លោក​ ហ៊ុន ម៉ាណែត ស្វាគមន៍ការស្នើសុំវិលចូលស្រុកវិញ​របស់​លោក គង់ សភា

កម្ពុជា
18/04/2024 – 14:30
ដោយ៖ ឡាក់ ច័ន្ទតារា
RFI

នៅល្ងាច​ថ្ងៃទី១៨មេសា ឆ្នាំ​២០២៤នេះ លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បាន​ប្រកាសស្វាគមន៍​​ការវិលចូលស្រុកវិញរបស់លោកគង់ សភា ដែលជា​អតីតតំណាងរាស្ត្រ​នៃអតីតគណបក្ស​សង្គ្រោះជាតិ។ ការស្វាគមន៍នេះធ្វើឡើង បន្ទាប់ពី​លោក គង់ សភា ចេញ​​លិខិត​​​​ស្នើឱ្យលោកហ៊ុន ម៉ាណែត​ជួយ​អន្តរាគមន៍ទៅ​ព្រះមហាក្សត្រ​​ប្រោសប្រទានការលើកលែងទោសលោក​ ដើម្បីវិលមកមើលថែគ្រួសារដែលចាស់ជរា។

លោក​ ហ៊ុន ម៉ាណែត ស្វាគមន៍ការស្នើសុំវិលចូលស្រុកវិញ​របស់​លោក គង់ សភា


ក្នុងទំព័រហ្វេសប៊ុកនៅថ្ងៃទី​១៨មេសា ឆ្នាំ២០២៤​ លោក ហ៊ុន ម៉ាណែត បានប្រកាសស្វាគមន៍​ការស្នើសុំវិលចូលប្រទេសកម្ពុជាវិញរបស់លោក គង់ សភា អតីតតំណាងរាស្ត្រ​ខេត្តស្វាយរៀងនៃអតីតគណបក្ស​​សង្គ្រោះជាតិ។ តាម​លោក​ហ៊ុន ម៉ាណែត និតិវិធីច្បាប់​ដើម្បីអនុញ្ញាតឱ្យ​លោកគង់ សភា វិលត្រលប់មកកម្ពុជា​នឹងចាត់ចែងធ្វើឡើង ហើយការ​ជួបសន្ទនាគ្នា​​រវាងលោក គង់ សភា និងលោក ហ៊ុន ម៉ាណែត​ក៏ត្រូវធ្វើឡើងផងដែរ។ នេះបើតាមការបញ្ជាក់បន្ថែមរបស់លោកហ៊ុន ម៉ាណែត។

គួរជ្រា​បថា លោកគង់ សភាបានផ្ញើលិខិត​មួយចុះថ្ងៃទី​៩ ខែកុម្ភៈ ឆ្នាំ២០២៤ ទៅកាន់លោក ​​ហ៊ុន ម៉ាណែត ឱ្យជួយអន្តរាគមន៍​ថ្វាយព្រះមហាក្សត្រប្រោសប្រទានការលើកលែងទោសទណ្ឌទាំងឡាយដើម្បីឲ្យលោកអាចនឹងវិលចូលប្រទេសជាតិវិញមើលថែឪពុកម្ដាយដែលចាស់ជរា។ តាមរយៈលិខិតដដែល លោក គង់ សភា ដែលកំពុងភៀសខ្លួនរស់នៅក្នុងប្រទេសកាណាដាបានបង្ហាញការសោកស្ដាយដោយបញ្ជាក់ថា រាល់ទង្វើ និងសកម្មភាពមួយចំនួនកន្លងមកបានធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍ សន្ដិភាព ស្ថិរភាព និងគោលនយោបាយនានារបស់រដ្ឋាភិបាល។

លោកហ៊ុន ម៉ាណែតស្វាគមន៍ការស្នើសុំវិលចូលស្រុកវិញរបស់លោកគង់ សភា
លោកហ៊ុន ម៉ាណែតស្វាគមន៍ការស្នើសុំវិលចូលស្រុកវិញរបស់លោកគង់ សភា © Samdech Thipadei Hun Manet

សូមជម្រាបថា លោក ​គង់ សភា ជាកូនប្រុស​មួយរូបរបស់លោក គង់ គាំ ដែល​ធ្លាប់រងការវាយដំឲ្យរបួសធ្ងន់ពីសំណាក់ក្រុមបាតុករ​ដែលមាននិន្នាការទៅរកបក្សកាន់អំណាច​ កាលពីឆ្នាំ​២០១៥ ដោយនៅពេលនោះ​លោក គង់ សភា នៅជាតំណាងរាស្ត្រ។ លោក គង់ សភា ត្រូវបានគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត និងដកសិទ្ធិលោកមិនឱ្យឈរឈ្មោះឲ្យគេបោះឆ្នោតចំនួន ២០ឆ្នាំកាលពីខែកក្កដា ឆ្នាំ២០២៣៕

What Next?

Recent Articles