តុលាការខេត្ត​ព្រះវិហារ​ដោះលែង​ពលរដ្ឋ ២៨​នាក់ ក្រោយ​ការ​បង្ក្រាប​ហិង្សា​របស់​សមត្ថកិច្ច

ដោយ ខាន់ លក្ខិណា
2024.04.18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

តុលាការខេត្ត​ព្រះវិហារ​ដោះលែង​ពលរដ្ឋ ២៨​នាក់ ក្រោយ​ការ​បង្ក្រាប​ហិង្សា​របស់​សមត្ថកិច្ច

សកម្មភាពអាជ្ញាធរខេត្ត​ព្រះវិហារចុះបង្ក្រាបហិង្សា លើពលរដ្ឋស្រុក​គូលែន កាលពីថ្ងៃទី៦ ខែ​មីនា ឆ្នាំ​២០២៤។ រូប​៖ ពលរដ្ឋ​ផ្តល់ឱ្យ


អាជ្ញាធរ​អះអាង​ថា តុលាការខេត្ត​ព្រះវិហារ​បាន​ដោះលែង​ពលរដ្ឋ​ចំនួន ២៨​នាក់ ដែល​រង​ការ​ចោទប្រកាន់​ថា ទន្ទ្រាន​ចូលកាន់​កាប់​ដី​រដ្ឋ​ខុសច្បាប់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន កាល​ពី​ថ្ងៃទី​១២ ខែ​មេសា បន្ទាប់ពី​ឃុំខ្លួន​ពួកគេ​ជាង ១​ខែ នៅ​ពន្ធនាគារ ខណៈ​រឿង​លោក កើត សារ៉ាយ អាជ្ញាធរ​ថា ជា​ករណី​ផ្សេង។

អង្គការ​សង្គម​ស៊ីវិល​សាទរ​ការ​ដោះលែង​ពលរដ្ឋ​ចំនួន ២៨​នាក់ ប៉ុន្តែ​ស្នើ​ឱ្យ​ភាគី​ពាក់ព័ន្ធ​ដោះស្រាយ​បញ្ហា ដើម្បី​បញ្ចៀស​បាតុភាព ដែល​កើតឡើង​បន្ត​ទៀត។

អភិបាលរង​ខេត្តព្រះវិហារ លោក ណុប វុទ្ធី ប្រាប់​វិទ្យុ​អាស៊ីសេរី​នៅ​ថ្ងៃទី​១៧ ខែ​មេសា ថា ពលរដ្ឋ​ទាំង ២៨​នាក់ ត្រូវ​បាន​តុលាការ​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ បន្ទាប់ពី​ពួកគេ​ទទួល​ស្គាល់​កំហុស ដោយ​ជឿ​តាម​ការ​អូសទាញ​របស់​មេខ្យល់​ឱ្យ​ពួកគេ​ទៅ​ចាប់​យក​ដី​រដ្ឋ​។ លោក​ថា សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​បន្ត ដើម្បី​ស្វែងរក​អ្នក​នៅ​ពីក្រោយ ដោយ​យក​តាម​ចម្លើយ​សារភាព​របស់​ប្រជាពលរដ្ឋ។

លោក ណុប វុទ្ធី៖ «យើង​នេះ​ថា គាត់​អត់​មានទោស​អី​ទេ ដោយសារ គាត់​ជឿ​តាម​ញុះញង់​របស់​មេខ្យល់​។ យើង​សិក្សា​ទៅ គាត់​ពិត​ជា​មាន​ការ​ជឿ​ទៅលើ​មេខ្យល់ អូសទាញ​ឱ្យមក​ចាប់ដី​រដ្ឋ​យក​ធ្វើជា​កម្មសិទ្ធិ​របស់​ខ្លួន វា​ខុសច្បាប់​មែន ។ យើង​ក៏​សម្របសម្រួល​ថា សុំ​ឱ្យ​គាត់​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​ទៅ​ចុះ»។

រីឯ​រឿង​លោក កើត សារ៉ាយ ដែល​ត្រូវ​តុលាការ​ចោទប្រកាន់ និង​ឃុំខ្លួន បន្ទាប់​ពី​ចុះ​ជួប​ជាមួយ​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី​វិញ អភិបាល​រង​ខេត្តព្រះវិហារ លោក ណុប វុទ្ធី អះអាង​ថា ជា​ករណី​ដាច់​ដោយ​ឡែក។

