ដោយ ខាន់ លក្ខិណា
2024.04.26
RFA
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត (ឆ្វេង) និងតារាចម្រៀងគាំទ្រគណបក្សប្រជាជនកម្ពុជា លោក សាពូន មីដាដា។ រូប៖ ហ្វេសប៊ុកលោក សាពូន មីដាដា
សាធារណជនទទូចឱ្យអង្គភាពប្រឆាំងអំពើពុករលួយ និងសមត្ថកិច្ចពាក់ព័ន្ធបើកការស៊ើបអង្កេតលើអតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន។ ការទាមទារនេះ គឺបន្ទាប់ពីលោក ហ៊ុន សែន បានសារភាពថា លោកផ្ដល់លុយឱ្យតារាចម្រៀង លោក សាពូន មីដាដា ចំនួន ៣០ម៉ឺនដុល្លារកាលពី ១០ឆ្នាំមុន។
ប្រតិកម្មរបស់មហាជននេះ គឺបន្ទាប់ពីលោក ហ៊ុន សែន បានសារភាពថា លោកបានផ្ដល់លុយ ឱ្យតារាចម្រៀង សាពូន មីដាដា ចំនួន ៣០ម៉ឺនដុល្លារ មិនមែនជិត ៧លាន ដុល្លារ ដូចការអះអាងរបស់លោក សាពូន មីដាដា ឡើយ។
ប៉ុន្មានម៉ោងក្រោយពីការបញ្ជាក់របស់លោក ហ៊ុន សែន នៅលើទំព័រហ្វេសប៊ុក របស់លោក កាលពីថ្ងៃ២៤ ខែមេសា លោក សាពូន មីដាដា បានកែវិញថា លោក ហ៊ុន សែន ផ្ដល់លុយជាង ៤០ម៉ឺនដុល្លារដល់តារាចម្រៀងរូបនេះនិងក្រុមគ្រួសារ។
លោក ហ៊ុន សែន សារភាពថា បានផ្ដល់លុយឱ្យលោក សាពូន មីដាដា ចំនួន ៣០ម៉ឺនដុល្លារនេះ បន្ទាប់ពីលោក សាពូន មីដាដា បានសរសេរលើទំព័រហ្វេសប៊ុក កាលពីថ្ងៃទី២៣ ខែមេសា រៀបរាប់ថា កាលពីជាង ១១ឆ្នាំមុន លោក ហ៊ុន សែន បានផ្ដល់ចំនួន ៦ លាន ៧ សែន ដុល្លារ ព្រមទាំងផ្ទះវីឡា នៅបុរីប៉េងហួតបឹងស្នោ ឡាន ហើយខ្សែក ៥ តម្លឹងស្រោបពេជ្រ ១២ ការ៉ាត់ ដល់លោកនិងគ្រួសារ។
ទោះបីជាលុយចំនួន ៣០ម៉ឺនដុល្លារ ឬជិត ៧ លានដុល្លារក៏ដោយ ប៉ុន្តែនៅតែជា ចម្ងល់របស់យុវជននិងប្រជាពលរដ្ឋ រួមទាំងអ្នកប្រើបណ្ដាញសង្គមថា លុយដែលលោក ហ៊ុន សែន ផ្ដល់ឱ្យលោក សាពូន មីដាដា បានមកពីប្រភពណា? តើហេតុអ្វី មិនមានការស៊ើបអង្កេត?
