សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ពន្លឿន​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

ដោយ យ៉ង ចាន់តារា
2024.04.18
RFA

ស្ដាប់ ឬទាញ​យក​សំឡេង
ស្តាប់សំឡេងថតសំឡេង

សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​ថ្មី​ពន្លឿន​ច្បាប់​សិទ្ធិ​ទទួល​បាន​ព័ត៌មាន

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ រូប៖ ហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត


អង្គការ​សង្គម​ស៊ីវិល​អំពាវនាវ​ដល់​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត ឱ្យ​ពន្លឿន​ការ​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ទៅ​តាម​ការសន្យា​របស់​អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន​។ ការ​អំពាវនាវ​នេះ ធ្វើឡើង​ដោយសារ​រដ្ឋាភិបាល​បន្ត​យឺតយ៉ាវ​ក្នុង​ការ​អនុម័ត​ច្បាប់​ដ៏​សំខាន់​មួយ​នេះ។

ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នៅតែ​មិនទាន់​អាច​ចេញរួច​នៅ​ឡើយ ទោះជា​ចំណាយ​ពេលវេលា និង​ថវិកា​អស់​ជាច្រើន​ហើយក៏​ដោយ​។ រដ្ឋាភិបាល​ចាស់​របស់​លោក ហ៊ុន សែន បាន​ត្រឹម​តែ​សន្យា​ខ្យល់ ខណៈ​រដ្ឋាភិបាល​ថ្មី​របស់​លោក ហ៊ុន ម៉ាណែត វិញ ក៏​បន្ត​អូស​បន្លាយ​ពេលវេលា​ក្នុង​ការ​ធ្វើ​ច្បាប់​នេះ​ដែរ។

ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នេះ ជា​ច្បាប់​ដែល​មាន​គោលដៅ​ជំ​រុញ​ឱ្យ​ស្ថាប័ន​សាធារណៈ ផ្ដល់​ព័ត៌មាន និង​ទិន្នន័យ​កាន់តែ​ច្រើន​ទៅកាន់​សាធារណជន​។ បើ​មានច្បាប់​នេះ​មែន ព័ត៌មាន​សម្ងាត់​នឹង​ត្រូវ​បាន​កាត់បន្ថយ ហើយ​ពលរដ្ឋ​គ្រប់រូប​អាច​ស្នើសុំ​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ តាមដាន​សកម្មភាព​ការងារ និង​ការចាត់ចែង​ថវិកា​របស់​ស្ថាប័ន​សាធារណៈ ជាពិសេស​ច្បាប់​នេះ​នឹង​ជួយ​ឱ្យ​ស្ថាប័ន​សាធារណៈ​បំពេញភារកិច្ច​ប្រកបដោយ​គុណភាព ប្រសិទ្ធភាព តម្លាភាព និង​ការទទួលខុសត្រូវ។

នាយក​វិទ្យាស្ថាន​តស៊ូ​មតិ និង​គោលនយោបាយ (API) លោក ឡាំ សុជាតិ មាន​ប្រសាសន៍​ថា ក្រុមការងារ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​សង្គម​ស៊ីវិល​ដែល​មាន​សមាជិក​សរុប​ចំនួន ១៨​អង្គការ មាន​ជំហរ​ដូចគ្នា គឺ​ចង់ឱ្យ​រដ្ឋាភិបាល​អនុម័ត​ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ឱ្យ​បាន​ឆាប់រហ័ស​។ លោក​ពន្យល់​ថា ច្បាប់​នេះ​នឹង​ជួយ​ឱ្យ​មាន​តម្លាភាព និង​ភាព​ស្អាតស្អំ​ក្នុង​ការ​វិនិយោគ ពាណិជ្ជកម្ម និង​ការគ្រប់គ្រង​ចំណូល​របស់​រដ្ឋ ហើយក៏​ជួយ​លើកកម្ពស់​ដល់​ការគោរព​សិទ្ធិមនុស្ស និង​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ផង​ដែរ។