លោក ណុប វុទ្ធី៖ «ចំពោះ​ករណី​ហ្នឹង ដូច​ខ្ញុំ​បាន​ជម្រាប​ហើយ ទាល់តែ​សួរ​ទៅ​ខាង​សមត្ថកិច្ច​ពាក់ព័ន្ធ លោក​មាន​ឯកសារ​ភស្តុតាង។ ទាំងអស់​ដែល​លោក​មុន​ហ៊ាន ធ្វើ​ការងារ​ហ្នឹង មាន​ន័យ​ថា យើង​សុទ្ធ​តែ​មាន​ឯកសារ​ភស្តុតាង ដាក់បន្ទុក​ទៅលើ​គាត់​។ សូម​ឱ្យ​ខាង​វិទ្យុ​អាស៊ីសេរី សួរ​ទៅ​ខាង​តំណាង​អយ្យការ ដែល​លោក​កាន់​សំណុំរឿង​ហ្នឹង»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​ការ​បំភ្លឺ​បញ្ហា​នេះ ពី​អ្នកនាំពាក្យ​អយ្យការ​សាលាដំបូង រាជធានី​ភ្នំពេញ លោក ប្លង់ សុផល បាន​ទេ នៅ​ថ្ងៃទី១៧ ខែមេសា ដោយ​ទូរស័ព្ទ ចូល​គ្មាន​អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី៦ ខែ​មីនា សមត្ថកិច្ច​ចម្រុះ​ខេត្តព្រះវិហារ បាន​ចុះ​រុះរើ និង​ដុត​ផ្ទះ​សម្បែង ហើយ​បង្ក្រាប​ប្រជាពលរដ្ឋ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន សិលា ដាម៉ិច (Seila Damex)។ ក្រៅពី​បង្ក្រាប​នោះ សមត្ថកិច្ច​បាន​ចាប់​ឃុំ​ខ្លួន និង​ចោទប្រកាន់​ប្រជាពលរដ្ឋ​ដែល​តវ៉ា ខណៈ​ពលរដ្ឋ​មួយ​ចំនួន​ទៀត នាំគ្នា​រត់​ពួន​ក្នុង​ព្រៃ ដើម្បី​គេច​ពី​ការ​តាម​ចាប់ខ្លួន​របស់​អាជ្ញាធរ។

ក្រោយ​ការ​បង្ក្រាប​នោះ លោក កើត សារ៉ាយ បាន​ចូល​ទៅ​ក្នុង​ព្រៃ ដើម្បី​ជួប​តំណាង​ពលរដ្ឋ ដែល​មាន​បញ្ហា​ដីធ្លី​ស្ថិត​នៅ​ឃុំ​ស្រយង់ ស្រុក​គូលែន ក្នុង​បំណង ស្វែង​យល់​អំពី​ស្ថានភាព​រស់នៅ​របស់​ពួកគាត់ និង​ចង់ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ ជម្លោះដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដោយ​សន្តិវិធី។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​ទៅ​ពលរដ្ឋ ដែល​លាក់ខ្លួន​នៅក្នុង​ព្រៃ និង​ពលរដ្ឋ​ដែល​ត្រូវ​បាន​ដោះលែង ប៉ុន្តែ​មិន​អាច​ទាក់ទង​បាន​នៅ​ឡើយ នៅ​ថ្ងៃទី១៧ ខែ​មេសា។

ទោះជា​យ៉ាងណា​ពលរដ្ឋ​ទាំងនោះ ធ្លាប់​អះអាង​ថា លោក កើត សារ៉ាយ មិន​បាន​ញុះញង់​ពួកគាត់ ដូច​ការ​ចោទ​ប្រកាន់​របស់​តុលាការ​ឡើយ។

លោក កើត សារ៉ាយ ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន កាល​ពី​ថ្ងៃទី៥ ខែ​មេសា ឆ្នាំ​២០២៤​។ ការ​ចាប់​និង​ឃុំខ្លួន ប្រធាន​សមាគម​សម្ពន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរ (KSILA) និង​ជា​អ្នក ការពារ​សិទ្ធិមនុស្ស លោក កើត សារ៉ាយ នេះ តុលាការ​ចោទប្រកាន់ «​ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» និង​«​មិន​រាង​ចាល​ក្នុង​បទ​មជ្ឈិម» ពាក់ព័ន្ធ​នឹង​រឿង លោក​ចុះ​ជួប​ប្រជាពលរដ្ឋ​រងគ្រោះ​ដីធ្លី ដែល​កំពុង​រត់​ពួន​នៅក្នុង ព្រៃ​ក្នុង​ខេត្ត​ព្រះវិហារ។