សមាជិកក្រុមអ្នកបន្តដំណើរ លោកស្រី យ៉ឹង នីម ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី២៥ ខែមេសា ថា លោកស្រីនិងពលរដ្ឋផ្សេងទៀត ចង់ឱ្យមានការបង្ហាញពីប្រភពលុយ ដែលផ្ដល់ឱ្យតារាចម្រៀង ពីព្រោះលុយនេះ គឺជាច្រើនជាងប្រាក់ខែរបស់គាត់ទៅទៀត។ លោកស្រីថា ប្រសិនគ្មានការស៊ើបអង្កេត និងបង្ហាញឱ្យបានច្បាស់លាស់នោះទេ នឹងធ្វើឱ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជនមានមន្ទិលសង្ស័យ។
លោកស្រី យ៉ឹង នីម៖ «ខ្ញុំគិតថា គួរតែមានការបង្ហាញនូវភស្តុតាង ឬមូលហេតុ ឱ្យបានច្បាស់បន្ថែមទៀត ជុំវិញការផ្ដល់លុយទិញផ្ទះនោះ ថា តើក្នុងលក្ខខណ្ឌអ្វី ដែលផ្ដល់លុយឱ្យទិញហ្នឹង? ជៀសវាងដែលយើងមើលឃើញថា កុំឱ្យប្រជាពលរដ្ឋគាត់មានការសង្ស័យ ឬយល់ច្រឡំ ជុំវិញការផ្ដល់លុយយ៉ាងច្រើនហ្នឹង។ យើងមើលឃើញប្រសិនបើលុយ ៣០ម៉ឺនហ្នឹង យកទៅជួយប្រជាពលរដ្ឋ ដែលគាត់កំពុងតែខ្វះខាតពិតប្រាកដ។ ខ្ញុំគិតថា វាមានប្រយោជន៍ និងល្ច្រើនសម្រាប់សង្គមជាតិយើង»។
រីឯសកម្មជនចលនាមាតាធម្មជាតិ កញ្ញា ភួន កែវរស្មី លើកឡើងដែរថា ការផ្ដល់លុយឱ្យលោក សាពូន មីដាដា ចំនួន ៣០ម៉ឺនដុល្លារ គឺដូចជាការផ្ដល់រង្វាន់ ឱ្យប្រឹងវាយប្រហារគូប្រជែងនយោបាយ និងពលរដ្ឋដែលមានមតិមិនស្របនឹងរដ្ឋាភិបាល ហើយក៏ជាគំរូមិនល្អ ដែលហាក់ដូចជា លើកទឹកចិត្តដល់អ្នកសិល្បៈ និងមនុស្សល្បីៗមួយចំនួន ឱ្យធ្វើដូចលោក សាពូន មីដាដា ដើម្បីបានរង្វាន់ និងតួនាទី។
កញ្ញាបានលើកឡើងថា លោក ហ៊ុន សែន គឺជាមេដឹកនាំកំពូលរបស់ប្រទេស ដូច្នេះ រាល់ការចាយវាយរបស់លោក ត្រូវតែបង្ហាញពីតម្លាភាព ថាតើប្រភពលុយនោះ មានប្រភពមកពីណាខ្លះ?
កញ្ញា ភួន កែវរស្មី៖ «កាលពីជាង ១០ ឆ្នាំមុន ដែលគាត់យកទៅឱ្យលោក សាពូន មីដាដា តើជាលុយរបស់ជាតិ ឬជាលុយក្រុមឧកញ៉ា ឧបត្ថម្ភផ្ទាល់ ឬជាលុយដែលគាត់បានពីតំណែង ជានាយករដ្ឋមន្ត្រីដែលមានត្រឹមតែ ១០ លានរៀលទេ នៅក្នុងមួយខែ ហើយបើគាត់ឱ្យលោក សាពូន មីដាដា ៣០ម៉ឺនដុល្លារ គឺស្មើនឹងគាត់ឱ្យប្រាក់ខែគាត់ចំនួន ១៦ខែ ទៅឱ្យលោក សាពូន មីដាដា។ ហេតុអីក៏គាត់មានសប្បុរសធម៌ខ្លាំងម្ល៉េះ?»។
កញ្ញាមានចម្ងល់ថា តើអាចមានការផ្ដល់លុយទាក់ទាញទឹកចិត្តដូចករណីលោក សាពូន មីដាដា ដែរឬទេ សម្រាប់ពួកសកម្មជនបរិស្ថាន សកម្មជនបក្សប្រឆាំង និងបណ្ឌិតបញ្ញវន្តមួយចំនួន ដែលបានប្ដូរគោលជំហរទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា ជាបន្តបន្ទាប់មកនោះ?