លោក ឡាំ សុជាតិ៖ «វា​មិន​ត្រឹមតែ​លើកកម្ពស់​សេដ្ឋកិច្ច​ប៉ុណ្ណឹង​ទេ ក៏​វា​ចូលរួម​ចំណែក​លើកកម្ពស់​សិទ្ធិមនុស្ស និង​លទ្ធិប្រជាធិបតេយ្យ និង​ការចូលរួម​របស់​ពល​រដ្ឋ ជាពិសេស​គឺ​ទំនុកចិត្ត​កាន់តែ​ខ្ពស់​ពី​ពលរដ្ឋ​មក​លើ​រដ្ឋាភិបាល​ផង​ដែរ​។ អ៊ីចឹង វា​មាន​ប្រយោជន៍​ច្រើន​សម្រាប់​ប្រជាជន សម្រាប់​ប្រទេសជាតិ ទាំង​សេដ្ឋកិច្ច ទាំង​វិស័យ​ឯកជន ហើយក៏​ជា​ចំណែក​លើកកម្ពស់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ សិទ្ធិ​របស់​អ្នក​ទទួល​បាន​ព័ត៌មាន ហើយ​អ្នកសារព័ត៌មាន​ក៏​កាន់តែ​សកម្ម ទទួល​បាន​ព័ត៌មាន​គ្រប់​ជ្រុងជ្រោយ»។

ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​មាន​គោល​បំណង​ធានា​ឱ្យ​សាធារណជន​នូវ​សិទ្ធិ សេរីភាព​ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ពី​ស្ថាប័ន​សាធារណៈ ស្របតាម​រដ្ឋធម្មនុញ្ញ​របស់​កម្ពុជា​។ សេចក្ដីព្រាង​បឋម​នៃ​ច្បាប់​នេះ​ដែល​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព​កាល​ពី​ចុង​ឆ្នាំ​២០១៩ មាន​សរុប​ទាំងអស់​ចំនួន ៣៧​មាត្រា។

សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួលបាន​ព័ត៌មាន​នេះ​បាន​ឆ្លងកាត់​ដំណាក់កាល​តាក់តែង​រៀបចំ​មួយ​ដ៏​ល្អ ពីព្រោះ​តែមាន​ការផ្ដល់​ធាតុ​ចូល​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​។ គម្រោង​នេះ មានការ​ចូលរួម​ពី​ភាគី​រដ្ឋាភិបាល​ដែល​តំណាង​ដោយ​ក្រសួង​ព័ត៌មាន អង្គការ​យូណេស្កូ (UNESCO) អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុងស្រុក សមាគម និង​អ្នកជំនាញ​ផ្នែក​សារព័ត៌មាន ក្រោម​ជំនួយ​ឧបត្ថម្ភ​ជា​ទឹកប្រាក់​ប្រមាណ ១​លាន​ដុល្លារ ពី​រដ្ឋាភិបាល​ស៊ុយអ៊ែត (Sweden)​។ គម្រោង​តាក់តែង​សេចក្ដីព្រាងច្បាប់​ដែល​មាន​ការចូលរួម​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ​នេះ មាន​រយៈពេល ៣​ឆ្នាំ ដោយ​ចាប់ផ្ដើម​អនុវត្ត​នៅ​ឆ្នាំ ២០១៥ និង​បញ្ចប់​នៅ​ឆ្នាំ​២០១៨​។ ចាប់តាំងពី​ឆ្នាំ​២០១៨ មក សេចក្ដីព្រាងច្បាប់​នេះ​ស្ថិត​នៅ​ក្នុង​ដៃ​ក្រសួង​ព័ត៌មាន។

ទោះបីជា​មានការ​ផ្ដល់​ធាតុ​ចូល​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ហើយ​ខ្លឹមសារ​ច្បាប់​បម្រើ​ប្រយោជន៍​សាធារណៈ​ច្រើន​យ៉ាងណាក្ដី ក៏​វា​ទំនងជា​ច្បាប់​ដែល​ស៊ីពេល​យូរ​ជាងគេ​ក្នុង​ការ​អនុម័ត​។ ជិត ១០​ឆ្នាំ​មកនេះ គេ​ឃើញ​មាន​ការ​ប្ដេជ្ញាចិត្ត​លើ​ក្រដាស និង​នៅ​លើ​វេទិកាសាធារណៈ ប៉ុន្តែ​ខ្វះ​ការអនុវត្ត​ជាក់ស្ដែង​ពី​សំណាក់​រដ្ឋាភិបាល។

