ដោយ ខាន់ លក្ខិណា
2024.04.26
RFA
មេដឹកនាំសហជីព និងសមាជិកចំនួន ៧នាក់ ស្នើឱ្យតុលាការកំពូលទម្លាក់ចោលបទចោទប្រកាន់ និងដោះលែងកញ្ញា ឈឹម ស៊ីថរ ហើយផ្ដល់យុត្តិធម៌ ដល់ពួកគាត់។ សំណើនេះ ធ្វើឡើងបន្ទាប់ពីតុលាការកំពូល គ្រោងនឹងប្រកាសសាលដីកាសំណុំរឿងមេដឹកនាំសហជីព កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីព ៧ នាក់ទៀតនៅថ្ងៃទី៣ ខែឧសភាខាងមុខ។
តុលាការកំពូល នៅថ្ងៃទី២៦ ខែមេសា បានបើកសវនាការបណ្ដឹងសាទុក្ខរបស់កញ្ញា ឈឹម ស៊ីថរ និងសមាជិកសហជីពណាហ្គាវើលដ៍ចំនួន ៧នាក់ទៀត ប្រឆាំង នឹងសេចក្ដីសម្រេចរបស់សាលាដំបូងរាជធានីភ្នំពេញ ដែលកាត់ឱ្យពួកគាត់មាន ទោសចន្លោះពី ១ឆ្នាំ ទៅដល់ ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់ សន្តិសុខសង្គម» ពាក់ព័ន្ធនឹងការធ្វើកូដកម្មដោយសន្តិវិធី ទាមទារឱ្យថៅកែក្រុមហ៊ុនណាហ្គាវើលដ៍ ដោះស្រាយវិវាទការងារជូនកម្មករ។
កូដករណាហ្គាវើដល៍លោកស្រី រី សុវណ្ណឌី ប្រាប់អ្នកសារព័ត៌មាននៅខាងមុខ តុលាការកំពូលថា ពួកគាត់ប្ដឹងសាទុក្ខនេះ ពីព្រោះមិនសុខចិត្តការសម្រេចសេចក្ដី របស់តុលាការថ្នាក់ក្រោម។ លោកស្រីសង្ឈឹមថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ ឱ្យពួកគាត់ ពីព្រោះការធ្វើកូដកម្មដោយសន្តិវិធី ដើម្បីទាមទារដំណោះស្រាយ វិវាទការងារមិនពាក់ព័ន្ធនឹងបទ«ញុះញង់» ដូចតុលាការថ្នាក់ក្រោមចោទប្រកាន់ឡើយ។
លោកស្រី រី សុវណ្ណឌី៖ «រឿងញែកដាច់គ្នាអំពីអង្គហេតុពិតប្រាកដជាមួយនឹងការចោទប្រកាន់ហ្នឹង ព្រោះរឿងវិវាទការងារសុទ្ធសាធហើយការចោទប្រកាន់ហ្នឹង គឺជាបទ «ញុះញង់» គឺជាបទឧក្រិដ្ឋ»។
រីឯអនុប្រធានសហជីពណាហ្គាវើលដ៍កញ្ញា ឈឹម សុខន លើកឡើងដែរថា ការធ្វើ កូដកម្មរបស់ពួកគាត់កន្លងមក គឺស្របតាមច្បាប់ មិនមែនជាបទល្មើសព្រហ្មទណ្ឌ នោះទេ។ កញ្ញាចាត់ទុកការចោទប្រកាន់របស់តុលាការថ្នាក់ក្រោមលើពួកគាត់ ដែលធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងារ ថាជាការបំភ្លៃអង្គហេតុ។
កញ្ញា ឈឹម សុខន៖ «គាត់យកបំភ្លៃរឿងរបស់យើង គឺជាបទ«ញុះញង់» គឺជាបទព្រហ្មទណ្ឌ អ៊ីចឹងពួកយើងអត់ទទួលស្គាល់ទេ ហើយក៏អត់សប្បាយចិត្តដែរ។ សម្រាប់ខ្ញុំមកដល់ថ្ងៃហ្នឹង ខ្ញុំនៅតែទាមទារឱ្យតុលាការទម្លាក់ចោទ ហើយសងភាពស្អាតស្អំឱ្យពួកខ្ញុំ ព្រោះពួកខ្ញុំអត់បានធ្វើអ្វីដូចដែលគាត់ចោទទេ។ អ្វីដែលពួកខ្ញុំធ្វើ គឺកូដកម្ម ដែលមានក្នុងផ្លូវច្បាប់ ហើយជារួមទាំងអស់គ្នា មានការយល់ពីសមាជិក វាអត់បានញុះញង់អីទេ»។
អំឡុងពេលតុលាការកំពូល បើកសវនាការកូដករណាហ្គាវើលដ៏ប្រមាណ ៦០ នាក់ បានប្រមូលផ្ដុំគ្នានៅមុខតុលាការកំពូល ដើម្បីគាំទ្រនិងលើកទឹកចិត្តដល់មេដឹកនាំសហជីពកញ្ញា ឈឹម ស៊ីថរ និងសមាជិករបស់ពួកគាត់ ដែលមានការតាមឃ្លាំមើល ពីសំណាក់ក្រុមសមត្ថកិច្ចស្លៀកពាក់សុីវិលប្រមាណ ២០ នាក់។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការការពារសិទ្ធិមនុស្ស លីកាដូ លោក អំ សំអាត ដែលបានឃ្លាំមើលសវនាការនៅថ្ងៃនេះ លើកឡើងថា វិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ គួរដោះស្រាយតាមវិវាទការងារ មិនគួរមានការចោទប្រកាន់ និងកាត់ទោសបទល្មើសព្រហ្មទណ្ឌនោះទេ។
លោក អំ សំអាត៖«អ៊ីចឹងករណីហ្នឹង គឺវាអត់ចប់។ យើងឃើញថា រាប់ឆ្នាំហើយនៅតែមិនចប់ បើសិនដោះវិវាទការងារហ្នឹងមិនចប់ រឿងហ្នឹងក៏វាមិនចប់ដែរ ហើយទៅចោទប្រកាន់រឿងព្រហ្មទណ្ឌ ដោយសារតែ ការធ្វើកូដកម្មដោយសន្តិវិធី និងការទាមទារតាមច្បាប់ការងារ អាហ្នឹង វាអត់ត្រឹមត្រូវទេ»។
កាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស ប្រធានសហជីពទ្រទ្រង់សិទ្ធិបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើល៍កញ្ញា ឈឹម ស៊ីថរ ឱ្យជាប់ពន្ធនាគារ ២ឆ្នាំ។ រីឯសមាជិកសហជីពចំនួន ៧ នាក់ទៀត តុលាការបានកាត់ឱ្យមានទោសចន្លោះពី ១ ឆ្នាំទៅ ១ឆ្នាំកន្លះពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម» ប៉ុន្តែទោសនោះ ត្រូវព្យួរ។
ថ្នាក់ដឹកនាំ និងសមាជិកសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ ត្រូវបានតុលាការចោទ ប្រកាន់ពីបទ «ញុះញង់» ពាក់ព័ន្ធនឹងការធ្វើកូដកម្មដោយសន្តិវិធី ទាមទារឱ្យមាន ដំណោះស្រាយ វិវាទការងារជាមួយក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ នៅរាជធានីភ្នំពេញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។