កញ្ញា ភួន កែវរស្មី៖ «ពួកគេមិនបានបង្ហោះជាសាធារណៈទេ ថាតើពួកគេទទួលបានលុយចំនួនប៉ុន្មាន ជាថ្នូរនឹងការផ្លាស់ប្ដូរគោលជំហររបស់ពួកគេ? ហើយបើសិនមនុស្សគ្រប់គ្នា ដែលទទួលបានការទិញទឹកចិត្ត ហើយជាមនុស្សបានផ្លាស់ប្ដូរឆន្ទៈខ្លួន ហើយគំនិតឯង ដើម្បីទទួលបានថវិកានោះ បង្ហោះជាសាធារណៈទាំងអស់គ្នា។ យើងអត់ដឹងទេ ថាតើលុយប៉ុន្មានលានដុល្លារ ដែលគណបក្សប្រជាជន ឬរដ្ឋាភិបាលបានប្រើប្រាស់ ដើម្បីគ្រាន់តែទិញទឹកចិត្តមនុស្ស គ្រាន់តែចង់ឱ្យគេសរសើរ គ្រាន់តែឱ្យគេនិយាយពីភាពវិជ្ជមានរបស់រដ្ឋាភិបាលហ្នឹង»។
ក្រៅពីយុវជន និងអ្នកប្រើប្រាស់បណ្ដាញសង្គមនោះពលរដ្ឋដែលកំពុងមានជម្លោះ ដីធ្លីនៅតំបន់បឹងតាមោក លោកស្រី ស៊ា ដាវី ក៏បង្ហាញចម្ងល់ដែរ។
លោកស្រី ស៊ា ដាវី៖ «សម្រាប់ប្រជាពលរដ្ឋក្រីក្រ ផ្ទះខ្លះរកតែលុយ ១០០ ដុល្លារនៅលើក្នុងផ្ទះគ្មាន អ្នកខ្លះមានកូនមានចៅ សម្រាប់អ្នកក្រនេះ ចែកឱ្យតែ ១ពាន់ដុល្លារ គ្មានចែកឱ្យកូនផងការហើយ។ ហេតុអីគាត់មានលុយសំបូរលុយយ៉ាងនេះ? ជាចម្ងល់ដែលសម្រាប់ខ្ញុំ គ្រាន់តែកូនធម៌ចែកវាល់លានដុល្លារទៅហើយ ចុះទ្រាំកូនបង្កើតទៀត គាត់ចែកប៉ុន្មានសិបលាន ប៉ុន្មានរយលានដុល្លារទៅ។ គាត់បានលុយហ្នឹងមកពីណា? សម្ដេចនាយករដ្ឋមន្ត្រីគាត់រកស៊ី បានសំបូរលុយយ៉ាងហ្នឹង»?
ពលរដ្ឋរស់នៅខេត្តត្បូងឃ្មុំ លោក ឆៃ វ៉ិត លើកឡើងដែរថា ប្រសិនបើលុយលោក ហ៊ុន សែន ផ្ទាល់ខ្លួននោះ គឺជាសិទ្ធិរបស់គាត់ ប៉ុន្តែលោកព្រួយបារម្ភថា លុយនេះ ជាលុយរបស់ជាតិ។ លោកស្នើឱ្យមានការស៊ើបអង្កេតចំពោះរឿងនេះ ដើម្បីបង្ហាញពីតម្លាភាព និងឱ្យប្រជាពលរដ្ឋអស់ចិត្ត។
លោក ឆៃ វ៉ិត៖ «ពលរដ្ឋឥឡូវនេះ គាត់មន្ទិលច្រើនណាស់ បើសិនគ្មានបង្ហាញ ឬក៏បកស្រាយពីអង្គភាពរបស់រដ្ឋទេ។ អាហ្នឹងពលរដ្ឋនៅតែមានមន្ទិល»។
វិទ្យុអាស៊ីសេរី បានទាក់ទងទៅអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយលោក សយ ច័ន្ទវិចិត្រ ដើម្បីសុំការបំភ្លឺជុំវិញរឿងនេះ ដោយទូរស័ព្ទចូលគ្មានអ្នកទទួល។
កន្លងមក អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន តែងតែប្រើលុយ និងឥទ្ធិពលរបស់លោក ដើម្បីទាក់ទាញតារាចម្រៀង និងមនុស្សល្បីៗមួយចំនួន ជាថ្នូរដែលពួកគេវាយប្រហារលើមេដឹកនាំគណបក្សប្រឆាំង និងសកម្មជនសង្គម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។