រដ្ឋាភិបាល​អាណត្តិ​ទី៦ ដឹកនាំ​ដោយ​លោក ហ៊ុន សែន បាន​អះអាង​ជាច្រើន​ដង​ថា នឹង​ធ្វើ​យ៉ាងណា​ឱ្យ​ច្បាប់​នេះ​លេចចេញ​ជា​រូបរាង ប៉ុន្តែ​កន្លង​ទៅ​មួយ​អាណត្តិ​ហើយ សេចក្ដីព្រាងច្បាប់​នេះ​នៅតែ​ចេញ​មិន​រួច​។ អតីត​នាយករដ្ឋមន្ត្រី​លោក ហ៊ុន សែន បាន​សន្យា​ជា​ឱឡារិក​កាលពី​ខែមករា ឆ្នាំ ២០២៣​ថា សេចក្ដីព្រាងច្បាប់​នេះ​នឹង​ត្រូវ​បាន​អនុម័ត​នៅ​អាណត្តិ​ទី ៧ ពោល​គឺ​យ៉ាង​យូរ​បំផុត​ត្រឹម​ឆ្នាំ ២០២៥​។ លោក​ចោទ​ថា ច្បាប់​នេះ​យឺតយ៉ាវ ដោយសារ​ការ​ទាមទារ​របស់​ក្រុម​សង្គម​ស៊ីវិល។

លោក ហ៊ុន សែន៖ «យើង​ចង់​ប្រមូលផ្ដុំ​នូវ​មតិយោបល់​ទាំងឡាយ​ពី​គ្រប់​ទិសទី ដើម្បី​ឱ្យ​ច្បាប់​មួយ​នេះ​ចេញទៅ​ទទួល​បាន​ផលប្រយោជន៍​ទាំងអស់គ្នា ប៉ុន្តែ​យើង​បាន​សង្កេត​ឃើញ​ថា អង្គការ​ក្រៅ​រដ្ឋាភិបាល​ខ្លះ​ទាមទារ​ហួសហេតុ ទាមទារ​ជ្រុល​។ ការ​ទាមទារ​ជ្រុល និង​ទាមទារ​ហួសហេតុ​នេះ​ហើយ ដែល​ទាមទារ​ឱ្យ​រដ្ឋមន្ត្រី​ត្រូវ​ធ្វើ​ការ​សម្របសម្រួល»។

ការ​បកស្រាយ​របស់​លោក ហ៊ុន សែន នេះ ហាក់ជា​ការ​និយាយ​យករួចខ្លួន និង​ខ្វះ​ការទទួលខុសត្រូវ ពីព្រោះ​ចំណុច​ដែល​សង្គម​ស៊ីវិល​ទាមទារ​ឱ្យ​លុបចោល ឬ​កែតម្រូវ​នោះ ជា​ចំណុច​ដែល​មាន​លក្ខណៈ​រឹតត្បិត​។ ម្យ៉ាងវិញទៀត បើ​ច្បាប់​ណា​ដែល​លោក​មាន​ឆន្ទៈ​ចង់​ធ្វើ ឬ​បម្រើ​ប្រយោជន៍​នយោបាយ​ឱ្យ​លោក​អាច​បញ្ជា​ឱ្យ​គេ​ធ្វើ​ច្បាប់​នោះ​ជា​ប្រញាប់។

នាយក​ប្រតិបត្តិ​សមាគម​សម្ព័ន្ធ​អ្នកសារព័ត៌មាន (CamboJA) លោក ណុប វី ថ្លែង​ថា សង្គម​ស៊ីវិល​ស្នើ​ឱ្យ​រដ្ឋាភិបាល​កែតម្រូវ​ចំណុច​មួយចំនួន គឺ​ដើម្បី​ឱ្យ​ច្បាប់​ដែល​ចេញ​ទៅ​អនុលោម​ទៅ​តាម​បទដ្ឋាន​សិទ្ធិមនុស្ស។