នាយករង​ទទួលបន្ទុក​កិច្ចការ​ទូទៅ នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ (LICADHO) លោក អំ សំអាត សាទរ​សម្រាប់​ការ​ដោះលែង​ប្រជាពលរដ្ឋ​ទាំង ២៨ នាក់ ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន មុន​ពេល​បុណ្យចូលឆ្នាំ ប៉ុន្តែ​ការ​ដោះលែង​នេះ មិនមែន​ពួកគាត់ រួច​ផុត​ពី​សំណុំ​រឿង​នេះ​ទេ ពីព្រោះ​ដំណើរការ​របស់​តុលាការ​នៅតែ​បន្ត។

លោក​យល់​ថា គឺជា​រឿង​ល្អ ប្រសិនបើ​តុលាការ​ទម្លាក់​បទចោទប្រកាន់​លើ​ពួកគាត់ ហើយ​ងាក​ទៅ​រក​បញ្ហា​ដែល​មិនទាន់​ដោះស្រាយ​បញ្ចប់ ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​នៅ​តំបន់​មាន​ជម្លោះ ដើម្បី​បញ្ចៀស​បាតុភាព ដែល​កើត​ឡើង​បន្ត​បន្ទាប់​ទៀត។

លោក អំ សំអាត៖ «បញ្ហា​ទី ៣ ទោះបីជា​បងប្អូន​ប្រជាពលរដ្ឋ​ទាំង ២៨ រូប ត្រូវ​បាន​ដោះលែង ប៉ុន្តែ​លោក កើត សារ៉ាយ ក៏ដូចជា មនុស្ស​មួយ​ចំនួន​ទៀត ដែល​តុលាការ​លោក​បាន​ចោទប្រកាន់ ហើយនឹង​គូកន​ហ្នឹង នៅ​បន្ត​សំណុំរឿង​ហ្នឹង​នៅឡើយ​។ ហើយ​មិន​ប៉ុន្មាន​នាក់ ពាក់ព័ន្ធ​នឹង​ក្នុង​សំណុំរឿង​ហ្នឹង»។

ក្រៅ​ពី​នេះ លោក អំ សំអាត លើកឡើង​ដែរ​ថា ការ​ចាប់ខ្លួន​លោក កើត សារ៉ាយ នេះ នឹង​នាំ​ឱ្យ​មាន​ការរិះគន់ ទាក់ទង​នឹង​ការ​រឹតត្បិត​សេរីភាព​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ធ្វើ​សកម្មភាព លើកកម្ពស់​សិទ្ធិមនុស្ស និង​បរិស្ថាន។

កាលពី​ថ្ងៃទី​១៦ ខែ​មេសា អង្គការ​បណ្ដាញ​អ្នកការពារ​បរិស្ថាន​អាស៊ី​បាស៊ីហ្វិក បាន​ចេញ​សេចក្ដីថ្លែងការណ៍​មួយ អំពាវនាវ​ឱ្យ​រដ្ឋាភិបាល និង​តុលាការ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង លោក កើត សារ៉ាយ ឱ្យ​មាន​សេរីភាព​ឡើងវិញ​។ ពួកគេ​ថា ករណី​របស់​លោក កើត សារ៉ាយ គឺជា​ភស្តុតាង​មួយ ដែល​តម្រូវ​ឱ្យ​មានការ​ស៊ើបអង្កេត​ជាបន្ទាន់ ដើម្បី​បញ្ចប់​វប្បធម៌​និទ្ទណ្ឌភាព ទាក់ទង​នឹង​ការ​រំលោភ​សិទ្ធិមនុស្ស និង​បរិស្ថាន ពី​សំណាក់​រដ្ឋាភិបាល និង​ភាគី​ឯកជន​ពាក់ព័ន្ធ។

ចំណែក​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន ៥៤​ស្ថាប័ន កាល​ពី​ថ្ងៃ​ទី៨ ខែ​មេសា ក៏បាន​ទាមទារ​ឱ្យ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ និង​ដោះលែង​លោក កើត សារ៉ាយ ជាបន្ទាន់ និង​ឥត​លក្ខខណ្ឌ​ដែរ​។ ពួកគេ​ចាត់ទុក​ការ​ឃុំខ្លួន លោក កើត សារ៉ាយ គឺ​ជា​ការ​បន្ត​បិទ​សំឡេង និង​សិទ្ធិ​សេរីភាព ក្នុង​ការ​បញ្ចេញមតិ និង​បង្ក្រាប​ទៅលើ សកម្មជន​សិទ្ធិមនុស្ស និង​បរិស្ថាន ហើយ​ជា​ការ​រំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ ទៅលើ​សិទ្ធិ​សេរីភាព​ជា​មូលដ្ឋាន ដែល​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles