សេងទៀត នឹងចេញតវ៉ាសារជាថ្មី នៅក្រោយឆ្នាំថ្មី ដើម្បីទាមទារភាគីក្រុមហ៊ុនឱ្យផ្ដល់ដំណោះស្រាយដល់ពួកគាត់ ដែលទទួលយកបាន។
លោកស្រី គង់ លីដា៖ «ខ្ញុំអត់ទាន់ទទួលយកបានដោយសារលុយខ្ញុំ ៩ម៉ឺនជាង ហើយបុរីឱ្យតែ១ម៉ឺនជាងអត់ទាន់ទទួលយកទេ អត់សក្ដិសម ដែលបុរីមានគោលការណ៍ ៥០ភាគរយតែលុបគោលការណ៍ដោយខ្លួនឯងដោយមិនប្រាប់អតិថិជនបន្តការបង់ រត់យកលុយធនាគារផង អត់លទ្ធភាពប្រគល់ឱ្យបុរី បុរីថាអត់មានគោលការណ៍ទិញចូល ឥឡូវគេថា ទិញចូល ៥០ភាគរយ តែឱ្យខ្ញុំ ១ម៉ឺនជាង។ បើ ៥០ភាគរយ ទាំងប្រាក់ការ និងប្រាក់ដើមទាំងអស់ជាង ៥ម៉ឺនដុល្លារ»។
កាលពីថ្ងៃទី៧ ខែមេសា ក្រុមអតិថិជនបុរីពិភពថ្មី និងខណ្ឌកំបូល នាំគ្នាសម្រុកទៅផ្ទះ ប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ទាំងកណ្ដាលយប់ ដើម្បីទាមទារឱ្យអាជ្ញាធរដោះលែងពលរដ្ឋម្នាក់ឈ្មោះ អេង ប្រុស ព្រមទាំងជួយរកដំណោះស្រាយជូនពួកគាត់។
វិទ្យុអាស៊ីសេរីមិនអាចសុំការបំភ្លឺបញ្ហានេះ ពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត និងតំណាងក្រុមហ៊ុនបុរីពិភពថ្មីបានទេ នៅថ្ងៃទី១៦ ខែមេសា។
ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់នូវកសិដ្ឋានចិញ្ចឹមគោយកទឹកដោះគិរីសួគ៌ របស់ក្រុមហ៊ុន ខ្មែរ ហ្វ្រេសមីល នៅថ្ងៃទី១១ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ថា រដ្ឋាភិបាលមិនអាចចាប់ខ្លួនម្ចាស់បុរី ឬឧកញ៉ាណា ដើម្បីបង្ខំឱ្យដោះស្រាយដល់ពលរដ្ឋនោះទេ លោកចាត់ទុកថាការធ្វើបែបនេះគឺដូចជាការសម្លាប់មេមាន់ ដើម្បីយកពងមាន់នោះទេ។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង មានប្រសាសន៍ថា រដ្ឋាភិបាលនៅតែមិនអាចអនុវត្តច្បាប់ឱ្យបានស្មើភាពគ្នាដដែល ហើយពលរដ្ឋនៅតែជាអ្នករងគ្រោះពីក្រុមឧកញ៉ា និងបុគ្គលអ្នកមានអំណាច។
លោក យង់ គិមអេង៖ «ចំពោះពលរដ្ឋ ដែលគ្នាខាតបង់ គ្នាបាត់បង់ទ្រព្យសម្បត្តិ លុយកាក់ គឺអត់មានដំណោះស្រាយ ដែលផ្ទុយពីពួកថា កែដែលមានទ្រព្យសម្បត្តិ បើគេមានបញ្ហាជាមួយពលរដ្ឋគឺមានការជ្រំជ្រែងពីអាជ្ញាធរដូចលឿនជាង ដែលធ្វើឱ្យមានភាពខុសគ្នាភាពអយុត្តិធម៌រវាងពលរដ្ឋ ជាមួយក្រុមអ្នកមាន ឬឧកញ៉ា»។
លោក យង់ គិមអេង ថា ប្រសិនបើរដ្ឋាភិបាលនៅតែមិនអាចស្ដារប្រព័ន្ធយុត្តិធម៌ និងកសាងការទុកចិត្តដល់ពលរដ្ឋលើករណីទាំងនេះបានទេ គឺដូចជាជំងឺសង្គម ដែលបន្តពីមួយជំនាន់ទៅមួយជំនាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។