លោក ណុប វី៖ «ចំណុច​ដែល​សំខាន់​បំផុត​ហ្នឹង គឺ​ការ​ស្នើ​សុំ​ដល់​គណៈកម្មាធិការ​អន្តរក្រសួង ឬ​ក្រសួង​ព័ត៌មាន​ពិនិត្យ​ក្នុង​ការ​លុបចោល​ចំណុច​ទី​៧ នៃ​មាត្រា​២០ អំពី​ព័ត៌មាន​សម្ងាត់​ដែល​មិនអាច​ផ្ដល់​ជូន​ដល់​អ្នក​ស្នើ​សុំ​ព័ត៌មាន​បាន ពីព្រោះ​យើង​យល់​ឃើញ​ថា ចំណុច​ហ្នឹង​ជា​ចំណុច​មួយ​ដែល​សំខាន់​ណាស់​ដែល​អាច​បើកចំហ​ឱ្យ​មាន​តម្លាភាព​ក្នុង​សង្គម​កាន់តែ​ច្រើន ហើយ​អាច​នឹង​ធ្វើ​ឱ្យ​មាន​ការធានា​ថា សិទ្ធិ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ត្រូវ​បាន​គោរព​ឱ្យ​បាន​ត្រឹមត្រូវ ហើយ​និង​ធានា​អំពី​ប្រសិទ្ធភាព​នៃ​ការ​ទទួល​បាន​ព័ត៌មាន​របស់​ប្រជាពលរដ្ឋ​ពី​ស្ថាប័នរដ្ឋ»។

វិទ្យុ​អាស៊ីសេរី​បាន​ព្យាយាម​ទាក់ទង​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​លោក នេត្រ ភក្ត្រា និង​អ្នកនាំពាក្យ​ក្រសួង​ព័ត៌មាន លោក ទេព អស្នារិទ្ធ ដើម្បី​សាកសួរ​អំពី​រឿង​នេះ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយ​តប​ទេ គិត​ត្រឹម​ម៉ោង​ផ្សាយ​នេះ​។ ប៉ុន្តែ​នៅក្នុង​របាយការណ៍​សង្ខេប​ប្រចាំឆ្នាំ ២០២៣ ក្រសួង​ព័ត៌មាន​បាន​ដាក់​ទិសដៅ​ការងារ​សម្រាប់​ឆ្នាំ​២០២៤ នេះ ដោយ​គ្រោង «​បញ្ចប់​សេចក្ដីព្រាងច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​ព័ត៌មាន​» ដែល​ក្រសួង​បញ្ជាក់​ថា «​កំពុង​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​ពិនិត្យ​របស់​ក្រសួងយុត្តិធម៌»។

ទាក់ទង​រឿង​នេះ អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា (UNESCO Cambodia) ប្រាប់​វិទ្យុ​អាស៊ីសេរី​តាម​សារ​អេឡិចត្រូនិក ឬ​អ៊ីមែល (Email) ថា យូណេស្កូ​កោតសរសើរ​ចំពោះ​ការចូលរួម​យ៉ាង​សកម្ម​របស់​សង្គម​ស៊ីវិល ក្នុង​នោះ​រួម​ទាំង​ក្រុម​អង្គការសិទ្ធិមនុស្ស និង​ភាគី​ពាក់ព័ន្ធ​ដទៃទៀត​ផង​ដែរ​។ អង្គការ​យូណេស្កូ​ថ្លែង​ថា យូណេស្កូ​តែងតែ​តស៊ូ​មតិ​ឱ្យ​កម្ពុជា​មានច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ដែល​អនុលោម​ទៅតាម​បទដ្ឋាន​អន្តរជាតិ​។ ជាមួយ​គ្នា​នេះ អង្គការ​យូណេស្កូ​គាំទ្រ​សេចក្ដី​អំពាវនាវ​របស់​ក្រុម​អង្គការ​ស៊ីវិល និង​អ្នកជំនាញ​សារព័ត៌មាន​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា ឱ្យ​អនុម័ត​សេចក្ដី​ព្រាងច្បាប់​មួយ​នេះ​។ ទីភ្នាក់ងារ​របស់​អង្គការសហប្រជាជាតិ​ដដែល​នេះ​សង្កត់ធ្ងន់​ថា ច្បាប់​ស្ដីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន ធានា​ឱ្យ​សាធារណជន​នូវ​ការ​ទទួល​បាន​ព័ត៌មាន និង​ការពារ​សេរីភាព​ជា​មូលដ្ឋាន ហើយ​ប្រទេស​ណាក៏ដោយ រាប់ទាំង​កម្ពុជា​ផង ច្បាប់​នេះ​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​អភិបាលកិច្ច​ល្អ និង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​-​សង្គម​ប្រកបដោយ​និរន្តរភាព និង​រួមបញ្ចូល​ទាំងអស់គ្នា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

What Next?

Recent Articles